jump to navigation

អត្ថបទ​ប្រែ ៖ បើក​បង្ហាញ​ពី​ក្នុង​ព្រះ​រាជ​ហឫទ័យ រជ្ជកាល​ទី​៤ ចំពោះ​ក្សត្រិយ៍ខ្មែរ បន្ទាប់​ពី​បាត់​បង់​ដែន​ដី​ខ្មែរ​ឲ្យ​បារាំង​សែស ថ្ងៃសៅរ៍ 1 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

កកន ៖ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា เผยความในพระราชหฤทัย รัชกาลที่ 4 ถึงกษัตริย์เขมร หลังเสียดินแดนเขมรแก่ฝรั่งเศส ឬ​​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា បើក​បង្ហាញ​ពី​ក្នុង​ព្រះ​រាជ​ហឫទ័យ រជ្ជកាល​ទី​៤ ចំពោះ​ក្សត្រិយ៍ខ្មែរ បន្ទាប់​ពី​បាត់​បង់​ដែន​ដី​ខ្មែរ​ឲ្យ​បារាំង​សែស

ដោយ​ឃើញ​ថា​អត្ថបទ​លក្ខណៈប្រវត្តិសាស្ត្រ​នេះ​មាន​សារសំខាន់ ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​​ឯកសារ​ប្រវត្តិ​សាស្ត្រ នៅ​ទី​នេះ ដូច​ត​ទៅ​។

សម្ដេច​ព្រះ​នរោត្ដម ព្រហ្មបរិរក្ស ឬ​អ្នក​អង្គ​រាជាវតី (រូប​ពី wikipedia)

សម័យ​ចក្រពត្តិ​និយម​ដែល​ប្រទេស​មហា​អំណាច​មាន​ឥទ្ធិពល​ដាក់​អាណានិគម​លើ​ប្រទេស​នានា​នោះ ខ្មែរ​ក្នុង​ឋានៈ​ជា​ប្រទេស​រាជ​របស់​សៀម​ក៏​ទទួល​បាន​ការ​​ឈ្លាន​ពាន​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៨៥៩​។ បន្ទាប់​ពី​បារាំង​បាន​យួន​ជា​អាណានិគម​ទើប​មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​គ្រប់​គ្រង​ខ្មែរ​ដើម្បី​រួម​អាណានិគម​ឥណ្ឌូចិន​ឲ្យ​ពេញ​លេញ​ ទើប​ចាប់​ផ្ដើម​មាន​ការ​ចរចា​ធ្វើ​កិច្ច​សន្យា​ជាមួយ​ខ្មែរ ដោយ​ស្ដេច​ខ្មែរមិន​មាន​ឱកាស​រួម​សម្រេច​ចិត្ត​ដោយ​ប្រការ​ណាមួយ​សោះ​ឡើយ​។

សម្ដេច​ព្រះ​នរោត្ដម ព្រហ្ម​បរិរក្ស ក្សត្រិយ៍​ខ្មែរ​អ្នក​ដែល​មាន​ចំណែក​ក្នុង​កិច្ច​សន្យា​គ្រានេះ​ដោយ​ត្រង់​ទ្រង់​ជ្រាប​ថា ឧត្ដម​នាវា​ឯក ហ្ក្រង់ដីលីយេរ៍ (Contre Admiral de la Grandiere) មក​ដល់​ក្រុង​ឧត្ដុង្គ​មាន​ជ័យ នា​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ និង​ចាប់​ផ្ដើម​ធ្វើ​ការ​ចរចា​ជាមួយ​ព្រះ​អង្គឲ្យ​ធ្វើ​កិច្ចសន្យា​ជាមួយ​បារាំង​។ ឧត្តម​នាវា​ឯក​រូប​នេះ​បាន​នាំ​ទូក​ចម្បាំង​ផ្ទុក​កាំភ្លើង​ធំ​ផង​មក​គំរាម​ខាង​មុខ​ក្រុង​ឧត្ដុង្គ​មានជ័យ នៅ​ទី​បំផុត​ទ្រង់ក៏ប្រថាប់​ត្រា​ទទួល​ស្គាល់​កិច្ច​សន្យា​ច្បាប់​នោះ​។

ថា​ដោយ​ក្រែង​នឹង​អំណាច​របស់​សៀម ឬ​មិន​ចង់​បំបាក់​ព្រះ​រាជ​ហឫទ័យ​ព្រះ​ចៅ​ផែន​ដី​សៀម ក៏​មិន​ដឹង បន្ទាប់​ពី​ហេតុការណ៍​នោះ​មក ក្សត្រិយ៍​ខ្មែរ​បាន​ក្រាប​បង្គំ​ទូល​មក​កាន់​ក្រុង​ទេព​ថា ត្រូវ​បាន​គំរាម​ឲ្យ​ធ្វើ​កិច្ច​សន្យា​ដោយ​ខ្លួន​មិន​ពេញ​ចិត្ត ក្នុង​សេចក្ដី​ថា

“គ្រា​នេះ អែដីរាល ដេ ឡា ហ្ក្រង់ដីលីយេរ៍ គំរាម​ឲ្យ​ទូល​ព្រះ​បង្គំ​ធ្វើ​កិច្ច​សន្យា​នៅ​ក្នុង​ក្រុង​ខ្មែរ ទូល​បង្គំ​គិត​ខ្លាច​ថា​នឹង​មាន​កំហុស​ជាមួយ​ក្រុង​ទេព ជា​ខ្លាំង តែ​ទូល​ព្រះ​បង្គំ​ក៏​ខ្លាច​ថា​នឹង​កើត​វិវាទ​គ្នា​ឡើង​ជាមួយ​បារាំង​សែស ការ​ចោទ​ប្រកាន់​ទូល​ព្រះ​បង្គំ​ក៏​នឹង​មាន​ច្រើន​ឡើង ដោយ​ក្នុង​ចិត្ត​មន្ត្រី​ និង​រាស្ត្រ​ខ្មែរ​សព្វ​ថ្ងៃ​នេះ​ចែក​ជា​បី​ទៅ​ហើយ ក៏​នឹង​នាំ​គ្នា​ថា បាន​អ្នក​នេះ​បាន​អ្នក​នោះ​មក​ធ្វើ​ជា​ម្ចាស់​មិន​សប្បាយ​ឬ សេចក្ដី​នេះ​វា​អស់​បញ្ញា​ហើយ ទើប​ព្រម​ធ្វើ​កិច្ច​សន្យា​ជាមួយ​បារាំង​សែស​

ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ រជ្ជកាល​ទី​៤ ទ្រង់​ជ្រាប​​ដំណឹង​ការ​ធ្វើ​កិច្ច​សន្យា និង​សេចក្ដី​ក្រាប​បង្គំ​ទូល​របស់​ក្សត្រិយ៍​ខ្មែរ​ ទ្រង់​ព្យាយាម​រក​ផ្លូវ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី ដោយ​គិត​ពី​អំណាច​របស់​បារាំង និង​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​ថា​សៀម​ជា​ប្រទេសតូច​ត្រូវ​ប្រើ​វិធី​ទន់​ភ្លន់​ចំពោះ​ប្រទេស​មហា​អំណាច ទើប​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ដោយ​ការ​ធ្វើ «​កិច្ច​សន្យា​សម្ងាត់​» ជាមួយ​ខ្មែរ​ នា​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៨៦៣ ដើម្បី​ធានា​ភាព​ជា​ប្រទេស​រាជ​របស់​ខ្មែរ​ចំពោះ​សៀម​។ នៅ​ពេល​បារាំង​ដឹង​រឿង​នេះ​ក៏​ធ្វើ​ការ​តវ៉ា​ជមួយ​សៀម​ភ្លាម និង​ឲ្យ​សន្យា​សម្ងាត់​នេះ ជា «​មោឃៈ​»​

រដ្ឋាភិបាលសៀម​មិន​អាច​តវ៉ា​ឬ​ជំទាស់​អ្វី​បាន​ទើប​ធ្វើ​ការ​សម្រេច​ចិត្ត គឺ​ដោះ​លែង​ខ្មែរ​ពី​ប្រទេស​រាជ​របស់​ខ្លួន​ជា​រដ្ឋ​នៃ​អាណា​ព្យាបាល​បារាំង បើ​ទោះ​បី​ជា​​បាត់​បង់​កិត្តិយស ឧត្តម​ការណ៍ និង​មរតក​នៃ​​បុព្វ​ជន តែ​អ្វី​ដែល​រក្សា​បាន​នោះ​គឺ ឯករាជ្យ និង​អធិបតេយ្យ​។ ក្នុងទស្សនៈ​រជ្ជកាល​ទី​៤ ភាព​ជា​រដ្ឋ​របស់​សៀម​នៅ​មិន​ទាន់​ប៉ះ​ពាល់ ឬ​ខូច​ខាត​ទេ ការ​អស់​សង្ឃឹម​ចំពោះ​ការ​បាត់បង់ គឺ​ជា​អ្វី​ដែល «​ល្មម​អាច​ទទួល​យក​បាន​» (ក្រៃឫក្ស នានា : ៨៥ : ២០០៩) និង​ទ្រង់​មិន​បាន​រិះ​គន់​ចំពោះ​ការ​ធ្វើ​របស់​ក្សត្រិយ៍​ខ្មែរ​ទេ អ្វី​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ព្រះ​រាជ​ហត្ថលេខា​របស់​ព្រះ​អង្គ​ចំពោះ​សម្ដេច​ព្រះ​នរោត្ដម ព្រហ្ម​បរិរក្ស ដែល​ដក​ស្រង់​មួយ​ផ្នែក​ដែល​សំខាន់ ដូច​នេះ

“…​ ក៏​ថា​នឹង​មាន​នរណា​គិត​នឹក​សង្ស័យ​ថា ទូល​បង្គំ​នៅមាន​មន្ទិល​ជាមួយ​ឯង (ព្រះ​អង្គ​)*​ដោយ​ប្រការ​ណា​មួយ ដែល​គិត​ផ្លាស់​ប្ដូរ​ទ្រនំ​ទើប​មិន​ទៅ​អភិសេក ឲ្យ​សម​ទៅ​នឹង​ការ​ដែល​ឧកញា​វាជវរានុកូល​បាន​កំណត់​​ណាត់​មក​ហើយ​នោះ​។ បើ​នរណា​នៅ​សង្ស័យ​ដូច​នេះ ការ​នោះ​មិន​ត្រង់​នឹង​អ្វី​ជា​ការ​ពិត​ឡើយ​។ រាជវង្ស​ខ្មែរ​ទាំង​ពួង​នោះ កំពុង​រស់​នៅ​ពេល​នេះ អ្នក​ឯណា​ដែល​ជា​ទី​ស្និទ្ធ​ជាមួយ​ទូល​បង្គំ​ច្រើន​ជាង​ឯង​មាន​ឬ​…

“…ក៏​ដោយ​សារ​ស្ដេច​វៀតណាម​បាន​បង្ក​ហេតុ​ រហូត​បារាំង​សែស​បាន​ក្រុង​យួន​ខាង​ត្បូង​ធ្លាក់​ជា​របស់​អឹមប្រើ ដែល​មាន​អំណាច​ធំ​សម្បើម​ឡើង​ជាង​ស្ដេច​បារាំង​សែស តាំង​ពី​មុន​នោះ​រួច​មក​ហើយ។ ក្រុង​ខ្មែរ​​ក៏​មាន​ផ្លូវ​ជួញ​ដូរ​ក៏​នឹង​បិទ​មិន​ឲ្យ​បារាំង​សែស​ចូល​មក​ជួញ​ចូល​មក​ដូរ ស្វែង​រក​ផល​ស្វែង​រក​ប្រយោជន៍​​ចំពោះ​ខ្លួន​នោះ ក៏​នឹង​មិន​ឲ្យ​ស្គាល់​គ្នា​ដូច​កាល​គ្រា​ពី​មុន​នោះ​នឹង​បាន​ឬ​…

“…នៅ​ពេល​បារាំង​សែស​នៅ​ស្រុក​យួន​ខាង​ត្បូង​ ក៏​ជា​ធ្មេញ​ជិត​អណ្ដាត​ជាមួយ​ស្រុកខ្មែរ ក៏​មិន​ឲ្យ​ទៅ​ជិត​គ្នា​បាន​យ៉ាង​ណា​។ ការ​នឹង​ក្លាយ​ទៅ​ជា​អ្វី​នៅ​ពេល​ខាង​មុខ​នោះ​ក៏​អាច​បាន​គ្រប់​ប្រការ មិន​មាន​នរណា​ដឹង​មុន​។ មិន​ចាំ​បាច់​ក្លាយ​គេ​និន្ទា​ទេ ខ្មែរ​មាន​កម្លាំងតិច​ក៏​នឹង​ធ្វើ​អ្វី​បាន​? ទូល​បង្គំ​យល់​ចិត្ត​​ឯង និង​មន្ត្រីខ្មែរ​ទាំង​អស់​យ៉ាង​ពិត​ៗ មិន​បាន​មាន​ចិត្ត​ហ្មង​សៅ​ដោយ​ហេតុ​ប្រការ​ណា​ឡើយ​…

ព្រះ​រាជ​ហត្ថលេខា​ព្រះ​រាជ​តម្រិះ​នៃ​រជ្ជកាល​ទី​៤ ព្រះ​រាជ​ទាន​តប​ព្រះ​រាជ​សារ​របស់​អង្គ​ព្រះ​នរោត្ដម (​មិន​ប្រាកដ​ថ្ងៃ​) គ.ស.​១៨៦៤​។

ជា​ការ​ពិត​ព្រះ​រាជ​ហត្ថលេខា​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​៧​ទំព័រ​​។ នៅ​ពេល​ពិចារណា​ចំពោះ​ផ្នែក​ដែល​ទាក់​ទឹង​នឹង​ហេតុការណ៍​បាត់​បង់​ខ្មែរ​ទៅ​ឲ្យ​បារាំង​នេះ​ឃើញ​ថា រជ្ជកាល​ទី​៤ ទ្រង់​នៅ​មាន​មេត្តា​ចំពោះ​ខ្សែ​ព្រះ​រាជ​វង្ស​ខ្មែរ​ដូច​ព្រះ​ញាតិ​ស្និទ្ធ មិន​បាន​ខឹង​ចំពោះ​ការ​ធ្វើ​របស់​ក្សត្រិយ៍​ខ្មែរ ព្រោះ​ការ​ធ្វើ​ឡើង​ដោយ​ត្រូវ​បាន​គំរាម​មិន​អាច​ជំទាស់​នឹង​បារាំង​បាន​ រួម​ទាំង​បាន​លោម​លោង​ឲ្យ​អស់កង្វល់​ពី​ហេតុការណ៍​ដែល​មិន​នឹក​ស្មាន​ដល់​នេះ​។ ឆ្នាំ​បន្ទាប់​មក​ទ្រង់​មាន​ព្រះ​រាជ​តម្រិះទៅ​ដល់​ក្សត្រិយ៍​ខ្មែរ​ម្ដង​ទៀត ដោយ​ដក​ស្រង់​ចំណុច​សំខាន់​ៗ​​ថា

“…ឯង​បាន​អភិសេក​ជា​ព្រះ​ចៅ​ក្រុង​កម្ពុជា មាន​យស​ស្មើ​នឹង​អង្គ​ហរិរក្ស​រាមមហា​ឥស្សាធិបតី​ហើយ ឬ​នឹង​ពិសេស​ជាង​នេះ​ទៀត​គឺ​បារាំង​សែស​បាន​ចូល​មក​ធ្វើ​សន្យា​ថា អេមប្រើ​ព្រះចៅ​ក្រុង​បារាំង​សែស​ទទួល​ឧបត្ថម្ភ​ឯង​ឲ្យ​ឯករាជ្យ​មិន​ចំណុះ​ស្រុក​ណា​។ ភាគី​ថៃ​ក៏​បាន​ទទួល​សន្យា​នោះ​ហើយ ក៏​ទទួល​បង្គំ​ក៏​នឹង​មាន​លិខិត​មក​ឯង នឹង​ប្ដូរ​ប្រើ​ពាក្យ​ថា​ព្រះ​អង្គ​ថា​ខ្ញុំ​ ដូច​ដែល​និយាយ​ជាមួយ​អង្គ​ហរិរក្សរាមមហាឥស្សរាធិបតី តាម​យស​ដែល​ឯង​ជា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ហើយ​នោះ​។ ឬ​ថា​នឹង​គិតដោយ​ព្រម​ឲ្យ​ឯករាជ្យ ហើយ​នឹង​ប្រើ​វោហារ​ដូច​ព្រះ​រាជ​សារ​នៅ​ក្រុង​នានា ដែល​ឯករាជ្យ គឺ​ក្នុង​ពាក្យ​ដែល​គួរ​នឹង​ថា​ទូល​បង្គំ ក៏​ថា​ក្រុង​សៀម ក្នុង​ពាក្យ​ដែល​គួរ​នឹង​ថា ព្រះ​អង្គ​ក៏​ថា​ក្រុង​នោះ​ៗ គឺ​ក្រុង​បារាំង​សែស ក្រុង​អង់គ្លេស ក្រុង​វៀតណាម និង​ផ្សេង​ៗ ដូច​គ្នានេះ​ នឹង​ប្រើ​ថា​ក្រុង​សៀម ក្រុង​កម្ពុជា ដូច​យ៉ាង​ព្រះ​រាជ​សារ​នៅ​ប្រទេស​ឯករាជ្យ​ក៏​គួរ ទូល​បង្គំ​ក៏​មិន​មាន​ផល​រង្គាស​អ្វី​​ឡើយ នឹង​ព្រម​ប្រើ​ទាំង​ពីរ​យ៉ាង…

ព្រះ​រាជ​ហត្ថលេខា​ព្រះ​រាជ​តម្រិះ​នៃ​រជ្ជកាល​ទី​៤ ព្រះ​រាជ​ទាន​សម្ដេច​ព្រះ​នរោត្ដម ព្រហ្មបរិរក្ស (​មិន​ប្រាកដ​ថ្ងៃ​ទី​) គ.ស.​១៨៦៥​។

ត្រង់​ចំណុច​នេះនឹង​ឃើញថា​រជ្ជកាល​ទី​៤ ទ្រង់​ព្រម​ទទួល​ភាព​ឯករាជ្យ​របស់​ខ្មែរ​ដោយ​​អំណរ យល់​ស្រប​ដែល​ចក្រ​ពត្តិ​បារាំង​នឹង​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​រាជវង្ស និង​ប្រទេស​ខ្មែរ ព្រម​ទាំង​លើក​តម្កើង​ព្រះ​កិត្តិយស​សម្ដេច​ព្រះ​នរោត្ដម ព្រហ្មបរិរក្ស​ស្មើ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​ពី​អតីត​។

នៅ​ពេល​វិភាគ​តាម​សេចក្ដី​នៃ​ព្រះ​រាជ​ហត្ថលេខា នឹង​ឃើញ​ពី «​គំនិត​» របស់​រជ្ជកាល​ទី​៤ ចំពោះ​ករណី​បាត់​បង់​ខ្មែរ​ទៅឲ្យ​បារាំង​តាម​រយៈសន្ធិ​សញ្ញា​ខ្មែរ​-បារាំង ច្បាប់ គ.ស.​១៨៦៣ ទ្រង់​ថ្នម​ទឹក​ចិត្ត​ទាំង​មិត្ត​ទាំង​សត្រូវ ទោះ​បី​មាន​ភស្តុតាង​ថា ទ្រង់​​ខូច​ព្រះ​រាជ​ហឫទ័យ មិន​ប្រកាន់​ទោស​ក្សត្រិយ៍​ខ្មែរព្រះ​មិន​បាន​ចំណេញ​អ្វី​ក្នុង​ស្ថានការណ៍​កាល​ណុះ ផ្ទុយ​មក​វិញ​ប្រញាប់​ផ្ដល់​អភ័យ​ភ្លាម​ដើម្បី​រក្សា​សម្ព័ន្ធ​ភាព តែ​វិធីការ​ការ​ទូត​គ្រប់​បែប​យ៉ាង​ត្រូវ​បាន​យក​មក​ប្រើ ដូច​ជា ការ​ធ្វើ​កិច្ច​សន្យា​សម្ងាត់ ទទួល​ស្គាល់​ការ​ជំទាស់​កិច្ច​សន្យា​នោះ​ភ្លាម ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខ​។

មិន​អាច​បដិសេធ​ទេ​ថា ព្រះ​អច្ឆរិយភាព​ដែល​ហ៊ាន​ឈ្នះ​ហ៊ាន​ចាញ់ តែ​ចិត្ត​ទូលាយ​ និង​ព្រមទទួល​យក​ការ​ពិត​​ពី​ស្ថានការណ៍ មាន​ចំណែកសំខាន់​ធ្វើ​ឲ្យសភាវៈរវាង​សៀម និង​បារាំង មក​ដល់​ចំណុច​អាក្រក់​រហូត​កើត​ការ​បែប​បាក់​ដែល​អាច​នាំ​ទៅ​ដល់​ការ​បាត់បង់​ធំ​ធេង​នា​អនាគត។


ឯកសារ​យោង ៖

ក្រៃឫក្ស នានា (២០០៩)។ ស្វែង​រក​រតនកោសិន្ទ្រ អ្វី​ដែល​យើង​ដឹង​អាច​មិន​មាន​ការពិត​ទាំង​អស់​។ បាងកក​។ : មតិជន


ផ្សព្ធ​ផ្សាយ​អនឡាញ លើក​ទី១ ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៩

https://www.silpa-mag.com/history/article_36696

*(​កកន ៖ នៅ​ទី​នេះ ព្រះ​អង្គ​ប្រើ​ពាក្យ​ថា เธอ ។ នៅ​ក្នុង​ភាសា​សៀម​ពាក្យ​នេះ ជា​ការ​ប្រើ​ចំពោះ​អ្នក​ដែល​ស្និទ្ធ​និង​គ្នា ក្នុង​លក្ខណៈ​ស្រឡាញ់​រាប់​អាន​គ្នា​ស្និទ្ធ​ជិត​)

__________________________________________________________
អាន​ផង​ដែរ ៖
១. បើក​បង្ហាញ​ពី​ក្នុង​ព្រះ​រាជ​ហឫទ័យ រជ្ជកាល​ទី​៤ ចំពោះ​ក្សត្រិយ៍ខ្មែរ បន្ទាប់​ពី​បាត់​បង់​ដែន​ដី​ខ្មែរ​ឲ្យ​បារាំង​សែស
២. ព្រះ​រាជ​សារ​ស្ដេច​ថៃ​រឿង​រ៉ាវ​ខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: