jump to navigation

រាជា​និយម​នៅ​ក្នុង​រជ្ជ​កាល​នៃ​រាមា​ទី​១០ ថ្ងៃអង្គារ 28 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

ថ្ងៃ​នេះ (​២៨ កក្កដា ២០២០​) នគរ​ថៃ​​កំពុង​ប្រារព្ធ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍​ខ្លួន  ព្រះ​បាទ​ សម្ដេច​ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០ គម្រប់​​៦៨​ព្រះ​វស្សា​​។ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ប្រទេស​ថៃ​ប្រារព្ធ​ព្រះ​រាជ​ពិធី​​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ បន្ទាប់​ពី​ទ្រង់​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​បន្ត​ពី​ព្រះ​រាជ​បិតា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦​ មក​​។ រយៈ​ពេល​៤​ឆ្នាំ ក្រោម​រជ្ជកាល​ថ្មី​នៃ​រាមា​ទី​១០ បាន​លេច​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​អនាគត​មិន​ស្រស់​ថ្លា​នៃ​របប​រាជា​និយម​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ធ្លាប់​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​មហិមា​ពី​សំណាក់​ប្រជាជន​នៃ​ប្រទេស​នេះ​។

ឲ្យ​មែន​ទែន​ទៅ​ការ​បាត់​បង់​ប្រជា​ប្រិយ​នៃ​របប​រាជា​និយម​នៅ​ប្រទេស​ថៃ មាន​ឡើង​តាំង​ពី​រជ្ជកាល​មុន (​រាមា​ទី​៩​) មក​ម្ល៉េះ​។ ច្បាប់​ដាក់​ទោស​ទណ្ឌ​ស្ដី​អំពី​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រិយ៍ បាន​ក្លាយ​ជា «​ឧបករណ៍​» មួយ​ក្នុង​ការ​រារាំង​ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ដែល​ជា​ការ​ប្រមាថ ឬ​អាប់​ឱន​ចំពោះ​ព្រះ​ចេស្ដា​អង្គ​ព្រះ​មហា​ក្សត្រិយ៍ ព្រះ​រជ្ជ​ទាយាទ និង​រហូត​ដល់​​ភូ​សម្រេច​រាជការ​ផង​។ ជា​រឿយ​ៗ​ច្បាប់​នេះ​ទទួល​បាន​ការ​រិះ​គន់​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​នានា​។

ប្រទេស​ថៃ​បាន​បន្ត​ដើរ​តាម​គន្លង​រាជា​និយម​បែប​សម័យ​បូរាណ ដែល​ព្រះ​មហា​ក្សត្រិយ៍​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិទេព ជា​ម្ចាស់​ជីវិត​នៃ​បណ្ដា​ពួង​ប្រជា​ទាំង​អស់​ បើ​ទោះ​បី​ជា​រាជានិយម​បែប​ផ្ដាច់​ការ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ជា​រាជានិយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ កាល​ពី​ឆ្នាំ​១៩៣២ នោះ​មក​ហើយ​ក្ដី​។ ការ​នេះ​បាន​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​សទ្ធានៃ​ប្រជាជន​សៀម​មាន​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​របស់​គេ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមាទី៩) តាំង​តែ​ពី​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម រហូត​ដល់​ទ្រង់​សោយ​ព្រះ​ទិវង្គត​

បើ​ទោះ​បី​ជា​សទ្ធា​នៃ​ការ​គោរព​បូជា​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រិយ៍ ព្រម​ទាំង​ចលនា​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​ដ៏​សម្បូរ​បែប និង​មហិមា​ក្នុង​ការ​​លើក​កម្ពស់​កិត្យានុភាព​​នៃ​ព្រះ​ចៅ​ផែន​ដី របប​រាជា​និយម​នៃ​ប្រទេស​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា​ពិត​ជា​ផ្កា​រីក​ដ៏​ស្រស់​ប្រិម​ប្រិយ​នោះ​ទេ​។ បណ្ដា​អ្នក​នយោបាយ អ្នក​ត​ស៊ូ​មតិ ព្រម​ទាំង​ពល​រដ្ឋ​ថៃ​ជា​ច្រើន​ផង (​បើ​ទោះ​បី​ជា​មិន​ចេញ​មុខ​ដោយ​ត្រង់​ក្ដី​) នៅ​តែ​មាន​មន្ទិល​អំពី​អព្យាក្រឹត​ភាព​នៃ​អង្គ​ព្រះ​មហា​ក្សត្រិយ៍​ ការ​ប្រើ​ប្រាស់​ច្បាប់​ស្ដី​អំពី​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រិយ៍​ចំពោះ​គូ​បដិបក្ខ​ខាង​នយោបាយ និង​បាន​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​ដ៏​ជាក់​លាក់​មួយ​ ជា​ពិសេស​ចំពោះ​អ្នក​តស៊ូ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស​។ ជា​រឿយ​ៗ ការ​និយាយ​អំពី​ការ​បង្កើត​ប្រទេស​ថៃ «​សាធារណ​រដ្ឋ​» មួយ​ត្រូវ​បាន​លើក​ឡើង បើ​ទោះ​ជា​លទ្ធភាព​ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​​សែន​ឆ្ងាយ​ក៏​មែន​ពិត​។

មក​ដល់​រជ្ជកាល​ថ្មី​នៃ​រាមា​ទី​១០ នេះ របប​រាជានិយម​នៅ​ប្រទេស​ថៃ​កាន់​តែ​បាត់​បង់​ប្រជា​ប្រិយភាព​ក្នុង​រង្វង់​ធំ​។ ជា​ការ​ពិត អង្គ​រាមា​ទី​១០ ពិត​ជា​មិន​អាច​មាន​ប្រជា​ប្រិយភាព​ប្រដូច​នឹង​ព្រះ​រាជ​បិតា​របស់​ទ្រង់​ទេ​។ ប្រជា​ប្រិយភាព​នៃ​ព្រះ​អង្គ​ហាក់​ដូច​ជា​មិន​មាន​ការ​កើន​ឡើង​ទាល់​តែ​សោះ តាំង​តែ​ពី​មុន​ពេល​ទ្រង់​ឡើង​ស្នង​រាជ្យ​មក​ម្ល៉េះ​។

ក្រៅ​តែ​អំពី​បញ្ហា​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​នៃ​ព្រះ​អង្គ (​គ្រួសារ​) ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​មិន​ទទួល​បាន​ការ​ស្មោះ​ស្ម័គ្រ​ពី​អាណា​ប្រជា​នុរាស្ត្រ​មក ព្រះ​រាជ​ករណី​យ​កិច្ច​រយៈ​ពេល​៤​ឆ្នាំ​នៃ​រជ្ជកាល​របស់​ព្រះ​អង្គ​មក​ដល់​គ្រា​នេះ ក៏​មិន​ទាន់​ទទួល​បាន​ការ​មើល​ឃើញយ៉ាង​ប្រចក្ស​​ពី​សំណាក់​ប្រជារាស្ត្រ​នៃ​ទ្រង់​ផង​ដែរ​​។ ការ​ដែល​ទ្រង់​ចំណាយ​ពេល​វេលា​ច្រើន​នៅ​បរទេស (ទ្រង់​ពំនាក់​ភាគ​ច្រើន​នៅ​ប្រទេស​​អាល្លឺម៉ង់) បាន​ធ្វើ​ឲ្យ​មាន​គម្លាត​រវាង​ទ្រង់​និង​ប្រជា​រាស្ត្រ ព្រម​ទាំង​ព្រះ​រាជ​ករណីយ​កិច្ច​ផ្សេង​ៗ ដែល​តម្រូវ​ឲ្យ​ទ្រង់​មាន​ព្រះ​រាជ​វត្តមាន​ ជា​ដើម​។

រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រជាជន​ថៃ​ក្នុង​ស្រុក​ច្រើន​ឡើង​ៗ បាន​ហ៊ាន​និយាយ​ដោយ​ចំហ​ទាក់​ទង​នឹង​របប​រាជា​និយម ដែល​ប្រការ​នេះ​ហាក់​​ដូច​ជា​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​។ ជា​មួយ​នឹង​បរិបទ និង​ចលនា​នៃ​ពិភព​លោក កំណែ​ទម្រង់​នៃ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ទំនង​ជា​អាច​កើត​មាន​ឡើង​នៅ​ក្នុង​រជ្ជ​សម័យ​នៃ​រាមា​ទី​១០​នេះ​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បែក​បាក់​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​ថៃ ដែល​រហូត​មក​ដល់​ពេល​នេះ​ហាក់​បី​ដូច​ជា​មិន​ទាន់​មាន​ឃើញ​ពន្លឺ​នៅ​ចុង​នៃ​រូង​ភ្នំ​ក្ដី អាច​នឹង​ក្លាយ​ជា​វិញ្ញាសា​មួយ​សម្រាប់​អង្គ​រាមា​ទី​១០ ក្នុង​ការ​ដោះ​ស្រាយ ឬ​អាច​ថា​នឹង​ធ្វើ​ឲ្យ​ប្រជា​ប្រិយ​ភាព​របស់​ព្រះ​អង្គ​កើត​មាន​ច្រើន​ឡើង​នៅ​ពេល​អនាគត​ក៏​ថា​បាន​៕

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ ចម្រើន​ព្រះ​ជន្ម​រាមា​ទី​១០

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: