jump to navigation

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពត – ស្រុក​ទឹក​ឈូ ថ្ងៃសុក្រ 31 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពត.
add a comment

ស្រុក​ទឹក​ឈូ របស់ខេត្ត​កំពត មាន​សរុប​ទាំង​អស់១៦ឃុំ​ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ឃុំបឹងទូក – ០៧៤០១
  2. ឃុំជុំគ្រៀល – ០៧៤០២
  3. ឃុំកំពង់ក្រែង – ០៧៤០៣
  4. ឃុំកំពង់សំរោង – ០៧៤០៤
  5. ឃុំកណ្ដោល – ០៧៤០៥
  6. ឃុំកោះតូច – ០៧៤០៦
  7. ឃុំកូនសត្វ – ០៧៤០៧
  8. ឃុំមាក់ប្រាង – ០៧៤០៨
  9. ឃុំព្រែកត្នោត – ០៧៤០៩
  10. ឃុំព្រៃឃ្មុំ – ០៧៤១០
  11. ឃុំព្រៃថ្នង – ០៧៤១១
  12. ឃុំស្ទឹងកែវ – ០៧៤១២
  13. ឃុំថ្មី – ០៧៤១៣
  14. ឃុំត្រពាំងព្រីង – ០៧៤១៤
  15. ឃុំត្រពាំងសង្កែ – ០៧៤១៥
  16. ឃុំត្រពាំងធំ – ០៧៤១៦

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពត ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

អត្ថបទ​ប្រែ ៖ ខ្មែរ​សម័យ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ អ្នក​សាង «​ភ្នំ​បាខែង​» ប្រាសាទ​ថ្ម​នៃ​ក្រុង​អង្គរ ថ្ងៃ​ព្រហស្បតិ៍ 30 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.
3 comments

កកន ៖ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា เขมรยุคพระเจ้ายโศวรมันที่ 1 ผู้ทรงสร้าง “พนมบาแค็ง” ปราสาทหินแห่งเมืองพระนคร ឬ​​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា ខ្មែរ​សម័យ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ អ្នក​សាង «​ភ្នំ​បាខែង​» ប្រាសាទ​ថ្ម​នៃ​ក្រុង​អង្គរ​

ដោយ​ឃើញ​ថា​អត្ថបទ​លក្ខណៈប្រវត្តិសាស្ត្រ​នេះ​មាន​សារសំខាន់ និង​ទាក់​ទង​នឹង​ប្រវត្តិ​ស្រុក​ភូមិ​យើង​ផង ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​​ឯកសារ​ នៅ​ទី​នេះ ដូច​ត​ទៅ​។

ប្រាសាទ​ភ្នំ​បាខែង (phnom bakheng) ថត​កាល​ពី​ថ្ងៃ​ទី​៥ មីនា ២០០៧ (Photo by TANG CHHIN SOTHY / AFP)

នៅ​ឯ​បរិវេណ​ក្រុង​សៀមរាប មាន​ភ្នំ​សំខាន់​៣​កន្លែង​គឺ ភ្នំ​បាខែង ភ្នំ​ក្រោម និង​ភ្នំ​បូក​។

ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ទ្រង់​បាន​រើស​យក​ភ្នំ​បាខែង ដែល​ជា​ភ្នំ​ទាប​ជាង​គេ​ក្នុង​ចំណោម​ភ្នំ​ទាំង​បី​មក​ធ្វើ​ជា​ចំណុច​កណ្ដាល​នៃ​រាជ​ធានី ដោយ​ទ្រង់​បាន​សាង​សាសន​ស្ថាន​លើ​ភ្នំ​នេះ​។

ចំណែក​ភ្នំ​ក្រោម និង​ភ្នំ​បូក សាសន​ស្ថាន​លើ​កំពូល​ភ្នំ​ក៏​មាន​បែប​ផែន​ក្នុង​លក្ខណៈ​ដូច​គ្នា​ដែរ ដោយ​កសាង​ប្រាសាទ​ថ្ម​​ភក់​ចំនួន​៣​ថ្វាយ​ចំពោះ​ទេព​​សំខាន់​ៗ​៣​អង្គ​គឺ ព្រះ​ព្រហ្ម ព្រះ​វិស្ណុ និង​ព្រះ​សិវៈ​។

ព្រះ​បាទ​យសោ​វរ្ម័ន​ទ្រង់​បាន​អភិវឌ្ឍ​ផ្នែក​សាសនា​ដូច​គ្នា​ទៅ​នឹង​បែប​ផែន​ភូមិ​បញ្ញា​របស់​រាជ​អាណាច​ក្រ ដោយ​ការ​សាង​សាសន​ស្ថាន​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​សាសនា​ទាំង​បី​ដែល​សំខាន់​នោះ​គឺ សាសនា​ហិណ្ឌូ​លទ្ធិ​សៃវនិកាយ សាសនា​ហិណ្ឌូ​លទ្ធិ​វៃសណ្វនិកាយ និង​ពុទ្ធ​សាសនា​។ សាសន​ស្ថាន​ទាំង​នេះ​មិន​ត្រឹម​តែ​មាន​ព្រះ​សង្ឃ​ប៉ុណ្ណោះ​ទេ ក៏​នៅ​មាន​អ្នក​ស្វែង​បុណ្យ និង​អ្នក​សិក្សា​ដែល​ត្រូវ​បាន​សិក្សា​ផ្នែក​​ប្រាជ្ញា​យ៉ាង​ជ្រៅ​ជ្រះ​ផង​។

ព្រះ​បាទ​យសោ​វរ្ម័ន​ទ្រង់នៅ​បាន​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អាណា​បរិវេណ​ក្រុង​អង្គរ​ផង​ដែរ​។ នៅ​ទិស​ខាង​លើត​នៃ​ក្រុង​អង្គរ​បាន​រាជានុញ្ញាតិ​ឲ្យ​រីក​បារាយណ៍​ខាង​កើត (យសោធរ​ត្ដាកៈ​) ដែល​ជា​អាង​ផ្ទុក​ទឹក​មហិមា​ផង មាន​ប្រវែង​៧​គីឡូ​ម៉ែត្រ និង​ទទឹង​១,៨​គីឡូ​ម៉ែត្រ​តាម​លំដាប់​។

ដើម្បី​ផ្សារ​ភ្ជាប់​រាជ​ធានី​ថ្មី​នឹង​រាជធានី​ចាស់ ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ព្រះ​អង្គ​បាន​កសាង​ផ្លូវ​ពី​ទ្វារ​ទិស​ខាង​កើត​នៃ​ក្រុង​យសោ​ធរ​បុរៈ​ទៅ​កាន់​ទិស​​ឦសាន​របស់​បារាយណ៍​នៃ​ក្រុង​ហរិហរាល័យ​។

ប្រាសាទ​ភ្នំ​បាខែង លើ​ភ្នំ​កណ្ដាល​ក្រុង​អង្គរ ទី​តាំង​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ផ្សារ​ភ្ជាប់​​ជាមួយ​ព្រះ​ឥសូរ​តាម​គតិ​ទេវ​រាជា ក្រោយ​ស្ដេច​សោយ​ព្រះ​ទិវង្គត​ (​រូប​ភាព​ពី​សៀវភៅ​ចក្រពត្តិរាជ ទី​ពឹង​នៃ​មហាជន​ជាតិ​សៀម​)

រាជ​អាណាច​ក្រ​ខ្មែរ​បាន​វិវត្ត​យ៉ាង​ធំ​ធេង​ខ្លាំង​ឡើង​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​យសោ​វរ្ម័ន​។ ព្រះ​បាទ​យសោ​វរ្ម័ន​ទ្រង់​បាន​ពង្រីក​អាណា​ខេត្ត​ដោយ​សន្តិវិធី​ទៅ​ទិស​ខាង​កើត ដោយ​ការ​អភិវឌ្ឍ​តំបន់​ទាំង​នោះ​។

សង្គ្រាម​ដែល​មាន​តែ​ម្ដង​គត់​ដែល​យើង​បាន​ដឹង​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​អង្គ​គឺ ការ​យក​ឈ្នះ​លើ​ទឹក​ជាមួយ​ជន​ជាតិ​ម៉ាឡេ ឬ​ជន​ជាតិ​ចាម​​។

ព្រះ​បាទ​យ​សោ​វរ្ម័ន​ទី​១ ស្ដេច​សោយ​ព្រះ​ទិវង្គត​នៅ​ប្រមាណ​គ.ស.​៦០០​ (កកន ៖ ទំនង​ជា​ច្បាប់​ភាសា​ថៃ​វាយ​ខុស តាម​ពិត​គឺ​ឆ្នាំ​៩០០)។ នៅ​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​នៃ​រជ្ជកាល​របស់​ព្រះ​អង្គ ជា​សម័យ​ដែល​រីកចម្រើន​រុង​រឿង​មិន​ធ្លាប់​មាន​​។ ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ទ្រង់​បាន​ទទួល​ព្រះ​នាម​ក្រោយ​សុវណ្ណគត​ថា «​បរម​សិវ​លោក​»​

ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ទ្រង់​មាន​ព្រះ​ឱរស​ចំនួន​២​ព្រះ​អង្គ ដែល​បាន​ស្នង​រាជ្យ​បន្តមក​គឺ ព្រះ​បាទ​ហស៌​វរ្ម័ន​ទី​១ និង​ព្រះ​បាទ​ឦសាន​វរ្ម័ន​ទី​២​។ នៅ​ក្នុង​ឆ្នាំ​៩០០​ នៅ​ពេល​ដែល​ព្រះ​រាជ​បិតា​សោយ​ព្រះ​ទិវង្គត​នោះ ព្រះ​បាទ​ហស៌​វរ្ម័ន​​ដោយ​សារ​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ក្មេង​នៅ​ឡើយ​និង​មិន​មាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង ទើប​ធ្វើ​ឲ្យ​រយៈ​ពេលា​នៃ​រជ្ជកាល​ព្រះ​អង្គ​មិន​ប្រាដក​មាន​រាជកិច្ច​ដែល​សំខាន់​នោះ​ឡើយ​។

នៅ​ឆ្នាំ​៩២១ ព្រះ​មាតុលា​របស់​ព្រះ​បាទ​ហស៌​វរ្ម័ន ដែល​ជា​ជេដ្ឋា​របស់​មេហសី​នៃ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ដែល​ទ្រង់​ព្រះ​នាម​ថា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ដណ្ដើម​អំណាច​ពី​​ព្រះ​នត្តា​។ ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៤ បាន​ស្ដេច​ចេញ​ពី​ក្រុង​យសោ​ធនរ​បុរៈ​ទៅ​សាង​រាជ​ធានី​ថ្មី​ឯ​កោះ​កេរ ២​ឆ្នាំ​ក្រោយ​ព្រះ​បាទ​ហស៌​វរ្ម័ន​ទី​១ ចូល​ព្រះ​ទិវង្គត​។

ប្រាសាទ​ភ្នំ​បាខែង (​រូប​ពី​សិល្បៈ​វឌ្ឍន​ធម្ម ច្បាប់​តុលា ១៩៩៤)

ហេតុ​នេះ​នៅ​មាន​ការ​បែង​ចែក​រវាង​ក្សត្រិយ៍​ពីរ​ព្រះ​អង្គ នោះ​គឺ​ក្សត្រិយ៍​ដែល​គ្រង​រាជ្យ​តាម​នីតិន័យ គឺ​ព្រះ​បាទ​ឦសាន​វរ្ម័ន​ទី​២ ដែល​ប្រថាប់​ឯ​ក្រុង​អង្គរ និង​ក្សត្រិយ៍​ជ្រែ​រាជ្យ​គឺ​ព្រះ​បាទ​ជយ​វរ្ម័នទី​៤ ប្រថាប់​ឯ​កោះកេរ​។

ហេតុការណ៍​បាន​​បន្ត​រហូត​មល​ដល់​ឆ្នាំ​៩២៨ នៅ​ឆ្នាំ​នោះ​ព្រះ​បាទ​ឦសាន​វរ្ម័ន​បាន​សោយ​ព្រះ​ទិវង្គត ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៤ ទ្រង់​ក្លាយ​ជា​រជ្ជ​ទាយាទ​របស់​ព្រះ​អង្គ​។

ទោះ​បី​ជា​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​ដែល​នៅ​ក្មេង និង​សោយ​ទិវង្គត​ក្នុង​វ័យ​រឹង​មាំ​ រួម​ទាំង​មាន​ការ​ដណ្ដើម​អំណាច​ដោយ​ព្រះ​បាទ​ជយ​វរ្ម័នទី​៤​ក្ដី តែ​រាជ​អាណាចក្រ​ខ្មែរ​ក៏​នៅ​មាន​ភាព​រឹង​មាំ​បាន​យ៉ាង​ល្អ​៕


ផ្សព្ធ​ផ្សាយ​ដំបូង កាល​ពី​ថ្ងៃ​ទី​២៩ តុលា ២០២០

https://www.silpa-mag.com/history/article_51959

______________________________________________________
អាន​ផង​ដែរ ៖
១. เขมรยุคพระเจ้ายโศวรมันที่ 1 ผู้ทรงสร้าง “พนมบาแค็ง” ปราสาทหินแห่งเมืองพระนคร
២. ទស្សនៈ​ថៃ ករណី​ខ្មែរ និង​ខម

កំណ​កំណើត​នៃ «​លីអូ​» ថ្ងៃពុធ 29 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
add a comment

ពាក្យ​ថា «​លីអូ​» ដែល​យើង​ប្រើ​ហៅ​សំដៅ​ដល់​ខោ​ក្នុង នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​មែន​ទែន​ទៅ​ទើប​មាន​កំណើត​ប្រមាណ​ជា​ទសវត្សរ៍​១៩៩០ នេះ​ទេ​។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពាក្យ «​លីអូ​» បាន​ក្លាយ​ជា​ពាក្យ​កំណត់​មួយ ត្រូវ​បាន​ប្រើ​ប្រាស់​ទូលំ​ទូលាយ និង​ស្គាល់​ចេះ​ដឹង គ្រប់​ៗ​គ្នា ក្លាយ​ទៅ​ជា​ពាក្យ​ខ្មែរ​មួយ​ដោយ​បរិយាយ​។

IMG_7751sss5ចំពោះ​កំណ​កំណើត​នៃ​ពាក្យ «​លីអូ​» ដែល​ប្រែ​ថា​ខោ​ក្នុង (​ទាំង​បុរស​ទាំង​ស្ត្រី​) នេះ បាន​កើត​ឡើង​ចេញ​ពី​​ឈ្មោះ​ខោ​ក្នុង​បុរស​មួយ​ប្រភេទ (​ជា​ឈ្មោះ​យីហោ​) ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ដាក់​លក់​ជា​លើក​ដំបូង​ប្រមាណ​ទសវត្សរ៍​១៩៩០ ក្នុង​បណ្ដាញ​ឃោសនា​ទូរទស្សន៍ ជាមួយ​នឹង​ពាក្យ​ស្លោក​ថា «​បុរស​សង្ហា​ដោយ​សារ​លីអូ​»​។ ពាក្យ ​«​បុរស​សង្ហា​ដោយ​សារ​លីអូ​»​ ត្រូវ​បាន​ក្មេង​ៗ​ជំនាន់​ៗ​នោះ យក​មក​និយាយ​លេង​សើច​រត់​មាត់ រហូត​បាន​ធ្វើ​ឲ្យ​ម៉ាក​លីអូ​នេះ បាន​ក្លាយ​មក​ជា​ពាក្យ «​លីអូ​» ដោយ​សំដៅ​លើ​ខោ​ក្នុង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ស្រែ​ខ្មុក​ក៏​ធ្លាប់​បាន​ទិញ​ខោ​ក្នុង​យីហោ លីអូ នេះ​មក​ប្រើ​ប្រាស់​ដែរ 😀

មុន​នោះ​ប៉ុន្មាន ពាក្យ​ថា​ខោ​ក្នុង​នោះ ត្រូវ​បាន​ប្រើ​ប្រាស់​ពាក្យ​ថា «​ខោ​ស្លីប​»​។ ចំណេរ​ក្រោយ​មក​ពាក្យ​ «​ខោ​ស្លីប​» នេះ​ហាក់​បាត់​ពី​ការ​និយម​ប្រើ​ប្រាស់ ដោយ​ជំនួស​ជា​ស្ថាពរ ជាមួយ​នឹង​ពាក្យ «​លីអូ​» ដែល​ស្ដាប់​មើល​ទៅ​ស័ក្ដិសម និង​ប្រើ​ប្រាស់​​ស្រួល​មាត់​ជាង​​ពាក្យ «​ខោ​ស្លីប​» នេះ​ដែល​ទំនង​ជា​​ពាក្យ «​ខោ​ស្លីប​» លែង​និយម​ប្រើ​៕

រាជា​និយម​នៅ​ក្នុង​រជ្ជ​កាល​នៃ​រាមា​ទី​១០ ថ្ងៃអង្គារ 28 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
4 comments

ថ្ងៃ​នេះ (​២៨ កក្កដា ២០២០​) នគរ​ថៃ​​កំពុង​ប្រារព្ធ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន  ព្រះ​បាទ​ សម្ដេច​ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០ គម្រប់​​៦៨​ព្រះ​វស្សា​​។ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ប្រទេស​ថៃ​ប្រារព្ធ​ព្រះ​រាជ​ពិធី​​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ បន្ទាប់​ពី​ទ្រង់​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​បន្ត​ពី​ព្រះ​រាជ​បិតា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦​ មក​​។ រយៈ​ពេល​៤​ឆ្នាំ ក្រោម​រជ្ជកាល​ថ្មី​នៃ​រាមា​ទី​១០ បាន​លេច​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​អនាគត​មិន​ស្រស់​ថ្លា​នៃ​របប​រាជា​និយម​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ធ្លាប់​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​មហិមា​ពី​សំណាក់​ប្រជាជន​នៃ​ប្រទេស​នេះ​។

ឲ្យ​មែន​ទែន​ទៅ​ការ​បាត់​បង់​ប្រជា​ប្រិយ​នៃ​របប​រាជា​និយម​នៅ​ប្រទេស​ថៃ មាន​ឡើង​តាំង​ពី​រជ្ជកាល​មុន (​រាមា​ទី​៩​) មក​ម្ល៉េះ​។ ច្បាប់​ដាក់​ទោស​ទណ្ឌ​ស្ដី​អំពី​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រិយ៍ បាន​ក្លាយ​ជា «​ឧបករណ៍​» មួយ​ក្នុង​ការ​រារាំង​ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ដែល​ជា​ការ​ប្រមាថ ឬ​អាប់​ឱន​ចំពោះ​ព្រះ​ចេស្ដា​អង្គ​ព្រះ​មហា​ក្សត្រិយ៍ ព្រះ​រជ្ជ​ទាយាទ និង​រហូត​ដល់​​ភូ​សម្រេច​រាជការ​ផង​។ ជា​រឿយ​ៗ​ច្បាប់​នេះ​ទទួល​បាន​ការ​រិះ​គន់​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​នានា​។

ប្រទេស​ថៃ​បាន​បន្ត​ដើរ​តាម​គន្លង​រាជា​និយម​បែប​សម័យ​បូរាណ ដែល​ព្រះ​មហា​ក្សត្រិយ៍​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិទេព ជា​ម្ចាស់​ជីវិត​នៃ​បណ្ដា​ពួង​ប្រជា​ទាំង​អស់​ បើ​ទោះ​បី​ជា​រាជានិយម​បែប​ផ្ដាច់​ការ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ជា​រាជានិយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ កាល​ពី​ឆ្នាំ​១៩៣២ នោះ​មក​ហើយ​ក្ដី​។ ការ​នេះ​បាន​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​សទ្ធានៃ​ប្រជាជន​សៀម​មាន​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​របស់​គេ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមាទី៩) តាំង​តែ​ពី​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម រហូត​ដល់​ទ្រង់​សោយ​ព្រះ​ទិវង្គត​

បើ​ទោះ​បី​ជា​សទ្ធា​នៃ​ការ​គោរព​បូជា​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រិយ៍ ព្រម​ទាំង​ចលនា​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​ដ៏​សម្បូរ​បែប និង​មហិមា​ក្នុង​ការ​​លើក​កម្ពស់​កិត្យានុភាព​​នៃ​ព្រះ​ចៅ​ផែន​ដី របប​រាជា​និយម​នៃ​ប្រទេស​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា​ពិត​ជា​ផ្កា​រីក​ដ៏​ស្រស់​ប្រិម​ប្រិយ​នោះ​ទេ​។ បណ្ដា​អ្នក​នយោបាយ អ្នក​ត​ស៊ូ​មតិ ព្រម​ទាំង​ពល​រដ្ឋ​ថៃ​ជា​ច្រើន​ផង (​បើ​ទោះ​បី​ជា​មិន​ចេញ​មុខ​ដោយ​ត្រង់​ក្ដី​) នៅ​តែ​មាន​មន្ទិល​អំពី​អព្យាក្រឹត​ភាព​នៃ​អង្គ​ព្រះ​មហា​ក្សត្រិយ៍​ ការ​ប្រើ​ប្រាស់​ច្បាប់​ស្ដី​អំពី​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រិយ៍​ចំពោះ​គូ​បដិបក្ខ​ខាង​នយោបាយ និង​បាន​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​ដ៏​ជាក់​លាក់​មួយ​ ជា​ពិសេស​ចំពោះ​អ្នក​តស៊ូ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស​។ ជា​រឿយ​ៗ ការ​និយាយ​អំពី​ការ​បង្កើត​ប្រទេស​ថៃ «​សាធារណ​រដ្ឋ​» មួយ​ត្រូវ​បាន​លើក​ឡើង បើ​ទោះ​ជា​លទ្ធភាព​ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​​សែន​ឆ្ងាយ​ក៏​មែន​ពិត​។

មក​ដល់​រជ្ជកាល​ថ្មី​នៃ​រាមា​ទី​១០ នេះ របប​រាជានិយម​នៅ​ប្រទេស​ថៃ​កាន់​តែ​បាត់​បង់​ប្រជា​ប្រិយភាព​ក្នុង​រង្វង់​ធំ​។ ជា​ការ​ពិត អង្គ​រាមា​ទី​១០ ពិត​ជា​មិន​អាច​មាន​ប្រជា​ប្រិយភាព​ប្រដូច​នឹង​ព្រះ​រាជ​បិតា​របស់​ទ្រង់​ទេ​។ ប្រជា​ប្រិយភាព​នៃ​ព្រះ​អង្គ​ហាក់​ដូច​ជា​មិន​មាន​ការ​កើន​ឡើង​ទាល់​តែ​សោះ តាំង​តែ​ពី​មុន​ពេល​ទ្រង់​ឡើង​ស្នង​រាជ្យ​មក​ម្ល៉េះ​។

ក្រៅ​តែ​អំពី​បញ្ហា​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​នៃ​ព្រះ​អង្គ (​គ្រួសារ​) ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​មិន​ទទួល​បាន​ការ​ស្មោះ​ស្ម័គ្រ​ពី​អាណា​ប្រជា​នុរាស្ត្រ​មក ព្រះ​រាជ​ករណី​យ​កិច្ច​រយៈ​ពេល​៤​ឆ្នាំ​នៃ​រជ្ជកាល​របស់​ព្រះ​អង្គ​មក​ដល់​គ្រា​នេះ ក៏​មិន​ទាន់​ទទួល​បាន​ការ​មើល​ឃើញយ៉ាង​ប្រចក្ស​​ពី​សំណាក់​ប្រជារាស្ត្រ​នៃ​ទ្រង់​ផង​ដែរ​​។ ការ​ដែល​ទ្រង់​ចំណាយ​ពេល​វេលា​ច្រើន​នៅ​បរទេស (ទ្រង់​ពំនាក់​ភាគ​ច្រើន​នៅ​ប្រទេស​​អាល្លឺម៉ង់) បាន​ធ្វើ​ឲ្យ​មាន​គម្លាត​រវាង​ទ្រង់​និង​ប្រជា​រាស្ត្រ ព្រម​ទាំង​ព្រះ​រាជ​ករណីយ​កិច្ច​ផ្សេង​ៗ ដែល​តម្រូវ​ឲ្យ​ទ្រង់​មាន​ព្រះ​រាជ​វត្តមាន​ ជា​ដើម​។

រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រជាជន​ថៃ​ក្នុង​ស្រុក​ច្រើន​ឡើង​ៗ បាន​ហ៊ាន​និយាយ​ដោយ​ចំហ​ទាក់​ទង​នឹង​របប​រាជា​និយម ដែល​ប្រការ​នេះ​ហាក់​​ដូច​ជា​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​។ ជា​មួយ​នឹង​បរិបទ និង​ចលនា​នៃ​ពិភព​លោក កំណែ​ទម្រង់​នៃ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ទំនង​ជា​អាច​កើត​មាន​ឡើង​នៅ​ក្នុង​រជ្ជ​សម័យ​នៃ​រាមា​ទី​១០​នេះ​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បែក​បាក់​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​ថៃ ដែល​រហូត​មក​ដល់​ពេល​នេះ​ហាក់​បី​ដូច​ជា​មិន​ទាន់​មាន​ឃើញ​ពន្លឺ​នៅ​ចុង​នៃ​រូង​ភ្នំ​ក្ដី អាច​នឹង​ក្លាយ​ជា​វិញ្ញាសា​មួយ​សម្រាប់​អង្គ​រាមា​ទី​១០ ក្នុង​ការ​ដោះ​ស្រាយ ឬ​អាច​ថា​នឹង​ធ្វើ​ឲ្យ​ប្រជា​ប្រិយ​ភាព​របស់​ព្រះ​អង្គ​កើត​មាន​ច្រើន​ឡើង​នៅ​ពេល​អនាគត​ក៏​ថា​បាន​៕

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ ចម្រើន​ព្រះ​ជន្ម​រាមា​ទី​១០
២. ១៤ តុលា មហា​បាតុកម្ម​ប្រជាជន​នៅ​ប្រទេស​ថៃ
៣. ប៉ូលិស​ថៃ​ផ្ដើម​បង្ក្រាប​ហ្វូង​បាតុករ
៤. «​ជាតិ សាសនា ប្រជាជន​» របត់​ថ្មី​នៃ​ប្រវត្តិ​សាស្ត្រ​ថៃ

កាល​គ្រា​ទឹក​ជន់​លិច​ភូមិ ថ្ងៃចន្ទ 27 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

កាល​នុះ​រដូវ​វស្សា​ ទឹក​ឡើង​ធំ​ចំ​រដូវ​ដាក់​បិណ្ឌ​ភ្ជុំ​។ ប្រមាណ​ជា​ឆ្នាំ​២០០០ ទឹក​នគរ​កម្ពុជា​ធំ​ខ្លាំង លិច​អស់​ភូមិ​អ្នក​ស្រុក តំបន់​ទំនាប​នានា​ស្ទើរ​ពេញ​ប្រទេស​​។ ភូមិ​ខ្ញុំ​ឯណេះ ក៏​គេច​មិន​ផុត​ដែរ​។ រាល់​សព្វ​មួយ​ឆ្នាំ ទឹក​ឡើង​ត្រឹម​លិច​ខាង​មុខ​ផ្ទះ ដែល​ជា​បឹង​តាម​ទម្លាប់ និង​លិច​ខាង​ក្រោយ​ផ្ទះ ប្រមាណ​ត្រឹម​ក្បាល​ជង្គង់ ដូច​ធម្មតា​ តែ​ឆ្នាំ​នោះ ទឹក​លិច​ខ្លាំង​ហូរ​ចាល់​ពី​បឹង​ខឹង​មុខ កាត់​ថ្នល់ និង​ហូរ​ចូល​ក្រោម​ផ្ទះ​ជី​ដូន វូ​ៗ ដូច​បាក់​ទំនប់​។ ជី​ដូន ដែល​កំពុង​ឈឺ​ផង សម្រាន្ត​លើ​អង្រឹង ឯ​យ៉​ខាង​មុខ​ផ្ទះ ស្ដាប់​ទឹក​ហូរ​កាត់​ក្រោម​ផ្ទះ បាន​ជា​សំនៀង​មួយ​បែប​។

នៅ​តាម​ផ្លូវ​ក្នុង​ភូមិ មាន​កន្លែង​ខ្លះ​លិច​ជ្រុង​ផុត​ក្បាល​ជង្គង់ កន្លែង​ខ្លះ​រាក់​ជាង​នេះ និង​កន្លែង​ខ្លះ​ត្រឹម​ភ្នែក​គោ​ក៏​មាន តាម​ដោយ​កន្លែង​ខ្ពស់​ទាប​។ ឯ​អ្នក​ស្រុក​វិញ រួម​ខ្ញុំ​ផង នាំ​គ្នា កាល​ណុះ ដើរ​លាត់​ជើង​ខោ លុយ​ទឹក ដៃ​កាន់​សំពត់​ខោ និង​គ្រឿង​បូជា នាំ​គ្នា​ដើរ​វត្ត នា​រដូវ​កាន់​បិណ្ឌ​ភ្ជុំ និង​ស្រែក​ប្រកូក​គ្នា​តាម​មុខ​ផ្ទះ​នីមួយ​ៗ ពេល​ដើរ​កាត់ ម្យ៉ាង​សម​ទំនង​អ្នក​ស្រុក​ភូមិ ពី​អតីត​​…​។ បច្ចុប្បន្ន​នេះ (​២០២០​) មិន​មាន​សភាព​នៃ​ការ​លិច​ភូមិ​បែប​នេះ​ទៀត​ទេ​…​៕

__________________________________________
អាន​ផង​ដែរ ៖
១. រាវ​ខ្យង

ថៃ​ចេញ​តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ ចម្រើន​ព្រះ​ជន្ម​រាមា​ទី​១០ ថ្ងៃអាទិត្យ 26 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

Untitសled-1តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ ចម្រើន​ព្រះ​ជន្ម​រាមា​ទី​១០

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ក្រុមហ៊ុន​ប្រៃសណីយ៍​ថៃ​បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ការ​ចាត់​សាង​តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍​ថ្មី​មួយ​​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ ព្រះ​បាទ​ សម្ដេច​ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០ ព្រះ​មហា​ក្សត្រិយ៍​ថៃ គម្រប់​៦៨​ព្រះ​វស្សា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។

តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍​ដែល​នឹង​ត្រូវ​បោះ​ផ្សាយ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ពេល​នេះ មាន​ប្រាកដ​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​១០ និង​ជា​ប្រភេទ​តែមប្រិ៍​តម្លៃ​១០​បាទ​។ តាម​ការ​ឲ្យ​ដឹង តែមប្រិ៍​ប្រៃសណីយ៍​នេះ នឹង​បោះ​ក្នុង​ចំនួន​៥០០.០០០​សន្លឹក រួច​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​អង្គ​ផង​៕

_______________________________________________
អានផងដែរ៖
១. ប្រៃសណីយ៍​ថៃ​ចេញ​តែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០
២. រាជា​និយម​នៅ​ក្នុង​រជ្ជ​កាល​នៃ​រាមា​ទី​១០

 

នយោបាយ​ទឹក នៅ​ខេត្ត​​​ព្រៃវែង ថ្ងៃសៅរ៍ 25 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
7 comments

Untitសled-1

_______________________________________________________
អាន​ផង​ដែរ ៖
១. នយោបាយ​ទឹក​នៅ​កម្ពុជា
២. ទំនប់​ទឹក​ថ្មី​នៅ​ខេត្ត​តាកែវ
៣. នយោបាយ​ទឹក នៅ​ខេត្ត​ក្រចេះ
៤. នយោបាយ​ទឹក នៅ​ខេត្ត​ឧត្ដរ​មាន​ជ័យ
៥. នយោបាយ​ទឹក នៅ​ខេត្ត​ពោធិសាត់
៦. នយោបាយ​ទឹក នៅ​ខេត្ត​​កំពង់​ស្ពឺ
៧. នយោបាយ​ទឹក នៅ​ខេត្ត​​កំពង់​ធំ

%d bloggers like this: