jump to navigation

បុណ្យ​ព្រះ​មេរុ​នៃ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស ថ្ងៃ​ព្រហស្បតិ៍ 30 ខែមករា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
2 comments

បុណ្យ​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៨​ថ្ងៃ ដោយ​ចូល​ពី​ថ្ងៃ​២ ដល់​ថ្ងៃ ៩ រោច​ខែ​មាឃ ឆ្នាំ​រកា សប្ត​ស័កព. ស. ២៤៨៨ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​៣០ ខែ​មករា ដល់​ថ្ងៃ​អង្គារ ទី​​៦ ខែ​កុម្ភៈ គ.ស.​១៩៤៥​។ មក​ដល់​ថ្ងៃ​នេះ គឺ​មាន​គម្រប់​រយៈ​ពេល​៧៥​ឆ្នាំ​គត់​។

សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស ព្រះ​អង្គ​​ជា​ព្រះ​រាជ​បុត្រា​នៃ​ ព្រះ​កុរណា ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ នឹង​ចៅ​ចម​មាតា​ អៀម បុស្បា។ ទ្រង់​ព្រះ​ប្រសូត​នៅ​ថ្ងៃ​សុក្រ​ ១​​រោច ​ខែ​អស្សុជ ​ឆ្នាំ​វក ​ចត្វាស័ក ព.ស.​​២៤១៥ ត្រូវ​គ្នា​នឹង​ថ្ងៃ​១៨ ខែ​តុលា គ.ស.​១៨៧២ វេលា​ម៉ោង ១ ជាង​អធ្រាត្រ នៅ​ក្នុង​ទី​ព្រះ​បរម​រាជ​វាំង​ចតុ​ម្មុខ ព្រះ​រាជធានី​ភ្នំពេញ។ សម្ដេច​ព្រះ​វរ​រាជ​បិតា ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទ្រង់​ប្រោស​ឲ្យ​ធ្វើ​ព្រះ​រាជ​ពិធី​ចម្រើន​​ព្រះ​កេសា​កំណើត នៅ​ថ្ងៃ​៨​កើត ​ខែ​មិគសិរ​ ក្នុង​ឆ្នាំ​នោះ​ឯង ដោយ​មាន​ព្រះ​នាម​ក្នុង​ព្រះ​សុវណ្ណ​ប័ដ ចារិក​នឹង​ផែន​មាស​ថា «ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ម្ចាស់ សុទ្ធារស»។

ក្នុង​ព្រះ​ជាតិ​កំណើត​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នគរ តាំង​ពី​វ័យ​កុមារ រហូត​ដល់​ចម្រើន​ព្រះ​ជន្មា​សម្រេច​កិច្ច​ផែន​ដី​ថ្វាយ​ព្រះ​វររាជ​ជនកនាថ និង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ផែន​ដី​នៃ​រជ្ជកាល​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ  សម្ដេច​​ព្រះ​រាជ​អយ្យកោ ទ្រង់​មាន​ព្រះ​គុណ​នឹង​ផែន​ដី​រក​ការ​បរិយាយ​គ្មាន​ ដែល​ជា​ប្រយោជន៍​ទាំង​ខាង​ផ្លូវ​អាណា​ចក្រ នឹង​ខាង​ពុទ្ធ​ចក្រ​ជា​ច្រើន​ប្រការ​។

សម្ដេច​ព្រះ​រាជ​អយ្យកោ ទ្រង់​ព្រះ​ប្រឈួន​ដោយ​ព្រះ​រោគ​ជរាភាព​មក​ជា​វេលា​យូរ អាការ​ព្រះ​រោគ​ជួន​ធ្ងន់​ជួន​ស្រាល ហើយ​ត​មក​មិន​យូរ​ប៉ុន្មាន សម្ដេច​ព្រះ​រាជ​អយ្យិកា ជា​ព្រះ​អគ្គ​ជាយា​ទ្រង់​ព្រះ​ប្រឈួន​ជា​ទម្ងន់ ហើយ​ទ្រង់​ព្រះ​វិលាល័យ​ទៅ​មុន។ ត​អំពី​នោះ​មក អាការ​ព្រះ​រោគ​សម្ដេច​ព្រះ​រាជ​អយ្យកោ​ចួន​ធ្ងន់​ចួន​ស្រាល​មិន​ជា​ទី​កំណត់ លុះ​មក​ដល់​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​មាឃ ឆ្នាំ​រកា ​សប្ត​ស័ក ព.ស.​២៤៨៨ (តាម​ប្រក្រតិទិន​ថ្មី​) ទ្រង់​សោយ​ទិវង្គត​ដោយ​ព្រះ​រោគ​ជរាភាព ក្នុង​កំណត់​ព្រះ​ជន្មាយុ ៧៣ ព្រះ​វស្សា ត្រូវ​នឹង​ថ្ងៃ​​ទី​២៧ ខែ​មករា ឆ្នាំ​១៩៤៥ វេលា​ម៉ោង ១៨.១០​នាទី​។

ដោយ​ព្រះ​ឧបការ​គុណ​​នៃ​ព្រះ​អង្គ​​ចំពោះ​ព្រះ​នគរ​ រាជការ​បាន​សម្រេច​ធ្វើ​បុណ្យ​ព្រះ​មេរុ​ ថ្វាយ​ព្រះ​ភ្លើង​រយៈ​ពេល​៧​យប់​៨​ថ្ងៃ នៅ​ព្រះ​រាជធានី​ភ្នំពេញ ចាប់​​​ពី​ថ្ងៃ​២ ដល់​ថ្ងៃ ៩ រោច​ខែ​មាឃ ឆ្នាំ​រកា សប្ត​ស័កព. ស. ២៤៨៨ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​៣០ ខែ​មករា ដល់​ថ្ងៃ​អង្គារ ទី​​៦ ខែ​កុម្ភៈ គ.ស.​១៩៤៥​។ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ផង​ដែរ ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ​ដែល​មាន​ទ្រង់​ជា​អធិបតី បាន​បោះ​ពុម្ព​សៀវភៅ​ជាង​១.០០០​ក្បាល សម្រាប់​ចែក​ជា​ធម្ម​បណ្ណាការ ថ្វាយ​ព្រះ​រាជ​កុសល​​ ចំពោះ​ព្រះ​អង្គ​ផង​ដែរ​៕

_____________________________________________________
អាន​ផង​ដែរ ៖
១. ខួប​ឆ្នាំ​ទី​៧៥ សោយ​ព្រះ​ទិវង្គត នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស
២. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ

%d bloggers like this: