jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព សម្ដេច​ព្រះ​មហា​ក្សត្រិយានី ជា​អម្ចាស់ ថ្ងៃចន្ទ 4 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
1 comment so far

Kossomak_45b

ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២០ នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​៤៥ នៃ​ព្រះ​រាជ​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​សីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា អតីត​ព្រះ​មាតា​ជាតិ​ខ្មែរ​ជា​អម្ចាស់​។ ដោយ​សារ​ព្រះ​នគរ​បែក​បាក់ និង​គួរ​ឲ្យ​សោក​ស្ដាយ​រក​ទី​បំផុត​គ្មាន ព្រះ​រាជ​ពិធី​នេះ​មិន​បាន​ធ្វើ​នៅ​ក្នុង​ក្នុង​ព្រះ​នគរ​ឡើយ ដោយ​បាន​ចាត់​ឡើង​ឯ​រដ្ឋ​ធានី​ប៉េកាំង នៃ​សាធារណ​រដ្ឋ​ចិន​ប្រជា​មានិតុ​។

បន្ទាប់​ពី​របប​សាធារណ​រដ្ឋ​យល់​ព្រម​ដោះ​លែង​ព្រះ​អង្គ ក្រោយ​ពី​មាន​ការ​ជ្រោម​ជ្រែង​ពី​បណ្ដា​ភាគី​ជា​ច្រើន ជា​ពិសេស​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ចិន​មក សម្ដេច​ព្រះ​មហា​ក្សត្រិយានី ទ្រង់​បាន​គង់ និង​​​ព្យាបាល​ព្រះ​រោគ​នៅ​ទីក្រុង​ប៉េកាំង នៅ​ឆ្នាំ​១៩៧៣ និង​ទ្រង់​បាន​​សោយ​ព្រះ​ពិរាល័យ​នា​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៧៥​ ក្នុង​ព្រះ​ជន្ម​៧១​ព្រះ​វស្សា​។ ព្រះ​បរម​សព​ត្រូវ​បាន​ចាត់​ធ្វើ​បុណ្យ​តាម​ទំនៀម ឯ​ទីក្រុង​ប៉េកាំង នៃ​សាធារណ​រដ្ឋ​ចិន​ប្រជា​មានិតុ​ ចំនួន​៧​យប់​៧​ថ្ងៃ​ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​​ឧសភា ឆ្នាំ​១៩៧៥ ទើប​មាន​ចាត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​។

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព សម្ដេច​ព្រះ​មហា​ក្សត្រិយានី ជា​អម្ចាស់ ត្រូវ​បាន​ចាត់​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត Pa Ta Chu ឯ​ជាយ​ក្រុង​ប៉េកាំង ដោយ​មាន​​​ព្រះ​រាជ​វត្ត​មាន​នៃ​ព្រះ​រាជ​បុត្រា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជា​អម្ចាស់ ព្រះ​រាជ​វង្សានុវង្ស ព្រម​ទាំង​​តំណាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​ចិន មាន​ឯ.ឧ. ឧប​នាយក​រដ្ឋមន្ត្រី ​Li Hsieh‐nien និង​ឯ.ឧ. Chen Hsi‐lien, វៀតណាម​ខាង​ជើង មាន​ឯ.ឧ. ឧប​នាយករដ្ឋមន្ត្រី Phan Trong Tue, ឯ.ឧ. Nguyen Van Kiet អនុ​ប្រធានាធិបតី​នៃ​​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង និង​ឯ.ឧ. អនុ​ប្រធានាធិបតី​ Rang Ryang Uk នៃ​ប្រទេស​​កូរ៉េ​ខាង​ជើង ព្រម​ទាំង​ប្រមុខ​ការទូត​​នៃ​ប្រទេស​មួយ​ចំនួន​ទៀត ក៏​បាន​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​នេះ​ផង​ដែរ​។

ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ជា​អម្ចាស់​ត្រូវ​បាន​តម្កល់​ក្នុង​ព្រះ​មញ្ជូសា និង​មាន​រៀប​ចំ​ជា​ព្រះ​មេរុ​តូច​មួយ​ធ្វើ​អំពី​ខ្លឹម​ចន្ទន៍​។ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ត្រូវ​បាន​ចាត់​ឡើង​យ៉ាង​សាមញ្ញ​។ ក្រោយ​មក​នៅ​ចុង​ឆ្នាំ​១៩៧៥ នៅ​ពេល​ព្រះ​រាជ​និវត្ត​មក​កាន់​ព្រះ​នគរ​វិញ​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជា​អម្ចាស់ ទើប​ព្រះ​អដ្ឋិ​នៃ​ព្រះ​អង្គ​ត្រូវ​បាន​​នាំ​ដង្ហែ​យក​មក​បញ្ចុះ​នៅ​ក្នុង​​ព្រះ​ចេតិយ​ជាមួយ​ព្រះអដ្ឋិ​ព្រះ​ករុណា សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះ​មហា​កាញ្ចន​កោដ្ឋ នៅ​ក្នុង​ព្រះ​បរម​រាជវាំង ចតុម្មុខ​មង្គល​ ភ្នំពេញ វិញ​៕

45
សម្ដេច​ព្រះ​មហា​វីរក្សត្រិយ៍ ព្រះ​បរម​រតនកោដ្ឋ សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​រាជ​មាតាជាតិ សម្ដេច​ប៉ែន នុត និង​ភរិយា ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ជា​អម្ចាស់

___________________________________________________
អាន​ផង​ដែរ ៖
១. ខួប​​ឆ្នាំ​ទី ​៤៥ ពិរាល័យ​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី

%d bloggers like this: