jump to navigation

សង្គម​ថៃ​នៅ​តែ​បន្ត​ការ​បែក​បាក់ ថ្ងៃអាទិត្យ 12 ខែមករា 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
1 comment so far

សង្គម​នយោបាយ​ប្រទេស​ថៃ​ដែល​នៅ​នឹង​ក្បែ​កម្ពុជា​យើង​នេះ រហូត​មក​ដល់​ថ្ងៃ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ផ្សះ​ផ្សារ​ជាតិ​មួយ​ពិត​ប្រាកដ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ ការ​បែក​បាក់​កាន់​តែ​បន្ត​មាន​ច្រើន​ឡើង និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​ដែរ​។

ចាប់​តាំង​ពី​រដ្ឋប្រហារ​​​ឆ្នាំ​២០១៤ និង​ការ​គូស​វាស​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ដែល​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​លោក​ប្រយុទ្ធ ចន្ទ្រឱជា បន្តកាន់​តំំណែង​ជា​នាយក​រដ្ឋមន្ត្រី​​ក្រោយ​ការ​បោះ​ឆ្នោត កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​​នោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ការ​ផ្សះ​ផ្សារ​ជាតិ​ដែល​កាល​ណុះ​ជា​ហេតុ​ផល​ចម្បង​មួយ​នៃ​រដ្ឋប្រហារ​​​ឆ្នាំ​២០១៤ នោះ ហាក់​មិន​ទទួល​ផល​ជា​ផ្លែ​ផ្កា​សោះ​ឡើយ​។

នៅ​ឯ​ប្រទេស​ថៃ​នា​ថ្ងៃ​នេះ (​១២ មករា ២០២០​) ចលនា​ប្រជាជន​ជា​ច្រើន​ម៉ឺន​នាក់​ស្ទើរ​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​ចេញ​មក​​ធ្វើ​កម្មវិធី​រត់​ដេញ​លោក​អ៊ុំ ឬ วิ่งไล่ลุง អ៊ុំ​ដែល​នៅ​ទី​នេះ គ្មាន​នរណា​គឺ​ក្រៅ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី និង​ថ្នាក់​ដឹក​នាំ​ជំនិត​ៗ​របស់​លោក ដែល​ភាគ​ច្រើន​សុទ្ធ​តែ​មនុស្ស​ចាស់​ៗ​នោះ​ទេ​។

ក្រៅ​ពី​កម្មវិធី​រត់​ដេញ​លោក​អ៊ុំ នេះ កម្មវិធី​មួយ​ទៀត​គឺ​​កម្មវិធី​ដើរ​គាំទ្រ​អ៊ុំ ឬ เดินเชียร์ลุง ក៏​ត្រូវ​បាន​ចាត់​ឡើង​ដំណាល​គ្នា ដើម្បី​គាំទ្រ​ដល់​លោក​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹក​នាំ​គាត់​ផង​។ ដែល​នេះ​ប្រាកដ​ណាស់​ជា​ការ​ចាត់​កម្មវិធីបញ្ច្រាស​គ្នា ដែល​ម្ខាង​ប្រឆាំង​ និង​ម្ខាង​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី​។

ថ្វី​ដ្បិត​តែ​សេរីភាព​នៃ​ការចាត់​កម្មវិធី​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​ធ្វើ ការ​ចាត់​កម្មវិធី​សណ្ឋាន​ប្រឆាំង​គ្នា​បែប​នេះ វា​ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែក​បាក់​សង្គម ដែលជា​ប្រការ​មួយ​​ឃ្លាត​ឆ្ងាយ​ពី​ការ​ផ្សះ​ផ្សារ​ជាតិ​ថៃ ដែល​បាន​បែក​បាក់​អស់​ប្រមាណ​ជិត​២​ទសវត្សរ៍​មក​ហើយ​។ ហើយ​​ការ​បង្កើត​កម្មវិធី​មួយ​ដើម្បី​ជល់​កម្មវិធី​មួយ​ទៀត ដើម្បី​គាំទ្រ​គូ​បដិបក្ខ​ម្ខាង​ៗ​បែប​នេះ វា​ត្រូវ​បាន​​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ក្មេង​ខ្ចី​នៃ​សង្គម និង​ជា​ពិសេស​សង្គម​ថៃ ដែល​ធ្លាប់​តែ​អះ​អាង​ពី​ភាព​ចំណាស់​នៃ​ប្រជាធិបតេយ្យ​របស់​ខ្លួន​។

អ្វី​ៗ​ដែល​សង្គម​ថៃ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កំពុង​កើត​មាន​ឡើង​នា​ពេល​នេះ កំពុង​បង្ហាញ​ពី​ភាព​អស់​សង្ឃឺម​នៃ​អ្វី​ដែល​គេ​ហៅ​ថា​លទ្ធិ​ប្រជាធិបតេយ្យ សម្រាប់​តំបន់​មួយ​នេះ​៕

001ក្រុម​​រត់​ដេញ​លោក​អ៊ុំ និង​ក្រុម​ដើរ​គាំទ្រ​អ៊ុំ នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​នេះ

%d bloggers like this: