jump to navigation

អត្ថបទ​សិក្សា ៖ អំពី​ឆ្នាំ​ប្រាប្ដា​ភិសេក​នៃ​ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ ថ្ងៃសៅរ៍ 7 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
1 comment so far

កកន ៖ ត​មក​អំពី​ឆ្នាំ​ប្រសូត​នៃ​ ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាជ​ឱង្ការ ព្រះ​ហរិរក្ស​រាមា​ ឥស្សរាធិបតី ព្រះ​អង្គ ដួង ព្រះ​បរម​កោដ្ឋ ឆ្នាំ​ប្រាប្ដាភិសេក​នៃ​​ព្រះ​អង្គ​ក៏​មាន​ភាព​មិន​ច្បាស់​ដែរ​។ ការ​នេះ​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ស៊ី​ជម្រៅ​មួយ​ដើម្បី​ផ្ទៀង​ផ្ទាត់​គ្រប់​បែប​យ៉ាង​នូវ​សំណេរ​នានា ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​បូរាណ​រៀង​មក ទាំង​ឯកសារ​ជាតិ និង​អន្តរជាតិ​។ ស្រែ​ខ្មុក​សង្ឃឹម​ថា ប្រកាស​នេះ នឹង​អាច​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​ដើម្បី​លើក​ទឹក​ចិត្ត និង​បំផុស​ឲ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ព្រះ​រាជ​ពង្សាវតារ​នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ដែល​ជា​ទី​អស្ចារ្យ​មួយ​នៃ​នគរ​ខ្មែរ​អង្គ​នេះ​។

89536380_2896429737081193_4038565092822876160_n

បន្ទាប់ពី​ព្រះ​នគរ​បាន​សុខ​សាន្ត​ត្រាណ​ពី​រាជ​​អរិ​សត្រូវ​ទាំង​ក្រៅ​នគរ មាន​សៀម និង​អណ្ណាម ព្រម​ទាំង​ការ​បះ​បោរ​ក្នុង​ស្រុក​ជា​ដើម​។ល។ ព្រះ​បាទ​សម្ដេចព្រះ​អង្គ ដួង ទ្រង់​បាន​ទទួល​ព្រះ​ប្រាប្ដា​ភិសេក ជា​ព្រះ​ចៅ​ប្រទេស​កម្ពុជា​ពេញ​ទី​នៅ​ឯ​ព្រះ​រាជ​ធានី​ឧត្ដង្គ ដោយ​មាន​ព្រះរាជ​គ្រូ​បុរោហិត​ថ្វាយ​ព្រះ​ឧទកសេយ្យមន្ត​តាម​បវេណី​។ ព្រះ​បាទ សម្ដេច​ព្រះ​អង្គ ដួង ទ្រង់​មាន​ព្រះ​នាមាភិធេយ្យ​ជា «​ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាជ​ឱង្ការ ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី ព្រះ​ស្រី​សុរិយោពណ៌ ធម្មិក​នរោត្ដម បរម​សុរេន្ទ្រា មហា​ចក្រ​ពត្រាធិរាជ បរម​នាថ បរម​បពិត្រ ស្ថិត​ជា​ឥសូរ​កំពូល​រដ្ឋ​រាស្ត្រ ឱភាស​ជាតិ​វរ​វង្ស តម្រង់​ក្រុង​កម្ពុជា​មហា​ឥន្ទប័ត​នគរ បវរ​វឌ្ឍនា​តិរេក ឯករាជា​ខត្តិយា​មហា​ធិបតិន្ទ្រ វិសុទ្ធិ​ឧត្ដម បរម​បពិត្រ ជា​អម្ចាស់​ជីវិត​លើ​ត្បូង គង់​ព្រះ​បរម​រាជ​វាំង ឧត្ដុង្គ​មាន​ជ័យ​»​។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អំពី​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ប្រាប្ដា​ភិសេក​នៃ​ព្រះ​អង្គ​ហាក់​មិន​មាន​​ឯក​ភាព​គ្នា ដោយ​មាន​ឯកសារ​ជា​ច្រើន​អះ​អាង​យ៉ាង​តិច​នូវ​ឆ្នាំ​ (ឆ្នាំ​នៅ​ទី​នេះ​សំដៅ​ដល់​គ្រឹស្ត​សករាជ) ចំនួន​ពីរ​ដែល​ខុស​គ្នា ដោយ​មួយ​និយាយ​ថា ឆ្នាំ​​១៨៤៧ និងខ្លះ​ទៀត​និយាយ​ថា ឆ្នាំ​១៨៤៨ (​ខុស​គ្នា​មួយ​ឆ្នាំ​)​។ ការ​នេះ​ស្រែ​ខ្មុក​សូម​លើក​យក​មក​​ប្រៀប​ធៀប​ឲ្យ​ឃើញ​ពី​ការ​ខុស​គ្នា​នៃ​ឆ្នាំ​ទាំង​ពីរ​ដោយ​សំអាង​ហេតុ​ផល​មួយ​ចំនួន តែ​មិន​អះ​អាង​ថា​ឆ្នាំ​មួយ​ណា​ឲ្យ​ពិត​ប្រាកដ​ជាក់​ស្ដែង​នៃ​ឆ្នាំ​ប្រាប្ដា​ភិសេក​នេះ​ទេ​។

តាម​រយៈ​ឯកសារ​ជា​រូប​ថត ដែល​មាន​តាំង​នៅ​សាល​ពិពរណ៌​ក្នុង​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ បាន​សរសេរ​ថា ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ ស្ដេច​សោយ​រាជ្យ​នៅ​ថ្ងៃ ៣ ᧣ ៤ ឆ្នាំ​មមែ នព្វ​សក្ស ព.ស.​២៣៩១ ហ្វេវរិយេ-មារ្ស ១៨៤៨ ព្រះ​ជន្សា​៥២​ឆ្នាំ​។ នេះ​បាន​សេចក្ដី​ថា ទ្រង់​ឡើង​សោយ​រាជ្យ​នៅ​ថ្ងៃ​អង្គារ ៣​​កើត ខែ​ផល្គុន ឆ្នាំ​មមែ នព្វ​ស័ក ព.ស.​២៣៩១ ខែ​កុម្ភៈ​-​មីនា ឆ្នាំ​១៨៤៨​។ (ឯកសារ​លេខ​១​)

ចំពោះ​ឯកសារ​វីគីភីឌា ច្បាប់​ភាសា​អង់គ្លេស​វិញ បាន​សរសេរ​ថា​ស្ដេច​ឡើង​សោយ​រាជ្យ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​១៨៤៨​។ (ឯកសារ​លេខ​២​)

ដោយ​ឡែក​តាម​ឯកសារអ្នកនិពន្ធខ្មែរ ព្រះបាទអង្គដួង ​របស់​លោក លាង ហាប់អាន ត្រង់​ទំព័រ​ទី​១៤ ដែល​និយាយ​អំពី​ព្រះ​រាជាភិសេក បាន​សរសេរ​ថា [… ព្រះ​ពុទ្ធ​សករាជ​២៣៩១, គ.ស.​១៨៤៧​, ម.ស.​១៧៦៩​, ច.ស.​១២០៩​​។ ថ្ងៃ​អង្គារ ៣​កើត ខែ​ផល្គុណ ឆ្នាំ​មមែ នព្វ​ស័ក ម៉ោង​៧​ព្រឹក ជា​ថ្ងៃ​បាន​ឫក្ស​វរ​មង្គល ព្រះ​អង្គ​ដួង ព្រះ​ជន្ម​៥២​ឆ្នាំ ជា​ព្រះ​រាជ​បុត្រា​ពៅ​ព្រះ​នារាយណ៍​រាមា ព្រះ​អង្គ​អេង ស្ដេច​ឡើង​ប្រាប្ដា​ភិសេក​សោយ​រាជ​សម្បត្តិ​ត​ពីព្រះ​អង្គ​ម៉ី​…..] (ឯកសារ​លេខ​៣)​។ ត្រង់​បាន​ឃើញ​នូវ​ភាព​​ស្រប​គ្នា​គ្រប់​បែប​យ៉ាង​ រវាង​ឯកសារ​លេខ​១ និង​លេខ​៣​នេះ ដោយ​ខុស​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ​។

បើ​យើង​ងាក​មក​មើល​ចារឹក​ឯ​ព្រះ​បរម​រូប​នៅ​កំពង់​ហ្លួង ដែល​ជា​ចារឹក​ថ្មី​វិញ​នោះ បាន​សរសេរ​ថា […ថ្ងៃ​សោយ​រាជ ព.ស.​២៣៩១ គ.ស.​១៨៤៧ ម.ស.​១៧៦៩ ច.ស.​១២០៩ ថ្ងៃ​អង្គារ ១​កើត ខែ​ផល្គុណ ឆ្នាំ​មមែ នព្វ​ស័ក ព្រះ​ជន្ម​៥២​ព្រះ​វស្សា​…] (ឯកសារ​លេខ​៤​)​។ សម្រាប់​ឯកសារ​ពីរ​ចុង​ក្រោយ​នេះ (​លេខ​៣ និង​៤​) យើង​ឃើញ​មាន​ភាព​ខុស​គ្នា​១​ចំណុច គឺ ៣​កើត និង​១​កើត​។

សរុប​សេចក្ដី​​មក​ឯកសារ​ខ្មែរ​ទាំង​៣ (​លេខ​១​, ៣ និង​​៤​) យើង​អាច​រក​ឃើញ​ចំណុច​ប្រសព្វ​គ្នា​មួយ​គឺ ថ្ងៃ​អង្គារ ៣​កើត ខែ​ផល្គុន ឆ្នាំ​មមែ នព្វ​ស័ក​។ ហេតុ​នេះ​ប្រសិន​បើ​យើង​គណនា​ត្រឡប់​ក្រោយ​មក​វិញ ឆ្នាំ​មមែនព្វ​ស័ក ឲ្យ​ប្រាកដ​ទៅគឺ​ធ្លាក់​មក​នៅ​គ.ស.​១៨៤៨ ដោយ​ឡែក​គ.ស.​១៨៤៧ គឺ​ជា​ ឆ្នាំមមី អដ្ឋ​ស័ក ឯណុះ​ទេ​​។ ការ​នេះ ឆ្នាំ​១៨៤៧ ទំនង​ជា​មិន​ត្រឹមត្រូវ​ទេ​។ អ្វី​ដែល​មិន​ត្រឹម​ត្រូវ​មួយ​ទៀត​នៃ​ឆ្នាំ​១៨៤៧​នោះ គឺ​ ថ្ងៃ​៣​កើត ខែ​ផល្គុន ចំ​គ្នា​នឹង​​ថ្ងៃ​ពុធ ១៧ ខែ​កុម្ភៈ ពោល​គឺ​មិន​ចំ​គ្នា​នឹង​ថ្ងៃ​អង្គារ ទេ​​។

បើ​យើង​ពិនិត្យ​មក​មើល​ឆ្នាំ​១៨៤៨​វិញ គឺ​ពិត​ជា​ស្រប​គ្នា​នឹង​ថ្ងៃអង្គារ ៣​កើត ខែ​ផល្គុន ឆ្នាំ​មមែ នព្វ​ស័ក​ ស្រប​គ្នា​បេះ​បិទ​នឹង​ឯកសារ​ទី​១ ហើយ​ត្រូវ​នឹង​ថ្ងៃ​ទី​​៧ ខែ​មីនា ស្រប​គ្នា​បេះ​បិទ​នឹង​ឯកសារ​ទី​២​។ ហេតុ​ដូច​នេះ តាម​ការ​សន្និដ្ឋាន ឆ្នាំ​១៨៤៨ ទំនង​ជា​ឆ្នាំ​ដែល​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​រាជ​ពិធី​ប្រាប្ដា​ភិសេក​នេះ ដោយ​សំអាង​ទៅ​លើ​ហេតុ​ផល ដែល​ជា​ការ​រៀប​រាប់​មក​ខាង​លើ​។

ថ្ងៃ​សៅរ៍ ទី​៧ ខែ​មីនា ឆ្នាំ​២០២០ នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​១៧២ នៃ​ព្រះ​រាជ​ពិធី​ប្រាប្ដា​ភិសេក នៃ​ព្រះ​អង្គ​។ សូម​ថ្វាយ​ព្រះ​មហា​ព្រះ​រាជ​កុសល​!

______________________________________________________
អាន​ផង​ដែរ ៖
១. អត្ថបទ​សិក្សា ៖ អំពី​ឆ្នាំ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ

%d bloggers like this: