jump to navigation

មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ម៉ាឡេស៊ី ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

download (2)មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន

មូហ៍យីឌ្ឌីន ប៊ីន ហាជី មូហាមម៉ាដ យ៉ាស្ស៊ីន កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៤៧ គឺ​ជា​អ្នក​នយោបាយ​ម្នាក់​របស់​ប្រទេស​ម៉ាឡេស៊ី និង​បច្ចុប្បន្ននេះ​បាន​ឡើង​កាន់​ដំណែង​ខ្ពស់​បំផុត​ជា​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី​។ មូហ៍យីឌ្ឌីន គឺ​ជា​សមាជិក​រដ្ឋ​សភា សម្រាប់​ Pagoh, ជា​សមាជិក​សភា​នៃ​រដ្ឋ​ចូហូរ​, ជា​អតីត​អនុ​ប្រធាន​នៃ​ Pakatan Harapan និង​ជា​ប្រធាន​ស្ដី​ទី នៃ​​គណៈបក្ ស​Pribumi Bersatu Malaysia។ គាត់​គឺ​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥​។ អនុ​ប្រធាន​នៃ​ Barisan Nasional និង​ជា​អនុ​ប្រធាន​នៃ​អង្គការ​ជាតិ​រួប​រួម​ម៉ាឡេស (UMNO) ដែល​ជា​គណៈបក្ស​ធំ​នៃ​រដ្ឋាភិបាល​ចម្រុះ​ ពី​ឆ្នាំ​២០០៩ ដល់​២០១៦​។

មូហ៍យីឌ្ឌីន បាន​ធំ​ដឹង​ក្ដី​នៅ​រដ្ឋ​ចូហូរ និង​បាន​ចូល​រួម​សេវា​សាធារណៈ​របស់​រដ្ឋ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​ម៉ាឡាយ៉ា​។ គាត់​បាន​កាន់​តំណែង​គ្រប់​គ្រង​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​រដ្ឋ​ជា​ច្រើន​។ នៅ​ឆ្នាំ​១៩៧៨ គាត់​ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​រដ្ឋសភាព​សម្រាប់ Pagoh។​ ក្នុង​អំឡុង​កាន់​តំណែង​ជា​សមាជិក​សភា លោក​ត្រូវ​បាន​តែង​តាំង​ជា​លេខាធិការ​សភា សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​, អនុ​រដ្ឋមន្ត្រី​នៃ​ដែន​ដី​សហ​ព័ន្ធ និង​ក្រោយ​មក​ជា​អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​។ ក្នុង​នាម​ជា​ប្រធាន​គណៈបក្ស UMNO ប្រចាំ​រដ្ឋ​ចូហូរ លោក​បាន​កាន់​តំណែង​ជា Menteri Besar of Johor ពី​ឆ្នាំ​១៩៨៦ ដល់​១៩៩៥​។

លោក​បាន​ប្រឡូក​ចូល​ក្នុង​នយោបាយ​សហព័ន្ធ​នា​ឆ្នាំ​១៩៩៥ និង​ត្រូវ​បាន​តែង​តាំង​​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី​ជា​រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​។ គាត់​ក៏​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​កិច្ច​ការ​ពាណិជ្ជកម្ម និង​ជំនួញ​ក្នុង​ប្រទេស បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សាកល​ឆ្នាំ​១៩៩៩ និង​បាន​ក្លាយ​ជា​អនុ​ប្រធាន​នៃ​គណៈបក្ស UMNO នា​ឆ្នាំ​២០០០​។ នៅ​ក្នុង​រដ្ឋបាល​នៃ​លោក​នាយករដ្ឋមន្ត្រី អាប់ឌុល្លាហ៍ អាហ៍ម៉ាដ បាដាវី លោក មូហ៍យីឌ្ឌីន បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​កសិកម្ម និង​កសិ-​ឧស្សាហកម្ម (​២០០៤-២០០៨​) និង​បន្ទាប់​មក​ជា​រដ្ឋមន្ត្រី​ពាណិជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ (​២០០៨​-​២០០៩​)​។

នៅ​ក្នុង​ឆ្នាំ​២០០៨ លោក​បាន​ចូល​រួម​ប្រកួត និង​ឈ្នះ​តំណែង​ជា​អនុ​ប្រធាន​គណៈបក្ស UMNO និង​ត្រូវ​បាន​តែងតាំង​ជា​ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់​រំ ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ នៅ​ក្នុង​ឆ្នាំ​២០០៩​។ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់​រំ លោក មូហ៍យីឌ្ឌីន បាន​បញ្ចប់​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​​ជា​យាន​ក្នុង​ការ​បង្រៀន​​មុខ​វិជ្ជា​វិទ្យាសាស្ត្រ និង​គណិត​វិទ្យា​នៅ​តាម​សាលា​រដ្ឋ​​។ លោក​ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ បន្ទាប់​ពី​បាន​ពិពណ៌នា​ខ្លួន​ឯង​ថា «​ម៉ាឡេ​មុន​» នៅ​ពេលដេញ​ដោល​ជាមួយ​បក្ស​ប្រឆាំង​ដែល​និយាយ​ថា «​ម៉ាឡេស៊ី​មុន​»​។ នៅ​ក្នុង​អំឡុង​ពេល​រុះ​រើ​គណៈរដ្ឋមន្ត្រី​របស់​លោក ណាជីប នា​ខែ​កក្កដា ឆ្នាំ​២០១៥​ លោកត្រូវ​បាន​បញ្ចប់​មុខ​តំណែង និង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​គណៈ​បក្ស UMNO

នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ មួយ​សប្ដាហ៍​បន្ទាប់​ពី​ប្រទេស​ម៉ាឡេស៊ី​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ មូហ៍យីឌ្ឌីន ត្រូវ​បាន​ព្រះ​មហា​ក្សត្រិយ៍​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​ការ​លាលែង​តំណែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ មហាធៀ មូហាម៉ាដ ប្រាំ​ថ្ងៃ​មុន​ និង​បាន​ស្បថ​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២០​។ លោក​គឺ​ជា​ជន​ទី​១ ដែល​ត្រូវ​បាន​តែង​តាំង​នាយក​រដ្ឋមន្ត្រី ខណៈ​ដែល​កាន់​តំណែង​ជា​សមាជិក​សភា និង​សភា​រដ្ឋ ក្នុង​ពេល​ជាមួយ​គ្នា​។

ប្រែ​សម្រួល​ពី​វីគីភីឌា ភាសា​អង់គ្លេស

___________________________________________________
អាន​ផង​ដែរ ៖
១. ស្បថ​ចូល​កាន់​ដំណែង នាយក​រដ្ឋមន្ត្រី​ថ្មី មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន

%d bloggers like this: