jump to navigation

ខួប​ឆ្នាំ​ទី ១១១ ពិធី​សម្ពោធ​រាជានុស្សាវរីយ៍​ហ្លួង​សិរីសុវត្ថិ ឯ​វត្ត​ភ្នំ​ដូន​ពេញ ថ្ងៃអាទិត្យ 23 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

179-0ថ្ងៃ​ទី​​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ មាន​រយៈ​ពេល​១១១​ឆ្នាំ​គត់ ដែល​កាល​ណុះ​នគរ​ខ្មែរ​យើង​មាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​ឱឡារិក​មួយ​ នោះ​គឺ​ពិធី​សម្ពោធ​​រាជានុស្សាវរីយ៍​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះរាជានុកោដ្ឋ នៅ​ឯ​វត្ត​ភ្នំដូន​ពេញ ព្រះ​រាជ​ធានី​ភ្នំពេញ​។

ព្រះ​រាជានុស្សាវរីយ៍​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ជា​ការ​រំឭក​នូវ​ព្រះ​មហា​ករុណាទិគុណ ចំពោះ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ដែល​ស្ថិត​ក្រោម​​ព្រះរាជកិច្ចដឹកនាំ និងស្វាមីភ័ក្ដិចំពោះព្រះនគរព្រះអង្គ ទ្រង់បានដឹកនាំសម្រេចជោគជ័យរួមជាមួយអាណាព្យាបាលបារាំងយកអាណាខេត្តទាំងបី​នៃភាគខាងលិចរបស់នគរក្រុងកម្ពុជា គឺសៀមរាប សិរីសោភណ្ឌ និងបាត់ដំបង វិលត្រឡប់មកដាក់បញ្ចូលក្នុងដែនកម្ពុជាវិញ បន្ទាប់ពីប្រទេសសៀម កាលណោះបានចូលវាតទី និងកាន់កាប់អស់រយៈពេលយ៉ាងយូរគួរសម។

នៅ​ឯ​ទី​លាន​នៃ​ព្រះ​រាជានុស្សាវរីយ៍​ ព្រះ​បរម​រូប​​​ (​នៃ​ព្រះ​ករុណា ព្រះ​រាជានុកោដ្ឋ​) ធ្វើ​ពី​សំរឹទ្ធ​មួយ​​ ត្រូវ​បាន​សាង​សង់​ឡើង​យ៉ាង​វិចិត្រ​ ដោយ​ជាង​ស្មិត​ជាតិ​បារាំង​សែស​មួយ​រូប​នាម ប៉ូល​ ឌុយគុយអាំង ដើម្បី​ដាក់​តម្កល់​។ ព្រះ​បរម​រូប​នេះ សាង​ឡើង​ក្នុង​លក្ខណៈ​ពេញ​មួយ​ជំហ​នៃ​ព្រះ​អង្គ ដោយ​មាន​គ្រង​ព្រះ​ពស្ត​ពេញ​យស​ជា​ព្រះ​បរម​ខត្តិយ​វង្ស និង​មាន​គ្រង​មកុដ​រាជ្យ​ផង​។ នៅ​ឯ​ខាង​ស្ដាំ​នៃ​ព្រះ​អង្គ មាន​រូប​ចម្លាក់​សាង​ពី​ថ្ម នូវ​រូប​ទាហាន​បារាំង​អម​នឹង​ទង់​ជាតិ​បារាំង​ពី​លើ​​សិទ្ធិ​សញ្ញា​រវាង​បារាំង និង​សៀម ក្នុង​ការ​ប្រគល់​អាណា​ខេត្ត​ទាំង​បី​មក​ឲ្យ​កម្ពុជា​វិញ​។ នៅ​ឯ​ខាង​ឆ្វេង​វិញ មាន​សាង​រូប​ចម្លាក់​ស្ត្រី​ខ្មែរ​បី​រូប កាន់​ជើង​ពាន​ក្នុង​ន័យ​ប្រគល់​អាណាខេត្ត​ទាំង​បី​មក​ចំណុះ​ព្រះ​បារមី​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​វិញ​ផង​។

ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​កាល​ពី​១១០​ឆ្នាំ​មុន​នោះ ត្រូវ​បាន​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នា​ថ្ងៃ​សម្ពោធ ដោយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចមចក្រពង្ស ផ្ទាល់​ព្រះ​អង្គ រួម​ជាមួយ​និង ចៅហ្វាយក្រុងម៉ាសី នៃសាធារណរដ្ឋបារាំងសែស ព្រម​ទាំង​​​ឥស្សរជន​ជាន់​ខ្ពស់​ខ្មែរ និង​បារាំង​សែស​​ជា​ច្រើន​ចំនួន​​ទៀត៕៚

64627_1368326662273_1654903913_872454_1890635_n
ព្រះ​បរម​រូប​ក្នុងថ្ងៃសម្ពោធ
64627_1368326422267_1654903913_872448_2642492_n
ព្រះករុណា សិរីសុវត្ថិ ទ្រង់កំពុងព្រះដំណើរពីព្រះទីន័ងរាជរថអាជានេយ្យ ចូលរួមក្នុងព្រះពិធីសម្ពោធរាជានុស្សាវរីយ៍
64627_1368326502269_1654903913_872449_649336_n
ចៅហ្វាយក្រុងម៉ាសី នៃសាធារណរដ្ឋបារាំងសែស វត្តមានក្នុងព្រះរាជ​ពិធីនៅខាងមុខវត្តភ្នំ ព្រះរាជធានីភ្នំពេញ

___________________________________________________
អានផងដែរ៖
១. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ
២. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា
៣. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ
៤. អំពី​ព្រះ​បរម​រូប​ហ្លួង​រាជានុកោដ្ឋ នៅ​វត្ត​ភ្នំ

%d bloggers like this: