jump to navigation

Repost: សន្តិភាព​នៃ​កម្ពុជា​មិន​បាន​មក​ពី​​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​ផ្ដាច់​មុខ​ទេ ថ្ងៃចន្ទ 23 ខែតុលា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

ថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦ នេះ គឺជាខួបគម្រប់២៥ឆ្នាំ នៃកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស ស្ដីអំពីបញ្ហាខ្មែរ។ កិច្ចព្រមព្រៀងមួយដែលបើកផ្លូវគ្រប់ភាគីជម្លោះទាំងអស់នៅកម្ពុជារួបរួមគ្នាឡើងវិញ ព្រមទាំងបញ្ឈប់ការឈ្លានពានពីសំណាក់បរទេសជិតខាងមកលើប្រទេសកម្ពុជា ជាផ្លូវការផងដែរ។ ជាតថភាពប្រវត្តិសាស្ត្រ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៃ គឺបានមកពីភាគីដែលមានជម្លោះទាំងអស់ រួមទាំងការរួមជ្រោមជ្រែងយ៉ាងអស់ពីចិត្តពីថ្លើមពីសំណាក់ប្រទេសជាមិត្រនានាលើសាកលលោក ដោយគ្មាននរណាប្រកែកបាន។

រយៈពេល២៥ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពនេះ បានបើកផ្លូវឲ្យប្រជាជនខ្មែររស់នៅតាមសភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ និងការប្រកាន់នូវរបបដឹកនាំថ្មីមួយ ថ្វីបើរហូតមកដល់ពេលនេះ ដំណើរការលើមាគ៌ាថ្មីមួយនេះ នៅមានភាពរដិបរដុបនៅឡើយ តែជាការពិតវាទំនងជាដើរផ្លូវត្រូវមួយ ប្រសិនបើប្រជាជនខ្មែរ រួមគ្នាដើរ និងខ្នះខ្នែងច្រើនជាងនេះ។

ការនាំមកនូវសន្តិភាព បន្ទាប់ពីថ្ងៃ២៣ តុលា ១៩៩១ វាបានបង្កប់នូវន័យប្រវត្តិសាស្ត្រច្រើនអនេក។ ប្រការគួរឲ្យសោកស្ដាយបំផុតប្រសិនបើ សន្តិភាពនៅកម្ពុជានាពេលនេះ ត្រូវបានជនណាម្នាក់ ឬក្រុមណាមួយយកជាចំណាប់ខ្មាំង និងធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន និងផងខ្លួននោះ។ គ្រប់ភាគីជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គួរត្រូវបានលើកតម្កើង ផ្ដល់តម្លៃ និងផ្ដល់សមធម៌។

ជយោ! ខួបឆ្នាំទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្ដីអំពីកម្ពុជា!

Advertisements

ការ​លាប​ពណ៌​ខុស​ទ្រង់​ទ្រាយ​ដើម​នៃ​ព្រះ​មហា​ចេតិយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ថ្ងៃចន្ទ 25 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
add a comment

ក្នុង​ឱកាស​ខួប​ឆ្នាំ​ទី៤៨ឆ្នាំ សោយទិវង្គតនៃ​សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា ស្រែ​ខ្មុក​សូម​ទាញ​ចំណាប់​អារម្មណ៍​ប្រិយ​មិត្រ​អំពី​ការ​ផ្លាស់​ប្ដូរ​ពណ៌​​ព្រះ​មហា​ចេតិយ​នៃ​សម្ដេច​ជា​អម្ចាស់​ ដែល​បាន​សាង​ឡើង​នា​វត្ត​ឧណ្ណាលោម រាជ​ធានី​ភ្នំពេញ​។

បន្ទាប់​ពី​សម្ដេច​ជា​អម្ចាស់​ព្រះ​អង្គ​សោយ​ព្រះ​ទិវង្គត​ទៅ និង​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​បាន​ចប់​សព្វ​គ្រប់​មក​ មហា​ចេតិយ​ដ៏​ស្រស់​សង្ហារ​មួយ​ត្រូវ​បាន​សាង​សង់​ឡើង​ទល់​នឹង​មុខ​មហា​កុដិ​ព្រះ​អង្គ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ទី​ដែល​ព្រះ​អង្គ​សោយ​ព្រះ​ទិវង្គត​។ ព្រះ​មហា​ចេតិយ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​បញ្ចុះ​ព្រះ​អដ្ឋិ​នៃ​ព្រះ​អង្គ​នោះ ត្រូវ​បាន​រចនា​ឡើង​តាម​បែប​ខ្មែរ​បូរាណ ស័ក្ដិ​សម​ព្រះ​កិត្តិយស​នៃ​ព្រះ​អង្គ​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​កា​រ​ជួស​ជុល ដែល​ទំនង​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​វត្ត​ក្នុង​គោល​បំណង​ល្អ​មួយ ដែល​ដោយ​ប្រការ​ណា​មួយ​នោះ ព្រះ​មហា​ចេតិយ​នៃ​ទ្រង់​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ដើម ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​មក​ជា​ពណ៌​លឿង​ឆ្អិន​ បាត់​សម្រស់​ដើម និង​គ្មាន​លក្ខណៈ​សិល្បៈ​សូម្បី​តែ​បន្តិច​។

ម្ដង​ជា​ពីរ​ដង​ ការ​ស្ដារ ឬ​ជួស​ជុល​ណា​មួយ​ឡើង​វិញ រាល់​បូរាណ​ស្ថាន​នានា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ត្រូវ​បាន​ធ្វើ​ឲ្យ​រួច​រាល់​ពី​ដៃ ជា​ពិសេស​ការ​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ដើម​នោះ​ និង​ជា​រឿយ​ៗ​ទទួល​បាន​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​នានា​។ ដូច​គ្នា​នេះ​ដែរ គ្រប់​គ្នា​ពិត​ជា​យល់​ពី​ចេតនា​ល្អ​នៃ​ការ​ជួល​ជុល កែ​លម្អ និង​រចនា​ពណ៌​ឡើង​វិញ​នៃ​ព្រះ​មហា​ចេតិយ​នៃ​សម្ដេច​ជា​អម្ចាស់ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​រចនា​ និង​លាប​ពណ៌​ថ្មី គួរ​តែ​រក្សា​តាម​ពណ៌​ចាស់ ដោយ​មិន​យក​ពណ៌​លឿង​មួយ​មុខ​មក​គ្រប​បែប​នេះ​ទេ​។

ស្រែ​ខ្មុក​សង្ឃឹម​ថា ព្រះ​ចេតិយ​ព្រះ​អង្គ​នឹង​ត្រូវ​បាន​កែ​លម្អ លាប​ពណ៌​ទៅ​តាម​ទ្រង់​ទ្រាយ​ដើម​ឡើង​វិញ ដូច​កាល​ទើប​សាង​សង់​ឡើង​ថ្មី​ៗ​។ ពួក​យើង​ជា​កូន​ចៅ​នៃ​ព្រះ​អង្គ ពិត​ជា​សាទរ និង​ចូល​រួម​អនុមោទនា ចំពោះ​ការ​ស្ដារ និង​ជួស​ជុល​ឡើង​វិញ​នេះ ដែល​ចាំ​បាច់​រក្សា​រចនា​ដើម​៕

ទ្រង់​ទ្រាយ​មហា​ចេតិយ​ដើម (​ឆ្វេង​) នា​ថ្ងៃ​បញ្ចុះ​​ព្រះ​អដ្ឋិ​ព្រះ​អង្គ
ទ្រង់​ទ្រាយ​ថ្មី​ដែល​ត្រូវ​បាន​លាប​ពណ៌​លឿង​ឆ្អិន (​ស្ដាំ​) នា​ពេល​ថ្មី​ៗ​នេះ​
ព្រះ​មហា​ចេតិយ​នា​ខាង​មុខ​វត្ត​ឧណ្ណាលោម នា​ពេល​ថ្មី​ៗ​នេះមហា​ចេតិយ​កាល​ពី​មិន​ទាន់​លាប​ពណ៌​លឿង

ឬ​ថា​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​វិល​មក​ដល់​កន្លែង​ដើម ថ្ងៃសុក្រ 15 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

ពេញ​មួយ​ដើម​ខែ​កញ្ញា​ (​២០១៧​) នេះ​ ទំនាក់​ទំនង​ការ​ទូត​រវាង​សហ​រដ្ឋ​អាមេរិក និង​ព្រះ​រាជាណាចក្រ​កម្ពុជា ហាក់​មិន​បាន​ធូរ​ស្រាល​ឡើយ ផ្ទុយ​ទៅ​វិញ​ កម្ដៅ​ហាក់​មាន​ការ​តាន​តឹង​ឡើង​មួយ​កម្រិត​ម្ដង​ៗ​គួរ​​ជា​ទី​ព្រួយ​បារម្ភ​។ ឬ​ថា​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ទំនាក់​ទំនង​ខ្មែរ និង​អាមេរិក វិល​មក​ដល់​ទី​ដើម ឬ​ថា​ទំនាក់​ទំនង​នេះ​នឹង​ដល់​ទី​បញ្ចប់​។

បើ​ទោះ​បី​ជា​ពី​មុន​មក​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​មិន​មាន​ភាព​តាន​តឹង​ដូច​ពេល​នេះ​ក្ដី ក៏​ប៉ុន្តែ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ក៏​មិន​មាន​ភាព​រលូន​ដូច​បណ្ដា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត (​មួយ​ចំនួន​) ឡើយ​។ បញ្ហា​ចេះ​តែ​មាន​ឥត​ហូរ​ហែ​ ជា​ពិសេស​ការ​ដែល​កម្ពុជា​ជំពាក់​ប្រាក់​អាមេរិក​នា​សម័យ​សង្គ្រាម ដែល​កម្ពុជា [ត្រូវ​តែ​សង] អាមេរិក​។ ពិត​មែន​ហើយ អាមេរិក​មិន​មែន​ចេះ​តែ​យល់​ស្រប​អ្វី​លំ​ៗ​យក​តែ​ល្អ​មើល​នោះ​ទេ​។ បើ​ទោះ​បី​ជា​មាន​អ្នក​ខ្លះ ឬ​ប្រទេស​ខ្លះ​មិន​ចូល​ចិត្ដ​ក្ដី ក៏​ប៉ុន្តែ​មនុស្ស ឬ​ប្រទេស​ទាំង​នោះ មិន​អាច​ជៀស​ឆ្ងាយ​ពី​អាមេរិក​បាន​ទេ​។ នេះ​ជា​តថ​ភាព​ដែល​ត្រូវ​ទទួល​ស្គាល់​ ហើយ​ថា​ល្បែង «​មាន​អញ​អត់​អ្ហែង​» ពិត​ជា​មិន​ងាយ​លេង​នោះ​ទេ ជាមួយ​អាមេរិក​​។

បន្ទាប់​ពី​បញ្ហា​នយោបាយ​ដ៏​តាន​តឹង​កើត​មាន​ឡើង​នៅ​ស្រុក​ខ្មែរ​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​ដូច​គ្រាប់​ពោត​នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ​មក​ ជា​ពិសេស​ការ​ចោទ​ប្រកាន់​ពី​ទំនាក់​ទំនង អ្វី​ដែល​គេ​ហៅ​ថា «​បដិវត្តន៍​ពណ៌​» ទៅ​នឹង​សហ​រដ្ឋ​អាមេរិក​នោះ អាមេរិក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​វោហារ​សព្ទ​​ [យ៉ាង​គួរ​ឲ្យ​ខ្លាច] ពី​សំណាក់​អ្នក​ដឹក​នាំ​ខ្មែរ ហើយ​ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​យ៉ាង​វែង​អន្លាយ​មួយ​តាម​រយៈ​ឯក​អគ្គ​រដ្ឋ​ទូត​របស់​ខ្លួន​នៅ​កម្ពុជា ស្ដី​អំពី​បរិយាកាស​នយោបាយ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ (​១២ កញ្ញា ២០១៧​) កន្លង​មក​នេះ​។

ភ្លាម​រំពេច នា​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​បញ្ចេញ​ចំណាត់​ការ​យ៉ាង​ច្រើន ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រឹត​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា អាមេរិក រឹត​តែ​តាន​តឹង​ឡើង​ដល់​កម្រិត​អតិ​បរមា​។ ការ​ប្រកាស​ផ្អាក​កិច្ច​សហ​ប្រតិបត្តិការ​រុក​រក​ឆ្អឹង​ទាហាន​អាមេរិក ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​នៅ​កម្ពុជា កាល​ពី​ទសវត្សរ៍​ឆ្នាំ​៧០​, ការ​ប្រកាស​ឲ្យ​ដក​​ភ្នាក់​ងារ​ភីស​ខ័រ (United States Peace Corps Cambodia) សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា, ការ​ប្រកាស​ឲ្យ​ប្រជា​ជន (​ខ្មែរ​) ក្រោក​​ឈរ​ឡើង​ប្រកាន់​គោល​​នយោបាយ​ជាតិ​និយម​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស (​អាមេរិក​)​…​។ល។ សុទ្ធ​សឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​វិវត្ត​ថយ​ក្រោយ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​ ឬ​អាច​ថា​ជា​ចំណុច​ចាប់​ផ្ដើម​ឈាន​ទៅ​រក​អវសាន​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​សហ​រដ្ឋ​អាមេរិក និង​កម្ពុជា​។

អ្វី​ៗ​សុទ្ធ​តែ​អាច​កើត​ឡើង​បាន​ទាំង​អស់​។ កម្ពុជា​ កាល​ពី​អតីត​ធ្លាប់​បាន​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ម្ដង​រួច​មក​ហើយ​។ ហើយ​បើ​ពិនិត្យ​មើល​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​វា​គ្មាន​អ្វី​អះ​អាង​ថា​នឹង​មិន​អាច​កើត​ឡើង​ជា​លើក​ទី​២​នោះ​ទេ​​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទេសៈ​កាលៈ​រវាង​ឆ្នាំ​២០១៧ និង​ទសវត្សរ៍​៦០ ទំនង​ជា​មិន​ដូច​គ្នា​ទេ ជា​ពិសេស​បរិយាកាស​​ប្រទេស​នៅ​ក្នុង​តំបន់​។ ហេតុ​ដូច​នេះ​កម្ពុជា​គួរ​ដើរ​យ៉ាង​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ភាព​ប្រថុយ​ប្រថាន​ក្នុង​ការ​ធ្វើ​ឲ្យ​សភាព​ការណ៍​នៃ​ទំនាក់​ទំនង​ការ​ទូត​មាន​ភាព​តាន​តឹង​ជាង​នេះ ឬ​ឈាន​ទៅ​រក​ការ​ផ្ដាច់​ទំនាក់​ទំនង​​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​​នោះ​៕

__________________________________________________________
អាន​ផង​ដែរ​៖
១. ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​អំពី​បច្ចុប្បន្ន​ភាព​បរិយាកាស​នយោបាយ​នៅ​កម្ពុជា

កម្ពុជា​លាវ ប្រក្រតី​ភាព​​ឡើង​វិញ ថ្ងៃសៅរ៍ 12 ខែសីហា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ພາສາລາວ.
add a comment

កម្ដៅ​ដែល​ឡើង​ម្សិល​មិញ​នេះ (១១ សីហា ២០១៧​) រវាង​ទំនាក់​ទំនង​លាវ និង​កម្ពុជា​ជុំ​វិញ​បញ្ហា​ព្រំដែន​នោះ ត្រូវ​បាន​ចាត់​ទុក​ថា​ស្ងប់​​ទៅ​វិញ​ហើយ ដោយ​ភាគី​លាវ​នឹង​ធ្វើ​ការ​ដក​កម្លាំង​របស់​ខ្លួន​ចេញ​។ ទំនាក់​ទំនង​មិត្រភាព​ជា​ភាតរ​ដែល​គិត​ថា​នឹង​ឈាន​ដល់​ទី​បញ្ចប់​នោះ ឥឡូវ​នេះ​បាន​មក​ដូច​ដើម​វិញ​ហើយ​។

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​​​លើក​ឡើង និង​ព្រម​ទាំង​ដាក់​ឱសាន​វាទ (?) ផង​ទៅ​ឲ្យ​ភាគី​លាវ ហើយ​ថ្ងៃ​នេះ​ទៀត​សោត​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​នាយក​រដ្ឋមន្ត្រីមលាវ រហូត​ដល់​ទី​ក្រុង​វៀងចន្ទន៍​រួច​មក​នោះ លោក​នាយ​ក​រដ្ឋមន្ត្រី​លាវ​ក៏​បាន​សន្យា​នឹង​ដក​កង​ទាហាន​ដែល​អះ​អាង​ថា​បាន​មក​បោះ​ទី​តាំ​ងនៅ​​អូរ​តា​ង៉ាវ ស្រុក​សៀង​ប៉ាង ត្រង់​ចំណុច​ប្រទល់​ដែន​ខេត្ត​ស្ទឹង​ត្រែង និង​អាចម៍​ក្រពើ​របស់​លាវ​​ មិន​ឲ្យ​ហួស​ពី​ព្រឹក​ថ្ងៃ​ស្អែក​ឡើយ​។

ចំណាត់​ការ​របស់​លាវ​ចំពោះ​បញ្ហា​ព្រំ​ដែន​ជាមួយ​កម្ពុជា​នា​គ្រា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ដំណោះ​ស្រាយ​បែប​ការ​ទូត​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​និង​មាន​ភាព​ចាស់​ទុំ​ផង​​។ ដោយ​ឡែក​ក្រុម​ទាហាន​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​កាល​ពី​យប់​មិញ​នោះ ក៏​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​មក​ភ្នំពេញ​វិញ​ផង​ដែរ​៕ Sic

__________________________________________________________
អាន​ផង​ដែរ​៖
១. ឬ​ថា​ទំនាក់​ទំនង​កម្ពុជា​-​លាវ​ឈាន​ដល់​ទី​បញ្ចប់

ឬ​ថា​ទំនាក់​ទំនង​កម្ពុជា​-​លាវ​ឈាន​ដល់​ទី​បញ្ចប់ ថ្ងៃសុក្រ 11 ខែសីហា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, ພາສາລາວ.
1 comment so far

ថ្ងៃ​នេះ (​១១ សីហា ២០១៧​) តាម​រយៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប្រេះ​ស្រាំ​ទំនង​ដ៏​ខ្លាំង​ក្លា​មួយ​នៃ​ទំនាក់​ទំនង​មិត្រភាព​​កម្ពុជា​-​លាវ​។ ឬ​ថា​ទំនាក់​ទំនង​ជា​មិត្រភាព​ដែល​ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ថា​ល្អ​បំផុត​មួយ ជាង​ប្រទេស​ពីរ​ទៀត (​ថៃ និង​វៀតណាម)​ នេះ​ឈាន​ដល់​ទី​បញ្ចប់​។

តាម​រយៈ​ព័ត៌មាន និង​របាយការណ៍​ពី​ភាគី​កម្ពុជា​ កង​ទ័ព​លាវ​​បាន​ចូល​មក​បោះ​ទី​តាំង​នៅ​អូរ​តា​ង៉ាវ ស្រុក​សៀង​ប៉ាង ត្រង់​ចំណុច​ប្រទល់​ដែន​ខេត្ត​ស្ទឹង​ត្រែង និង​អាចម៍​ក្រពើ​របស់​លាវ​​។ របាយការណ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​ផ្ញើ​ការ​តវ៉ា និង​កំណត់​ទូត​ជា​ច្រើន​ដង​ទៅ​ភាគី​លាវ ដើម្បី​ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​ចំណុច​នោះ រួម​ទាំង​​លិខិត​មួយ​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៧​។

«… ស្ដី​ពី​តំបន់​អូរ​តាង៉ាវ​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​ថា ភាព​ស្រប​ច្បាប់​នៃ​អធិបតេយ្យ​ភាព​កម្ពុជា​នៅ​តំបន់​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ឯក​ឧត្ដម​បាន​ទទួល​ស្គាល់​រួច​ហើយ​តាម​រយៈ​ផែន​ទី​បោះ​ពុម្ព​ដោយ​ក្រុម​ភូមិ​សាស្ត្រ​រដ្ឋ (SERVICE GEOGRAPHIQUE D’ETAT) ផ្ទាំង B SOMPOY លេខ D-48-XCII Edition 1987 ខ្នាត ១/២០០ ០០០ ដែល​បាន​តម្កល់​ទុក​នៅ​វិទ្យាស្ថាន​ភូមិ​សាស្ត្រ​ជាតិ​បារាំង (IGN) នា​ថ្ងៃ​ទី​០២/០៦/១៩៩២ (​ឧបសម្ព័ន្ធ​៤)​។ ទាំង​នេះ បាន​បញ្ជាក់​បន្ថែម​យ៉ាង​ច្បាស់​ទៀត​ថា តំបន់​អូរ​តាង៉ាវ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា ដូច​មាន​ក្នុង​ផែន​ទី​ Bonne ខ្នាត ១/១០០ ០០០ របស់​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូ​ចិន ដែល​ភាគី​ទាំង​ពីរ​យក​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​សម្រេច​បាន​លទ្ធផល​៨៦​% ដូច​បាន​បង្ហាញ​ជូន​ខាង​លើ​។​»​… លិខិត​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​​លាវ​ថ្លែង​។

តាម​រយៈ​ចំណាត់​ការ​នេះ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​តាន​តឹង​រវាង​ភាគី​ទាំង​ពីរ ដែល​អាច​ក្លាយ​ជា​ភាព​ផុយ​ស្រួយ​មួយ​នៃ​ទំនាក់​ទំនង​មិត្រភាព​យូរ​អង្វែង​ផង​ដែរ ជា​ពិសេស​ភាព​​ល្អិត​ល្អន់​នៃ​បញ្ហា​ព្រំ​ដែន​​។ ក្រៅ​អំពី​ចំណាត់​ការ​នេះ តាម​រយៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ កង​ទ័ព​កម្ពុជា​​ក៏​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​តំបន់​ព្រំដែន​ខ្មែរ​លាវ ហើយ​នៅ​ថ្ងៃ​ស្អែក​ទៀត​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​វៀង​ចន្ទន៍​ ប្រទេស​លាវ ដើម្បី​ជួប​ចរចា​ជាមួយ​សម​ភាគី​អំពី​រឿង​នេះ​​ផង​ដែរ​។

ឬ​ថា​ទំនាក់​ទំនង​កម្ពុជា​-​លាវ​ឈាន​ដល់​ទី​បញ្ចប់​ហើយ​!?

អាន​ព័ត៌មាន​បន្ថែម​៖

  1. កម្ពុជា ផ្ញើលិខិតទៅឡាវ ឲ្យដកកងទ័ពចេញ ពីទឹកដីកម្ពុជាបន្ទាន់
  2. សម្ដេចតេជោ នឹងវាយបំបាក ឆ្អឹងខ្នង អ្នកណានៅពី ក្រោយឡាវ រំលោភទឹកដីខ្មែរ
  3. កងទ័ពសមរភូមិមុខ នឹងចាប់ផ្តើមចេញដំណើរ ឆ្ពោះទៅកាន់ព្រំដែន កម្ពុជា ឡាវ នៅយប់នេះ ឆ្លងកាត់រាជធានីភ្នំពេញ (មានវីដេអូ)
  4. ក្រសួងការបរទេស ចេញសេក្តីប្រកាស ព័ត៌មានផ្លូវការអំពី សម្តេចតេជោ ទៅចរចាជាមួយ នាយករដ្ឋមន្រ្តីឡាវ
  5. សម្តេចតេជោ ឲ្យត្រៀមចល័តកងទ័ព នៅតាមព្រំដែន កម្ពុជា-ឡាវ
  6. នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឲ្យឡាវ ដកកងទ័ព ចេញពីព្រំដែន ត្រឹម៦ថ្ងៃ
  7. នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅឡាវថ្ងៃស្អែក ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាលើកចុងក្រោយ
  8. កម្ពុជាផ្ញើលិខិតទៅឡាវ ឲ្យដកកងទ័ពចេញ ពីទឹកដីកម្ពុជាបន្ទាន់ចៀសវាង ផ្ទុះអាវុធដាក់គ្នា
  9. កម្ពុជាបបួលឡាវ ឡើងតុលាការទីក្រុងឡាអេ បើមិនច្បាស់ បូរណភាពទឹកដីខ្លួន
  10. សម្តេចតេជោ ទុកឲ្យភាគីឡាវ៦ថ្ងៃ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ
  11. សម្ដេចតេជោ នឹងទៅជួបនាយករដ្ឋមន្ដ្រី ឡាវ និយាយគ្នាឲ្យដកកងទ័ពចេញពីព្រំដែននៅខេត្តស្ទឹងត្រែង

ប្រពៃណី​លូន​ក្រាប​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​មឿង​ថៃ ថ្ងៃសុក្រ 4 ខែសីហា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
2 comments

អ្នក​ណា​ៗ​ក៏​បាន​ដឹង​ដែរ​ថា ប្រទេស​ថៃ ដ្បិត​តែ​ជា​ប្រទេស​សេរី​និយម​ជឿន​លឿន​ដោយ​ម្ខាង ឯ​ម្ខាង​ទៀត​ក៏​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​អភិរក្ស​និយម ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​បែប​បូរាណ​យ៉ាង​តឹង​រឹង ធ្វើ​ឲ្យ​ពេល​ខ្លះ​ចលនា​ទាំង​ពីរ​ហាក់​បី​ដូច​មិន​សម​ប្រកប​នឹង​គ្នា​។ ប្រពៃណី​លូន​ក្រាប ដែល​ពី​អតីត​កាល​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​អ្នក​មាន​បណ្ដា​ស័ក្ដិ​ និង​បណ្តា​ក្រុម​អ្នក​គ្រប់​គ្រង​ផែន​ដី​មាន​ក្សត្រិយ៍​ជា​ដើម​នោះ ត្រូវ​បាន​គេ​ឃើញ​មាន​ប្រតិបត្តិ​ជា​ទូទៅ ហើយ​ពេល​ខ្លះ​ឈាន​ទៅ​ដល់​អ្នក​ផង​ឯ​ទៀត រហូត​រាយ​ទៅ​ដល់​បុគ្គល​​សាធារណៈ​ទូទៅ និង​ម្ដង​ម្កាល​ទទួល​បាន​ការ​រិះ​គន់ រហូត​អ្នក​ខ្លះ​ហៅ​សង្គម​ថៃ​ជា​សង្គម​លូន​ក្រាប​ផង​ទៀត​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​រហូត​មក​ដល់​ពេល​នេះ​វឌ្ឍនធម្ម​ «​លូន​ក្រាប​»​ នេះ​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​?

ពិធី​ក្រាប​មួយ​នៅ​ប្រទេស​ថៃ (​រូប​៖ bangkokbiznews)

ហេតុការណ៍​កើត​ឡើង​នៅ​​ឯ​សាកល​វិទ្យាល័យ​ដ៏​ល្បី​លំដាប់​លេខ​មួយ​នៅ​ប្រទេស​ថៃ គឺ​សាកល​វិទ្យាល័យ​ចុឡាលង្ករណ៍ កាល​ពី​ថ្ងៃ​ម្សិល​​មិញ​នេះ (​៣ សីហា ២០១៧​) បាន​ធ្វើ​ឲ្យ​សង្គម​ថៃ​កំពុង​ជជែក​គ្នា​វិញ​ពី​វប្បធម៌​ក្រាប​នៅ​ចំពោះ​មុខ​ក្សត្រិយ៍ រាជវង្សានុវង្ស ឬ​សូម្បី​តែ​រូប​ចម្លាក់​ក្សត្រិយ៍​នោះ​ នោះ​គឺ​ការ​បដិសេធ​មិន​ធ្វើ​ពិធី​ក្រាប​មួយ​សម្រាប់​និស្សិត​ថ្មី​ចំពោះ​មុខ​ព្រះ​បរម​រូប ព្រះ​បិតា​ស្ថាបនិក​សាកល​វិទ្យាល័យ​​។ ជា​ទូ​ទៅ​តាម​ទំនៀម រាស្ត្រ​ថៃ​ត្រូវ​ក្រាប​ក្បាល​ដល់​កម្រាល​នៅ​ពេល​ចូល​គាល់​ក្សត្រិយ៍ ឬ​បណ្ដា​ព្រះ​ញាតិ​វង្ស​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ទំនៀម​បែប​នេះ​ត្រូវ​បាន​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាលង្ករណ៍ ព្រះ​ចុលចមក្លៅ​ចៅ​យូ​ហួ ឬ​រាមា​ទី​៥ ប្រកាស​ឲ្យ​ឈប់​​ប្រតិបត្តិ​​កាល​ពី​គ.ស.​១៨៧៣ ដោយ​សំអាង​ពី​បែប​ផែន​ស្មើ​ភាព​តាម​អរិយ​​ប្រទេស និង​​ជំនួស​មក​វិញ​ដោយ​ការ​ឈរ​ឱន​ក្បាល​ជា​ការ​គោរព​។ បើ​ទោះ​ជា​មាន​ព្រះ​រាជ​បញ្ញត្តិ​ឲ្យ​ឈប់​ប្រណិបត្តិ​ទំនៀម​ក្រាប​នេះ​ក្ដី ប្រជារាស្ត្រ​ថៃ​នៅ​តែ​​បន្ត​អនុវត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

បើ​ទោះ​បី​ម្ដង​ជា​ពីរ​ដង​ការ​សើ​រើ​​ឲ្យ​មាន​ការ​បញ្ឈប់​ទំនៀម​បែប​នេះ​ពី​សំណាក់​យុវជន​ជំនាន់​ថ្មី​របស់​ថៃ​ក្ដី ទំនៀម​នេះ​ទំនង​ជា​ពិបាក​ក្នុង​ការ​បញ្ឈប់​ពី​សង្គម​ថៃ​ដែល​ជា​សង្គម​អភិរក្ស​និយម​ខ្លាំង​ណាស់​។ នេះ​ម្យ៉ាង​ក៏​ដោយ​សារ​ការ​រិះ​គន់ ឬ​អ្វី​ៗ​ទាំង​ឡាយ​ណា​​ដែល​ទាក់​ទង​នឹង​ព្រះ​មហា​ក្សត្រិយ៍​ឬ​ព្រះ​ញាតិ​វង្ស គឺ​ជា​រឿង​រសើប និង​​ត្រូវ​បាន​ហាម​ប្រាម​ផង​ដែរ​​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ
២. ប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃ (​ត​ចប់​)

រូប​ភាព​ដ៏​អាម៉ាស់​មួយ​នៃ​កម្ពុជា​នៅ​ថ្ងៃ​នេះ​ ថ្ងៃ​ព្រហស្បតិ៍ 20 ខែកក្កដា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ពីនេះពីនោះ.
add a comment

ថ្ងៃ​នេះ (​២០ កក្កដា ២០១៧​) នៅ​តាម​បណ្ដាញ​សង្គម​មាន​ការ​ចែក​ចាយ​នូវ​រូប​ភាព​ច្រើន​សន្លឹក រូប​ភាព​ដែល​​ជា​ភាព​អាម៉ាស់​មួយ ប្រៀប​ដូច​ការ​ទះ​កំផ្លៀង​ប្រជាជាតិ​មួយ​ដែល​អួត​ខ្លួន​ឯង​ថា​ជា​​អារិយ​។ ស្ថិត​ក្នុង​ឯកសណ្ឋាន​ពេញ​យស​ដែល​ប្រកប​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ បណ្ដា​ទាហាន​កង​កិត្តិយស​មួយ​ចំនួន​ធំ​បាន​នាំ​គ្នា​​ឈរ​បត់​ជើង​តូច​នៅ​នឹង​របង​សួន​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង មើល​ទៅ​គួរ​ឲ្យ​អនោច​អធម​យ៉ាង​ខ្លាំង​។

ជា​ច្រើន​លើក​ច្រើន​សារ​កង​ទាហាន​ខ្មែរ​ទំនង​ជា​កង​ដែល​អនុវត្ត​វិន័យ​អន់​ជាង​គេ​បំផុត​ហើយ​ក្នុង​ពិភព​លោក​នេះ​។ ការ​នាំ​គ្នា​ឈរ​នាំ​បណ្ដាក់​គ្នា​យ៉ាង​នា​ទី​សាធារណៈ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់នេះ ក្រៅ​អំពី​បង្ហាញ​ការ​មិន​គោរព​ដល់​សួន​ច្បារ​ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ និង​ជា​ទី​កន្លែង​ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​ទៅ​កម្សាន្ត​​សម្រាក​អារម្មណ៍​នោះ វា​បង្ហាញ​នូវ​ភាពចុះ​ខ្សោយ​នៃ​ស៊ីវិល័យ​ភាព​នៃ​ប្រជាជន​ខ្មែរ​ដល់​កម្រិត​សូន្យ និង​ជា​ពិសេស​វា​បាន​បន្លោក​នូវ​កិត្តិយស​បណ្ដា​ក្រុម​កង​ទាហាន​កិត្តិយស​ទាំង​នោះ ដែល​កំពុង​តែ​គ្រង​នូវ​ឯក​សណ្ឋាន​ជា​មោទន​មួយ​នៃ​ខ្លួន​ពួក​គាត់​ផ្ទាល់ ក៏​ដូច​ជា​ប្រជាជាតិ​កម្ពុជា​ទាំង​មូល​។

បើ​ទោះ​បី​ជា​មាន​ការ​ចែក​ចាយ​នូវ​ឥរិយាបទ​ដែល​មិន​គួរ​ទទួល​យក​បាន​នេះ​ក្ដី រហូត​មក​ដល់​ពេល​នេះ​ហាក់​បី​ដូច​ជា​មិន​មាន​ការ​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​ពី​សំណាក់​បណ្ដា​កង​ទាហាន​កិត្តិយស​ទាំង​នោះ ឬ​ភាគី​ពាក់​ព័ន្ធ​ឡើយ​។ រូប​ភាព​ថ្ងៃ​នេះ​គួរ​ត្រូវ​បាន​ក្លាយ​ជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ​ដើម្បី​ដាស់​ជា​សតិ​ដល់​ភាគី​ពាក់​ព័ន្ធ ជា​ពិសេស​ដល់​អ្នក​ដែល​កំពុង​គ្រង​ឯក​សណ្ឋាន​ដែល​ជា​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ផ្ទាល់ និង​របស់​សង្គម​ជាតិ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ និង​គួរ​ចាត់​វិធាន​ការណ៍​សម​ស្រប​ណា​មួយ​សម្រាប់​បណ្ដា​កង​ទាហាន​កិត្តិយស​ក្នុង​ពេល​បំពេញ​ភារកិច្ច​៕

រូប​ភាព​ដែល​ទាហាន​ទាំង​នោះ​កំពុង​ឈរ​បត់​ជើង​តូច ដែល​ចែក​ចាយ​នៅ​តាម​បណ្ដាញ​សង្គម

%d bloggers like this: