jump to navigation

ខួប​ឆ្នាំ​ទី​៦៥ ពិធី​សម្ពោធ​បើក​ទី​សំណាក់​ការ​ថ្មី​នៃ​សមាគម​សង្គហ​នារី ថ្ងៃសៅរ៍ 1 ខែសីហា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

ភ្នំពេញ – កាល​ពី​ថ្ងៃ​ទី​ ១ សីហា ១៩៥៥ នៅ​ទី​សំណាក់​ការ​ថ្មី​នៃ​សមាគម​សង្គហ​នារី តាំង​នៅ​ផ្ទះ​លេខ ៩៣ តិរ​វិថី «​ពិគេ​» ក្រុង​ភ្នំពេញ​មាន​ធ្វើ​ពិធី​សម្ពោធ​យ៉ាង​ឧឡារិក​បើក​ទី​សំណាក់​ការ​ថ្មី​ក្រោម​ព្រះ​រាជាធិបតីភាព​នៃ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​ក្រោម​កិច្ច​ចាត់​ចែង​ដ៏​ខ្ពង់​ខ្ពស់​នៃ​សម្ដេច​ព្រះ​រាជ​កនិដ្ឋា​រស្មី​សោភ័ណ ជា​អធិបតី​នៃ​សមាគម​សង្គហ​នារី​នេះ ។

web_22web_22

នៅ​លើ​ព្រះ​ពន្លា​មួយ​ដែល​សង់​នៅ​ចំ​ពី​មុខ​ទី​សំណាក់​ការ​នៃ​សមាគម សឹង​ពេញ​ទៅ​ដោយ​ភ្ញៀវ​កិត្តិយស​ទាំង​បុរស​-​ស្ត្រី​បាន​អញ្ជើញ​ទៅ​ជួប​ជុំ​ក្នុង​ពេល​នោះ ។

លុះ​ដល់​ម៉ោង ១០ នឹង ១៥ នាទី ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រម​ទាំង​រាជ​បរិពារ ហែ​អម​ព្រះ​អង្គ​មក​ផង បាន​ស្ដេច​យាង​ទៅ​ដល់​, នៅ​ពេល​នោះ​ក្រុម​ទាហាន​រក្សា​ព្រះ​អង្គ ១ ក្រុម លើ​អាវុធ​វន្ទា​គោរព ឯ​ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ក៏​បន្លឺ​បទ «​ចរ​លីលា​» ពេល​ដែល​ព្រះ​ភូមិន្ទ​យាង​ចុះ​ពី​រថយន្ត​ព្រះ​ទី​នាំង ក្រុម​ភ្លេង​ក៏​ចាប់​បន្លឺ​បទ​ «​នគរ​រាជ​» ជា​ព្រះ​រាជ​កិត្តិយស ។ ហើយ​ព្រះ​នរបតី​ស្ដេច​យាង​ឡើង​លើ​ព្រះ​ពន្លា​ជ័យ ព្រះ​អង្គ​បាន​ទទួល​នូវ​សេចក្ដី​គោរព​ដ៏​ជ្រាល​ជ្រៅ​អំពី​ភ្ញៀវ​កិត្តិយស​ទាំង​បុរស​-​ស្ត្រី ។

បន្ទាប់​មក​លោក​ស្រី សំ – សារី បាន​ឡើង​ថ្លែង​សុន្ទរ​កថា​មួយ ជា​ភាសា​បារាំង រៀប​រាប់​អំពី​កំណើត​គោល​បំណង​​ក្នុង​ការ​ជួយ​សង្គ្រោះ​មាតា​នឹង​ទារក សកម្ម​ភាព​ផ្សេង​ៗ នៃ​សមាគម​សង្គហ​នារី​នេះ ពី​ជំនួយ​គ្រប់​ជំពូក​ដល់​សមាគម​ជា​ដើម ។ល។

web_22web_22

ក្រោយ​ពេល​ដែល​ចប់​សុន្ទរ​កថា សម្ដេច​ព្រះ​រាជ​កនិដ្ឋា​រស្មី​សោភ័ណ ទ្រង់​ថ្វាយ​បង្គំ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដើម្បី​ទៅ​កាត់​ខ្សែ​បូរ ដែល​ចង​សន្ធឹង​រាំង​ទ្វារ​ចូល ដែល​ជា​កិច្ច​បើក​ពិធី​សម្ពោធ​ទី​សំណាក់​ការ​ថ្មី​នេះ ហើយ​ព្រះ​ភូមិន្ទ​ស្ដេច​យាង​ចូល​ទៅ​ទត​បន្ទប់​ទី​សំណាក់​ការ កន្លែង​នោះ​តូច​ល្មម​ទេ តែ​បាន​រៀប​ចំ​ស្អាត​បាត​មាន​របៀប​រៀប​រយ​ល្អ គួរ​ចាត់​ទុក​ជា​ទី​សំណាក់​ការ​របស់​សមាគម​នេះ​បាន​ពេញ​កិត្តិយស​ ។

នៅ​ពេល​ក្រោយ​ដែល​លៀង​នំ​-​ភេសជ្ជៈ​រួច ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទ្រង់​យាង​ត្រឡប់​ចូល​ទៅ​ព្រះ​បរម​រាជ​វាំង​វិញ នៅ​ម៉ោង ១១ នឹង ៥ នាទី បណ្ដា​ភ្ញៀវ​ទាំង​ឡាយ​ក៏​ត្រឡប់​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន ជា​កិច្ច​បញ្ចប់​ពិធី​សម្ពោធ​សមាគម​សង្គហ​នារី តែ​ប៉ុណ្ណេះ ។

%d bloggers like this: