jump to navigation

ការ​បំបាត់​សំឡេង​ប្រឆាំង​នៅ​ថៃ និង​សិទ្ធិ​សេរី​ភាព​នយោបាយ​នៅ​​ក្នុង​តំបន់ ថ្ងៃសុក្រ 21 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

រសៀល​ថ្ងៃ​សុក្រ​នេះ (​២១ កុម្ភៈ ២០២០​) តុលាការ​រដ្ឋ​ធម្មនុញ្ញ​ថៃ បាន​សម្រេច​រំលាយ​គណៈបក្ស​នយោបាយ​ប្រឆាំង​​ដ៏​ធំ​មួយ​របស់​​ប្រទេស​នេះ ក្នុង​ហេតុ​ផល​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ចេតនា​ក្នុង​ការ​បំបាត់​សំឡេង​ប្រឆាំង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ប្រទេស​នេះ ពី​​សំណាក់​របប​ដឹក​នាំ​ និង​ក្រុម «​អេលីត​» បច្ចុប្បន្ន​​របស់​ថៃ។

ShotType1_540x540គណៈបក្ស​អនាគត​ថ្មី (พรรคอนาคตใหม่) ត្រូវ​បាន​រំលាយ​ដោយ​​ក្នុង​មូល​ហេតុ​គណៈបក្ស​នេះ​បាន​ខ្ចី​ប្រាក់​​ពី​ប្រធាន​គណៈបក្ស ចំនួន​១៩១​លាន​បាទ សម្រាប់​ដំណើរ​ការ​បក្ស​។ ការ​រំលាយ​នេះ​ដោយ​សំអាង​លើ​ការ​ប្រព្រឹត្ត​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ​រាជ​អាណាចក្រ​ថៃ ច្បាប់​២០១៧ និង​ព្រះ​រាជ​បញ្ញត្តិ​​ប្រកប​រដ្ឋ​ធម្មនុញ្ញ​ស្ដី​អំពី​គណៈ​បក្ស​នយោបាយ ឆ្នាំ​២០១៧​​។

គណៈបក្ស​អនាគត​ថ្មី ជា​គណៈបក្ស​ទើប​បង្កើត​ថ្មី ដោយ​ក្រុម​ភាគ​ច្រើន​ជា​បុគ្គល​វ័យ​ក្មេង និង​ជា​អ្នក​ដែល​គេ​ហៅ​ថា​មុះ​មុត​ក្នុង​ការ​កែ​ទម្រង់​ ជា​ពិសេស​ការ​ដឹក​នាំ​តាម​បែប​​​បទ​ [ប្រពៃណី] ​របស់​ថៃ​។ ដោយ​បង្កើត​ឡើង​​ត្រឹម​តែ​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ គណៈបក្ស​នេះ​បាន​យក​ឈ្នះ​លំដាប់​ទី​៣​ក្នុង​ការ​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ កាល​ពី​ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​អសនៈ​ចំនួន​៦៥ លើ​៥០០ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ថៃ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ជ័យ​ជម្នះ​នេះ​។

ចាប់​តាំង​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោតមក គណៈបក្ស​នេះ​ត្រូវ​បាន​ទទួល​រង​នូវ​សម្ពាធ​តាម​រយៈ​ការ​ដាក់​ពាក្យ​បណ្ដឹង​ម្ដង​ហើយ​ម្ដង​ទៀត​រាប់​មិន​អស់ រហូត​ដល់​ប្រធាន​គណៈបក្ស គឺ​លោកធនាធរ ចឹងរុងរឿងកិច (ថ. ธนาธร จึงรุ่งเรืองกิจ) ត្រូវ​បាន​កម្ចាត់​ចេញ​ពី​រដ្ឋសភា ដោយ​មិន​អាច​​បំពេញ​តួនាទី​ក្នុង​រដ្ឋសភា ចាប់​តាំង​ពី​ថ្ងៃ​បើក​ប្រជុំ​ដំបូង​មក​ម្ល៉េះ រហូត​មក​ដល់​ថ្ងៃដែល​គណៈបក្ស​ត្រូវ​បាន​រំលាយ​​នេះ​។ ក្រៅ​ពី​ការ​រំលាយ​គណៈបក្ស​អនាគត​ថ្មី​នេះ តុលាការ​រដ្ឋ​ធម្មនុញ្ញ​ថៃ ថែម​ទាំង​បាន​ កាត់​សិទ្ធិ​ហាម​ប្រាម​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​បក្ស​នេះ​មិន​ឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​, ហាម​មិន​ឲ្យ​ធ្វើ​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​បក្ស​​នយោបាយ​ និង​ហាម​មិន​ឲ្យ​ចុះ​ឈ្មោះ​បង្កើត​គណៈបក្ស​នយោបាយ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ថែម​ទៀត​ផង​​ និង​ជា​ចុង​ក្រោយ​អាច​នឹង​ត្រូវ​ជាប់​បទ​ឧក្រិដ្ឋ​បន្ថែម​ទៀត​ផង​។

ប្រទេស​ថៃ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​គំរូ​នៃ​សេរីភាព​ខាង​លិទ្ធិ​ប្រជាធិបតេយ្យ យ៉ាង​ហោច​ណាស់​សម្រាប់​ប្រទេស​ក្នុង​តំបន់​​ រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ដើរ​ខុស​ពី​បរិបទ​នៃ​​​សិទ្ធិ​សេរី​ភាព​នយោបាយ​។ អំណាច​ទាហាន​​​ក្រោយ​រដ្ឋ​ប្រហារ ឆ្នាំ​២០១៤ ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ខុស​ទិស​ដៅ ព្រម​បណ្ដា​អ្នក​នយោបាយ​ប្រឆាំង​របប​បែប​​​បទ​ [ប្រពៃណី] ត្រូវ​បាន​កម្ចាត់​ជា​រឿយ​ៗ ដែល​ធ្វើ​ឲ្យ​សង្គម​ថៃ​នៅ​តែ​មិន​អាច​ផ្សះ​ផ្សារ​បាន និង​កាន់​តែ​បែក​បាក់ រវាង​ក្រុម​អរិរក្ស​និយម និង​ក្រុម​យុវជន​​។ ភ្លាម​ៗ​បន្ទាប់​ពី​ការ​រំលាយ​គណៈបក្ស​អនាគត​ថ្មី សហ​រដ្ឋ​អាមេរិក ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​បាន​ដាក់​សំណួរ​ពី​ស្ថានភាព​តំណាង​ប្រជាជន​ថៃ​ក្នុង​ឆាក​នយោបាយ​ដោយ​លើក​ហេតុ​ផល​ថា​ប្រជាជន​ថៃ​ជាង​៦​លាន​នាក់​បាន​បោះ​ឆ្នោត​ជូន​អនាគត​ថ្មី កាល​ពី​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ​។

ក្រៅ​ពី​ជើង​ឯក​ខាង​រដ្ឋ​ប្រហារ ប្រទេស​ថៃ​ ចាប់​ពី​ទសវត្សរ៍​២០០០​មក ក៏​បាន​ផ្ដើម​នយោបាយ​រំលាយ​គណៈ​បក្ស​អស់​ជា​ច្រើន​គណៈ​បក្ស ហើយ​ដែល​ត្រូវ​បាន​គេ​​មើល​ឃើញ​ថា រាល់​ការ​រំលាយ​គណៈបក្ស​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​ចេតនា​​នយោបាយ​ក្នុង​ការ​កាត់​បន្ថយ ឬ​​បំបាត់​សំឡេង​ប្រឆាំង​រដ្ឋាភិបាល​។ បរិយាកាស​​នយោបាយ ព្រម​ទាំង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការដើម្បី​កម្ចាត់​​សត្រូវ​នយោបាយ​នៅ​ប្រទេស​ថៃ​ម្ដង​ហើយ​ម្ដង​ទៀត បាន​ក្លាយ​ទៅ​ជា​គំរូ និង​​បាន​ធ្វើ​ឲ្យ​មូល​ដ្ឋាន​គ្រឹះ​​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់ ដែល​មិន​មាន​ភាព​លូត​លាស់​ទាល់​តែ​សោះ​នោះ​ កាន់​តែ​ផុយ​ស្រួយ​ទៅ​ៗ ព្រម​ទាំង​ហាក់​គ្មាន​សង្ឃឹម​ឡើយ​ចំពោះ​ការ​រីក​លូត​លាស់​​​សិទ្ធិ​សេរី​ភាព​នយោបាយ​នៅ​​ក្នុង​តំបន់​​៕

_______________________________________________
អាន​ផង​ដែរ ៖
១. បណ្ដា​និស្សិត​ថៃ​រួម​សម្ដែង​មតិ ក្រោយ​ការ​រំលាយ​បក្ស​អនាគត​ថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: