jump to navigation

ទស្សនៈ​ថៃ ករណី​ខ្មែរ និង​ខម ថ្ងៃសុក្រ 3 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពី​ភាសា, អំពីភាសា, អំពីស្រុកខ្មែរ, ภาษาไทย.
2 comments

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា កន្លង​មក​នេះ នៅ​លើ​បណ្ដាញ​ហ្វេសបុគ​របស់គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม) បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​​ដែល​មាន​ចំណង​ជើង​ថា เขมรยุคพระเจ้ายโศวรมันที่ 1 ผู้ทรงสร้าง “พนมบาแค็ง” ปราสาทหินแห่งเมืองพระนคร ឬ​ប្រែជា​ភាសា​ខ្មែរ​ថា ខ្មែរ​សម័យ​ព្រះ​ចៅ​យសោ​វរ្ម័ន​ទី​១ អ្នក​កសាង «​ភ្នំ​បាក់ខែង​» ប្រាសាទ​ថ្ម​នៃ​​ក្រុង​អង្គរ​

បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​អត្ថបទ​នេះ បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​របស់​ថៃ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​បញ្ចេញ​មតិ​យ៉ាង​ច្រើន ដែល​រហូត​មក​ដល់​ថ្ងៃ​នេះ (​៣ កក្កដា ២០២០) មាន​ប្រមាណ​​ជាង​១៣០ និង​មាន​ការ​ចែក​រំលែក​ប្រមាណ​ជាង​៤៥០​ដង​។ មតិ​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ បើ​ទោះ​បី​ជា​មិន​ទាក់​ទង​នឹង​អត្ថបទ​ អ្នក​លេង​បណ្ដាញ​សង្គម​បាន​ជជែក​ពិភាក្សា​គ្នា​ពី​ឫស​គល់​នៃ​ជន​ជាតិ​ខ្មែរ ដោយ​សំអាង​ថា​បណ្ដា​ប្រាសាទ​អស់​ទាំង​ឡាយ​នៅ​កម្ពុជា​នោះ មិន​មែន​ជា​ស្នា​ដៃ​នៃ​ជន​ជាតិ «​ខ្មែរ​» នោះ​ទេ​។

ជា​ការ​ពិត​ជន​ជាតិ​ថៃ​មួយ​ចំនួន រួម​ទាំង​បញ្ញវន្ត​ផង បាន​យល់​ថា ពូជ​ខ្មែរ​បច្ចុប្បន្ន​មិន​មែន​ជា​តំណ​វង្ស​ពី​អ្នក​សាង​មហា​ប្រាសាទ​នានា​នៅ​ដែន​ដី​តំបន់​នេះ​ទេ អ្នក​ដែល​សាង​វត្ថុ​អស់​ទាំង​នោះ រួម​ទាំង​អារ្យធម៌​ផង ដែល​បាន​មាន​ឥទ្ធិពល​ទៅ​លើ​ប្រជាជន​តំបន់ (​រួម​ទាំង​ថៃ​ផង​) គឺ​ជា​ជន​ជាតិ «​ខម​»​។ បើ​សួរ​ពី​វត្ត​មាន​នៃ​ជន​ជាតិ​ខម​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ គេ​ (ថៃ) បាន​តប​ថា ជន​ជាតិ​ខម​អស់​ទាំង​នោះ​បាន​បម្លែង​ខ្លួន​អស់​ជាមួយ​ថៃ ខ្មែរ មន​…។ល។ ឯ​អ្នក​ខ្លះ​យល់​ថា​ ខម​បាន​រលាយ​បាត់​បង់​អស់​ហើយ​។

គំនិត​អស់​ទាំង​នេះ​បាន​កើត​ចេញ​ពី​ការ​អប់​រំ​ជា​ប្រព័ន្ធ​មួយ​ដែល​បាន​ចាក់​ឫស​ក្នុង​សង្គម​ថៃ ដែល​ទំនង​ចេញ​ពី​ការ​ដែល​គិត​ថា ខ្មែរ​បច្ចុប្បន្ន​មិន​មាន​សមត្ថភាព ព្រម​ទាំង​កម្រិត​ថ្វី​ដៃ​ស្មើ​នឹង​អ្វី​ដែល​បាន​កសាង​ឡើង​នោះ​ទេ​​ បើ​ពិនិត្យ​មើល​អ្វីដែលខ្មែរ​មាន​នា​ពេល​នេះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គំនិត និង​ការ​រវើ​រវាយ​ពី​រឿង​ខ្មែរ និង​ខម​ នេះ មិន​មែន​សុទ្ធ​តែ​ទទួលបាន​ការ​គាំទ្រ​នោះ​ទេ​ បណ្ដា​អ្នក​សិក្សា​បរទេស រួម​ទាំង​ប្រជាជន​ថៃ​មួយ​ចំនួន​ទៀត ក៏​មិន​បាន​យល់​ស្រប​ពី​គំនិត​ខ្មែរ និង​ខម នេះ​ដែរ​។ អ្នក​ខ្លះ​បាន​ចាត់​ទុក​ថា វា​ជា​គំនិត​រវើ​រវាយ​ប្រាសចាក​ពី​ប្រវត្តិ​សាស្ត្រ​ពិត នៃ​បណ្ដា​អ្នក​ជាតិ​និយម​ថៃ ហើយ​ដែល​ជា​រឿយ​ៗ​វា​បាន​បង្ក​ផល​រមាស់​ជាមួយ​​ប្រទេស​ជិត​ខាង មាន​កម្ពុជា លាវ និង​ភូមា ជា​ដើម​។

ដើម្បី​យល់​ដឹង​ពី​គំនិត និង​ទស្សន​នៃ​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម​ថៃ ចំពោះ​ករណី​នេះ ស្រែ​ខ្មុក​សូមលើក​ស្រង់​យក​​មតិ​គួរ​ចាប់​អារម្មណ៍​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ទាំង​នោះ ដែល​បាន​បញ្ចេញ (ដោយ​មិន​ដាក់​ឈ្មោះ) ដូច​ត​ទៅ ៖

Java
គួរ​ឲ្យ​ធុញ​ពួក​ដែល​នៅ​គិត​ថា​វប្បធម៌ខម​សាង​ដោយ​ខ្មែរ​ទាំង​ដោយ​ឃើញ​យ៉ាង​ច្បាស់​នា​ពេល​បច្ចុប្បន្ន​ថា ខ្មែរ​មិន​មាន​ថ្វី​ដៃ​ក្នុង​ការ​ច្នៃ​ប្រឌិត​សិល្បៈ​វិទ្យា​បែប​នោះ​ទេ​។ របស់​អស់​ទាំង​នោះ វា​ស្ថិត​នៅ​ក្នុង​សសៃ​ឈាម មើល​តែ​រដ្ឋសភា​ខ្មែរ​បច្ចុប្បន្ន​ទៅ មាន​ភាព​ល្អ​វិចិត្រ​ត្រង់​ណា​ទៅ​? ដឹង​មិន​ច្បាស់​ហើយ​នៅ​ទៅ​ឲ្យ​តម្លៃ (​គ្រេឌីត​)​ ខ្មែរ​ទៀត​!

Java
អាណាចក្រ​ខម​បន្ត​មក​ពី​អាណាចក្រ​ហ្វូណន កាល​គ្រា​ដំបូង​បាន​ទទួលឥទ្ធិពល​ផ្នែក​សាសនា​ព្រាហ្មណ៍​-​ហិណ្ឌូ​ដែល​មាន​សៃវ​និកាយ​និង​វៃយណ្ព​និកាយ ឬ​ព្រះ​សិវ​និង​វិស្ណុ​ធ្វើ​ឲ្យ​សំណង់​ជា​បែប​ទេវ​និយម​ដែល​ខុស​ពី​ថៃ​ស្ថាបត្យកម្ម​ដែល​អស្ចារ្យ​ជាង ដែល​អ្នក​និយាយ​ថា​ខ្មែរ​មាន​សិល្បៈ​មិន​ស្អាត​ នោះ​អ្នក​ត្រូវ​សិក្សា​រឿង​សម័យ​ខ្មែរ​ក្រហម​ដែល​ថា​អ្នក​ចេះ​ដឹង​ត្រូវ​បាន​សម្លាប់​រង្គាល​អស់​ជា​ច្រើន​ធ្វើ​ឲ្យ​សម័យ​ក្រោយ​អ៊ុនតាក់​ចូល​មក​សម្រប​សម្រួល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​សម័យ​កាល​ស្ដា​ឡើង​វិញ​នូវ​អ្វី​ៗ​ជា​ច្រើន​ដែល​ខ្មែរ​ក្រហម​បាន​បំផ្លាញ​។ អគិត​ជាមួយ​ប្រជាជន​កម្ពូជា​ច្រើន​ពេល​ទេ​ដឹង បាន​ជាន់​ឈ្លី​ពួក​គេ​?

Java
ចុះ​អ្នក​ដឹង​បាន​ដូច​ម្ដេច​ថា​អ្វី​ជា​រឿង​ពិត​អ្នក​ជា​បុរាណ​វិទូ​ឬ បើ​មិន​មែន​តើ​អ្នក​ធ្លាប់​អាន​អត្ថបទ​របស់​ហ្សក​សឺដេស​ឬ​ទេ​ថា​ហ្វូណន​ជា​ពាក្យ​ហៅ​របស់​ជន​ជាតិចិន​ដែល​វា​ត្រូវ​គ្នា​នឹង​ពាក្យ​ខ្មែរ​ថា​វ្នំ ដែល​សំដៅ​ដល់​ភ្នំ​ដែល​ប្រែ​ថា​ភ្នំ។ ខ្មែរ​ហៅ​អ្នក​គ្រប់​គ្រង​នគរ​ថា​កុរុង​វ្នំ ត្រូវ​គ្នា​នឹង​ពាក្យ​សំស្ក្រឹត​ថា​បវ៌ត​ភូបាល ឬ​ម្ចាស់​ភ្នំដែល​ចិន​បាន​កត់​ត្រា​ថា​ក្សត្រិយ៍​ខ្មែរ​បូរាណ​ត្រូវ​ឡើង​ទៅ​បួង​សួង​បូជា​ព្រះ​ឥសូរ​លើ​ភ្នំ​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ជន​ជាតិ​ខ្មែរ​នៅ​ពេល​នោះ​ច្បាស់​ជាង​ជន​ជាតិ​ផ្សេង​ៗ​ទៀត​ដែល​ខ្វះ​ភស្តុតាង​ជា​លាយ​លក្ខណ៍​អក្សរ​ សូម្បី​សៀមរាប​ពេល​នេះ​របស់​ខ្មែរ​នៅ​មាន​ន័យ​ថា​សៀម​ចាញ់ ដែល​យើង​ចាញ់គេ​កាល​ពី​នោះ​ផង​។ ចំពោះ​បញ្ហា​ Thai copy ខ្ញុំ​ទទួល​ស្គាល់​ថា​គេ​មិន​ព្រម​មែន​ដោយ​សារ​ភាព​ជាតិនិយម​ដែល​គ្រប់​ជន​ជាតិ​មាន​មេ​រៀន​​របស់​ប្រជាជន​កម្ពុជា​​នៅ​មាន​ដាក់​បញ្ចូល​រឿង​ព្រះ​គោ​ព្រះ​កែវ​ដែល​យើង​ទៅ​យក​របស់​គេ​មក​​។ ការ​ឈឺ​ចាប់​នៃ​ការ​បាត់​បង់​ទឹកដី​​នៅ​ពេល​ដែល​ពួកគេ​ចុះ​ខ្សោយ​ហើយ​យើង​បែរ​ជា​លេច​ត្រដែត​ឡើង​ដូច​អាណា​ចក្រ​ជា​ច្រើន​ដែល​មាន​យុគ​រុង​រឿង​និង​ធ្លាក់​ចុះ​។ សិល្បៈ​ខ្ញុំ​អាច​មិន​ដឹង​ជ្រៅ​ជ្រះ​វា​មាន​ប្រភព​យ៉ាង​ដូច​ម្ដេច​តែ​ខ្ញុំ​គិត​ថា​វា​គឺ​ជា​វប្បធម៌​ដែល​អាស្រ័យ​គ្នា​។ ខ្ញុំ​ក៏​ធ្លាប់​ទៅ​លេង​កម្ពុជា​និង​ស្គាល់​ប្រជាជន​កម្ពុជា​ពួក​គេ​មិន​បាន​អគតិ​រឿង​ប្រវត្តិ​សាស្ត្រ​អ្វី​ជាមួយ​យើងបែប​នោះ​ទេ អ្នក​ទេ​ដែល​ព្យាយាម​អគតិ​គំនិតរបស់​ពួក​គេ​។

Java
ខ្ញុំ​ចង់​ឲ្យ​អ្នក​មើល​មនុស្ស​ស្មើ​ភាព​គ្នា​​។ អារ្យ​ធម៌​នីមួយ​ៗ​មិន​មាន​នរណា​អន់​ជាង​នរណា​ទេ មាន​តែ​ភាព​ស្រស់​ស្អាត​ដែល​ខុស​ពី​យើង​។ គួរ​បើក​ទទួល​បច្ចុប្បន្ន​រៀន​សូត្រ​ពី​អតីត​ដើម្បី​យល់​វា​ឲ្យ​កាន់​តែ​ច្បាស់​។ កុំ​កាត់​សេចក្ដី​អ្វី​​តែ​ពី​ជ្រុង​ម្ខាង​។

Java
ទើប​តែ​ដឹង​ថា​ជំនាញ​ផ្នែក​វិស្វកម្ម​វា​នៅ​នឹង​សសៃ​ឈាម​។ អញ្ចឹង​កូន​ចៅ​វិស្វករ​មិន​ចាំ​បាច់​ទៅរៀន​ក៏​កសាង​អាគារ​បាន​ហើយ​។

Java
គិត​ដូច​គ្នា​ពេល​និយាយ​ដល់​ខ្មែរ​បូរាណ ខ្ញុំ​នឹក​ឃើញ ជន​ជាតិ​ឥណ្ឌា + អ្នក​ស្រុក​ដើម​។ តាម​តែ​ដឹង​មក​ពាក្យ​ថា​ខម​ត្រូវ​បាន​ប្រើ​ហៅ​មនុស្ស​មួយ​ក្រុម​ដែល​ជា​ក្រុម​នៅ​ផ្នែក​ខាង​លើ​រហូត​ដល់​អ្នក​គ្រប់​គ្រង មិន​មែន​ជាមួយ​មនុស្ស​ទូទៅ​។ តាម​តែ​អាន​មក​ចំនួន​មនុស្ស​ខម​មានតិច​ជាង​អ្នក​ស្រុកដើម ហើយ​ខ្មែរ​ខ្លួន​ឯង​​ក៏​ប្រាប់​ថា​ពួក​គេ​តាំង​រាជវង្ស​ខ្មែរ​ដោយ​ការ​ដេញ​ពួកខម​ដែល​ជា​អំណាច​ចាស់​។

ខ្ញុំ​គិត​ដូច​អ្នក​វប្បធម៌​ខម​ក៏​គឺ​របស់​ខម​។

Java
កុំ​ជាតិ​និយម​ជ្រុល​រហូត​ភ្លេច​ទៅ​ថា​ពាក្យ​រាជ​សព្ទ​មួយ​ផ្នែក​មក​ពី​ខ្មែរ និង​សិល្បៈ​វត្ត​មួយ​ចំនួន​នៅ​អយុធ្យា​ចេញ​ពី​ពល​ករ​ខ្មែរ​។ សម័យសុខោទ័យ​ខ្មែរ​ធំ​ធេង​ណាស់​។

Java
ពេល​ខ្លះ​យើង​គិត​ថា​អតីត​ធ្លាប់​អស្ចារ្យ មក​ដល់​បច្ចុប្បន្ន​មិន​អស្ចារ្យ បង្ហាញ​ថា​ក្រុម​ផ្សេង​គ្នា មនុស្ស​ផ្សេង​គ្នា​ ហេតុ​នេះ ជន​ជាតិ​ផ្សេង​ៗ​ដែល​ធ្លាប់​កសាង​អច្ឆរិយ​វត្ថុ​របស់​ពិភព​លោក ដូច​ជា​​អេហ្ស៊ីប​ធ្លាប់​សាង​ពីរ៉ាមីត ហេតុ​ម្ដេច​ក្រោយ​ចុះ​ខ្សោយ​អស់​អំណាច​ ក៏​មិន​មាន​ការ​កសាង​ពីរ៉ាមីត ធ្វើ​ម៉ាំមី ទៀត បង្ហាញ​ថា​ជន​ជាតិ​អេហ្ស៊ីប​បូរាណ​បាត់​រលាយ​អស់​។

ពេញ​មួយ​ប្រវត្តិ​សាស្ត្រ​របស់​មនុស្ស​ជាតិ​រាប់​ពាន់​ឆ្នាំ រមែង​មាន​ពេល​​រុង​រឿង ចុះ​ខ្សោយ ផ្នែក​វិទ្យា ចំណេះ​ដឹង បាត់​បង់​អស់ សូម្បី​តែ​ថៃ​យើង សម័យ​មុខ​វិទ្យា​ផ្សេង​ៗ​ក៏​បាត់​បង់​អស់​ច្រើន​។ អ្នក​ដែល​ធ្លាប់​ចេះ អ្នក​ដែល​ធ្លាប់​ដឹង ក៏​ធ្លាប់​ទៅ​ជាមួយ​ចំណេះ​ដឹង​ទាំង​នោះ អ្នក​ជំនាន់​ក្រោយ​ចេះ​មិន​ស្មើ ចំណេះ​ដឹង​ផ្សេង​ៗ​ក៏​ចាប់​ផ្ដើម​បាត់បង់​ទៅ​។

Java
កាល​ពី​ជាង​៦០​ឆ្នាំ​មុន​ឥណ្ឌូនេស៊ី​សម្លាប់​រង្គាល​ជាតិ​សាសន៍​ខ្លួន​ឯង​ស្លាប់​ជាង​មួយ​លាន​នាក់​។ ៤០​ឆ្នាំ​កន្លង​មក​ខ្មែរ​សម្លាប់​រង្គាល​ជាតិ​សាសន៍​ឯង​ស្លាប់​ជាង​២​លាន​នាក់​។ ជាតិសាសន៍​នេះ​វា​បន្ត​គ្នា​ដូច​បញ្ជូន​ត​តាម​ឌីអិន​អេ មិន​ចាំ​បាច់​និយាយ​ដល់​យុគ​ខ្មែរ​បូរាណ​១០០០ឆ្នាំ ធ្វើ​ឲ្យ​មិន​គិត​មិន​បាន​ថា​ពេល​ចុះ​ខ្សោយ​ក៏​គង់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង​រាប់​លាន​ទំនង​នេះ រហូត​ថៃ​ងើប​ឡើង​បាន ស្ថាបនា​ពួក​ដែល​និយាយ​ភាសា​ថៃ​កៈដៃ ឡើង​មក​ជា​ធំ​ជំនួស​។ សរុប​ខ្មែរ​បូរាណ​ក៏​គឺ​ខម ដែល​ថៃ​និង​លាវ​ប្រើ​ហៅ​ខ្មែរ លើស​១​លាន​ភាគ​រយ​។

Java
ក្នុង​ការ​សាង​អាណាចក្រ​របស់​សុរិយ​វរ្ម័ន​គ្រា​ដែល​បាន​ឯករាជ្យ​ពី​ជ្វា អង្គ​សុរិយ​វរ្ម័ន​ទំនង​ជាង​មនុស្ស​ជម្ពូ​ទ្វីប និង​បណ្ដា​បរិពារ​មួយ​ចំនួន​ក៏​គឺ​​​ខែក​ខ្មៅ​ឥណ្ឌា​និង​ជន​ជាតិ​មេលានី​សៀ​លើ​កោះ​ជ្វា បន្ទាប់​មក​ក៏​កម្ចាត់​ពួក​ម៉ានិ សាកៃ មក​ធ្វើ​ជា​ទាសករ​ពល​កម្ម សព្វ​ថ្ងៃ​នេះ​ជន​ជាតិ​ម៉ានិ សាកៃ​នៅ​ក្នុង​ប្រទេស​ថៃ និង​ម៉ាឡេស៊ី គឺ​ក្រុម​ដែល​និយាយ​ភាសា​អូស្ត្រូអាស៊ីតិច​បូរាណ។ សម័យ​កណ្ដាល​ៗ​ខ្មែរ​ធ្វើ​សង្គ្រាម​ឈ្នះ​មន​ក៏​បាន​អ្នក​ស្រុក​ជា​មន​មក​ថែម ធ្វើ​ឲ្យ​ភាសា​ខ្មែរ​និង​មន​គឺ​ភាសា​ក្នុង​ត្រកូល​ដូច​គ្នា​។ ទាំង​ខ្មែរ​និង​មន​បាន​ទទួល​ឥទ្ធិពល​ភាសា​សរសេរ​ពី​ឥណ្ឌា​ដូច​គ្នា​ ទទួល​ឥទ្ធិពល​ឥណ្ឌា​ដូច​គ្នា​ ក៏​ឃើញ​ថា​បច្ចុប្បន្ន​មួយ​ចំណែក​ដែល​ខ្មែរ​មាន​មុខ​មាត់​ស្រដៀង​ថៃ​ដោយ​សារ​កាត់​ជាមួយ​មន​ដូច​គ្នា​នេះ​ឯង​។

Java
ខ្ញុំ​គិត​ថា​ខ្មែរ​គឺ​​មន​មួយ​ប្រភេទ​ជាង​ មន​ដែល​ត្រូវ​បាន​ជ្វា​គ្រប់​គ្រង​ ព្រោះភាសានិង​មុខមាត់​ស្រដៀង​គ្នា​ខ្លាំង​រហូត​ថៃ​មើល​មិនដឹង​។ តែ​ពេល​ដែល​មន​ក្រុម​ដែល​ត្រូវ​ជ្វា​គ្រប់​គ្រង​កសាង​និង​ច្នៃ​តួ​អក្សរ​និង​ភាសា​ឲ្យ​ខុស​ពី​មន​ដើម​តែ​ក៏​នៅ​មាន​ភាព​ស្រដៀង​គ្នា​។ ធ្លាប់​ជួប​មន​ជិត​ផ្ទះ​អ្នក​លក់​ការ៉េម និយាយ​អណ្ដាត​ទន់​ៗ មុខ​ខ្មៅ​ស្បែកខ្មៅ ប្រើ​បណ្ណ​ស ប្រាប់​ថា​ជា​មន ខ្ញុំ​បែរ​ជា​គិត​ថា​ខ្មែរ​។

Java
ខ្មែរ​មិន​មែន​ខម ចុះ​ខម​បាត់​ទៅ​ណា​អស់​។ ហើយ​រយៈ​ពេល​រាប់​រយ​ឆ្នាំ ខម​និង​ខ្មែរ​មិន​មានការ​រៀប​ការ​ជាមួយ​គ្នា​ទេ​ឬ ហើយ​សិល្បៈ​វប្បធម៌​ភាសា​របស់ខ្មែរ កាល​សម័យ​អយុធ្យា នៅ​ស្រដៀង​ខម​ទេ​?

Java
បើខ្ញុំ​ចាំមិន​ខុស​សម័យអយុធ្យា​ក្សត្រិយ៍​សម្ដេច​ចៅ​សាម​ពញាលើកទ័ព​ទៅ​វាយ​នគរ​ធំ​របស់​ខ្មែរ​រហូត​បែក រឹប​អូស​សម្បត្តិ ទេវ​រូប​នានា​មក​ទុក​ឯ​អយុធ្យា រហូត​ភូមា​មក​យក​ទៅ​ទៀត​សម័យ​ក្រុង​ស្រី ទី​១ និង​នាំ​យក​ផ្នែកការ​គ្រប់​គ្រង ប្រពៃណី រហូត​ការងារ​សិល្បៈ មក​ប្រើ​នៅ​អយុធ្យា​។ ចំណែក​ខ្មែរ​ត្រូវ​រើ​ក្រុង​ទៅ​ភ្នំពេញ នេះ​បង្ហាញ​ថា​រយៈ​ពេល​ដែល​កន្លង​មក​ ខ្មែរ​ក៏​នៅ​មាន​អំណាច​/​គ្រប់​គ្រង​​នៅ​តំបន់​បរិវេណ​ទន្លេ​សាប​មក​រហូត​។ សិល្បៈ​ វប្បធម៌ ក៏​នៅ​បន្ត​ពី​យុគ​រុង​រឿង​។ ខ្ញុំ​ទើប​មិន​យល់ ដែល​ប្រាប់​ថា ខម​គឺ​ជា​ជន​ជាតិ​ថៃ តែ​បែរ​ជា​មិន​មាន​សិល្បៈ វប្បធម៌ ភាសា​ សំណង់ ដូច​ខម​។

Java
ថៃមាន​នៅ​ក្នុង​តំបន់​នេះ​ជា​យូរ​មក​ហើយ​តែ​ជា​ក្រុម​ជន​ជាតិ​ភាគ​តិច នៅ​គ្រា​ខ្មែរ​រីក​ចម្រើន ខ្មែរ​បញ្ហា​ជា​ច្រើននៅ​ក្នុង​អាណាចក្រ​ខ្លួន ធ្វើ​ឲ្យ​ក្រុម​ជនជាតិភាគតិច​មិន​ឱកាស​សាង​មូល​ដ្ឋាន​ខ្លួន​ឯង​បាន ទាំង​តួ​អក្សរ និង​ការ​ពង្រីក​អំណាច តែ​មិន​បាន​មាន​ន័យ​ថា ​របស់​ដើម​ដូច​ជា​វប្បធម៌​របស់​ខ្មែរ​បាត់​បង់​ដូច​បុគ្គល​។ ការ​ផ្លាស់ប្ដូរ​ដំណើរ​ជីវិត​ពី​ដើម​មិន​ងាយ​និង​បាត់​បង់​ពី​ពិភព​លោក​នេះ​ឡើយ​។ ដូច​ដែល​មើល​ឃើញ​អ្នក​ស្រុក​ឦសាន​និយាយ​ភាសា​កំណើត​ខ្លួន​តាំង​ពី​ដូន​តា​ អ្នក​ភ្នំ​ជៀង​ហ្មៃ និយាយ​ភាសា​ភ្នំ ជនជាតិ​កួយ កៈរៀង​ និយាយ​ភាសា​ភ្នំ​តែ​មិន​មាន​អក្សរ​ខ្លួន​ឯង តែ​ថៃ​ឆ្លាត​ពូកែ​អាច​ច្នៃ​អក្សរ​ខ្មែរ​បាន និង​ក៏​បាន​ពង្រីក​ឥទ្ធិពល​ធំ​ធេង​បាន​។

Java
មែន​ហើយ មួយ​ចំណែក​នៃ​អាណាចក្រខម​ដែល​ចុះ​ខ្សោយ ក៏​មក​ពី​ការ​ពង្រីកខ្លួន​របស់​ជន​ជាតិ​ភាគតិច​ដែល​នៅ​ជុំ​វិញ ធំ​ធាត់​ឡើង មាន​អំណាច​ច្រើន​ឡើង ហើយ​ការ​ដែល​ខម​កសាង​សំណង់​ធំ​ៗ​ក៏​ព្រោះ​ការ​កសាង​ត្រូវ​ប្រើ​ធន​ធាន​ផ្សេង​ៗ​ជា​ច្រើន​។ អតីត​របស់​ជាតិ​ផ្សេង​ៗ​ក៏មាន​ឲ្យ​ឃើញ សម័យ​រុង​រឿង​សាង​សំណង់​ធំ​ៗ ក្រោយ​មក​មិនយូរ​ក៏​ចុះ​ខ្សោយ​។

Java
ខ្មែរ​ធំ​ធេង​ពី​មុន យើងត្រូវ​ទទួល​ស្គាល់

Java
ខម​មិន​សំដៅ​ថា​ខ្មែរ​ទេ​ កុំ​ផ្ដេស​ផ្ដាស់​។

Java
បញ្ជៀស​ពាក្យ​ទៅធ្វើ​អ្វី​? ស្អប់​ខ្មែរ​អី​ខ្លាំង​ម្ល៉េះ​? ទទួល​ស្គាល់​ទៅ​ថា​គេ​អាច​ជា​ផ្នែក​មួយ​នៃ​បុព្វ​បុរស​ថៃ​បច្ចុប្បន្ន​ក៏​បាន ខុស​តែ​ភាសា តែ​ខ្សែ​លោហិត​ជាមួយ​គ្នា​ទាំង​អស់​ហ្នឹង​នៅ​ភូមិភាគ​នេះ​។

Java
ខម​គឺ​ជា​ពាក្យ​ហៅ​របស់​ថៃ​លាវ ហៅ​ខ្មែរ បរទេស​ហៅ​ខ្មែរ​បូរាណ​។

Java
យល់​ស្រប ខម​មិន​មែន​ខ្មែរ បើនិយាយ​ថា​ខមគឺខ្មែរ ក៏ត្រូវ​និយាយ​ថា​ខម​គឺថៃ​ភាគកណ្ដាល និង​ឦសាន​ក្រោម​ផង​ដែរ​។ អត្ថបទ​របស់​ លោក​ទ្វិជ ចិត្រ​សម្បូរណ៍ ក៏​និយាយ​ថា ខម​គឺ​ជា​ពួក​ដែល​អាស្រ័យ​នៅ​តាម​តំបន់​ល្វ ឦសាន​កណ្ដាល ប៉ែក​ខាង​កើត​ប្រទេស​ថៃ រហូត​ដល់​ខ្មែរ​។ ចំណែក​ខ្មែរ​គឺ​ជា​អ្នក​ស្រុក​​ព្រៃ​ ដែល​មក​ដេញ​ពួក​ខម​នគរ​វត្ត​ចេញ និង​តាំង​ខ្លួន​ឯង​ជា​ធំ​។

បើ​ប្រៀប​ធៀប​គ្នា​ងាយ​ៗ ក៏​ដូច​ជន​ជាតិ​រ៉ូម៉ាំង អំណាច​កណ្ដាល​នៅ​ឯ​រ៉ូម អ៊ីតាលី ក៏​ពិត តែ​មិន​មាន​ន័យ​ថា ជន​ជាតិ​អ៊ីតាលី​បច្ចុប្បន្ន​គឺ​ជន​ជាតិ​រ៉ូម៉ាំង ព្រោះ​ក្រោយ​រ៉ូម៉ាំង​ចុះ​ខ្សោយ ពួក​មនុស្ស​ព្រៃ​នានា ដូច​ជា វែនដាល់ វិសិកធ បាន​ចូល​មក​ស្នាក់​នៅ រហូត​ជន​ជាតិ​រ៉ូម៉ាំង​រលាយ​ខ្លួន​ឯង​។

Java
ស្រុកខ្ញុំ​ហៅ​ខ្មែរ​ថា​ខម​ខ្មែរ​។ ខម​មិន​មែន​អ្នកក្នុង​ជនជាតិ​ថៃ តែជា​សព្វ​នាម​ហៅ​អ្នក​និយាយ​ភាសា​ខ្មែរ​បែប​ម៉ៅ​រួម​។ ក្នុង​លោក​នេះ​មិន​មានអ្នក​ស្គាល់ខម មាន​តែ​ថៃ​និង​លាវ​ប៉ុណ្ណោះ​ដែល​ស្គាល់​។

Java
ហេតុការណ៍​ឃ្លាត​គ្នា​ជិត​៤១៧​ឆ្នាំ នៅ​មាន​ខម​សុទ្ធ​សេស​សល់​ទៀត​ឬ​? អូ បើ​ឲ្យ​មាន​ក៏​នៅ​មាន​ខម​ដែល​ជា​អ្នក​គ្រប់​គ្រង​ដែល​មិន​បាន​បោស​សម្អាត​គ្រា​ទៅភូមា​ជា​ច្រើន​នាក់ មិន​ចាំ​បាច់​ទៅ​ស៊ើប​រក និង​ក៏​មិន​មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​ធ្វើ​ដូច​នេះ​ព្រោះ​ខម​ទាំង​នោះ​មិន​មាន​ឥទ្ធិពល​ចំពោះ​ភូមា​។

បើ​ប្រាប់​ថា​ខ្ញុំ​ទំនោ​នឹង​ខម​ខ្លាំង​ពេក​ក៏​សូម​ប្រាប់​ថា​ត្រូវ ព្រោះ​ខម​ក្នុង​គំនិត​ខ្ញុំគឺ​ខម​មិន​មែន​ខ្មែរ​… ខម​ជា​នរណា​នៅ​ទី​ណា​ក៏​បាន​បើ​គេ​ជា​ខម តែ​មិន​គួរ​ដាក់​បញ្ចូល​ឲ្យ​ខម​ជា​ខ្មែរ​តែ​មួយ​មុខ​… ហើយ​ថៃ​មាន​មូល​ដ្ឋាន​អាស្រ័យ​បរិវេណ​នេះ​មក​យូរ​មិន​មែន​ទើប​មក​ពី​ចិន​ខាង​ត្បូង​។

អ្វី​សំខាន់​ប្រជាជន​ក្រី​ក្រ​មិន​មែន​ជា​ខម ព្រោះ​តាម​ដែល​ដឹង​ខម​គឺ​ជា​ក្រុម​មួយ​ក្រុម​ដែល​មិន​មែនមនុស្ស​ទូទៅ​។ វា​ជា​រឿង​ធម្មតា​របស់​វណ្ណៈ​អ្នក​គ្រប់​គ្រង​និង​អ្នក​ត្រូវ​គ្រប់​គ្រង​ដែល​គួរ​ត្រូវ​នៅ​ផ្សេង​ពី​គ្នា​។

Java
តាម​ដែលដឹង​​មក​ខម​គឺ​ពួក​អ្នក​គ្រប់​គ្រង​ដែល​កាន់​ហិណ្ឌូ អ្នក​ដែល​កាន់​ហិណ្ឌូ​តាមដែល​ដឹង​តាំង​ពី​ពេល​នោះ​រហូត​ដល់ពេល​នេះ​គឺ​ជន​ជាតិ​ឥណ្ឌា ហើយ​ឥណ្ឌា​ចូល​មក​ក្នុង​បរិវេណ​នេះ​ជា​យូរ​មក​ហើយ​។ តាម​ដែល​អាន​អាច​មុន​ពុទ្ធ​សតវត្សរ៍​ទី​៣​ផង សំណង់ដែល​សាង​ក្នុង​អារ្យធម៌​ខម​គឺ​ឥណ្ឌា​។

ខ្ញុំ​ជឿ​ថា​ខម​គឺ​ឥណ្ឌា​និង​កូន​កាត់​ឥណ្ឌា​ក្រៅ​ពី​ខ្មែរ​ដែល​កាន់​ហិណ្ឌូ តែជាមួយ​ខ្មែរក៏​មាន​កំណត់​ហេតុ​ថា​មាន​រូប​រាង​ដែល​ខុស​ពី​ខម​និង​ត្រូវ​បាន​ខម​គ្រប់​គ្រង​។ ឲ្យ​ពិត​ទៅ​វា​មិន​ពិបាក​ដែល​ប្រាប់​ថា​ខម​គឺ​ជា​នរណា-​នរណា​ជា​ខម​។

Java
ប្រាប់​ថា​គ្រាន់​តែ​សរសេរ​ចាក់​បណ្ដោយ​លេង​ៗ​ក៏​យក​មក​ជា​រឿង​។​ ខ្មែរ​=ខម ទន្ទិញ​ទុក​។ ខម​មិន​មាន​រូប​រាង​ពិត ជា​សព្ទនាម​ដែល​ថៃ​លាវ​ហៅខ្មែរ​បូរាណ​។

Java
ចំពោះ​គំនិត​ខ្ញុំ ខ្ញុំ​ថា​ខម​គឺ​ឥណ្ឌា ចំណែក​ខ្មែរ​នោះ​គឺ​មនុស្ស​ព្រៃ​​ក្នុង​ស្រុក​ដែល​នៅ​ម្ដុំ​ក្រៅ​ក្រុងអង្គរ​។

Java
ខម​គឺ​ក្រុមមនុស្ស​ពី​ឥណ្ឌា យក​សិល្បៈ​និង​ការ​អភិវឌ្ឍ​មក​ដែន​ដី​ខ្មែរ ដូច​ជា​សាសនា វិស្វកម្ម​នានា ផ្សំ​ជាមួយ​អ្នក​ស្រុក​ដើម មាន​សមត្ថភាព​ផ្សាយ​ឥទ្ធិពល​បាន​រហូត​ដល់​អាណាចក្រ​ភុកាម ជា Empire

Java
ខម​គឺ​ជា​ពួក​អភិវឌ្ឍ​ខ្មែរ​។ ខ្មែរគឺ​ក្រុម​ជនជាតិ​ស្រុក​ដើម​។ ខម​រីក​ចម្រើន​ហើយ​ក៏​ចេញ​ទៅ ទុក​ភាព​រីកចម្រើន​ឲ្យ​ខ្មែរ។

Java
ពិត​ទៅ​ខម​ក៏​មិន​បាន​ចេញ​ទៅ​ណា​ទេ នៅ​ភាគ​កណ្ដាល​ប្រទេស​ថៃ​នេះ​ឯង​។ ដើម​សម័យ​អយុធ្យា ខ្សែ​រាជវង្ស​អ៊ូទង​គឺ​ជា​ខម​ទាំង​អស់​។

Java
ព័ត៌មាន​អស់​ទាំង​នេះជា​ព័ត៌មាន​ចាស់​ដែល​ជឿ​ជាក់​មិន​បាន​ទេ​។ ទាក់​ទង​នឹង​រឿង​នេះ​សូម​ទៅ​រក​ស្ដាប់​លោក​គ្រូ​សុចិត​និយាយ​។

Java
ខម ខ្មែរ រាជ​វង្ស​ផ្សេងគ្នា រាជធានី​ផ្សេង​គ្នា តែ​រួម​អាណាចក្រ​ជាមួយ​គ្នា ដូច​គ្នា​នឹង​សុខោទ័យ​ អាយុធ្យា​។

Java
ឆ្ងល់​នឹង​ពាក្យ​ថា​ខម​គឺ​ថៃ​សម័យ​ដំបូង ចុះ​ហេតុ​អ្វី​ពេល​នៅ​ក្នង​ដែន​ដី​ខ្មែរ​សាង​ប្រាសាទ​ជា​ច្រើន​
ពេល​មក​នៅ​ត្រង់​អ៊ូទង បែរ​ជា​មិន​មានសាង​អ្វី​សោះ វប្បធម៌ ភាសា ក៏​មិនដូច​ខម
ផ្លាស់​មក​អយុធ្យា សាង​ក្រុង​ក៏​មិនដូច​សាង​នៅ​ខ្មែរ ព្រោះ​អ្វី​?

Java
អាច​ព្រោះ​ថា​ធនធាន​នៃ​ការ​កសាង (​ថ្ម​, ថ្ម​បាយ​ក្រៀម​) មិន​មានដូច​នៅ​ក្នុង​តំបន់​ឦសាន ឬ​ខ្មែរ​ខាង​លើ ក៏​ថា​បាន​។ សង្កេត​ប្រាសាទ​ខមក៏​មិនមាន​ច្រើន​​នៅ​ភាគ​កណ្ដាល (​ឃើញ​តែ​លព​បុរី និង​ស្រី​ទេព​) ទាំង​ឥទ្ធិពលខមក៏​គ្រប​ដណ្ដប់​ទាំង​អស់។

Java
អញ្ចឹង​ខម​ក៏​ត្រូវ​បាន​បោស​សម្អាត​ពេល​ទៅ​ភូមា​អស់​ហើយ​? បើ​នៅ​ភាគ​កណ្ដាល សល់​តែ​ខ្មែរ​ប៉ែក​ថៃ​ដែល​ចង់​ធ្វើ​ជា​ខម​មែនទេ​ ព្រោះ​ប្រវត្តិ​សាស្ត្រ​ថៃ​តាំង​ពី​បូរាណស្ទើរ​គ្រប់​កន្លែង​មិន​មាន​ប្រាប់​ថា​ស្ថាបត្យកម្មបែប​ខ្មែរ​ដែល​មាន​នៅ​ថៃ​បច្ចុប្បន្ន​ជា​ជន​ជាតិ​ថៃ​សាង ជន​ជាតិ​ថៃ​ធ្វើ​ឡើយ​ គិត​ៗៗ ក៏​ព្រោះ​ខ្មែរ​ចុះ​ខ្សោយ​អំណាច​ ទាំង​លាន្នា លាន​ជាង និង​សៀម ដេញ​ខ្មែរ​ចេញ​ពី​តំបន់​រហូត​ដល់​ចំណុច​ទាល់​ជា​ប្រទេស​ខ្មែរ​បច្ចុប្បន្ន​។ សង្កេត​ឲ្យ​ជាក់​​ប្រទេស​លាវ ដូច​ជើង​មនុស្ស​ចូល​ទៅ​លើ​ផែន​ទី​ខ្មែរ ចូរ​ទៅ​រក​មើល​ណ៎ា​។

Java
ហាហាហា… ត្រូវ​បាន​លាង​ខួរ​ក្បាល​តាំង​ពី​ក្មេង​ៗ​។ ទទួល​ស្គាល់​ការ​ពិត​ទៅ​ថា​ធ្លាប់​បាន​ខ្មែរគ្រប់​គ្រង​… និង​ជា​ដែន​ចំណុះ​ពួក​គេ​.. ក្រោយ​មក​ក៏​ទៅ​រឹប​អូស​ពួក​គេ​ត្រឡប់​មកវិញ​… ចប់​ព័ត៌មាន​.! ហាហាហាហា. ហាហាហាហា.

______________________________________________________
អាន​ផង​ដែរ ៖
១. เขมรยุคพระเจ้ายโศวรมันที่ 1 ผู้ทรงสร้าง “พนมบาแค็ง” ปราสาทหินแห่งเมืองพระนคร

%d bloggers like this: