jump to navigation

ទំនៀម​តាំង​សែន​ទទួល​ទេវតា​របស់​ប្រជាជន​ខ្មែរ ថ្ងៃពុធ 22 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ការ​តាំងពលិការ​សែន​បូជា​ទទួល​ទេវតា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គឺ​ជា​ទំនៀម​ដោយ​ឡែក​របស់​ជន​ជាតិ​ខ្មែរ​​។ ថ្វី​បើ​ប្រពៃណី​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី (​តាម​ព្រេង​និទាន​កបិល​មហា​ព្រហ្ម​) មាន​ឃើញ​ប្រណិប័តន៍​នៅ​តាម​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​ក្ដី ក៏​ឃើញ​ថា​ជាតិ​ទាំង​នោះ​ និយាយ​ជា​រួម ​មិន​ឃើញ​មាន​ទំនៀម​បែប​នេះ​ដូច​នឹង​ជាតិ​ខ្មែរ​ទេ​ (​ឃើញ​មាន​ខ្លះ​ដែរ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ដែល​មាន​វប្បធម៌​ប្រហាក់​ប្រហែល​នឹង​កម្ពុជា​)​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ទំនៀម​បែប​នេះ​ (ការ​តាំងពលិការ​សែន​បូជា​ទទួល​ទេវតា) នៅ​កម្ពុជា ក៏​ឃើញ​ថា​មាន​ការ​ខុស​គ្នា ពី​ទី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពី​តំបន់​មួយ​ទៅ​តំបន់ ដែល​ប្រាកដ​នេះ​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទំនៀម និង​ទម្លាប់​ដែល​អនុវត្ត​មក​តាម​ទី​ប្រជុំ​ជន និង​តាម​បែប​ផែន​គ្រួសារ​ផ្សេង​ៗ​។ នេះ​ក៏​មិន​មែន​មាន​ន័យ​ថា គ្រប់​ក្រុម​គ្រួសារ​ខ្មែរ​ សុទ្ធ​តែ​បាន​អនុវត្ត​ទំនៀម​នេះ​ទេ អ្នក​ខ្លះ​ឯ​ទៀត​ក៏​មិន​បាន​ប្រណិប័តន៍​ពិធី​បែប​នេះ​ក្នុង​គ្រួសារ​គេ​ផង​ក៏​ឃើញ​មាន​។

ប្រសិន​បើ​កិច្ចការ​នេះ​គ្រាន់​ជា​ទំនៀម​ទម្លាប់​ទេ ថា​តើ​ការ​ប្រណិប័តន៍​ផ្សេង​ៗ​គ្នា គឺ​ជា​កំហុស​ឬ​យ៉ាង​ណា​?

ការ​តាំង​សំណែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ជា​ទូទៅ​ឃើញ​មាន​ការ​រៀប​ចំ​ជា​កូន​តុ​មួយ​ដាក់​ខាង​មុខ​ផ្ទះ អ្នក​ខ្លះ​ឯ​ទៀត​ដាក់​តាម​ទី​សមគួរ​ឯ​ទៀត មាន​ដូច​ជា​កៅអី បង់ក៍ ឬ​រាន​ទេវតា … ជា​ដើម​។ល។ គ្រួសារ​ខ្លះ​ដែល​មាន​ធន​ធាន បាន​រៀប​ចំ​យ៉ាង​ធំ​សម្បើម ប្រដូច​នឹង​ព្រះ​ចៅ​ផែន​ដី ដោយ​មាន​រៀប​បាយ​សី ច្រើន​ជាន់​ថ្នាក់​ គ្រឿង​សំណែន​មាន​បែប​មាន​ផែន ខ្លះ​ទៀត​មាន​តាំង​នេះ​ តាំង​នោះ ខ្លះ​តាំង​ព្រះ​ពុទ្ធ​រូប​អម​ផង ខ្លះ​ឯ​ទៀត​​មាន​តាំង​ដី​ខ្សាច់ តាំង​ទង់​ក្រពើ (​តួ​យ៉ាង​អ្នក​សៀម​រាប​) តាំង​លម្អ​ដោយ​ផ្កាយ​ចម្រុះ​ពណ៌​…​។ល។ និង​។ល។ អ្នក​ខ្លះ​តាំង​បែរ​ចូល​ទៅ​ក្នុង​ផ្ទះ អ្នក​ខ្លះ​តាំង​បែរ​ចេញ​ទៅ​ក្រៅ​ផ្ទះ រី​ឯ​អ្នក​ខ្លះ​ទៀត​ សម្រាប់​ឆ្នាំ​នេះ មាន​​​ឃើញ​ដាក់​ម៉ាស ដាក់​អាល់កុល ថ្វាយ​ទៅ​ទៀត ក៏​សុទ្ធ​តែ​ឃើញ​ថា​មិន​មាន​អ្វី​ខុស​ឆ្គង​ឡើយ​។

នេះ​ជា​ការ​រៀប​ចំ​សែន​ទទួល​ទេវតា​មួយ​នៅ​សៀមរាប

ដោយ​ឡែក​ចំពោះ​ការ​យក​ព្រះ​ពុទ្ធ​រូប​មក​តាំង​​​សក្ការ​នៅ​នឹង​តុ​សំណែន​នេះ​ក៏​ដូច​ជា​មិន​ឃើញ​ថា​ខុស​ឆ្គង​អ្វី​ឡើយ​។ ដូច​ដែល​បាន​បរិយាយ​ខាង​លើ ពិធី​កម្ម​នេះ គឺ​ជា​ទំនៀម​​សុទ្ធ​សាធ​។ ជន​ជាតិ​ខ្មែរ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​សាសនា​ព្រាហ្មណ៍ និង​សាសនា​​ព្រះ​ពុទ្ធ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​​ ហើយ​ភាព​បន្ស៊ី​គ្នា​​នៃ​សាសនា​ទាំង​ពីរ​នេះ​បាន​ក្លាយ​ជា​ជំនឿ​របស់​អ្នក​ស្រុក គោរព និង​ប្រណិប័តន៍​តាម​ឥត​មាន​ហ្មង​សៅ​អ្វី​ឡើយ​។

ការ​ដែល​ថា​យក​ព្រះ​ពុទ្ធ​​រូប ឬ​ពុទ្ធប្បដិមា​មក​តាំង​សក្ការ​នៅ​លើ​តុ​ទទួល​ទេវតា​នេះ តាម​ន័យ​ប្រណិប័តន៍​មិន​មែន​ជា​ការ​យក​ព្រះ​ពុទ្ធ​មក​ទទួល​ទេវតា​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​សំយោគ​ពិធី​កម្ម​​មួយ​នេះ​ឲ្យ​មក​ជិត​នឹង​ព្រះ​ពុទ្ធ​សាសនា​ដែល​ភាគ​ច្រើន​នៃ​ជន​កម្ពុជា​គោរព​ទៅវិញ​ទេ​។ ដូច​ដែល​យើង​ដឹង​ស្រាប់ ពិធី​ទទួល​ទេវតា​នេះ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​​ការ​ថ្វាយ​ព្រះ​រតន​ត្រ័យ​ ការ​តាំង​ចិត្ត​ឧទ្ទិស និង​ការ​ស្វាធ្យាយ​ព្រះ​ធម្ម​ជា​ដើម​។ល។ ប្រជាជន​ ជា​ពិសេស​បណ្ដា​អ្នក​កាន់​សីល​សុទ្ធ​តែ​បាន​អនុវត្ត​គំរូ​នេះ មិន​មែន​គ្រាន់​តែង​តាំង​តុ​លម្អ អុជ​ធូប អុជ​ទៀត រួច​ចប់​នោះ​ទេ​។

ម្យ៉ាង​វិញ​ទៀត ការ​ដែល​គេ​យក​​​ព្រះ​ពុទ្ធ​​រូប ឬ​ពុទ្ធប្បដិមា មក​តាំង​នេះ ជា​ទូទៅ​គេ​ក៏​នឹង​ធ្វើ​ពិធី​​សម្អាត​ ឬ​ស្រង់​​​ព្រះ​ពុទ្ធ​​រូប ឬ​ពុទ្ធប្បដិមា ទាំង​នោះ​នៅ​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​ឡើង​ស័ក មុន​នឹង​យក​ទៅ​តម្កល់​លើ​ហ៊ឹង ឬ​ទី​តម្កល់​ដែល​មាន​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ផង​ដែរ​។ ហេតុ​ដូច​នេះ​ការ​តាំង​​ព្រះ​ពុទ្ធ​​រូប ឬ​ពុទ្ធប្បដិមា​នៅ​នឹង​តុ​ចំនួន​បី​ថ្ងៃ​សង្ក្រាន្ត​នេះ គឺ​ជា​វិធី​ និង​ជា​ទំនៀម​នៃ​អ្នក​ប្រណិប័តន៍​ផ្សេង​ៗ​គ្នា ដោយ​មិន​មាន​ភាព​ខុស​ត្រូវ​អ្វី​ឡើយ​។ ប្រសិន​បើ​ការ​យក​ព្រះ​ពុទ្ធ​​រូប ឬ​ពុទ្ធប្បដិមា​នេះ​មក​តាំង​សក្ការ​លើ​កន្លែង​ទទួល​ទេវតា​ខុស ចុះ​ថា​តើ​បុគ្គល​ព្រះ​សង្ឃ​ដែល​ជា​សាវក​​នៃ​ព្រះ​ពុទ្ធ​​ធ្វើ​ពិធី​ទទួល​ទេវតា​នោះ​វិញ​តើ​ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ឬ​យ៉ាង​ណា​?

និយាយ​សេចក្ដី​មក​ ទំនៀម​តាំង​សែន​ទទួល​ទេវតា​របស់​ប្រជាជន​ខ្មែរ គឺ​ជា​ទម្លាប់​ប្រណិប័តន៍​ដោយ​ឡែក​រៀង​ៗ​ខ្លួន​។ អ្នក​សែន​បាយសី បួន​ដប់​ម្ភៃ អ្នក​តាំង​​​​​ព្រះ​ពុទ្ធ​​រូប ឬ​ពុទ្ធប្បដិមា អ្នក​តាំង​រូប​ទេវតា អ្នក​សែន​ទឹក អ្នក​សែន​ទឹក​ក្រូច ឬ​គ្រឿង​ស្រវឹង​​ផង​ឯ​ទៀត អ្នក​តាំង​តុ​បែរ​មុខ​ទៅ​ក្រៅ​ផ្ទះ​ អ្នក​តាំង​តុ​បែរ​មុខ​ទៅ​ក្នុង​ផ្ទះ​ក្ដី ។ល។ និង​។ល។ គឺ​សុទ្ធ​សឹង​ជា​ជំនឿ និង​ការ​និយម​ប្រណិប័តន៍​ដោយ​ឡែក​នៃ​ទម្លាប់​ទី​ប្រជុំ​ជន តំបន់ និង​គ្រួសារនីមួយ​ៗ ដែល​មិនគួរ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ខុស ឬ​ត្រូវ ដោយ​អង្គ​ហេតុ​នៃ​ការ​ធ្វើ​មិន​ដូច​ទម្លាប់​​នៃ​ទី​ប្រជុំ​ជន តំបន់ និង​គ្រួសារ​ របស់​ផង​ខ្លួន​ឡើយ​៕​

__________________________________________________
អាន​ផង​ដែរ
១. របៀប​ចាត់​សែន​ទេវតា​របស់​អ្នក​សៀមរាប
២. រណ្ដាប់ទទួលទេវតានៅផ្ទះខ្ញុំ​ឆ្នាំ​នេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: