jump to navigation

ហ្លួង​សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​មហា​​វជិរាលង្ករណ ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ภาษาไทย.
2 comments

ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជ​អាណាចក្រ​ថៃ បច្ចប្បន្ន​នេះ​មាន​ព្រះ​មហា​ក្សត្រិយ៍ ជា​ព្រះ​ប្រមុខ ដែល​មាន​ព្រះ​ជន្ម​ដំណាល​គ្នា​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ដោយ​បច្ចុប្បន្ន​នេះ ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ទ្រង់​មាន​ព្រះ​ជន្ម​៦៦ ព្រះ​វស្សា (​ប្រសូត​ ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣​) ឯ​ព្រះ​ចៅ​ផែន​ដី​ថៃ ស្ដេច​មាន​ព្រះ​ជន្ម​៦៧​ព្រះ​វស្សា (​ប្រសូត ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​១៩៥២​)​

ជំនួប​ជា​ផ្លូវ​ការ​នៃ​ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​ ទំនង​ជា​កើត​មាន​ឡើង​​អំឡុង​​​នៅ​ខែ​មិថុនា ​ឆ្នាំ​២០០៦ កាល​​ណុះ​ព្រះ​ករុណា ព្រះ​បរម​នាថ ស្ដេច​បាន​យាង​ទៅ​ចូល​រួម​ព្រះ​រាជ​ពិធី​​​​ឆ្លង​សិរិរាជ​សម្បត្តិ​គ្រប់​៦០​ឆ្នាំ របស់​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម ព្រះ​បាទ​​ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬ​រាមា​ទី​៩​ ហើយ​ព្រះ​ចៅ​ផែន​ដី​ថៃ ដែល​កាល​ណុះ​ស្ដេច​តម្រង់​តំណែង​ជា​ព្រះ​រជ្ជ​ទាយាទ​នៅ​ឡើយ ស្ដេច​យាង​មក​ទទួល​ស្វាគមន៍​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​ដោយ​ផ្ទាល់​ព្រះ​អង្គ នៅ​ឯ​ចំណត​អាកាស​យាន​ដ្ឋាន​យោធា ក្រុង​បាងកក នគរ​ថៃ​។

ចាប់​តាំង​ពី​ការ​ឡើង​គ្រង​បរម​សិរី​រាជ្យ​សម្បត្តិ​របស់​​ព្រះ​ចៅ​ផែន​ដី​ថៃ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ មក ទំនាក់​ទំនង​ជិត​ស្និទ្ធ​នៃ​ព្រះ​ចៅ​ផែន​ដី​ទាំង​ពីរ​ព្រះ​អង្គ ក៏​ដូច​ជា​ព្រះ​បរម​រាជ​វង្សានុវង្ស នៃ​នគរ​ទាំង​ពីរ កើត​ឡើង​កាន់​តែ​មាន​ភិយ្យោភាព និង​ប្រសើរ​ឡើង​​។

ភ្លាម​ៗ ​បន្ទាប់​ពី​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​នៃ​រាជការ​ថៃ​អំពី​សុវណ្ណគត​នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ដែល​ជា​ព្រះ​បរម​រាជ​ជននក​នាថ​នោះ ស្អែក​ឡើង ព្រះ​ករុណា ព្រះ​បរម​នាថ ស្ដេច​ក៏​បាន​ចេញ​ព្រះ​រាជ​សារ​សម្ដែង​សមាន​ទុក្ខ​មក​កាន់​​ព្រះ​អង្គ (ព្រះ​ចៅ​ផែន​ដី​សៀម​បច្ចុប្បន្ន​) ដោយ​មាន​សេចក្ដី​ជា​អាទិ៍​ថា ​៖

… តាង​នាម​ឲ្យ​ប្រជាជន​កម្ពុជា​, ព្រះ​មាតា​របស់​ខ្ញុំ និង​ព្រះ​ញាតិ​វង្ស​ខ្មែរ និង​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​សមាន​ទុក្ខ​អស់​ពី​ដួង​ហឫទ័យ​នៃ​ខ្ញុំ​ ចំពោះ​សម្ដេច​ព្រះ​រជ្ជ​ទាយាទ​, ព្រះ​រាជ​វង្សា​នុវង្ស និង​ប្រជា​ជន​ថៃ​ទាំង​មូល​។​….
(​បក​ប្រែក្រៅ​ផ្លូវ​ការ​ដោយ​ស្រែ​ខ្មុក​)

ដោយ​ឡែក​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​ថៃ កាល​ពី​ដើម​ខែ​កន្លង​មក​នេះ ព្រះ​ករុណា ព្រះ​បរម​នាថ ស្ដេច​ក៏​បាន​ផ្ញើ​ព្រះ​រាជ​សារ​អប​អរ​សាទរ មួយ​ច្បាប់ ដែល​មាន​សេចក្ដី​ជា​អាទិ៍​ថា ៖

ក្នុង​ព្រះ​រាជ​វរោកាស​ នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក នៃ​ព្រះ​អង្គ ខ្ញុំ​សូម​សម្ដែង​ការ​អប​អរ​សាទរ​យ៉ាង​កក់​ក្ដៅ និង​សូម​ថ្វាយ​ព្រះ​ពរ​សូម​ព្រះ​អង្គ​មាន​ព្រះ​រាជ​សុខភាព​, សុភមង្គល និង​ទទួល​បាន​ជោគ​ជ័យ​ ក៏​ដូច​ជា​វឌ្ឍនភាព​នៃ​នគរ​របស់​ព្រះ​អង្គ​។

ខ្ញុំ​សូម​សម្ដែង​នូវ​ហឫទ័យ​ពេញ​ចិត្ត​នូវ​ចំណង​មិត្រភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​នគរ​យើង​ទាំង​ពីរ និង​សូម​ឲ្យ​បន្ត​ភាព​សុខដុម​​ក្នុង​នាម​ជា​ពុទ្ធសាសនិក ក្រោម​រជ្ជកាល​របស់​ព្រះ​អង្គ​៕

(​បក​ប្រែក្រៅ​ផ្លូវ​ការ​ដោយ​ស្រែ​ខ្មុក​)

ដោយ​ឡែក ក្នុង​ព្រះ​រាជ​ពិធី​​ចម្រើន​ព្រះ​ជន្ម​ព្រះ​ករុណា ព្រះ​បរម​នាថ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​មក​នេះ ព្រះ​ចៅ​ផែន​ដី​ថៃ ស្ដេច​ក៏​បាន​ថ្វាយ​ព្រះ​រាជ​សារ អប​អរ​សាទរ​ ថ្វាយ​ព្រះ​ករុណា ព្រះ​ចៅ​ផែន​ដី​ខ្មែរ ដោយ​មាន​សេចក្ដី​ជា​អាទិ៍​ថា ៖

ក្នុង​វរោកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ខ្ញុំ​មាន​សេចក្ដី​រីក​រាយ​សូម​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល និង​បំណង​ល្អ សូម​​ព្រះ​អង្គ​មាន​ព្រះ​រាជ​សុខភាព​បរិបូរណ៍ និង​​ទ្រង់​ព្រះ​​ក្សេម​សម្រាន្ត និង​សូម​ឲ្យ​ប្រទេស និង​ប្រជាជន​កម្ពុជា​មាន​សេចក្ដី​សុខ និង​រុង​រឿង​។

ខ្ញុំ​ជឿ​ជាក់​ថា បំណង​ល្អ និងការ​យោគ​យល់​គ្នា​មក​ជា​យូរ​លង់ រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ដែល​បាន​មាន​រឹង​រឹត​តែ​ខ្លាំង​ក្លា​ឡើង​នា​ពេល​ខាង​មុខ​។

(​បក​ប្រែក្រៅ​ផ្លូវ​ការ​ដោយ​ស្រែ​ខ្មុក​)

ក្នុង​ផែន​ដី​នៃ​រជ្ជកាល​​ព្រះ​បាទ​​ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬ​រាមា​ទី​៩ ដែល​ជា​ព្រះ​វរ​រាជ​បិតា​នោះ ស្ដេច​មិន​ធ្លាប់​បាន​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​​ទេ សង្ឃឹម​ថា ក្នុង​រជ្ជ​សម័យ​នៃ​​ព្រះ​បាទ សម្ដេច​ព្រះ​បរមេន្ទ្រ​រាមាធិបតី​​​ឝ្រី​សិន្ទ្រ​​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០ នេះ ស្ដេច​នឹង​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច ចម្រើន​ព្រះ​មេត្រី​ភាព ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ច្រើន​ទៀត​រវាង​ព្រះ​ញាតិ​វង្ស​នៃ​នគរ​ទាំង​ពីរ ដែល​មាន​ប្រពៃណី​ប្រហាក់​ប្រហែល​គ្នា ដើម្បី​ជា​ប្រយោជន៍​សុខ និង​សេចក្ដី​សាន្តត្រាណ​នៃ​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​៕

KING BHUMIBOL ADULYADEJ DIAMOND JUBILEE, BANGKOK, THAILAND - 11 JUN 2006A4454919-959586280_2287317361325770_5010604444895674368_n562000004766901

______________________________________________________________
អាន​ផង​ដែរ​៖
១. ហ្លួង​សីហមុនី និង​រាមា​៩
២. ហ្លួង​សីហមុនី និង​ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ

 

Advertisements

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រិយ៍ នៅព្រះបរមរាជវាំង ថ្ងៃអាទិត្យ 12 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រិយ៍ នៅព្រះបរមរាជវាំង

ថ្ងៃ​អាទិត្យ ៩​កើត ខែ​ពិសាខ ឆ្នាំ​​កុរ ឯក​ស័ក ព.ស.​២៥៦៣
ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩

34 (1)5612

រូបថត៖ ព្រះបរមរាជវាំង

ខួប​ឆ្នាំ​ទី​៤៤ រំឭក​ថ្ងៃ​សោយ​ព្រះ​ពិរាល័យ សម្ដេច​ព្រះ​មហា​ក្សត្រិយានី ថ្ងៃសៅរ៍ 27 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

58599007_2272297782827728_1167314708814888960_n

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ព្រះ​អង្គ​ព្រះ​រាជ​សម្ភព​នា​ថ្ងៃ​​ទី​០៩ ខែ​មេសា ឆ្នាំ​១៩០៤។ ព្រះ​អង្គ​គឺ​ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស និង​សម្ដេច​​ព្រះ​អគ្គ​មហេសី មហាក្សត្រី នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ស្រប​ជាមួយ​នឹង​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត។ ពិធី​រាជាពិសេក បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៥ ដោយ​ទ្រង់​មាន​ព្រះ​បរម​នាម​ថា៖ «សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា»។

ក្រោយ​ពី​ព្រះ​សុវណ្ណគត​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នា​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៦០ មក ព្រះ​អង្គ​បាន​ឡើង​គង់​ជា​និមិត្តរូប​នៃ​ព្រះ​រាជ​បល្ល័ង្ក រហូត​ដល់​សម័យ​រដ្ឋ​ប្រហារ​នា​ឆ្នាំ​១៩៧០ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ ណុល បាន​ចាប់​ព្រះ​អង្គ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន រហូត​ដល់​ខែ​ឧសភា ឆ្នាំ​១៩៧៣។ រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​១៩៧៣ ទើប​របប​សាធារណរដ្ឋ​ខ្មែរ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​និរទេស​ព្រះកាយ​ទៅ​ប្រទេស​ចិន។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​សោយទិវង្គត​​នា​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៧៥ នា​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ចិន​ប្រជាមានិត ក្នុង​ព្រះ​ជន្ម​៧១​វស្សា គឺ​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​របប​សាធារណរដ្ឋ​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ចិន​មក។

ព្រះ​អដ្ឋិ​​ព្រះ​អង្គ ត្រូវ​បាន​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​ត្រូវ​ជា​ព្រះរាជបុត្រ នាំ​ដង្ហែ​យក​មក​បញ្ចុះ​នៅ​ក្នុង​​ព្រះ​ចេតិយ​ជាមួយ​ព្រះអដ្ឋិ​ព្រះ​ករុណា សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នៅ​ក្នុង​ព្រះ​បរម​រាជវាំង ចតុម្មុខ​មង្គល នា​ឆ្នាំ​១៩៧៥៕

ហ្លួង​សីហមុនី និង​ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ ថ្ងៃអាទិត្យ 21 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, 日本語.
2 comments

ទំនាក់​ទំនង​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​នគរ​ទាំង​ពីរ កម្ពុជា​-​ជប៉ុន រវាង​ព្រះ​កុរណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហមុនី និង​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ិតុ មាន​រយៈ​ពេល​១៥​ឆ្នាំ​គត់ គឺ​ចាប់​តាំង​ពី​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​វរ​រាជ​ជនក​នាថ និង​រហូត​មក​ដល់​ចុង​ខែ​មេសា (​២០១៩​) ខាង​មុខ​នេះ ដែល​ព្រះ​ចៅ​អធិរាជ​ជប៉ុន ស្ដេច​នឹង​ដាក់​រាជ្យ​សម្បត្តិ​។

តាំង​ពី​ដើម​រៀង​មក ព្រះ​រាជ​វង្ស​នៃ​នគរ​ទាំង​ពីរ​តែង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ជា​ពិសេស​តាំង​ពី​រាជ្យ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ គ្រា​ទី​១ និង​តាំង​ពី​សម័យ​អតីត​ព្រះ​ចៅ​អធិរាជ​​ហ៊ិរូហ៊ិតុ​មក​ម្ល៉េះ​។

ជំនួប​រវាង​ព្រះ​ចៅ​ផែន​ដី​ទាំង​ពីរ​ព្រះ​អង្គ​ជាលើក​ដំបូង ទំនង​មាន​ឡើង​នៅ​ខែ​មិថុនា ​ឆ្នាំ​២០០៦ កាល​ទ្រង់​បាន​យាង​ទៅ​ចូល​រួម​ព្រះ​រាជ​ពិធី​​​​ឆ្លង​សិរិរាជ​សម្បត្តិ​គ្រប់​៦០​ឆ្នាំ របស់​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម ព្រះ​បាទ​​ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬ​រាមា​ទី​៩​។

យ៉ាង​ណា​ម៉ិញ ព្រះ​ករុណា ព្រះ​បរម​នាថ ស្ដេច​ទ្រង់​បាន​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ទាំង​ផ្លូវ​ការ​ក្ដី​មិន​ផ្លូវ​ការ​ក្ដី​ជា​ច្រើន​លើក​ច្រើន​គ្រា​ទៅ​កាន់​ប្រទេស​ជប៉ុន និង​ជា​ពិសេស កាល​ពី​អំឡុង​​ខែ​ឧសភា ឆ្នាំ​២០១០ ក្នុង​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគីហ៊ិតុ និង​​អធិរាជិនី ស្ដេច​យាង​មក​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់​ក្ដៅ​ជា​ព្រះ​រាជ​ពិធី​នៅ​​ឯ​ព្រះ​បរមរាជ​វាំង​ព្រះ​ចៅ​អធិរាជ នា​ក្រុង​តូក្យូ​ផង​។

បើ​ទោះ​បី​ក្នុង​មួយ​រជ្ជកាល​នៃ​ព្រះ​ចៅ​អធិរាជ​អាគីហ៊ិតុ ស្ដេច​មិន​ធ្លាប់​បាន​យាង​មក​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្ដី ទំនាក់​ទំនង​នៃ​កម្ពុជា​-ជប៉ុន និង​ជា​ពិសេស​រវាង​ព្រះ​អង្គ​ទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​រាជ​សារ​ឆ្លង​ឆ្លើយ​ជា​លំដាប់ ប្រចាំ​ឆ្នាំ ក្នុង​វរោកាស​សំខាន់​ៗ ជា​ពិសេស​ព្រះ​រាជ​សារ​នៃ​ព្រះ​ករុណា ព្រះ​បរម​នាថ ផ្ញើ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ ឬ​គ្រោះ​មហន្តរាយ​នានា​ដែល​កើត​មាន​ឡើង​នៅ​ជប៉ុន​ ជា​ដើម​។ល។

gettyimages-99629408-2048x2048gettyimages-99629410-2048x2048gettyimages-99629498-2048x2048Untitled-22018-07-12_1

______________________________________________________________
អាន​ផង​ដែរ​៖
១. ហ្លួង​សីហមុនី និង​រាមា​៩
២. ហ្លួង​សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​មហា​​វជិរាលង្ករណ

ខួប​ឆ្នាំ​ទី ១១៥ ប្រសូត​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ថ្ងៃអង្គារ 9 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

57052335_2244557775601729_5999778148089069568_n

សម្ដេច​ព្រះ​មហា​ក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ជា​ព្រះ​រាជ​ធីតា​ទី​៥ នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​​ សិរីសុវត្ថិ មុនីវង្ស និង​សម្ដេច​ព្រះ​វរ​រាជ​ជននី​នាថ នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។ ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សៅរ៍ ៩​រោច ខែ​ចែត្រ ឆ្នាំ​រោង បញ្ច​ស័ក ព.ស.​២៤៤៨ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​១៩០៤ ក្នុង​ព្រះ​រាជ​ធានី​ភ្នំ​ពេញ​។

លុះ​ទ្រង់​បាន​ព្រះ​ជន្ម​៧​ព្រះ​វស្សា ព្រះ​អង្គ​បាន​ចូល​ទៅ​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ​-​បារាំង​​នៅ​សាលា​កុមារី​ព្រះ​នរោត្ដម ក្រុង​ភ្នំពេញ​។

ដល់​ឆ្នាំ​១៩២០ គឺ​ក្នុង​ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​គ្រប់​១៦​ព្រះ​វស្សា​ពេញ​បរិបូណ៌​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​​ទ្រង់​បាន​ទទួល​ព្រះ​សម​រស​ជាគូ​នឹង​ព្រះ​បាទ​សម្ដេច​ នរោត្ដម សុរាម្រឹតហើយ​ទ្រង់​គង់​នៅ​ ប្រកប​ដោយ​ព្រះ​សុភមង្គល​វិបុល​សុខ​​ដរាប​រៀង​មក​​។

នៅ​ក្នុង​ឆ្នាំ​១៩២២ ព្រះ​អង្គ​ទ្រង់​ប្រសូត ព្រះ​រាជ​ឱរស​ដ៏​ស្រស់​ប្រិម​ប្រិយ​មួយ​ព្រះ​អង្គ​គឺ សម្ដេច​ព្រះ​ឧបយុវរាជ​ នរោត្ដម សីហនុ

លុះ​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​២៤​ព្រះ​វស្សា គឺ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា​ ឆ្នាំ​១៩២៧ ព្រះ​បាទ ​សម្ដេច សិរីសុវត្ថិ មុនីវង្ស ជា​ព្រះ​បរម​រាជ​បិតា​ទ្រង់​ព្រះ​មេត្តា​តែង​តាំង​ជា​ សម្ដេច​ព្រះរាជ​ធីតា កុសុមៈនារីរ័ក្ស ទ្រង់​ល័ក្ខណ៍​អគ្គ​ធីតា​រាជ​វរ​វង្ស​ បរម ….

(អាន​ត​)

ខួប​ឆ្នាំ​ទី​៥៩ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ថ្ងៃពុធ 3 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

ខួប​ឆ្នាំ​ទី​១០៥ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​មហា​សង្ឃរាជ ព្រះ​នាម ទៀង ថ្ងៃសៅរ៍ 23 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
1 comment so far

Nil-Tieng-105a

សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ​ទ្រង់​សោយ​ព្រះ​ទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ត្រូវ​គ្នា​នឹង​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​១៩១៣ ក្នុង​ព្រះ​ជន្ម​គម្រប់​៩០​ឆ្នាំ​ ក្នុង​រាជ្យ​ព្រះ​ករុណា  ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី ព្រះ​បរម​រាជានុ​កោដ្ឋ​។ ប្រាំ​ខែ​ក្រោយ​មក ពោល​គឺក្នុង​ខែ​មីនា ឆ្នាំ​១៩​១៤ ទើប​ចាត់​ឲ្យ​មាន​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​តាម​បវេណី​។

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រហូត​ដល់​ទៅ​១៥​ថ្ងៃ ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​១៩១៤ ដែល​ត្រូវ​នឹង​ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៦ មហា​សក​រាជ​១៨៣៥ និង​ចុល្ល​សករាជ​១២៧៥​។

តាម​​សៀវភៅ​ព្រះ​រាជ​កំណត់​បុណ្យ ព្រះ​រាជ​ពិធី​នេះ​ក្រៅ​អំពី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​មហា​សង្ឃ​រាជ ក៏​ជា​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះ​រាជ​វង្សានុវង្ស​មួយ​ចំនួន​អង្គ​ទៀត​ផង​ដែរ​ ដោយ​ចាត់​ក្នុង​ពេល​ព្រម​គ្នា​។

បន្ទាប់​ពី​ព្រះ​អង្គ​សោយ​ទិវង្គត​មក រាជការ​បាន​ចាត់​សាង​ព្រះ​មេរុ​ធំ​មួយ នា​ខាង​ជើង​ព្រះ​បរម​រាជ​វាំង (​កកន ៖ ទំនង​វាល​ព្រះ​មេរុ​បច្ចុប្បន្ន​) តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា និង​ស្រេច​រួច​រាល់​នា​ខែ​មីនា ឆ្នាំ​១៩១៤​​។

មក​ដល់​ថ្ងៃ​សុក្រ ២​រោច ខែ​ផល្គុណ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ មីនា ដែល​ជា​ថ្ងៃ​ទី​១​នោះ ព្រះ​កោដ្ឋ​ព្រះ​សព​ ត្រូវ​បាន​ធ្វើ​ពិធី​រំកិល​ចេញ​ពី​ព្រះ​បញ្ចា ក្នុង​វត្ត​ឧណ្ណាលោម ដោយ​មាន​ព្រះ​សង្ឃ​សរុប​១០០០​អង្គ​សត្តប្បករណ៍​ផង ឆ្ពោះ​មក​កាន់​ទី​ព្រះ​មេរុ ដោយ​មាន​ព្រះ​ករុណា ព្រះ​បរម​រាជានុកោដ្ឋ ម្ចាស់​ផែន​ដី លោក ឡឺ​រេស៊ីដង្គ សូប៉េរីយ៉ើរ ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស ស្ដេច​យាង​ និង​អញ្ជើញ ចូល​រួម​ផង​​។

ព្រះ​សព​ត្រូវ​បាន​តម្កល់​ក្នុង​ព្រះ​មហា​បញ្ចា​៥​ជាន់ និង​បាន​ធ្វើ​បុណ្យ​៦​យប់​៦​ថ្ងៃ​ រហូត​ដល់​ថ្ងៃ​គម្រប់​ទី​៧ គឺ​ថ្ងៃ​​ព្រហស្បតិ៍ ៨​រោច ខែ​ផល្គុណ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​មីនា ទើប​ចាត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចាប់​ពី​ម៉ោង​៥​ល្ងាច ដោយ​មាន​ព្រះ​រាជ​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​ព្រះ​ករុណា​ជា​អម្ចាស់ជីវិត​លើត្បូង (​រាជានុកោដ្ឋ​) ឡឺ​រេស៊ីដង្គ​សុបេរីយ៉ើរ ព្រម​ទាំង​អ្នក​រាជការ និង​អ្នក​ជំនួញ​បារាំង ព្រះ​រាជ​វង្សានុវង្ស ក្សត្រា​ក្សត្រីយ៍ សេនាបតី​នាម៉ីន​សព្វ​មុខ​មន្ត្រី រាជា​គណៈ​ឋានានុក្រម​សង្ឃ និង​សិស្សានុសិស្ស យាង និង​អញ្ជើញ​ចូល​រួម​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​សម​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្នុង​ព្រះ​កោដ្ឋ​ តាម​ទំនៀម​ផង​។

បន្ទាប់​មក​នៅ​វេលា​ព្រឹក​ថ្ងៃ​បន្ទាប់ ព្រះ​អដ្ឋិ​ត្រូវ​បាន​រើស និង​លាង​ដោយ​ទឹក​ដូង​ទឹក​អប់ រួច​ដាក់​ក្នុង​ព្រះ​កោដ្ឋ​មាស និង​ធ្វើ​ពិធី​ហែ​នៅ​វេលា​ម៉ោង​២​រសៀល ទៅ​តម្កល់​លើ​ព្រះ​បល្ល័ង្ក​ក្នុង​ដំណាក់​ដើម​របស់​ព្រះ​អង្គ ឯ​វត្ត​ឧណ្ណា​លោម​។

រហូត​មក​ដល់​ថ្ងៃ​គម្រប់​ទី​១៤ គឺ​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ផល្គុណ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​មីនា ពោល​គឺ​បន្ទាប់​ពី​ព្រះ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ព្រះ​រាជ​វង្សានុវង្ស​ដទៃ​ទៀត រួច​រាល់​អស់ ទើប​ធ្វើពិធី​ហែ​ព្រះ​អដ្ឋិ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​ក្នុង​ព្រះ​កោដ្ឋ ព្រះ​ទាំង​ព្រះ​អដ្ឋិ​ព្រះ​រាជ​វង្ស​ទាំង​អស់ មក​តម្កល់​ក្នុង​ព្រះ​មេរុ​វិញ និង​បាន​សម្ពោធ​ឆ្លង​បុណ្យ​ជា​សូរេច​​៕​៚

______________________________________________________
អានផងដែរ៖
១. និល ទៀង សម្ដេចព្រះសង្ឃរាជ ទីមួយនៃក្រុងកម្ពុជា
២. ខួប​ឆ្នាំ​ទី​១០៥ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជា ព្រះ​នាម​ទៀង

%d bloggers like this: