jump to navigation

៥៥​ឆ្នាំ ស៊ូការណូ ទស្សនកិច្ច​នៅ​កម្ពុជា ថ្ងៃសៅរ៍ 29 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
1 comment so far

ពី​ឆ្នាំ​១៩៥៩ ដល់​១៩៦៥ អតីត​ប្រធានាធិបតី​ទី​១ នៃ​ប្រទេស​ឥណ្ឌូណេស៊ី ស៊ូការណូ មហា​មិត្រ​ដ៏​ជិត​ស្និទ្ធ​បំផុត​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​៥​ដង ចំណែក​ឯ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ស្ដេច​ក៏​បាន​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ចម្រើន​មេត្រី​ភាព ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​វិញ ជា​ច្រើន​គ្រា​ផង​ដែរ​។

ខាង​ក្រោម​នេះ​ជា​រូបភាព​វីដេអូ​ស្ដី​អំពី​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា នៃ​​ឯក​ឧត្ដម​ស៊ូការណ៍ កាល​ពី​ឆ្នាំ​១៩៦៥ ពោល​គឺ​ពី​៥៥​ឆ្នាំ​មុន​​។ ឯក​ឧត្ដម​បាន​មក​ដល់​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិនតុង រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​យាង​មក​ទទួល​យ៉ាង​រាក់​ទាក់ និង​រីករាយ​បំផុត​ពី​សំណាក់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​បិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។

ប្រជារាស្ត្រ​ខ្មែរ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ បាន​ចេញ​មក​ទទួល​ស្វាគមន៍​ឯក​ឧត្ដម​ប្រធានាធិបតី យ៉ាង​ច្រើន​កុះ​ករ​ចាប់​ពី​ចំណត​អាកាស​យានដ្ឋាន រហូត​ដល់​ទីក្រុង​ភ្នំពេញ​​ ក្នុង​គ្រា​ដែល​ឯក​ឧត្ដម​បាន​មក​បំពេញ​ទស្សនកិច្ច​ចម្រើន​មេត្រី​ភាព​ជា​ប្រវត្តិសាស្ត្រ​មក​កាន់​កម្ពុជា កាល​គ្រា​នោះ​៕

_______________________________________
អានផងដែរ
១. ២៥​ឆ្នាំ​នៃ​​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​​​ឥណ្ឌូណេស៊ី

អំពី​ទង់​មហារាជ ថ្ងៃសុក្រ 28 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
2 comments

កកន ៖ ខាង​ក្រោម​នេះ​ជា​អត្ថបទ​មួយ​និយាយ​អំពី​ប្រវត្តិ​ទង់​មហា​រាជ​ខ្មែរ ដែល​សរសេរ​ដោយ​ឧកញ៉ា​ទេព​ពិទូរ ក្រសេម​។ បច្ចុប្បន្ន​នេះ​ទង់​មហា​រាជ​មិន​បាន​ប្រើ​ប្រាស់​ទៀត​ឡើយ​ដោយ​ជំនួស​មក​វិញ​នូវ​ទង់​ព្រះ​មហាក្សត្រ ដែល​មាន​រូប​ត្រា​សញ្ញា​ព្រះ​រាជ​សង្ហារ​។

Royal_Standard_of_Casmbodia_(Pre-1993).svgទង់​មហា​រាជ ជា​ទង់​សម្រាប់​អង្គ​ព្រះ​មហា​ក្សត្រ​ម្ចាស់​ផែន​ដី

ទង់​សម្រាប់​មហា​ក្សត្រ​ម្ចាស់​ផែន​ដី ហៅ​ថា «​ទង់​មហា​រាជ​»​។ ទង់​នេះ​មាន​ផ្ទៃ​ជា​ពណ៌​ផ្ទៃ​មេឃ ជាយ​ជុំ​វិញ​ជា​ពណ៌​ក្រហម (កកន ៖ ផ្ទុយ​ត្រឡប់​គ្នា​នឹង​ពណ៌​ទង់​ជាតិ​ខ្មែរ​សម័យ​ដើម​)​។​ គ្រប់​រវាង​កណ្ដាល​ផ្ទៃ​ប៉ាក់​ពណ៌​មាស​ ជា​រូប​ព្រះ​ខ័ន​តម្កល់​លើ​ជើង​ពាន​​រូប​ព្រះ​មហា​មកុដ​ដាក់​លើ​ព្រះ​ខ័ន ហើយ​មាន​រូប​ឆត្រ​រួត​១​គូ​អម​សង្ខាង​។

ទង់​មហា​រាជ​នេះ ប្រើ​បាន​ចំពោះ​តែ​ព្រះ​មហាក្សត្រ​ម្ចាស់​ផែន​ដី​, តាម​ប្រក្រតី​ត្រូវ​បង្ហូត​នៅ​ដង​ទង់​ធំ​នៅ​មុខព្រះ​បរម​រាជ​វាំង និង​ប្រាសាទ​ដែល​ស្ដេច​គង់​ជា​ធម្មតា​នៅ​ក្នុង​ព្រះ​បរមរាជ​វាំង​, បើ​មាន​ការ​ត្រូវ​ស្ដេច​ទៅ​គង់​នៅ​ដំណាក់​-​វាំង​ឯណា​នីមួយ​ក្រៅ​ពី​ព្រះ​បរម​រាជ​វាំង តាំង​ពី​២៤​ម៉ោង​ទៅ ត្រូវ​បង្ហូត​ទង់​មហា​រាជ​នៅ​ដំណាក់​ឬ​វាំង​នោះ​ដែរ ជា​គ្រឿង​សម្គាល់​ថា​ស្ដេច​គង់​នៅ​ទី​នោះ​។ ឬ​មួយ​កាល​ស្ដេច​គង់​ព្រះ​រាជ​រថ​ទៅ​កាន់​ទី​ជិត​ឬ​ឆ្ងាយ​ក៏​ដោយ ត្រូវ​ប្រដាប់​ទង់​មហា​រាជ​ខ្នាត​តូច​នៅ​ព្រះ​រាជ​រថ​នោះ​ជា​គ្រឿង​សម្គាល់​ថា ស្ដេច​គង់​នៅ​ក្នុង​ព្រះ​រាជ​រថ​នោះ ឬ​ថា អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ព្រះ​រាជ​រថ​នោះ​គឺ​ព្រះ​រាជា​ម្ចាស់​ផែន​ដី អ្នក​នៅ​ជិត​ខាង​ត្រូវ​សម្ដែង​សេចក្ដី​គោរព​តាម​សម​គួរ​។

________________________________________________
អាន​ផង​ដែរ ៖
១. ទង់​ប្រាសាទ​, ទង់​​ជាតិ​ដំបូង​នៃ​ប្រទេស​កម្ពុជា

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពង់​ស្ពឺ – ស្រុក​ថ្ពង ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពង់​ស្ពឺ.
add a comment

ស្រុក​សំរោង​ទង របស់ខេត្ត​កំពង់ស្ពឺ មាន​សរុប​ទាំង​អស់៧ឃុំ​ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ឃុំអមលាំង – ០៥១៥១
  2. ឃុំមនោរម្យ – ០៥១៥២
  3. ឃុំប្រាំបីមុម – ០៥១៥៣
  4. ឃុំរុងរឿង – ០៥១៥៤
  5. ឃុំទ័ពមាន – ០៥១៥៥
  6. ឃុំវាលពន់ – ០៥១៥៦
  7. ឃុំយាអង្គ – ០៥១៥៧

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពង់​ស្ពឺ ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

សម្ពោធ «​វិថី​នរោត្ដម សីហនុ​» ឯ​រដ្ឋធានី​ឍាកា ថ្ងៃពុធ 26 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បរទេស, បុគ្គល​សំខាន់.
add a comment

ថ្ងៃ​ពុធ ទី​​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ នៅ​ឯ​​​រដ្ឋធានី​ឍាកា របស់​ពង្លាទេស មាន​ប្រារព្ធ​ពិធី​ជា​ផ្លូវ​ការ​មួយ​បើក​សម្ពោធ​ «​វិថី​នរោត្ដម សីហនុ​» ដើម្បី​ជា​ការ​រំឭក​​ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ព្រះ​ករុណា ព្រះ​របម​រតនកោដ្ឋ ក៏​ដូច​ជា​ចំណង​សាមគ្គី​ភាព និង​មិត្រភាព​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ពង្លាទេស​។

observerbd.com_1582704795ពិធី​សម្ពោធ «​វិថី​នរោត្ដម សីហនុ​» (រូប ៖ RU/LY)

រដ្ឋាភិបាល​នៃ​ប្រទេស​ពង្លាទេស បាន​សម្រេច​ផ្លាស់​ប្ដូរ​ឈ្មោះ​វិថី​មួយ​ដែល​មាន​ឈ្មោះ​ថា​ពារិធារា មក​ដាក់​ព្រះ​នាម​អតីត​ព្រះ​មហាក្សត្រិយ៍​ខ្មែរ ដោយ​ប្រសិទ្ធនាម​ថា វិថី «​នរោត្ដម សីហនុ​»​។ វិថី «​នរោត្ដម សីហនុ​»​ ថ្មី​នេះ ជា​វិថី​មួយ​ដែល​ស្ថិត​នៅ​បរិវេណ​ស្ថាន​ទូត​បរទេស​នានា​របស់​ទីក្រុង​ឍាកា​។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​សហករណ៍ តាជុ អ៊ីស្លាម និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ស្ហាហ៍រីអារ៍ អាឡាម បាន​ធ្វើ​ការ​បើក​ស្លាក​ដែល​មាន​ប្រាកដ​ព្រះ​ឆាយាលក្ខណ៍​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ​ផង ដើម្បី​ដាក់​សម្ពោធ​ឈ្មោះ​ជា​ផ្លូវ​ការ​នៃ​វិថី​នរោត្ដម សីហនុ នៅ​វេលា​ម៉ោង​១១​.០០ ព្រឹក (​ម៉ោង​នៅ​ឍាកា​) នា​ថ្ងៃ​នេះ​។

វត្ត​មាន​ក្នុង​ពិធី​​សម្ពោធ​វិថី​នរោត្ដម សីហនុ នា​ព្រឹក​នេះ​ដែរ មាន​លោក​ជំទាវ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ, លោក​ចៅហ្វាយ​ក្រុង​ឍាកា ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​កម្ពុជា និង​ពង្លាទេស​ជា​ច្រើន​រូប​ទៀត​។

ការ​ប្រសិទ្ធនាម​វិថី​ថ្មី​​នា​ពេល​នេះ គឺ​ជាផ្នែក​មួយ​នៃ​ការ​រឹត​ចំណង​មេត្រី​ភាព​រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​ទស្សនកិច្ច​របស់​លោក​ស្រី​នាយករដ្ឋមន្ត្រី​ពង្លាទេស ស្ហេខ ហាស៊ីណា នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ កន្លង​មក​។ ដោយ​ឡែក​នៅ​ខែ​មេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ ទីក្រុង​ភ្នំពេញ​ក៏​នឹង​សម្ពោធ​ឈ្មោះ​វិថី​មួយ​វិញ​ផង​ដោយ​ដាក់​ឈ្មោះ​ថា «​ស្ហេខ មូជីបួរ រ៉ាហ៍ម៉ាន់​» ដែល​ជា​បិតា​ជាតិ​នៃ​ប្រទេស​ពង្លាទេស​៕

observerbd.com_1582705512​វិថី «​នរោត្ដម សីហនុ​» នៃ​រដ្ឋធានី​ឍាកា ប្រទេស​ពង្លាទេស (រូប ៖ RU/LY)

Repost : អំពី​អាគុយ ថ្ងៃអង្គារ 25 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពី​ដើម​ៗ​ម៉ិញ មុន​ពេល​ដែល​ភូមិ​ខ្ញុំ​មាន​បណ្ដាញ​អគ្គីសនី​ (​ឯកជន​) ប្រើ​ប្រាស់ ពួក​យើង​នៅ​​មាន​អាគុយ​សម្រាប់​ប្រើ​ប្រាស់​បំភ្លឺ​ផង​នា​ពេល​រាត្រី​។ ការ​ប្រើ​ប្រាស់​អាគុយ​នៅ​គ្រា​នោះ គឺ​សម្រាប់​នៅ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច ដោយ​ភ្ជាប់​វា​ទៅ​នឹង​អំពូល​ម៉ែត្រ​៣​តឹក​មួយ គ្រាន់​ជា​ជំនួយ​ឲ្យ​ភ្លឺ​។ ក្រោយ​ៗ​មក​នៅ​ពេល​ផ្ទះ​ខ្ញុំ​មាន​ទូរទស្សន៍ ត្រូវ​បន្ថែម​អាគុយ​មួយ​គ្រឿង​ទៀត សម្រាប់​ចាប់​ជាមួយ​ទូរទស្សន៍ ដ្បិត​មួយ​មិន​គ្រប់​ភ្លើង​ទេ​។ ការ​ប្រើ​អាគុយ​ភ្ជាប់​ជាមួយ​នឹង​ទូរទស្សន៍​នេះ គឺ​ក្រោយ​ពី​បាយ​ល្ងាច​រួច​រហូត​ដល់​ម៉ោង​ប្រមាណ​៩​យប់​។

ការ​ប្រើ​ប្រាស់​អាគុយ​​នេះ គឺ​ចាប់​ភ្ជាប់​នឹង​ដង្កៀប​ពីរ បូក​និង​ដក ទៅ​គ្រឿង​ដែល​ប្រើ​ប្រាស់​។ អាគុយ​ខ្លះ​មាន​ក្បាល​ភ្ជាប់​២ អាគុយ​ខ្លះ​មាន​ច្រើន​ជាង​នេះ​។ ក្បាល​ភ្ជាប់​នេះ ពេល​ប្រើ​យូរ​ៗ​ទៅ​សឹក និង​មាន​សំណើម​ទឹក​អាស៊ីត​កក​ជាប់​នឹង​ក្បាល​ផង​។

ពេល​ដែល​អាគុយ​អស់​ភ្លើង ខ្ញុំ​ត្រូវ​យក​ទៅ​ឲ្យ​ផ្ទះ​សាក​អាគុយ​ក្នុង​ភូមិ ដែល​មាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​៕

អាគុយ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ស្វាយល្ហុងមួយដើម
៤. ដើមដូងទេរមួយដើម
៥. ដើមស្ពឺមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត
១៣. ខ្នោសកោសដូងរូបទន្សាយ

បណ្ដា​និស្សិត​ថៃ​រួម​សម្ដែង​មតិ ក្រោយ​ការ​រំលាយ​បក្ស​អនាគត​ថ្មី ថ្ងៃចន្ទ 24 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

នា​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ បណ្ដា​និស្សិត​តាម​សាកល​វិទ្យាល័យ​របស់​ថៃ បាន​ប្រមូល​ផ្ដុំ​គ្នា​សម្ដែង​មតិ​បន្ទាប់​ពី​តុលាការ​រដ្ឋ​ធម្មនុញ្ញ​រំលាយ​គណៈ​បក្ស​អនាគត​ថ្មី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លង​មក​នេះ​។

បណ្ដា​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ល្បី​ៗ​របស់​ប្រទេស​ថៃ មាន​ដូច​ជា​ចុឡាលង្ករណ៍ និង​ក្សេត្រសាស្ត្រ បាន​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្ដុំ​នា​ថ្ងៃ​នេះ​។ ក្រៅ​ពី​នេះ នៅ​តាម​សាកល​វិទ្យាល័យ​ល្បី​ៗ ជា​ច្រើន​ទៀត ក៏​នឹង​មាន​គម្រោង​ប្រមូល​ផ្ដុំ​បែប​នេះ ជា​បន្ត​បន្ទាប់​ផង​ដែរ​៕

_______________________________________________
អាន​ផង​ដែរ ៖
១. ការ​បំបាត់​សំឡេង​ប្រឆាំង​នៅ​ថៃ និង​សិទ្ធិ​សេរី​ភាព​នយោបាយ​នៅ​​ក្នុង​តំបន់

ខួប​ឆ្នាំ​ទី ១១១ ពិធី​សម្ពោធ​រាជានុស្សាវរីយ៍​ហ្លួង​សិរីសុវត្ថិ ឯ​វត្ត​ភ្នំ​ដូន​ពេញ ថ្ងៃអាទិត្យ 23 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

179-0ថ្ងៃ​ទី​​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ មាន​រយៈ​ពេល​១១១​ឆ្នាំ​គត់ ដែល​កាល​ណុះ​នគរ​ខ្មែរ​យើង​មាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​ឱឡារិក​មួយ​ នោះ​គឺ​ពិធី​សម្ពោធ​​រាជានុស្សាវរីយ៍​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះរាជានុកោដ្ឋ នៅ​ឯ​វត្ត​ភ្នំដូន​ពេញ ព្រះ​រាជ​ធានី​ភ្នំពេញ​។

ព្រះ​រាជានុស្សាវរីយ៍​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ជា​ការ​រំឭក​នូវ​ព្រះ​មហា​ករុណាទិគុណ ចំពោះ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ដែល​ស្ថិត​ក្រោម​​ព្រះរាជកិច្ចដឹកនាំ និងស្វាមីភ័ក្ដិចំពោះព្រះនគរព្រះអង្គ ទ្រង់បានដឹកនាំសម្រេចជោគជ័យរួមជាមួយអាណាព្យាបាលបារាំងយកអាណាខេត្តទាំងបី​នៃភាគខាងលិចរបស់នគរក្រុងកម្ពុជា គឺសៀមរាប សិរីសោភណ្ឌ និងបាត់ដំបង វិលត្រឡប់មកដាក់បញ្ចូលក្នុងដែនកម្ពុជាវិញ បន្ទាប់ពីប្រទេសសៀម កាលណោះបានចូលវាតទី និងកាន់កាប់អស់រយៈពេលយ៉ាងយូរគួរសម។

នៅ​ឯ​ទី​លាន​នៃ​ព្រះ​រាជានុស្សាវរីយ៍​ ព្រះ​បរម​រូប​​​ (​នៃ​ព្រះ​ករុណា ព្រះ​រាជានុកោដ្ឋ​) ធ្វើ​ពី​សំរឹទ្ធ​មួយ​​ ត្រូវ​បាន​សាង​សង់​ឡើង​យ៉ាង​វិចិត្រ​ ដោយ​ជាង​ស្មិត​ជាតិ​បារាំង​សែស​មួយ​រូប​នាម ប៉ូល​ ឌុយគុយអាំង ដើម្បី​ដាក់​តម្កល់​។ ព្រះ​បរម​រូប​នេះ សាង​ឡើង​ក្នុង​លក្ខណៈ​ពេញ​មួយ​ជំហ​នៃ​ព្រះ​អង្គ ដោយ​មាន​គ្រង​ព្រះ​ពស្ត​ពេញ​យស​ជា​ព្រះ​បរម​ខត្តិយ​វង្ស និង​មាន​គ្រង​មកុដ​រាជ្យ​ផង​។ នៅ​ឯ​ខាង​ស្ដាំ​នៃ​ព្រះ​អង្គ មាន​រូប​ចម្លាក់​សាង​ពី​ថ្ម នូវ​រូប​ទាហាន​បារាំង​អម​នឹង​ទង់​ជាតិ​បារាំង​ពី​លើ​​សិទ្ធិ​សញ្ញា​រវាង​បារាំង និង​សៀម ក្នុង​ការ​ប្រគល់​អាណា​ខេត្ត​ទាំង​បី​មក​ឲ្យ​កម្ពុជា​វិញ​។ នៅ​ឯ​ខាង​ឆ្វេង​វិញ មាន​សាង​រូប​ចម្លាក់​ស្ត្រី​ខ្មែរ​បី​រូប កាន់​ជើង​ពាន​ក្នុង​ន័យ​ប្រគល់​អាណាខេត្ត​ទាំង​បី​មក​ចំណុះ​ព្រះ​បារមី​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​វិញ​ផង​។

ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​កាល​ពី​១១០​ឆ្នាំ​មុន​នោះ ត្រូវ​បាន​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នា​ថ្ងៃ​សម្ពោធ ដោយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចមចក្រពង្ស ផ្ទាល់​ព្រះ​អង្គ រួម​ជាមួយ​និង ចៅហ្វាយក្រុងម៉ាសី នៃសាធារណរដ្ឋបារាំងសែស ព្រម​ទាំង​​​ឥស្សរជន​ជាន់​ខ្ពស់​ខ្មែរ និង​បារាំង​សែស​​ជា​ច្រើន​ចំនួន​​ទៀត៕៚

64627_1368326662273_1654903913_872454_1890635_n
ព្រះ​បរម​រូប​ក្នុងថ្ងៃសម្ពោធ
64627_1368326422267_1654903913_872448_2642492_n
ព្រះករុណា សិរីសុវត្ថិ ទ្រង់កំពុងព្រះដំណើរពីព្រះទីន័ងរាជរថអាជានេយ្យ ចូលរួមក្នុងព្រះពិធីសម្ពោធរាជានុស្សាវរីយ៍
64627_1368326502269_1654903913_872449_649336_n
ចៅហ្វាយក្រុងម៉ាសី នៃសាធារណរដ្ឋបារាំងសែស វត្តមានក្នុងព្រះរាជ​ពិធីនៅខាងមុខវត្តភ្នំ ព្រះរាជធានីភ្នំពេញ

___________________________________________________
អានផងដែរ៖
១. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ
២. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា
៣. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ
៤. អំពី​ព្រះ​បរម​រូប​ហ្លួង​រាជានុកោដ្ឋ នៅ​វត្ត​ភ្នំ

%d bloggers like this: