jump to navigation

អត្ថបទ​ប្រែ ៖ ខ្មែរ​សម័យ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ អ្នក​សាង «​ភ្នំ​បាខែង​» ប្រាសាទ​ថ្ម​នៃ​ក្រុង​អង្គរ ថ្ងៃ​ព្រហស្បតិ៍ 30 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.
3 comments

កកន ៖ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា เขมรยุคพระเจ้ายโศวรมันที่ 1 ผู้ทรงสร้าง “พนมบาแค็ง” ปราสาทหินแห่งเมืองพระนคร ឬ​​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា ខ្មែរ​សម័យ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ អ្នក​សាង «​ភ្នំ​បាខែង​» ប្រាសាទ​ថ្ម​នៃ​ក្រុង​អង្គរ​

ដោយ​ឃើញ​ថា​អត្ថបទ​លក្ខណៈប្រវត្តិសាស្ត្រ​នេះ​មាន​សារសំខាន់ និង​ទាក់​ទង​នឹង​ប្រវត្តិ​ស្រុក​ភូមិ​យើង​ផង ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​​ឯកសារ​ នៅ​ទី​នេះ ដូច​ត​ទៅ​។

ប្រាសាទ​ភ្នំ​បាខែង (phnom bakheng) ថត​កាល​ពី​ថ្ងៃ​ទី​៥ មីនា ២០០៧ (Photo by TANG CHHIN SOTHY / AFP)

នៅ​ឯ​បរិវេណ​ក្រុង​សៀមរាប មាន​ភ្នំ​សំខាន់​៣​កន្លែង​គឺ ភ្នំ​បាខែង ភ្នំ​ក្រោម និង​ភ្នំ​បូក​។

ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ទ្រង់​បាន​រើស​យក​ភ្នំ​បាខែង ដែល​ជា​ភ្នំ​ទាប​ជាង​គេ​ក្នុង​ចំណោម​ភ្នំ​ទាំង​បី​មក​ធ្វើ​ជា​ចំណុច​កណ្ដាល​នៃ​រាជ​ធានី ដោយ​ទ្រង់​បាន​សាង​សាសន​ស្ថាន​លើ​ភ្នំ​នេះ​។

ចំណែក​ភ្នំ​ក្រោម និង​ភ្នំ​បូក សាសន​ស្ថាន​លើ​កំពូល​ភ្នំ​ក៏​មាន​បែប​ផែន​ក្នុង​លក្ខណៈ​ដូច​គ្នា​ដែរ ដោយ​កសាង​ប្រាសាទ​ថ្ម​​ភក់​ចំនួន​៣​ថ្វាយ​ចំពោះ​ទេព​​សំខាន់​ៗ​៣​អង្គ​គឺ ព្រះ​ព្រហ្ម ព្រះ​វិស្ណុ និង​ព្រះ​សិវៈ​។

ព្រះ​បាទ​យសោ​វរ្ម័ន​ទ្រង់​បាន​អភិវឌ្ឍ​ផ្នែក​សាសនា​ដូច​គ្នា​ទៅ​នឹង​បែប​ផែន​ភូមិ​បញ្ញា​របស់​រាជ​អាណាច​ក្រ ដោយ​ការ​សាង​សាសន​ស្ថាន​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​សាសនា​ទាំង​បី​ដែល​សំខាន់​នោះ​គឺ សាសនា​ហិណ្ឌូ​លទ្ធិ​សៃវនិកាយ សាសនា​ហិណ្ឌូ​លទ្ធិ​វៃសណ្វនិកាយ និង​ពុទ្ធ​សាសនា​។ សាសន​ស្ថាន​ទាំង​នេះ​មិន​ត្រឹម​តែ​មាន​ព្រះ​សង្ឃ​ប៉ុណ្ណោះ​ទេ ក៏​នៅ​មាន​អ្នក​ស្វែង​បុណ្យ និង​អ្នក​សិក្សា​ដែល​ត្រូវ​បាន​សិក្សា​ផ្នែក​​ប្រាជ្ញា​យ៉ាង​ជ្រៅ​ជ្រះ​ផង​។

ព្រះ​បាទ​យសោ​វរ្ម័ន​ទ្រង់នៅ​បាន​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អាណា​បរិវេណ​ក្រុង​អង្គរ​ផង​ដែរ​។ នៅ​ទិស​ខាង​លើត​នៃ​ក្រុង​អង្គរ​បាន​រាជានុញ្ញាតិ​ឲ្យ​រីក​បារាយណ៍​ខាង​កើត (យសោធរ​ត្ដាកៈ​) ដែល​ជា​អាង​ផ្ទុក​ទឹក​មហិមា​ផង មាន​ប្រវែង​៧​គីឡូ​ម៉ែត្រ និង​ទទឹង​១,៨​គីឡូ​ម៉ែត្រ​តាម​លំដាប់​។

ដើម្បី​ផ្សារ​ភ្ជាប់​រាជ​ធានី​ថ្មី​នឹង​រាជធានី​ចាស់ ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ព្រះ​អង្គ​បាន​កសាង​ផ្លូវ​ពី​ទ្វារ​ទិស​ខាង​កើត​នៃ​ក្រុង​យសោ​ធរ​បុរៈ​ទៅ​កាន់​ទិស​​ឦសាន​របស់​បារាយណ៍​នៃ​ក្រុង​ហរិហរាល័យ​។

ប្រាសាទ​ភ្នំ​បាខែង លើ​ភ្នំ​កណ្ដាល​ក្រុង​អង្គរ ទី​តាំង​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ផ្សារ​ភ្ជាប់​​ជាមួយ​ព្រះ​ឥសូរ​តាម​គតិ​ទេវ​រាជា ក្រោយ​ស្ដេច​សោយ​ព្រះ​ទិវង្គត​ (​រូប​ភាព​ពី​សៀវភៅ​ចក្រពត្តិរាជ ទី​ពឹង​នៃ​មហាជន​ជាតិ​សៀម​)

រាជ​អាណាច​ក្រ​ខ្មែរ​បាន​វិវត្ត​យ៉ាង​ធំ​ធេង​ខ្លាំង​ឡើង​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​យសោ​វរ្ម័ន​។ ព្រះ​បាទ​យសោ​វរ្ម័ន​ទ្រង់​បាន​ពង្រីក​អាណា​ខេត្ត​ដោយ​សន្តិវិធី​ទៅ​ទិស​ខាង​កើត ដោយ​ការ​អភិវឌ្ឍ​តំបន់​ទាំង​នោះ​។

សង្គ្រាម​ដែល​មាន​តែ​ម្ដង​គត់​ដែល​យើង​បាន​ដឹង​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​អង្គ​គឺ ការ​យក​ឈ្នះ​លើ​ទឹក​ជាមួយ​ជន​ជាតិ​ម៉ាឡេ ឬ​ជន​ជាតិ​ចាម​​។

ព្រះ​បាទ​យ​សោ​វរ្ម័ន​ទី​១ ស្ដេច​សោយ​ព្រះ​ទិវង្គត​នៅ​ប្រមាណ​គ.ស.​៦០០​ (កកន ៖ ទំនង​ជា​ច្បាប់​ភាសា​ថៃ​វាយ​ខុស តាម​ពិត​គឺ​ឆ្នាំ​៩០០)។ នៅ​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​នៃ​រជ្ជកាល​របស់​ព្រះ​អង្គ ជា​សម័យ​ដែល​រីកចម្រើន​រុង​រឿង​មិន​ធ្លាប់​មាន​​។ ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ទ្រង់​បាន​ទទួល​ព្រះ​នាម​ក្រោយ​សុវណ្ណគត​ថា «​បរម​សិវ​លោក​»​

ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ទ្រង់​មាន​ព្រះ​ឱរស​ចំនួន​២​ព្រះ​អង្គ ដែល​បាន​ស្នង​រាជ្យ​បន្តមក​គឺ ព្រះ​បាទ​ហស៌​វរ្ម័ន​ទី​១ និង​ព្រះ​បាទ​ឦសាន​វរ្ម័ន​ទី​២​។ នៅ​ក្នុង​ឆ្នាំ​៩០០​ នៅ​ពេល​ដែល​ព្រះ​រាជ​បិតា​សោយ​ព្រះ​ទិវង្គត​នោះ ព្រះ​បាទ​ហស៌​វរ្ម័ន​​ដោយ​សារ​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ក្មេង​នៅ​ឡើយ​និង​មិន​មាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង ទើប​ធ្វើ​ឲ្យ​រយៈ​ពេលា​នៃ​រជ្ជកាល​ព្រះ​អង្គ​មិន​ប្រាដក​មាន​រាជកិច្ច​ដែល​សំខាន់​នោះ​ឡើយ​។

នៅ​ឆ្នាំ​៩២១ ព្រះ​មាតុលា​របស់​ព្រះ​បាទ​ហស៌​វរ្ម័ន ដែល​ជា​ជេដ្ឋា​របស់​មេហសី​នៃ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ដែល​ទ្រង់​ព្រះ​នាម​ថា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ដណ្ដើម​អំណាច​ពី​​ព្រះ​នត្តា​។ ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៤ បាន​ស្ដេច​ចេញ​ពី​ក្រុង​យសោ​ធនរ​បុរៈ​ទៅ​សាង​រាជ​ធានី​ថ្មី​ឯ​កោះ​កេរ ២​ឆ្នាំ​ក្រោយ​ព្រះ​បាទ​ហស៌​វរ្ម័ន​ទី​១ ចូល​ព្រះ​ទិវង្គត​។

ប្រាសាទ​ភ្នំ​បាខែង (​រូប​ពី​សិល្បៈ​វឌ្ឍន​ធម្ម ច្បាប់​តុលា ១៩៩៤)

ហេតុ​នេះ​នៅ​មាន​ការ​បែង​ចែក​រវាង​ក្សត្រិយ៍​ពីរ​ព្រះ​អង្គ នោះ​គឺ​ក្សត្រិយ៍​ដែល​គ្រង​រាជ្យ​តាម​នីតិន័យ គឺ​ព្រះ​បាទ​ឦសាន​វរ្ម័ន​ទី​២ ដែល​ប្រថាប់​ឯ​ក្រុង​អង្គរ និង​ក្សត្រិយ៍​ជ្រែ​រាជ្យ​គឺ​ព្រះ​បាទ​ជយ​វរ្ម័នទី​៤ ប្រថាប់​ឯ​កោះកេរ​។

ហេតុការណ៍​បាន​​បន្ត​រហូត​មល​ដល់​ឆ្នាំ​៩២៨ នៅ​ឆ្នាំ​នោះ​ព្រះ​បាទ​ឦសាន​វរ្ម័ន​បាន​សោយ​ព្រះ​ទិវង្គត ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៤ ទ្រង់​ក្លាយ​ជា​រជ្ជ​ទាយាទ​របស់​ព្រះ​អង្គ​។

ទោះ​បី​ជា​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​ដែល​នៅ​ក្មេង និង​សោយ​ទិវង្គត​ក្នុង​វ័យ​រឹង​មាំ​ រួម​ទាំង​មាន​ការ​ដណ្ដើម​អំណាច​ដោយ​ព្រះ​បាទ​ជយ​វរ្ម័នទី​៤​ក្ដី តែ​រាជ​អាណាចក្រ​ខ្មែរ​ក៏​នៅ​មាន​ភាព​រឹង​មាំ​បាន​យ៉ាង​ល្អ​៕


ផ្សព្ធ​ផ្សាយ​ដំបូង កាល​ពី​ថ្ងៃ​ទី​២៩ តុលា ២០២០

https://www.silpa-mag.com/history/article_51959

______________________________________________________
អាន​ផង​ដែរ ៖
១. เขมรยุคพระเจ้ายโศวรมันที่ 1 ผู้ทรงสร้าง “พนมบาแค็ง” ปราสาทหินแห่งเมืองพระนคร
២. ទស្សនៈ​ថៃ ករណី​ខ្មែរ និង​ខម

%d bloggers like this: