jump to navigation

ប្រពៃណី​បុណ្យ​សរទ​ថៃ ឬ​បុណ្យ​សរទ​ខែ​ភទ្របទ (ត​ចប់​) ថ្ងៃអង្គារ 8 ខែកញ្ញា 2020

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

ត​មក​ពី​ប្រកាស​មុន ប្រពៃណី​បុណ្យ​សរទ​ថៃ ឬ​បុណ្យ​សរទ​ខែ​ភទ្របទ

កន្ត្រក​​ស្លាក​មាន​ពីរ​បែប​គឺ ៖
១. កន្ត្រក​តូច ជា​កន្ត្រក​ស្លាក​សម្រាប់​យក​ទៅ​ថ្វាយ​ទាន​ឲ្យ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ទាំង​ញាតិ​បង​ប្អូន មិត្រ​ជិត​ឆ្ងាយ ឬសូម្បី​តែ​សត្វ​ចិញ្ចឹម​ដែល​យើង​ធ្លាប់​ស្រឡាញ់ និង​មាន​គុណ​ចំពោះ​យើង​កាល​គ្រា​នៅ​មាន​ជីវិត​ ដូច​ជា ដំរី សេះ គោ ក្របី និង​សុនខ ជា​ដើម ឬ​ប្រសិន​បើ​មិន​ដឹង​ថា​នឹង​ថ្វាយ​ទាន​ទៅ​ឲ្យ​នរណា​ក៏​ថ្វាយ​ទាន​ទុក​ពេល​ខាង​មុខ​។
២. កន្ត្រក​ធំ ជា​កន្ត្រក​ដែល​​ចាត់​ធ្វើ​ឡើង​ធំ​ជា​ពិសេស​ដែល​ផ្ទុក​របស់​របរ​បាន​ច្រើន ថ្វាយ​ជា​មហា​កុសល​សម្រាប់​អ្នក​ដែល​មាន​កម្លាំង​សទ្ធា និង​ឋានៈ​ល្អ ជា​បច្ច័យ​រាប់​ថា​បាន​កុសល​ខ្លាំង

ស្លាក​ដែល​តែង​តែ​ចាត់​ធ្វើ​ឡើង​ជា​ពិសេស​ម្យ៉ាង​វិញ​ទៀត​គឺ «​ស្លាក​សំណាង​» ជា​ទូទៅ​ជា​ស្លាក​អ្នក​ដែល​មាន​ឋានៈ​លំដាប់​សេដ្ឋី (អ្នក​ខ្លះ​) ដែល​មាន​បំណង​ធ្វើ​បុណ្យ​ឧទ្ទិស​ចំណែក​កុសល​ទៅ​ឲ្យ​មាតា​បិតា ឬ​ញាតិ​មិត្រ​ដែល​បាន​ចែក​ឋាន​ទៅ​រាប់​ថា​ជា​ការ​សម្ដែង​ក្ដី​កត្តញ្ញូ​ដឹង​គុណ​។ ជា​ទូទៅ​ជា​ស្លាក​ដែល​ធ្វើ​ឡើង​ធំ​ខ្ពស់​ដោយ​យក​វត្ថុ​​ជា​របស់​ប្រើ​ប្រាស់​នានា​មក​ចង​ភ្ជាប់​នឹង​ដើម​ស្លាក ដូច​ជា​ភួយ កន្ទេល ខ្នើយ ឆ្នាំង ប្រដាប់​ចំហុយ​បាយ ឆ្នាំង​សំឡ ចាន ស្លាប​ព្រា ឆត្រ សំលៀក​បំពាក់ អាហារ​ក្រៀម​ផ្សេង​ៗ​ និង​ធនបត្រ​នានា​ជា​ដើម​។ ដើម​ស្លាក​នឹង​មាន​ការ​តុប​តែង​ឲ្យ​ស្រស់​ស្អាត​​ជាង​ស្លាក​ធម្មតា​។

មុន​នឹង​យក​កន្ត្រក​ស្លាក​ទៅ​រួម​គ្នា​ឯ​វត្ត ត្រូវ​សរសេរ​ឈ្មោះ​នៅ​នឹង​ស្លាក​ជាមុន​សិន ដោយ​ម្ចាស់​ស្លាក​យក​ស្លឹក​ទ្រាំង​មក​កាត់​វែង​ៗ​ប្រមាណ​៣ ទៅ​៥​សង់ទីម៉ែត្រ ដោយ​សរសេរ​ឈ្មោះ​ខ្លួន ព្រម​ទាំង​ប្រាប់​ថា​ឧទ្ទិស​ចំណែក​កុសល​ទៅ​ឲ្យ​នរណា​ខ្លះ​។ បច្ចុប្បន្ន​នេះ​សរសេរ​នៅ​លើ​ក្រដាស​ជំនួស​វិញ​។ ពាក្យ​ចារឹក​ដែល​សរសេរ​នោះ តែង​មាន​សេចក្ដី​ដូច​នេះ

ចេតិ តានំ កន្ត្រក​ស្លាក​មួយ​នេះ មាន​ខ្ញុំ​ឈ្មោះ ……………………….. ជា​ទាន​នៃ​ខ្លួន​នឹង​ត​ទៅ​ពេល​ខាង​មុខ សុំ​សុខ​បី​ប្រការ មាន​និព្វាន​ជា​កំពូល​អឺយ​……………………………..។

នៅ​ពេល​យក​កន្ត្រក​ស្លាក​ទៅ​រួម​គ្នា​ឯ​វត្ត​ហើយ ក្រដាស​ស្លាក​នឹង​ត្រូវ​យក​ទៅ​កង​រួម​គ្នា​នៅ​ខាង​មុខ​ព្រះ​បដិមា​ឯខាង​ក្នុង​ព្រះ​វិហារ​។ បន្ទាប់​មក​ទាយក​ដែល​ជា​ប្រធាន​ក៏​យក​លេខ​មក​បិទ​សម្រាប់​បាយ​សំឡ​របស់​ម្ចាស់​មួយ​ៗ និង​ចុះ​លេខ​។ នៅ​ពេល​ពិធី​កម្ម​សាសនា​បាន​បញ្ចប់​រួច​រាល់​ហើយ ក្រដាស​ស្លាក​ក៏​នឹង​យក​មក​ចាប់​ដោយ​ព្រះ​សង្ឃ​ដែល​បាន​និមន្ត​មក​ពី​វត្ត​នានា ដោយ​មួយ​អង្គ​​បាន​៥ ឬ​១០ ទៅ​តាម​ករណី​នីមួយ​ៗ​។ មួយ​ចំណែក​ត្រូវ​ចែក​ឲ្យ​វត្ត​ម្ចាស់​បុណ្យ​​។ មុន​ដល់​ម៉ោង​ចង្ហាន់​ថ្ងៃ ព្រះ​សង្ឃ​ក៏​យក​ក្រដាស​ស្លាក​ទៅ​អាន ដោយ​ចាប់​ផ្ដើម​ពី​ចៅ​អធិការ ដោយ​ព្រះ​សង្ឃ​ចាប់​បាន​លេខ​មួយ​ណា​ក៏​ទៅ​ឆាន់​ចង្ហាន់​ដែល​ម្ចាស់​នាំ​មក និង​មុន​ពេល​ចាប់​ស្លាក​ក៏​មាន​ការ​ស្ដាប់​ធម្ម​ទេសនា​យ៉ាង​តិច​មួយ​កណ្ឌ​ផង​ដែរ​។ បន្ទាប់​ពី​នោះ ក៏​មាន​ការ​លើក​របស់​ប្រគេន​តាម​ស្លាក​។ ពេល​ព្រះ​សង្ឃ​ឆាន់​រួច​រាល់​ហើយ ក៏​មាន​ការ​អនុមោទនា និង​ឲ្យ​សីល ឲ្យ​ពរ​ម្ចាស់​របស់​ក៏​ច្រូច​ទឹក​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ញាតិ​មិត្រ​ដែល​បាន​ចែក​ឋាន​ទៅ ជា​ការ​ចប់​ពិធី​។

តំបន់​ខាង​ត្បូង

មាន​ប្រពៃណី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​បុគ្គល​ដែល​បាន​ចែក​ឋាន​ទៅ នៅ​ខែ​​ភទ្របទ​ ដោយ​ធ្វើ​ឡើង​ពីរ​ដង​គឺ​ ថ្ងៃ​១​រោច ខែ​ភទ្របទ ម្ដង និង​១៥​រោច ខែ​ភទ្របទ ម្ដង​ទៀត​។ ដោយ​មាន​ជំនឿ​ថា ជី​ដូន​ជី​តា និង​ញាតិ​មិត្រ​បង​ប្អូន​ដែល​បាន​ចែក​ឋាន​ទៅ ជា​ពិសេស​អ្នក​ដែល​បាន​ធ្លាក់​នរក ឬ​ហៅ​ថា​ប្រែត​នោះ នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​មក​ជួប​ញាតិ​ខ្លួន​ឯ​ឋាន​មនុស្ស​នៅ​ថ្ងៃ​១​រោច ខែ​ភទ្របទ និង​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​។ ហេតុ​នេះ​ទើប​មាន​ការ​ធ្វើ​បុណ្យ​ពីរ​ពេល​នេះ​ តែ​ជា​ទូទៅ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ដោយ​សារ​មាន​អត្ថន័យ​សំខាន់​ជាង​៕​

_____________________________________________________________
អាន​ផង​ដែរ ៖
១. ប្រពៃណី​បុណ្យ​សរទ​ថៃ ឬ​បុណ្យ​សរទ​ខែ​ភទ្របទ

%d bloggers like this: