jump to navigation

ខួប​ឆ្នាំ​ទី​២៥ ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៃ​អតីត​ប្រធាន​ប្រទេស​លាវ នូហាក់ ភូមសៈវ៉ាន់ នៅ​កម្ពុជា ថ្ងៃពុធ 10 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ພາສາລາວ.
4 comments

ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​១៩៩៥ អតីត​ប្រធាន​ប្រទេស​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ សមមិត្ត ​នូហាក់ ភូមសៈវ៉ាន់ (ល. ໜູຮັກ ພູມສະຫວັນ, ហ្នូហ័ក ភូមសៈហវ័ន) បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។ នេះ​គឺ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិ​សាស្ត្រ និង​ជា​ប្រវត្តិ​សាស្ត្រ​សម័យ​ថ្មី​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​លាវ​កុម្មុយនីស្ត និង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២ ដែល​ទើប​បង្កើត​ឡើង​បាន​ប្រមាណ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។

ដំណើរ​ទស្សនកិច្ច​របស់​ឯក​ឧត្ដម​ប្រធាន​ប្រទេស និង​គណៈ​ប្រតិភូ​កាល​គ្រា​នោះ គឺ​ជា​ការ​រឹត​ចំណង​មេត្រី​ភាព​បន្ថែម​ទៀត​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ និង​ជា​ពិសេស​ចំណង​មិត្តភាព​រវាង​ឯក​ឧត្ដម​ប្រធាន​ប្រទេស និង​អតីត​ព្រះ​មហា​វីរក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ឯក​ឧត្ដម​បាន​ទទួល​កិត្តិយស​ជា​ពិសេស​ក្នុង​ការ​ទទួល​ស្វាគមន៍ ព្រម​ទាំង​អម​ដំណើរ​គ្រប់​ទី​កន្លែង​ដោយ​សម្ដេច​ព្រះ​មហា​វីរក្សត្រិយ៍​នៅ​កម្ពុជា​ផង​ដែរ​។

ដោយ​ឡែក បន្ទាប់​មក​ពី​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៥​ ដដែល​នេះ ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី និង​រាជ​ប្រតិភូ ក៏​បាន​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​តប​វិញ ទៅ​កាន់​សាធារណ​រដ្ឋ​ប្រជាមានិត​លាវ​ផង​ដែរ​។

លោក​ប្រធាន នូហាក់ ភូមសៈវ៉ាន់ កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​១៩១៤ នៅ​ក្នុង​ទឹក​ដី​មួយ​ដែល​បច្ចុប្បន្ន​នេះ​ជា​ទឹក​ដី​របស់​ខេត្ត​មុកដាហារ ប្រទេស​ថៃ។ លោក​បាន​ចូល​រួម​តស៊ូ​ជាមួយ​អាណានិគម​បារាំង​តាំង​ពី​វ័យ​កំឡោះ និង​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន និង​ជា​ស្ថាបនិក​បក្ស​ប្រជាជន​បដិវត្ត​លាវ និង​បាន​ឡើង​កាន់​តំណែង​ជាន់​ខ្ពស់​ជា​ប្រធាន​ប្រទេស ឬ​ប្រធានាធិបតី​នៃ​រដ្ឋ​លាវ​កុម្មុយនីស្ត​។ លោក​នូហាក់ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​​អង្គារ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០០៨ ក្នុង​អាយុ​បាន​៩៨​ឆ្នាំ ដោយ​ជរាពាធ៕

Untitled-6Untitled-5លោក​ប្រធាន នូហាក់ ភូមសៈវ៉ាន់ អម​ដំណើរ​ដោយ​សម្ដេច​ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ​ក្នុង​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រាង្គ​ប្រាសាទ​នគរ​វត្ត ខេត្ត​សៀមរាប (រូប ៖ gettyimages)

_______________________________________
អានផងដែរ
១. ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ
២. នូហាក់ ភូមសៈវ៉ាន់ ទទួល​មរណភាព
៣. ទស្សនកិច្ច​នៃ​ប្រមុខ​លាវ និង​ចំណាប់​អារម្មណ៍​នៃ​ប្រទេស​នេះ

%d bloggers like this: