jump to navigation

វិបាក​នៃ​ «​ស្លាក​​​រថយន្ត​» ពិសេស ថ្ងៃពុធ 8 ខែមករា 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
add a comment

ម្សិល​មិញ​នេះ (​៧ មករា ២០១៩​) ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​​បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ការ​​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត «ជំនួញ» ​ថ្មី​មួយ​របស់​​រដ្ឋ​ ដែល​​​ត្រូវ​បាន​គេ​ឲ្យ​និយាម​ថា ជា​ការ​​បង្កើន​ប្រភព​ចំណូល​ Sic​។

សម្រាប់​ស្លាក​រថយន្ត​ពិសេស (​សម្រាប់​សាមញ្ញ​ជន) ដែល​ក្រសួង​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នា​ពេល​នេះ មាន​លក្ខណៈ​ពិសេស​ពី​ស្លាក​លេខ​បច្ចុប្បន្ន ដោយ​ហេតុ មិន​មាន​ទី​តាំង​សម្គាល់​នៃ​ស្លាក​ចុះ​បញ្ជី​ដូច​មុន​ទៀត និង​លក្ខណៈ​ពិសេស​ដោយ​ឡែក គឺ​អ្នក​ទិញ មាន​សិទ្ធិ​កំណត់​លេខ និង​ជា​ពិសេស​ដាក់​ជា​អក្សរ​ឡាតាំង​បាន​នៅ​លើ​ស្លាក​រថយន្ត​ទាំង​នោះ​ផង​ទៀត​។

ប្រសិន​បើ​យើង​ដក​អត្ថ​ប្រយោជន៍​នៃ​ការ​បង្កើន​ប្រភព​ចំណូល​ចេញ ការ​បង្កើត​ស្លាក​​រថយន្ត​​ពិសេស​នេះ ហាក់​ដូច​ជា​មិន​បាន​​ផ្ដល់​ជា​ប្រយោជន៍​បុគ្គល​​​សម្រាប់​ប្រជា​ពលរដ្ឋ​​ជា​រួម​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​បាន​ត្រឹម​បង្ហាញ​​ពី​ការ​​រើស​អើង និង​ការ​សម្ញែង​ពី​អំណាច​ទឹក​ប្រាក់​នៃ​បុគ្គល​ដែល​ទទួល​បាន​ស្លាក​ទាំង​នោះ​ទៅ​វិញ​។ តើ​កម្ពុជា​កំពុង​វិវត្ត​ផ្ដោត​ទៅ​លើ​ក្រុម​មូល​ធន​ក្នុង​សង្គម ឬ​យ៉ាង​ណា​។

វិបាក​ដែល​ឃើញ​ប្រាកដ ស្ដែង​ចេញ​ពី​ស្លាក​​រថយន្ត​ពិសេស​នេះ​ នោះ​គឺ​ការ​ប្រើ​ប្រាស់​តួ​អក្សរ​ឡាតាំង​សម្រាប់​សម្គាល់​ ក្រៅ​អំពី​តួ​លេខ​។ ប្រជាជន​កម្ពុជា ដែល​កើត​នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ មិនបាន​កើត​មក​ព្រម​ជាមួយ​តួ​អក្សរ​ (ឡាតាំង) ទាំង​២៦​តួ​នោះ​ទេ លើក​លែង​តែ​តួ​លេខ​ចំនួន​១០​តួ (​០-៩​) ដែល​គេ​បាន​ប្រើ​ប្រាស់​ជា​សាកល​សម្រាប់​សម្គាល់​នោះ​។ ប្រការ​នេះ វា​ទំនង​ជា​ខុស​ពី​ប្រភព​ដើម នៃ​ការ​បង្កើត​ស្លាក​រថយន្ត​ប្រភេទ​បែប​នេះ នៅ​ទឹក​ដី​ដែលគេ​កើតព្រម​ជាមួយ​តួ​អក្សរ​ទាំង​២៦​តួ​នេះ ហើយ​ដែល​ទំនង​ក្រសួង​បាន​យក​លំនាំ​តាម​នោះ​។ ការ​ដែល​គេ​ធ្វើ​ទៅ​កើត មិន​ចាំ​បាច់​យើង​ត្រូវ​តែ​ធ្វើ​តាម​នោះ​ទេ​។

ការ​ប្រើ​ប្រាស់​ជា​តួ​អក្សរបរទេស​​នៅ​លើ​ស្លាក​រថយន្ត​សម្រាប់​​សម្គាល់​យាន​យន្ត​​នោះ វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ចាំ ជា​ពិសេស​ករណី​មាន​គ្រោះ​ថ្នាក់​ណា​មួយ​នៅលើ​ដង​ផ្លូវ ដោយ​អ្នក​ឃើញ​ហេតុ​ការណ៍​។ នេះ​យើង​សាក​ល្បង​ស្រមៃ​រូប​ភាព​ទៅ​មើល បើ​ហេតុការណ៍​បែប​នេះ​កើត​ឡើង​នៅ​តាម​ទី​ជន​បទ ហើយ​ដែល​អ្នក​ឃើញ​ហេតុការណ៍​ទាំង​នោះ មិន​ស្គាល់​តួ​អក្សរ​បរទេស​ដែល​ដាក់​សម្គាល់​រថយន្ត​នោះ​។ បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​លេខ​តែ​៤​តួ​នៅ​លើ​ស្លាក​រថយន្ត ពេល​ខ្លះ​នៅ​ចាំ​មិន​បាន ចុះ​ទម្រាំ​ជា​តួ​អក្សរ​បរទេស​​ទៀត​ ហើយ​ដែល​មាន​រហូត​ដល់​ទី​៨-៩​តួ​អក្សរ​នោះ​។

ការ​ប្រើ​ប្រាស់​ត្រឹម​តែ​ជា​​តួ​លេខ (​០-៩)​ «ពិសេស» សម្រាប់​ សម្គាល់​រថយន្ត​ «​ពិសេស​» ដែល​ជា​សមិទ្ធផល​នៃ​អភិជន​ទំនង​ជា​គ្រប់​គ្រាន់ហើយ ជា​ជាង​ការ​អនុញ្ញាត​ឲ្យ​មាន​ជា​តួ​អក្សរ​ឡាតាំង​នៅ​លើ​ស្លាក​រថយន្ត​ពិសេស​នា​ពេល​នេះ​។

ប្រសិន​បើ​យើង​ក្រឡេក​មើល​ប្រទេស​ជិត​ខាង​កម្ពុជា​ទាំង​បី​វិញ (​ថៃ លាវ វៀតណាម​) ដូច​ជា​មិន​ទាន់​មាន​ប្រទេស​ណា​ដើរ​ដល់​ចំណុច​នេះ​ទេ​។ ប្រទេស​ខ្លះ​វិញ ​មាន​តែ​ដាក់​ជា​តួ​លេខ​នៃ​អក្ខរក្រម​ខ្លួន (​មិន​មែន​ឡាតាំង​) នៅ​លើ​ស្លាក​រថយន្ត​ផង​ តួ​យ៉ាង​ប្រទេស​ភូមា​ជា​ដើម​។ កម្ពុជា​មិន​គួរ​ចាំ​បាច់​ដើរ​លឿន​ដល់​ថ្នាក់​នេះ​ទេ​៕

តួ​យ៉ាង​ស្លាក​រថយន្ត​ពិសេស​ថ្មី​ដែល​ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ

Untitled-281738983_1302095979974739_6447754476991283200_o

%d bloggers like this: