jump to navigation

លាវ​ចាត់​​បុណ្យ​សម្ពោធ​រូប​សំណាក​​ថ្មី «​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ មហា​រាជ» ថ្ងៃអង្គារ 21 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
4 comments

107824244_2947899885339384_529360194088525795_o
រូប​សំណាក​​ថ្មី «​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ មហា​រាជ»

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​២៦ ខែ​កក្កដា ឆ្នាំ​២០២០ នេះ នៅ​ឯ​នគរ​ហ្លួង​​វៀងចន្ទន៍ ប្រទេស​លាវ មាន​ចាត់​ពិធី​បុណ្យ​យ៉ាង​ធំ​សម្ពោធ​ព្រះ​បរម​រូប​ធ្វើ​អំពី​សំរឹទ្ធ​ អតីត​ព្រះ​មហា​ក្សត្រិយ៍​លាវ ​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ មហា​រាជ​។ ពិធី​សម្ពោធ​នេះ​បាន​ទទួល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​បក្ស​រដ្ឋ និង​ប្រជាជន​លាវ​ជា​ច្រើន​កុះ​ករ​។

ព្រះ​បរម​រូប​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ថ្មី​​ ដែល​សាង​ឡើង​ក្នុង​ឥរិយាបទ​ប្រថាប់​លើ​ដំរី ដែល​ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ​នា​ថ្ងៃ​នេះ សាង​អំពី​សំរឹទ្ធ ដោយ​មាន​ទម្ងន់​សរុប​ចំនួន​១៨​តោន និង​មាន​តម្លៃ​ប្រមាណ​៣៨​ពាន់​លាន​គីប ឬ​ប្រមាណ​ ១៧.៣៤៩.០៣១.១០០​រៀល​។ ពិធី​នេះ​បាន​ចាត់​ធ្វើ​ឡើង​នៅ​ឯ​ខាង​មុខ​វាល​ព្រះ​ធាតុ​ហ្លួង ក្រុង​​វៀងចន្ទន៍ ខាង​មុខ​ព្រះ​បរម​រូប​ព្រះ​អង្គ​ដើម​ផង​។

បន្ទាប់​ពី​ពិធិ​សម្ពោធ​ស្រេច​រួច​រាល់ ព្រះ​បរម​រូប​នឹង​ត្រូវ​យក​ទៅ​តម្កល់​ឯ​ទី​រាជានុស្សាវរីយ៍​ថ្មី​មួយ​ឯ​ខេត្ត​​អត្តពើ (ល. ອັດຕະປື) ឬ​ខេត្ត​អាចម៍ក្រពើ តាម​តំណាល​របស់​ខ្មែរ ដើម្បី​រំឭក​ព្រះ​មហា​ករុណា​ធិគុណ និង​ព្រះ​រាជ​កិច្ច​របស់​ទ្រង់​ដែល​គ្រប់​គ្រង​អាណាចក្រ និង​ព្រះ​ពុទ្ធ​សាសនា មក​ដល់​ដែន​ដី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លាវ សព្វ​ថ្ងៃ​នេះ​។ សូម​បញ្ជាក់​ដែរ​ថា​ កាល​ពី​ឆ្នាំ​២០១៤ កន្លង​មក អាជ្ញាធរ​លាវ បាន​អនុម័ត​ការ​កសាង​ស្ថាន​រាជា​នុស្សាវរីយ៍​នៃ​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ក្នុង​ខេត្ត​អត្តពើ​ ដែល​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​​។

នៅ​ថ្ងៃ​ពេញ​បូរមី ខែ​កត្ដិក​​ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​ខេត្ត​អត្តពើ បាន​នាំ​គ្នា​ចាត់​បុណ្យ​សម្ពោធ និង​ធ្វើ​បុណ្យ​ព្រះ​បរម​ធាតុ​ព្រះ​ចៅ​ជេដ្ឋាធិរាជ នៅ​ឯ​វត្ត​ជ័យ​ជេដ្ឋា ត​ៗ​គ្នា​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​មក​ហើយ​។ ក្រៅ​ពី​នេះ​រដ្ឋាភិបាល​កុម្មុយនីស្ត​លាវ បាន​តាំង​ឈ្មោះ​ទីរួម​ស្រុក​មួយ​ជា​ «ទីរួម​ស្រុក​ជ័យ​ជេដ្ឋា​» ផង​ដែរ​។

ការ​កសាង​ព្រះ​បរម​រាជានុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ថ្មី​មួយ​ទៀត​នេះ គឺ​ជា​ចលនា​ចុង​ក្រោយ​បង្អស់​នៃ​ការបំផុស​បំផុល​ការ​ស្រឡាញ់​ជាតិ ស្រឡាញ់​ផែន​ដី​របស់​ប្រជាជន​ពី​សំណាក់​រដ្ឋការ​កុម្មុយនីស្ត​លាវ​។

ព្រះ​មហា​ក្សត្រិយ៍​ព្រះ​អង្គ​នេះ​គឺ​ជា​អ្នក​កសាង​ក្រុង​ច័ន្ទបុរី​សិរី​សត្តនាគនហុត កាល​ពី​ប្រមាណ​ជាង​៤៥០​ឆ្នាំ​មុន​ ដែល​ជា​ទីក្រុង​ថ្មី​របស់​អាណាចក្រ​លាន​ជាង និង​ត​មក​ព្រះ​អង្គ​បាន​ត្រាស់​ឲ្យ​កសាង​ព្រះ​ចេតិយ៍​ធាតុ​ហ្លួង​ដែល​ពេល​នេះ​បាន​ក្លាយ​ជា​វត្ថុ​ស័ក្តិសិទ្ធិ​មួយ​របស់​ប្រទេស​លាវ ហើយ​ព្រះ​បរម​រូប​ទី​១​របស់​ព្រះ​អង្គ​ក៏​បាន​ស្ថិត​នៅ​ខាង​មុខ​នៃ​ព្រះ​ធាតុ​នេះ​ផង​ដែរ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕

107789740_2947974698665236_7151064263173508126_o108034011_2947900162006023_4620673353432287989_o108178952_2947900298672676_5506610860134448417_o108556969_2947900512005988_3983646520389261129_o

________________________________________________
អាន​ផង​ដែរ​៖
១. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ
២. លាវ​សាង​អនុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ជាប់​កម្ពុជ​ប្រទេស
៣. លាវ​តាំង​សម្ពោធ​រាជា​នុស្សាវរីយ៍ ព្រះ​ចៅ​ជ័យ​ជេដ្ឋាធិរាជ មហា​រាជ

%d bloggers like this: