jump to navigation

ទស្សនកិច្ច​នៃ​ប្រមុខ​លាវ និង​ចំណាប់​អារម្មណ៍​នៃ​ប្រទេស​នេះ ថ្ងៃ​ព្រហស្បតិ៍ 11 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ພາສາລາວ.
2 comments

ទស្សនកិច្ច​នៃ​អតីត​ប្រធាន​ប្រទេស​លាវ សមមិត្ត នូហាក់ ភូមសៈវ៉ាន់ បាន​ទាញ​ចំណាប់​អារម្មណ៍​នៃ​ខ្ញុំ ពោល​គឺ​ទស្សនកិច្ច​នេះ​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ខ្ញុំ​ចម្រើន​វ័យ​ល្មម​អាច​ចាប់​ផ្ដើម​យល់ និង​ចាប់​ផ្ដើម​សិក្សា​ពី​នានា​ប្រទេស​។ ខ្ញុំ​សូម​អនុញ្ញាត​រំឭក​នូវ​អនុស្សាវរីយ៍​ក៏​ដូច​ជា​ចំណាប់​អារម្មណ៍​ដែល​មាន​ចំពោះ​លាវ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ដូច​ត​ទៅ​។

ឲ្យ​មែន​ទែន​ទៅ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​យើង​ចាប់​ផ្ដើម​បើក​ឡើង​វិញ បន្ទាប់​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២​ត្រូវ​បាន​បង្កើត​ឡើង ទស្សនកិច្ច​នៃ​បណ្ដា​ប្រមុខ​ជា​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​របស់​ពិភព​លោក​ជា​មិត្រ​នៃ​កម្ពុជា បាន​ចាប់​ផ្ដើមធ្វើ​ឡើង​។ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​អតីត​​សមមិត្ត នូហាក់ ភូមសៈវ៉ាន់ កាល​ពី​២៥​ឆ្នាំ​មុន​នេះ​អាច​រាប់​បាន​ថា​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដំបូង​ៗ​បង្អស់​នៃ​មេ​ដឹក​នាំ​ពិភព​លោក មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រមុខ​រដ្ឋ​លាវ​កុម្មុយនីស្ត​​កាល​គ្រា​នោះ មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ដំណើរ​ទស្សនកិច្ច​នៃ​មេ​ដឹក​នាំ​ប្រទេស​ដទៃ នេះ​បើ​តាម​ការ​គិត​ឃើញ​នៃ​ខ្ញុំ​។ ហេតុ​អ្វី​ខ្ញុំ​គិត​យ៉ាង​ដូច​នេះ​?

ក្រៅ​អំពី​ទំនាក់​ទំនង​ជា​មិត្រភាព​តាំង​ពី​ដើម​រៀង​មក និង​ជា​ពិសេស​ទំនាក់​ទំនង​ជា​មិត្រភាព​ក្នុង​នាម​ជា​យុទ្ធ​មិត្រ​ឥណ្ឌូចិន នៅ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ដំណើរ​ទស្សនកិច្ច​នោះ​មាន​លក្ខណៈ​ពិសេស​ជាង​ធម្មតា​។ នៅ​ក្នុង​របប​នៃ​អតីត​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ពល​រដ្ឋ​ខ្មែរ​ អ្នក​ដែល​បំពេញ​ការងារ​រដ្ឋការ​មួយ​ចំនួន​ទំនង​ជា​មាន​ភាព​ជិត​ស្និទ្ធ និង​ចេះ​ភាសា​លាវ ខ្លះ​ៗ ក្នុង​ការ​បំពេញ​ភារកិច្ច​ជាមួយ​ប្រជាជន​លាវ​ជាមិត្រ​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ស្ថានីយ៍​វិទ្យុ​មួយ (​ដែល​ទំនង​មាន​អ្នក​ដឹក​នាំ​ជា​កូន​កាត់​លាវ​ផង​) បាន​ធ្វើ​ការ​ចាក់​ផ្សាយ​បទ​អត្ថាធិប្បាយ​អំពី​ប្រទេស​លាវ អម​ដោយ​ចម្រៀង​លាវ​ពីរោះ​ៗ​ជា​ច្រើន​បទ​ផង បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជក់​ចិត្ត​ស្ដាប់ ព្រម​ទាំង​មាន​ចំណាប់​អារម្មណ៍​ពី​ប្រទេស​នេះ ចាប់​ពី​ពេល​នោះ​មក​ឯង​​។ ប្រសិន​បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ ពិធី​ករកាល​គ្រា​នោះ គឺ​លោក ឈន ប៉េងឡេង​។ ចំណែក​ឯ​បទ​ចម្រៀង​លាវ​ដំបូង​ៗ​ដែល​ខ្ញុំ​ស្ដាប់ និង​ចាប់​អារម្មណ៍​នោះ គ្មាន​អ្វី​ក្រៅ​ពី​បទ កុលាប​ប៉ាកសាន់ ទេ​។ ខ្ញុំ​ស្ដាប់​បទ​ចម្រៀង​លាវ​កាល​គ្រា​នោះ ទាំង​មិន​ដឹង​ថា​មាន​ន័យ​ថា​ម្ដេច​។

អ្វី​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​កាស្សែត​ចម្រៀង​លាវ នៅ​ផ្ទះ​ខ្ញុំ​។ យ៉ាង​ហោច​ណាស់​ផ្ទះ​ខ្ញុំ​មាន​កាស្សែត​ចម្រៀង​លាវ​មួយ ដែល​ពេល​នោះ ខ្ញុំ​គិត​ថា​ជា​ភាសា​ថៃ ត្រូវ​បាន​ចាក់​ស្ដាប់​ជា​ប្រចាំ ទាំង​មុន​ពេល​ដំណើរ​ទស្សនកិច្ច​មក​ម្ល៉េះ តែ​ដោយ​សារ​តែ​ជក់​ចិត្ត​នឹង​ចម្រៀង​លាវ​ដែល​អត្ថាធិប្បាយ​តាម​វិទ្យុ​នោះ ខ្ញុំ​ក៏​បាន​យក​កាស្សែត​នោះ មក​ថត​ចេញ​ពី​វិទ្យុ​ជាន់​ពី​លើ​បទ​ចម្រៀង​ដែល​មាន​ស្រាប់​ក្នុង​កាស្សែត ដោយ​សល់​តែ​បទ​ កុលាប​ប៉ាកសាន់ ឬ​បទ​មួយ​ចំនួន​ទៀត​។ ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​បទ​ចម្រៀង​ដែល​នៅ​សល់​ក្នុង​កាស្សែត​ទាំង​ប៉ុន្មាន​នោះ គឺ​ជា​ភាសា​លាវ នៅ​ពេល​ដែល​មាន​មិត្រភ័ក្ដិ​លាវ​ម្នាក់​មក​លេង​ផ្ទះ​ និង​បាន​ចាក់​ឲ្យ​ស្ដាប់​។

ខ្ញុំ​បាន​សាង​មិត្រភាព​ជាមួយ​ជន​ជាតិ​លាវ​ជា​ច្រើន​ តាំង​ពី​ពេល​គ្រា​នោះ រហូត​មក​ដល់​ពេល​បំពេញ​ការងារ​ទៀតសោត បើ​ទោះ​បី​មិន​ចេះ​ភាសា​លាវ​ក្ដី ព្រម​ទាំង​បានខិតខំ​​ទាំង​ដោយ​ផ្ទាល់​ទាំង​ដោយ​ប្រយោល​រៀន​ភាសា​នៃ​ជន​ជាតិ​នេះ រហូត​មក​ដល់​បច្ចុប្បន្ន​អាច​ចេះ​អាន និង​ស្ដាប់​ល្មម​សម​គួរ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ភាសា​ថៃ ដោយ​សារ​ហេតុ​នៃ​ភាព​ស្រដៀង​គ្នា​នៃ​ភាសា​ទាំង​ពីរ​នេះ​។ ចំណាប់​អារម្មណ៍​នៃ​ខ្ញុំ​ចំពោះ​ប្រទេស​លាវ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ហោះ​ទៅ​កាន់​ប្រទេស​នេះ កាល​ពី​ប្រមាណ​ពាក់​កណ្ដាល​​ឆ្នាំ​២០០៤ និង​ធ្វើ​ដំណើរ​​ផ្សង​ព្រង​ដោយ​ឯក​ឯង​តាម​រថយន្ត​ឈ្នួល​​ទៅ​កាន់អតីត​រាជធានី​ហ្លួង​ព្រះ​បាង ដោយ​ជំទាស់​នឹង​ការ​ហាម​ប្រាម​របស់​ជន​ជាតិ​នេះ​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​។ រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​ចេញ​ចូល​ប្រទេស​នេះ មិន​ក្រោម​១០​ដង​ទេ​។

ចំណាប់អារម្មណ៍​នៃ​ប្រទេស​លាវ​នេះ បាន​បន្ត​រហូត​ដល់​វិស័យ​សិក្សា​ធិការ និង​រហូត​បាន​ភ្ជាប់​ខ្លួន​ជាមួយ​ខ្ញុំ ដោយ​បាន​សម្រេច​សរសេរ​សារណា​បញ្ចប់​ការ​សិក្សា​មួយ​ស្ដី​អំពី​ប្រទេស​នេះ​ផង​​។ សរុប​សេចក្ដី​មក ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​រដ្ឋ​នៃ​អតីត​ប្រមុខ​ប្រទេស​លាវ កាល​គ្រា​ឆ្នាំ​១៩៩៥ នោះ ហាក់​បី​ដូច​ជា​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​ខ្ញុំ​ស្នេហា​ជន​ជាតិ និង​ប្រទេស​នេះ រហូត​មក​ដល់​សព្វ​ថ្ងៃ​៕

_______________________________________
អានផងដែរ
១. ខួប​ឆ្នាំ​ទី​២៥ ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៃ​អតីត​ប្រធាន​ប្រទេស​លាវ នូហាក់ ភូមសៈវ៉ាន់ នៅ​កម្ពុជា
២. ចម្រៀង​លាវ​ដែល​ខ្ញុំ​ស្ដាប់​ដំបូង​បំផុត

%d bloggers like this: