jump to navigation

ស្ថាបត្យករ​ដ៏​​ល្បាញ​ល្បី​នៃ​កម្ពុជា វណ្ណ មូលីវណ្ណ ទទួល​មរណភាព ថ្ងៃ​ព្រហស្បតិ៍ 28 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, មរណភាព.
3 comments

បុគ្គល​ម្នាក់​ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​កម្ពុជា​ក្រោយ​អាណានិគម​ល្បី​សុះ​សាយ​ទូទាំង​ពិភព​លោក​ វណ្ណ ម៉ូលីវណ្ណ បាន​ទទួល​មរណភាព​ហើយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧​ នេះ​។ លោក​ វណ្ណ មូលីវណ្ណ គឺ​ជា​បុគ្គល​ម្នាក់​ឈាន​មុខ​រួម​ជា​មួយ​ស្ថាបត្យករ​ផ្សេង​ៗ​ទៀត សម័យ​សង្គម​រាស្ត្រ​និយម​ដ៏​រុង​រឿង បាន​បង្ហាញ​អំពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​សម័យ​ទំនើប ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​មាន​កូន​ខ្មែរ​ណា​ម្នាក់​សាង​ស្នាដៃ​ដូច​រូប​លោក​បាន​ទេ​។

កើត​នៅ​ឆ្នាំ​១៩២៦ ឯ​ស្រុក​រាម ខេត្ត​កំពត លោក វណ្ណ ម៉ូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បី​ៗ​ជា​ច្រើន​នៅ​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារ​បុរាណ​ៗ វត្ត​អារាម និង​សំណល់​ពី​សម័យ​អាណានិគម​។ ស្នាដៃ​សំខាន់​ៗ​របស់​លោក​មាន សាល​សន្និសីទ​ចតុម្មុខ អាគារ​គណៈ​រដ្ឋមន្ត្រី ។ល។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង ស្ថាន​ទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ។

លោក វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណ​ភាព​នៅ​វេលា​ម៉ោង​​៩ និង​ ៤៥ ​នាទី​​ ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍ ទី​២៨ ​ខែ​កញ្ញា ឆ្នាំ​២០១៧ ​ក្នុងអា​យុ​​៩១​ឆ្នាំ​។ ពិធី​បុណ្យ​សពរបស់​ស្ថាបត្យករ​ខ្មែរដ៏​ល្បី​ល្បាញ​រូប​នេះ ធ្វើឡើង​នៅក្នុង​គេហ​ដ្ឋាន​របស់​លោកព្រឹទ្ធា​ចារ្យ ស្ថិត​ក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ​ក្រុង​សៀម​រាប​ ខេត្តសៀមរាប។

ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​ឲ្យ​សម្តេច​ចៅហ្វា​វាំង វរវៀងជ័យ អធិបតីស្រីង្គារ​ គង់ សំអុល ​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ ចាត់ចែង​រៀបចំ​ពិធីបុណ្យ​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ផង​នោះ ឲ្យ​បាន​ថ្លៃថ្នូរ​៕

អាន​ប្រវត្តិ​ពិស្ដារ ចុច​ទី​នេះ​

____________________________________________
អាន​ផង​ដែរ
១. ស្ថាបត្យករ​ដ៏​អស្ចារ្យ​បារម្ភ​អំពី​អនាគត​របស់​ក្រុង
២. វណ្ណ មូលីវណ្ណ និង​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី
៣. ពិធី​សម្ពោធ​មហោស្រព​ជាតិ «​ព្រះ​សុរាម្រិត​»
៤. ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល

Advertisements

ពិធី​បុណ្យ​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព សម្ដេច​ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ថ្ងៃពុធ 4 ខែមករា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, មរណភាព, វីដេអូ.
add a comment

លោក​ជំទាវ​សម្ដេច​ចក្រី ញឹក ជូឡុង ទទួល​មរណភាព ថ្ងៃ​ព្រហស្បតិ៍ 24 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in មរណភាព.
add a comment

លោកជំទាវ មាសកេត សមភ័ត្រ ដែលជាភរិយារបស់សម្ដេចចក្រីកុញ្ជរាធិបតី ញឹក ជូឡុង បានទទួលមរណភាពហើយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៩៦ឆ្នាំ។

មរណភាពនៃលោកជំទាវសម្ដេចចក្រី ញឹក ជូឡុង នាថ្ងៃនេះ គឺចំថ្ងៃគ្នានឹងការយាងសម្ពោធសមិទ្ធិនានា នៃបុរីជូឡុង គិរីរម្យ ដោយសម្ដេចព្រះប្រមុខរដ្ឋ កាលពីសម័យសង្គមរាស្ត្រនិយម។

បុរីជូឡុង គឺជាឈ្មោះក្រុងថ្មីមួយនៃតំបន់ខ្ពង់រាបគិរីរម្យ ដែលទទួលបានការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការអភិវឌ្ឍន៍ពីសំណាក់អតីតសម្ដេចចក្រីកុញ្ជរាធិបតី ញឹក ជូឡុង ស្វាមីនៃលោកជំទាវ កាលពីសម័យសង្គមរាស្ត្រនិយម។ បុរីជូឡុង គិរីរម្យ នេះទទួលបានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាទីកូនទីក្រុងទំនើបមួយ ទទួលបានការកោតសរសើរពីសំណាក់ឥស្សរជនជាន់ខ្ពស់នានាទូទាំងពិភពលោក និងជាទីកម្សាន្ត លម្ហែកាយបុគ្គលិកមន្ត្រីរាជការខ្មែរនាសម័យនោះផងដែរ (សូមរង់ចាំអាន ប្រកាសបុរីជូឡុង នាអតីតកាល)។

សម្ដេចចក្រីកុញ្ជរាធិបតី ញឹក ជូឡុង ដែលជាស្វាមីរបស់លោកជំទាវ គឺជាបុគ្គលជាន់ខ្ពស់សំខាន់ម្នាក់នៅក្នុងប្រទេសកម្ពុជា ជាអ្នកមានភក្តីភាព, ស្មោះស្ម័គ្រដង្ហែតាមព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង និងក្នុងសម័យសង្គមរាស្ត្រនិយម។ លោកគឺជាអតីតភួឈួយខេត្ត, ចៅហ្វាយខេត្ត, អភិបាលក្រុង, មេទ័ព, រដ្ឋមន្ត្រី និងជាអតីតនាយករដ្ឋមន្ត្រីស្ដីទី របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរជ្ជកាលសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ

លោកជំទាវ (ទី២ ពីស្ដាំ) និងក្រុមគ្រួសារថតជាមួយសម្ដេចព្រះមហាវីរក្សត្រិយ៍ និងសម្ដេចព្រះមហាក្សត្រីយ៍ នៅព្រះបរមរាជវាំង ក្នុងព្រះរាជពិធីមួយ
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

អតីត​នាយក​រដ្ឋមន្ត្រី ប៉ែន សុវណ្ណ ទទួល​មរណភាព ថ្ងៃអាទិត្យ 30 ខែតុលា 2016

Posted by សុភ័ក្ត្រ in មរណភាព.
add a comment

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ អតីតនាយករដ្ឋមន្ត្រីខ្មែរនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកប៉ែន សុវណ្ណ បានទទួលមរណភាពហើយដោយរោគាពាធនៅគេហដ្ឋានរបស់លោកផ្ទាល់ឯទីរួមខេត្តតាកែវ នាថ្ងៃសៅរ៍ (ម្សិលមិញ) ទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៩និង១៧នាទី ក្នុងអាយុ៨០ឆ្នាំ។ ឯកឧត្ដមប៉ែន សុវណ្ណ ដែលមុននឹងលោកទទួលមរណភាពលោកគឺជាសមាជិករដ្ឋសភា និងជាឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយជាអតីតនាយករដ្ឋមន្ត្រីខ្មែរ របស់រដ្ឋការសាធារណរដ្ឋប្រជាមានិតកម្ពុជា។

អានប្រវត្តិលោកប៉ែន សុវណ្ណ ចុចទីនេះ

ព្រះ​ចៅ​ផែន​ដី​ថៃ​ស្ដេច​សុវណ្ណគត​ហើយ ថ្ងៃ​ព្រហស្បតិ៍ 13 ខែតុលា 2016

Posted by សុភ័ក្ត្រ in មរណភាព, ภาษาไทย.
9 comments

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ព្រះមហាក្សត្រិយ៍ដែលគ្រងរាជ្យយូរជាងក្សត្រិយ៍អង្គណាៗក្នុងលោក ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ មហិត្លាធិបេឝ្ររាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ បរមនាថបពិត្រ ឬរាមាទី៩ នៃរាជវង្សចក្រីថៃ ស្ដេចសោយព្រះទិវង្គតហើយ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។

ប្រកាសពីសំណាក់ព្រះរាជវាំងថៃបានឲ្យដឹងថា ព្រះអង្គស្ដេចយាងទៅប្រថាប់ព្យាបាលព្រះរោគ នាមន្ទីរពេទ្យសិរិរាជ តាំងតែថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០១៤ មក ដោយមានគណៈពេទ្យថៃថ្វាយការរក្សាព្រះរោគជាលំដាប់ រហូតដល់ថ្ងៃព្រហស្បតិ៍ នេះ វេលាម៉ោង១៥ និង៥២ ព្រះអង្គក៏សោយព្រះទិវង្គត រួមព្រះជន្ម៨៩ព្រះវស្សា គ្រងរាជសម្បត្តិបាន៧០ឆ្នាំ។

  • រាជរដ្ឋាភិបាលថៃប្រកាសកាន់ទុក្ខពេញមួយឆ្នាំ

បន្ទាប់ពីប្រកាសស្ដីអំពីសុវណ្ណគតនៃព្រះចៅផែនដីរួចមក រាជរដ្ឋាភិបាលថៃក៏បានចេញប្រកាស កាន់ទុក្ខរួមមានពីរចំណុចគឺ៖

  1. ឲ្យស្ថាប័នរាជការ សហគ្រាសរដ្ឋ ព្រមស្ថាប័នសិក្សាធិការគ្រប់កន្លែង ទម្លាក់ទង់ជាតិពាក់កណ្ដាលដង ចំនួន៣០ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តទៅ
  2. ឲ្យមន្ត្រីរាជការ បុគ្គលិកសហគ្រាសរដ្ឋ និងមន្ត្រីរដ្ឋទាំងអស់កាន់ទុក្ខមានកំណត់១ឆ្នាំ តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តទៅ
    សម្រាប់ប្រជាជនទូទៅ សូមឲ្យពិចារណាអនុវត្តតាមការសមគួរ។

ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ មហិត្លាធិបេឝ្ររាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ បរមនាថបពិត្រ ស្ដេចប្រសូតនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ នារដ្ឋម៉ាស្សាជូសេត្តស៍ សហរដ្ឋអាមេរិក។ ព្រះអង្គគឺជាមហាក្សត្រិយ៍ដែលគ្រងរាជយូរជាងគេបំផុត ក្នុងលោករហូតដល់ទៅ៧០ឆ្នាំ និងព្រះអង្គត្រូវបានការគោរពស្រឡាញ់ប្រៀបដូចព្រះអាទិទេពពីសំណាក់ប្រជារាស្ត្ររបស់ព្រះអង្គ។

ព្រះអង្គមានព្រះបរមបច្ឆាមរណនាមថា «ព្រះចៅយូហួ ក្នុងព្រះបរមកោដ្ឋ»៕៚

__________________________________________________
អានផងដែរ
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម

មរណ​ភាព​ដែល​ជញ្ជួយ​ផែន​ដី​៖ កែម ឡី វីរបុរស​ខ្មែរ​សម័យ​ថ្មី ថ្ងៃអាទិត្យ 10 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, មរណភាព, អំពីស្រុកខ្មែរ.
2 comments

ព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ នេះ ព្រឹត្តិការណ៍នៃការធ្វើឃាតលោក កែម ឡី កណ្ដាលទីក្រុង បានធ្វើឲ្យកក្រើកផ្ទៃដីស្រុកខ្មែរ និងរហូតដល់ជញ្ជួយផែនដីលោកទាំងមូលផងដែរ។

លោកកែម ឡី ដែលត្រូវបានគេស្គាល់ថាជាបុគ្គលវិភាគឯករាជ្យឥតសំចៃថ្វីមាត់នោះ ត្រូវបានជនធ្វើឃាតដោយបាញ់នឹងកាំភ្លើង ធ្វើឲ្យលោកស្លាប់នៅនឹងកន្លែងតែម្ដង នាហាងទំនិញមួយនៅម្ដុំស្តុបបូកគោ ក្រុងភ្នំពេញ។

ភ្លាមៗនោះ មនុស្សម្នាដែលស្នេហាលោកក៏បានមកចោមរោមដង្ហែសពរបស់លោករាប់ម៉ឺននាក់ នាពេលក្រោយមក ទៅធ្វើបុណ្យតាមប្រពៃណីឯវត្តមួយនាម្ខាងក្រុងភ្នំពេញ។ គណបក្សនយោបាយនានា រួមទាំងអង្គការ និងប្រទេសជាច្រើនបាននាំគ្នាថ្កោលទោស និងទាមទារឲ្យរដ្ឋាបាលខ្មែរស្វែងរកការស៊ើបអង្កេតឯករាជ្យ ដើម្បីរកឧក្រិដ្ឋជនមកផ្ដន្ទាទោស៕

អានប្រវត្តិលោក កែម ឡី ចុចទីនេះ

___________________________________________
អានផងដែរ៖
១. កែម ឡី៖ មានហិង្សា ព្រោះបុគ្គលព្រៃមានសិទ្ធិ ក្នុងការ«ព្យួរ»រដ្ឋធម្មនុញ្ញ
២. ៧ថ្ងៃនៃមរណភាពលោក កែម ឡី បង្ហាញអ្វីខ្លះ?
៣. អឹ ហ្វែវែល្ល ដេយ៍

អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ទី​២១ ទទួល​មរណភាព ថ្ងៃសៅរ៍ 23 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, មរណភាព, ภาษาไทย.
1 comment so far

នានាប្រទេស៖ ក្រុងទេពមហានគរ – នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦ នេះ ប្រទេសថៃបានបាត់បង់បុគ្គលដ៏សំខាន់មួយរូបក្នុងវិស័យនយោបាយ នោះគឺអតីតនាយករដ្ឋមន្ត្រីទី២៥ លោក បណ្ហារ សិល្បអាជា (ថៃ៖ บรรหาร ศิลปอาชา) ដោយរាគាពាធ។ លោក បណ្ហារ បានទទួលមរណភាពនៅវេលាម៉ោង៤ និង៤២នាទី នាមន្ទីរពេទ្យសិរិរាជ បិយមហារាជការុណ្យ ក្រុងបាងកក។

កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៣២ លោកមានឈ្មោះដើមថា តេកស៊ាង ស៊ែបេ (馬德祥) ជាកូនកាត់ចិន។ លោកបណ្ហារ គឺជាអតីតសមាជិកសភាតំណាងរាស្ត្រ ខេត្តសុពណ្ណបុរី រហូតដល់ទី១១អណត្តិ រហូតទទួលបានរហស្សនាមថា (នាគសុពណ្ណ)។ លោកគឺជាអ្នកនយោបាយជើងចាស់ និងធ្លាប់ដឹកនាំគណបក្សជាតិថៃ របស់លោកឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនៅប្រទេសថៃ រហូតលោកបានក្លាយជានាយករដ្ឋមន្ត្រីទី២១ នៃប្រទេសនេះទៀតផង។ រហូតមុនពេលទទួលមរណភាពនេះ លោកគឺជាប្រធានទីប្រឹក្សាគណបក្ស និងជាបុគ្គលមួយរូបដែលទទួលបានការគោរពស្រឡាញ់ពីគ្រប់ភាគីនានារបស់ប្រទេសថៃ។

លោក បណ្ហារ ដោយវ័យចាស់ជរា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ដោយសារជំងឺហឺតរបស់លោកកម្រើកឡើង។ អាការរបស់លោកបានថមថយជាលំដាប់រហូតទទួលមរណភាពនៅទីបំផុតក្នុងអាយុ៨៣ឆ្នាំ៨ខែ។ ពិធីបុណ្យសពរបស់លោកនឹងចាត់ធ្វើនៅឯវត្តទេពសិរិន្ទ្រ នាក្រុងបាងកក ដោយទទួលបានការប្រោសព្រះរាជទានពីព្រះមហាក្សត្រិយ៍ថៃនូវកោដ្ឋកិត្តិយស៨ជ្រុង ឆត្រយសបេញ្ចា ទឹកចម្អាសសព ព្រមទាំងចាត់បុណ្យសពហ្លួងរយៈពេល៧ថ្ងៃ៧យប់ ជូនជាកិត្តិយសដល់លោកផងដែរ៕

បរិយាកាសពិធីបុណ្យសពលោក បណ្ហារ សិល្បអាជា (រូប៖ khaosod)





___________________________________________________
អានផងដែរ
១. ស្ម័គ្រ សុន្ទរវេជ ទទួលមរណភាព

%d bloggers like this: