jump to navigation

សម្ពោធ «​វិថី​នរោត្ដម សីហនុ​» ឯ​រដ្ឋធានី​ឍាកា ថ្ងៃពុធ 26 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បរទេស, បុគ្គល​សំខាន់.
add a comment

ថ្ងៃ​ពុធ ទី​​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ នៅ​ឯ​​​រដ្ឋធានី​ឍាកា របស់​ពង្លាទេស មាន​ប្រារព្ធ​ពិធី​ជា​ផ្លូវ​ការ​មួយ​បើក​សម្ពោធ​ «​វិថី​នរោត្ដម សីហនុ​» ដើម្បី​ជា​ការ​រំឭក​​ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ព្រះ​ករុណា ព្រះ​របម​រតនកោដ្ឋ ក៏​ដូច​ជា​ចំណង​សាមគ្គី​ភាព និង​មិត្រភាព​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ពង្លាទេស​។

observerbd.com_1582704795ពិធី​សម្ពោធ «​វិថី​នរោត្ដម សីហនុ​» (រូប ៖ RU/LY)

រដ្ឋាភិបាល​នៃ​ប្រទេស​ពង្លាទេស បាន​សម្រេច​ផ្លាស់​ប្ដូរ​ឈ្មោះ​វិថី​មួយ​ដែល​មាន​ឈ្មោះ​ថា​ពារិធារា មក​ដាក់​ព្រះ​នាម​អតីត​ព្រះ​មហាក្សត្រិយ៍​ខ្មែរ ដោយ​ប្រសិទ្ធនាម​ថា វិថី «​នរោត្ដម សីហនុ​»​។ វិថី «​នរោត្ដម សីហនុ​»​ ថ្មី​នេះ ជា​វិថី​មួយ​ដែល​ស្ថិត​នៅ​បរិវេណ​ស្ថាន​ទូត​បរទេស​នានា​របស់​ទីក្រុង​ឍាកា​។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​សហករណ៍ តាជុ អ៊ីស្លាម និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ស្ហាហ៍រីអារ៍ អាឡាម បាន​ធ្វើ​ការ​បើក​ស្លាក​ដែល​មាន​ប្រាកដ​ព្រះ​ឆាយាលក្ខណ៍​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ​ផង ដើម្បី​ដាក់​សម្ពោធ​ឈ្មោះ​ជា​ផ្លូវ​ការ​នៃ​វិថី​នរោត្ដម សីហនុ នៅ​វេលា​ម៉ោង​១១​.០០ ព្រឹក (​ម៉ោង​នៅ​ឍាកា​) នា​ថ្ងៃ​នេះ​។

វត្ត​មាន​ក្នុង​ពិធី​​សម្ពោធ​វិថី​នរោត្ដម សីហនុ នា​ព្រឹក​នេះ​ដែរ មាន​លោក​ជំទាវ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ, លោក​ចៅហ្វាយ​ក្រុង​ឍាកា ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​កម្ពុជា និង​ពង្លាទេស​ជា​ច្រើន​រូប​ទៀត​។

ការ​ប្រសិទ្ធនាម​វិថី​ថ្មី​​នា​ពេល​នេះ គឺ​ជាផ្នែក​មួយ​នៃ​ការ​រឹត​ចំណង​មេត្រី​ភាព​រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​ទស្សនកិច្ច​របស់​លោក​ស្រី​នាយករដ្ឋមន្ត្រី​ពង្លាទេស ស្ហេខ ហាស៊ីណា នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ កន្លង​មក​។ ដោយ​ឡែក​នៅ​ខែ​មេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ ទីក្រុង​ភ្នំពេញ​ក៏​នឹង​សម្ពោធ​ឈ្មោះ​វិថី​មួយ​វិញ​ផង​ដោយ​ដាក់​ឈ្មោះ​ថា «​ស្ហេខ មូជីបួរ រ៉ាហ៍ម៉ាន់​» ដែល​ជា​បិតា​ជាតិ​នៃ​ប្រទេស​ពង្លាទេស​៕

observerbd.com_1582705512​វិថី «​នរោត្ដម សីហនុ​» នៃ​រដ្ឋធានី​ឍាកា ប្រទេស​ពង្លាទេស (រូប ៖ RU/LY)

%d bloggers like this: