jump to navigation

អត្ថបទ​ប្រែ ៖ លោក​សេនា​ប្រមុខ ប៉. នាំ​និស្សិត​សច្ចា​ប្រណិធាន​ចំពោះ​ព្រះ​កែវ​មរកត ក្នុង​ហេតុការណ៍​ទាមទារ​ដែន​ដី​​ពី​បារាំង​វិញ ថ្ងៃសៅរ៍ 18 ខែមករា 2020

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
1 comment so far

កកន ៖ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា จอมพล ป. นำนศ.ปฏิญาณตนต่อพระแก้วมรกต ในเหตุการณ์เรียกร้องดินแดนคืนจากฝรั่งเศส ឬ​​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា លោក​សេនា​ប្រមុខ ប៉. នាំ​និស្សិត​សច្ចា​ប្រណិធាន​ចំពោះ​ព្រះ​កែវ​មរកត ក្នុង​ហេតុការណ៍​ទាមទារ​ដែន​ដី​​ពី​បារាំង​វិញ។

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​គតិ និង​ឯកសារ​ប្រវត្តិ​សាស្ត្រ នៅ​ទី​នេះ ដូច​ត​ទៅ​។

លោក​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម (ថ. ป. พิบูลสงคราม) ជាមួយ​បណ្ដា​និស្សិត​សាកល​វិទ្យាល័យ​វិជ្ជា​ធម្មសាស្ត្រ និង​នយោបាយ ធ្វើ​ការ​សច្ចា​ប្រណិធាន​ចំពោះ​ព្រះ​កែវ​មរកត ក្នុង​ការ​ទាម​ទារ​ដែន​ដី​ប្រឡប់​មក​វិញ នា​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​​១៩៤០ ខាងមុខ​ក្រសួង​ការពារ​ជាតិ (​រូប​ភាព​ពី​សៀវភៅ ថៃ​សម័យ​សាង​ជាតិ​)

នា​ឆ្នាំ​១៩៣៦ រដ្ឋាភិបាល​ថៃ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម នាយក​រដ្ឋមន្ត្រី កំពុង​ចរចា​​ការ​សម្រួល​សិទ្ធិ​សញ្ញា​ជាមួយ​ប្រទេស​នានា​នោះ រដ្ឋាភិបាល​ថៃ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង សុំ​ឲ្យ​កែ​សម្រួល​ព្រំ​ដែន​គ្នា​ជា​ថ្មី តែ​ភាគី​បារាំង​បាន​សុំ​ឲ្យ​ទុក​ការ​ចរចា​នេះ​មួយ​រយៈ​សិន​។ ក្រោយ​មក​នៅ​ពេល​សង្គ្រាម​លោក​លើក​ទី​២​កើត​ឡើង បារាំង​បាន​សុំ​ធ្វើ​កតិកា​សញ្ញា​មិន​ឈ្លានពាន​គ្នា​ជាមួយ​រដ្ឋាភិបាល​ថៃ​។

រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ក្នុង​ការ​ធ្វើ​កតិកា​សញ្ញា​បែប​នេះ តែ​សុំ​ឲ្យ​បារាំង​ព្រម​កែ​សម្រួល​ព្រំ​ដែន​គ្នា​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ គឺ​សុំ​ឲ្យ​យក​ខ្សែ​ទឹក​ជ្រៅ​នៅ​ក្នុង​ទន្លេ​មេគង្គ ជា​បន្ទាត់​ព្រំ​ដែន តាម​ច្បាប់​អន្តរជាតិ និង​ឲ្យ​ថៃ​មាន​បន្ទាត់​ព្រំ​ដែន​ធម្មជាតិ​តាម​គោលការណ៍​យុត្តិធម៌​។ នៅ​ពេល​ការ​ចរចា​បញ្ចប់​រួច​ស្រេច​ទើប​មាន​ការ​ចុះ​ហត្ថលេខា​លើ​កតិកា​សញ្ញា​មិន​​ឈ្លានពាន​គ្នា នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​១៩៤០ ដែល​បន្ទាប់​ពី​នោះ​មក​ត្រឹម​តែ​មួយ​សប្ដាហ៍ កង​ទ័ព​បារាំង​ក៏​ចាញ់​កង​ទ័ព​អាល្លឺម៉ង់​នៅ​សមរភូមិ​អឺរ៉ុប​។

ក្រោយ​មក​នៅ​ពេល​បារាំង​ចុះ​ហត្ថលេខា​បញ្ឈប់​សង្គ្រាម​ជាមួយ​អាល្លឺម៉ង់​ហើយ រដ្ឋមន្ត្រី​ការបរទេស​បារាំង​បាន​ផ្ដល់​ដំណឹង​មក​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​បារាំង​ថា សុំ​ឲ្យ​កតិកា​សញ្ញា​មិន​​ឈ្លានពាន​គ្នា​រវាង​ប្រទេស​ថៃ និង​បារាំង​ចូល​ជា​ធរមាន​ភ្លាម​ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ការ​ផ្លាស់​ប្ដូរ​សត្យាប័ន​។

លោក​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម (ថ. ป. พิบูลสงคราม) ជាមួយ​បណ្ដា​និស្សិត​សាកល​វិទ្យាល័យ​វិជ្ជា​ធម្មសាស្ត្រ និង​នយោបាយ ធ្វើ​ការ​សច្ចា​ប្រណិធាន​ចំពោះ​ព្រះ​កែវ​មរកត ក្នុង​ការ​ទាម​ទារ​ដែន​ដី​ប្រឡប់​មក​វិញ នា​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​​១៩៤០ ខាងមុខ​ក្រសួង​ការពារ​ជាតិ (​រូប​ភាព​ពី​សៀវភៅ ថៃ​សម័យ​សាង​ជាតិ​)

ភាគី​ថៃ​នៅ​ពេល​ទទួល​ចម្លើយ​​ពី​បារាំង​ដូច​នេះ ទើប​មាន​ការ​ប្រជុំ​ពិចារណា​ចម្លើយ​របស់​បារាំង​នេះ​យ៉ាង​ល្អិត​ល្អន់​។ នៅ​ពេល​បាន​ការ​អភិប្រាយ​យ៉ាង​ទូលំ​ទូលាយ និង​ល្អិត​ល្អន់​គ្រប់​ចំណុច​ហើយ ភាគី​ថៃ​ទើប​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​បារាំង​វិញ នា​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​១៩៤០ វា​ឯកភាព​យល់​ស្រប​តាម​ដែល​បារាំង​បាន​ផ្ដល់​ដំណឹង​មក និង​សុំ​ឲ្យ​បារាំង​យល់​ស្រប​តាម​បញ្ញា​នានា​ដែល​រដ្ឋាភិបាល​ថៃ​បាន​ស្នើ​សុំ តាម​ការ​ឯកភាព ចំនួន​៣​ប្រការ ដូច​ត​ទៅ​នេះ ៖​

១. កំណត់​បន្ទាត់​ព្រំដែន​តាម​ទន្លេ​មេគង្គ ទៅ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ពោល​គឺ កំណត់​ខ្សែ​ទឹក​ជ្រៅ​ជា​កេណ្ឌ​។

២. កែ​សម្រួល​ប្រទល់​ដែន​ឲ្យ​ទៅ​តាម​ធម្មជាតិ គឺ​ឲ្យ​កំណត់​ថា ទន្លេ​មេគង្គ​ជា​ប្រទល់​ដែន​អន្តរជាតិ និង​ឥណ្ឌូចិន​តាំង​ពី​ភាគ​ទិស​ខាង​ជើង​រហូត​មក​ដល់​ទិស​ខាង​ត្បូង​មក​ដល់​ប្រទល់​ដែន​កម្ពុជា ដោយ​ឲ្យ​ភាគី​ថៃ​បាន​ទទួល​ដែន​ដី​ផ្នែក​ខាង​ស្ដាំ​របស់​ទន្លេ​មេគង្គ​ទល់​ខាង​មុខ​ហ្លួង​ព្រះ​បាង និង​បាកសេ ត្រឡប់​មក​វិញ​។

៣. សុំ​ឲ្យ​ភាគី​បារាំង​ធានា​អះ​អាង​ថា​ប្រសិន​បើ​ឥណ្ឌូចិន​ផុត​ពី​អធិបតេយ្យ​បារាំង​ទៅ បារាំង​នឹង​ប្រគល់​អាណា​ខេត្ត​លាវ និង​កម្ពុជា មក​ឲ្យ​ថៃ

សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម ធ្វើ​ការ​ប្រាស្រ័យ​ទាមទារ​ដែន​ដី​វិញ នា​ខាង​មុខ​ក្រសួង​ការ​ពារ​ប្រទេស ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​១៩៤០ (​រូប​ភាព​ពី​សៀវភៅ​អនុស្សាវរីយ៍ គ្រប់​១០០​ឆ្នាំ ឯក​ឧត្ដម​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម ១៤ កក្កដា ១៩៩៧​)
លោក​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម ប្រាស្រ័យ​​ជាមួយ​បណ្ដា​និស្សិត​សាកល​វិទ្យាល័យ​វិជ្ជា​ធម្មសាស្ត្រ និង​នយោបាយ ដែល​មក​ទាម​ទារ​ដែន​ដី នា​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​​១៩៤០ ខាងមុខ​ក្រសួង​ការពារ​ជាតិ (​រូប​ភាព​ពី​សៀវភៅ ថៃ​សម័យ​សាង​ជាតិ​)
លោក​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម បក់​ទង់​ទទួល​បណ្ដា​និស្សិត​​ដែល​មក​ទាម​ទារ​ដែន​ដី នា​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​​១៩៤០ ខាងមុខ​ក្រសួង​ការពារ​ជាតិ (​រូប​ភាព​ពី​សៀវភៅ ថៃ​សម័យ​សាង​ជាតិ​)

ប្រជាជន​ថៃ​ទូទាំង​ប្រទេស​បាន​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ពោល​គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​១៩៤០ សភា​តំណាង​រាស្ត្រ​បាន​​បោះ​ឆ្នោត​អរគុណ​រដ្ឋាភិបាល​ដែល​បាន​ស្នើ​​កិច្ច​ព្រម​ព្រៀង​ជាមួយ​បារាំង​ទាំង​៣​ចំណុច​​ខាង​លើ​។

ចំណែក​បណ្ដា​និស្សិត សិស្ស យុវជន និង​ប្រជាជន​ក៏​នាំ​គ្នា​ដើរ​ក្បួន​គាំទ្រ អ្នក​ខ្លះ​ក៏​បរិច្ចាគ​ចំណី​អាហារ របស់​ប្រើ​ប្រាស់​ចំពោះ​ទាហាន​។ អ្នក​ខ្លះ​ក៏​បរិច្ចាគ​ទ្រព្យ​ផ្ទាល់​ខ្លួន​ដើម្បី​ទិញ​អាវុធ​ឲ្យ​ទាហាន​។ ជា​លើក​ដំបូង​ដែល​ប្រជាជន​ថៃ​ស្គាល់​ពាក្យ​ថា «​ថង់​អំណោយ​» ដែល​បង​ប្អូន​ប្រជាជន​ថៃ​គ្រប់​គ្រួសារ​ផ្ញើ​មក​ជា «​ពំនូក​ភ្នំ​» នា​ខាង​មុខ​ក្រសួង​ការពារ​ប្រទេស​។

ទោះ​បី​យ៉ាង​នេះ​ក្ដី បារាំង​បាន​បដិសេធ​សំណើ​ទាំង​៣​នេះ​។ ក្រោយ​មក​នៅ​វេលា​អាធ្រាត​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​១៩៤០ កង​ទ័ព​ជប៉ុន​បាន​ផ្លាស់​ទី​ចូល​មក​ដល់​ដែន​ដី​ឥណ្ឌូចិន និង​បាន​ច្បាំង​ជាមួយ​កង​ទ័ព​បារាំង ហើយ​ទាហាន​ជប៉ុន​ក៏​ចូល​មក​ឥណ្ឌូចិន​បាន​សម្រេច​។ ភាគី​ថៃ​បាន​ព្យាយាម​ចរចា​ជាមួយ​បារាំង​ម្ដង​ទៀត​តែ​ទទួល​បាន​ការ​បដិសេធ​ដូច​មុន​ដែរ​។ នៅ​ខណៈ​ដែល​ការ​ចរចា​កំពុង​ដំណើរ​ការ​នោះ ការ​ពើប​ប្រយុទ្ធ​គ្នា​តាម​ជាយ​ដែន​ក៏​មាន​ការ​កើត​ឡើង​ខ្លះ ឯ​ប្រជាជន​ថៃ​សុទ្ធ​តែ​បាន​ផ្ដល់​ការ​គាំទ្រ​ចំពោះ​នយោបាយ​រដ្ឋាភិបាល​។

បណ្ដា​គ្រូ សិស្ស និស្សិត មន្ត្រី​រាជការ និង​ប្រជាជន​នៅ​ខេត្ត​ព្រះ​នគរ និង​ធនបុរី ជា​ច្រើន​ហ្មឺន​នាក់ ដើរ​ក្បួន​ទាមទារ​ដែន​ដី​ពី​បារាំង​វិញ កំពុង​ធ្វើ​ការ​ជួប​ជុំ​ខាង​មុខ​ក្រសួង​ការពារ​ជាតិ នា​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​​១៩៤០ (​រូប​ភាព​ពី​សៀវភៅ ថៃ​សម័យ​សាង​ជាតិ​)

ក្នុង​ពេល​ធ្វើ​ការ​ទាមទារ​នោះ លោក​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម ជាមួយ​បណ្ដា​និស្សិត​សាកល​វិទ្យាល័យ​ធម្ម​សាស្ត្រ និង​នយោបាយ ធ្វើ​ការ​សច្ចា​ប្រណិធាន​ចំពោះ​ព្រះ​កែវ​មរកត ក្នុង​ការ​ទាមទារ​ដែន​ដី​វិញ នា​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​១៩៤០ ឯខាង​មុខ​ក្រសួង​ការ​ពារ​ជាតិ ដូច​ដែល​មាន​រូប​ភាព​ខាង​លើ​​។

តែ​នៅ​ពេល​ដែល​ការ​ចរចា​មិន​ទទួល​បាន​ជោគ​ជ័យ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បញ្ឈប់​ការ​ផ្ដល់​សត្យាប័ន​កតិកា​សញ្ញា​មិន​ឈ្លាន​ពាន​ជាមួយ​បារាំង​នា​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​១៩៤០ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ត្រូវ​ប្រកាស​សង្គ្រាម​ជាមួយ​ឥណ្ឌូចិន នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៤១​។


ឯកសារ​យោង ៖ ​អនុស្សាវរីយ៍ គ្រប់​១០០​ឆ្នាំ ឯក​ឧត្ដម​សេនា​ប្រមុខ ប៉. ពិបូលសង្គ្រាម ១៤ កក្កដា ១៩៩៧​។ (១៩៩៧) បាងកក ៖ ប៉. សម្ពន្ធ​ពាណិជ្ជ​។

_________________________________________________________
អាន​ផង​ដែរ ៖
១. จอมพล ป. นำนศ.ปฏิญาณตนต่อพระแก้วมรกต ในเหตุการณ์เรียกร้องดินแดนคืนจากฝรั่งเศส

%d bloggers like this: