jump to navigation

កិមិរា​​ទេវី មក​ដល់​ក្រុង​កម្ពុជា ថ្ងៃ​សុក្រ 14 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in វីដេអូ.
1 comment so far

____________________________________________________
អានផងដែរ
១. កិមិរាទេវីទៅដល់ហ្លួងព្រះបាង

សណ្ឋាគារ​ពីរ៉ាមីត ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in វីដេអូ, សណ្ឋាគារ.
2 comments

កាលពីទៅខេត្តបន្ទាយមានជ័យពេលថ្មីៗនេះ ខ្ញុំបានស្នាក់នៅសណ្ឋគារពីរ៉ាមីត ក្រុងសេរីសោភ័ណ។

ជាប្រភេទសណ្ឋាគារខ្នាតតូចស្អាតល្មមហើយទំនងជាសណ្ឋាគារធំជាងគេបំផុតហើយមើលទៅនៅក្នុងទីរួមខេត្តមួយនេះ។

សម្រាប់បន្ទប់ដែលខ្ញុំស្នាក់នៅជាប្រភេទបន្ទប់វីអាយភី ដោយមានតម្លៃបូករួមទាំងអាហារពេលព្រឹកគឺប្រមាណ១២០.០០០រៀល៕

អាសយដ្ឋាន៖

ក្រុម៥ ផ្លូវ២ ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ៖ ០៥៤ ៦៦៨ ៨៨៨១
សារអេឡិចត្រូនិច៖ info@pyramid-hotel.com
គេហទំព័រ៖ http://pyramid-hotel.com/

ការផ្ដល់តម្លៃ៖ 


បន្ទប់សណ្ឋាគារ

បន្ទប់សណ្ឋាគារ

បន្ទប់សណ្ឋាគារ

បន្ទប់សណ្ឋាគារ

ភោជនីយដ្ឋានជាន់ទី៥របស់សណ្ឋាគារ

មើលពីជាន់លើរបស់សណ្ឋាគារ

____________________________________________________________________
អានផងដែរ៖
១. ទៅខេត្តបន្ទាយមានជ័យ
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា

Repost: ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ ថ្ងៃ​សៅរ៍ 18 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in វីដេអូ, ພາສາລາວ.
add a comment

មិនខុសអ្វីប៉ុន្មានពីខ្មែរ និងថៃសោះឡើយ ប្រទេសលាវ គឺជាប្រទេសមួយទៀត ដែលមានទំនៀមទម្លាប់ប្រហាក់ប្រហែល នឹងនគរទាំងពីរច្រើនណាស់។ ទាំងនេះក៏ដោយសារភូមិសាស្ត្រ ព្រមទាំងការផ្សព្ធផ្សាយនៃឥទ្ធិពលខ្មែរបុរាណ ដែលមានទៅលើប្រទេសទាំងពីរកាលពីអតីតកាល។ ចំពោះការប្រើប្រាស់កោដ្ឋសម្រាប់ផ្ទុកសពនៅក្នុងនគរលាវ ក៏ដូចគ្នានឹងប្រទេសខ្មែរយើងដែរ។

ប្រទេសលាវ ដែលបានរំលំរបបក្សត្រិយ៍ កាលពីឆ្នាំ១៩៧៥ មកនោះ ការប្រើប្រាស់កោដ្ឋដាក់ព្រះសព ដែលជាក់ស្ដែងបំផុតនោះ គឺកាលពីបុណ្យព្រះសព ចៅពេជ្ររាជ រតនវង្សា (សម្ដេចចៅហ្វាមហាឧបរាជ) និងអតីតក្សត្រិយ៍លាវ ព្រះករុណាព្រះបាទសម្ដេចព្រះចៅ ស្រីស្វាងវង្ស កាលពីចុងទសវត្សរ៍១៩៥០។ (សូមអានប្រកាស៖ អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីសវាងវង្ស) បច្ចុប្បន្ននេះ ព្រះកោដ្ឋផ្ទុកព្រះបរមសពព្រះអង្គត្រូវបានរក្សាទុកយ៉ាងល្អ នៅឯវត្តមួយនៃអតីតរាជធានីហ្លួងព្រះបាង របស់លាវ។

ព្រះកោដ្ឋដែលបានប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យព្រះបរមសព ម្ចាស់ជីវិតលាវ ស្រីសវាងវង្ស

កាលពីមុននេះមិនយូរប៉ុន្មាន ក្នុងអំឡុងខែកក្កដា ឆ្នាំ២០០៧ ប្រទេសលាវបានរៀបចំពិធីបុណ្យព្រះសពចៅអធិការវត្តសែនសុខារាម ហ្លួងព្រះបាង ថ្វាយព្រះវីរសុទ្ធិគន្ធ ខាំច័ន្ទ វីរជិតធារ៉ា ចៅគណៈសង្ឃជាន់ខ្ពស់របស់ក្រុងហ្លួងព្រះបាង រយៈពេល១០ថ្ងៃ។ អ្វីដែលគួរសង្កេតនៅក្នុងពិធីហែក្បួនព្រះសព គឺមានការប្រើប្រាស់កោដ្ឋ ដែលបានរចនាយ៉ាងវិចិត្រសម្រាប់ព្រះសពផងដែរ។

ប្រសិនបើនៅក្នុងព្រះកោដ្ឋ មានផ្ទុកព្រះសពពិតប្រាកដនោះ នោះបានន័យថា ប្រពៃណីការប្រើប្រាស់កោដ្ឋនេះ ត្រូវបានរក្សាទុកយ៉ាងល្អនៅក្នុងប្រទេសលាវ ជាងកម្ពុជានិងថៃផងទៀត។ តែប្រសិនបើមិនមានព្រះសពក្ដី យ៉ាងហោចណាស់ ប្រទេសលាវ ក៏គង់នៅរក្សាការប្រើប្រាស់កោដ្ឋសម្រាប់បុណ្យព្រះសពបានល្អជាងខ្មែរផងដែរ ដ្បិតដូចការរៀបរាប់តាមប្រកាសនានាកន្លងមក ចាប់តាំងពីសម័យបុណ្យព្រះសព សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ កាលពីដើមសតវត្សរ៍១៩៧០ នោះមក ប្រទេសកម្ពុជា មិនឃើញមានការប្រើប្រាស់កោដ្ឋណាទៀតទេ សម្រាប់ពិធីបុណ្យព្រះសព ទាំងសម្រាប់បណ្ដាព្រះរាជវង្សានុវង្ស និងព្រះសង្ឃជាន់ខ្ពស់៕

ពិធីដង្ហែព្រះកោដ្ឋបុណ្យព្រះសព ព្រះវីរសុទ្ធិគន្ធ ខាំច័ន្ទ វីរជិតធារ៉ា ចៅគណៈសង្ឃជាន់ខ្ពស់របស់ក្រុងហ្លួងព្រះបាង កាលពីខែកក្កដា ឆ្នាំ២០០៧

__________________________________________________
អានផងដែរ
១. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
២. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៣. កោដ្ឋ
៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា
៥. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង
៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត)
៨. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់)
៩. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីសវាងវង្ស
១០.  ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស
១១. សិល្បៈព្រះមេរុរបស់លាវ
១២. មកមើលមេរុអតីតប្រធានសង្ឃលាវ
១៣. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ

ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
9 comments

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ល្ងាចថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ គ.ស.២០១៧ នេះ នៅឯក្រុងទេពមហានគរ រាជអាណាចក្រថៃមានរៀបចំព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មី អង្គទី២០ នៃក្រុងរតនកោសិន្ទ្រជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតពីសំណាក់ព្រះចៅផែនដីខ្លួន គឺសម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រមទាំងមានការយាង និងអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ព្រះសង្ឃ រាជាគណៈគ្រប់និកាយ នាហ្មឺនមន្ត្រី ខ្ញុំរាជការ និងអាណាប្រជានុរាស្ត្រថៃជាច្រើនកុះករ។ ពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង ក្រុងទេពមហានគរ (បាងកក)។

សម្ដេចព្រះសង្ឃរាជអង្គថ្មីរបស់ថៃ

ព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីនេះ ត្រូវបានធ្វើឡើងតាមបូរាណរាជបវេណីរបស់ថៃ ដោយមានការសូធ្យប្រកាសព្រះរាជឱង្ការប្រោសស្ថាបនាព្រះអង្គដោយក្រុមអាលក្សណ៍ និងសូធ្យព្រះនាមព្រះសុវណ្ណប័ដ។ បន្ទាប់មកព្រះចៅផែនដីថៃថ្វាយទឹកព្រះមហាស័ង្ខទក្សិណាវ័ដស្ថាបនាព្រះអង្គជាផ្លូវការ ដោយមានព្រះសង្ឃក្នុងសង្ឃមណ្ឌលចម្រើនជ័យមង្គលគាថាផង។ ព្រមជាមួយគ្នានោះហោរហ្លួងវាយគងជ័យ ព្រាហ្មណ៍ផ្លុំស័ង្ខ ភូសាមាលាគ្រលែងពីងពាំង ទាហានប្រគំសង្ខ ត្រែ តុរិយាង្គ និងព្រមជាមួយគ្នានោះ ក៏មានការវាយរគាំង នៅឯហោរគាំង វត្តព្រះស្រីរតនសាស្ដារាម ចំនួន២០ដងផងដែរ។ សូមបញ្ជាក់ថា ក្នុងពេលជាមួយគ្នាគ្រប់វត្តអារាមនៅទូទាំងរាជអាណាចក្រថៃ ព្រមវត្តថៃនានាក្នុងលោកក៏បានធ្វើការវាយរគាំងព្រមៗគ្នាដើម្បីអនុមោទនាសាធុការព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីនេះផងដែរ (អានប្រកាស៖ ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ)។

បន្ទាប់មកព្រះចៅផែនដីថៃប្រគេនព្រះសុវណ្ណប័ដ ផ្លិតយស ត្រាប្រចាំតំណែងសម្ដេចព្រះសង្ឃរាជ ព្រមទាំងគ្រឿងសមណស័ក្ដិប្រើប្រាស់សម្រាប់សម្ដេចព្រះសង្ឃរាជ និងព្រះរាជាគណៈ ព្រមទាំងអ្នកមុខអ្នកការថៃ គ្រប់ឋានានុក្រមក៏បានប្រគេនគ្រឿងសក្ការតាមលំដាប់លំដោយ។ បន្ទាប់ពីពិធីនានារួចស្រេចហើយ នៅវេលា១៩.៥៨នាទី សម្ដេចព្រះសង្ឃអង្គរាជអង្គថ្មី ស្ដេចយាងចាកចេញពីព្រះឧបោសថ ឆ្ពោះទៅប្រថាប់ព្រះទីន័ងរថយន្តថ្មីមួយ (រថយន្តប្រចាំតំណែងសម្ដេចព្រះសង្ឃរាជ) ដែលជាព្រះរាជទានពីសំណាក់ព្រះចៅផែនដីឆ្ពោះទៅកាន់វត្តរាជបពិធស្ថិតមហាសីមារាម សូរេចព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គទី២០ នៃក្រុងរតនកោសិន្ទ្រ រាជអាណាចក្រថៃ៕៚

ទិដ្ឋភាពព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីរបស់ថៃព្រះមហាក្សត្រិយ៍ថៃយាងចូលរួមព្រះរាជពិធីក្រុមអាលក្សណ៍អានព្រះបរមរាជឱង្ការតែងតាំងសម្ដេចព្រះសង្ឃរាជព្រះសង្ឃយាងចូលរួមព្រះរាជពិធី
សម្ដេចព្រះសង្ឃរាជ (កាន់ផ្លិតយស)ព្រះមហាក្សត្រិយ៍ថៃថ្វាយទឹកសង្ខសម្ដេចព្រះសង្ឃរាជភ្នាក់ងារព្រះបរមរាជវាំងវាយរគាំងថ្វាយអនុមោទនាសាធុកា

_________________________________________
អានផងដែរ៖
១. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
២. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
៣. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ
៤. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
៥. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៦. មកស្គាល់ប្រវត្តិ «សម្ដេចព្រះមហាមុនីវង្ស» សម្ដេចព្រះសង្ឃរាជអង្គទី២០ របស់នគរថៃ
៧. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ
៨. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

អនុមោទនា មាឃ​បូជា ព.ស.​២៥៦០ ថ្ងៃ​សៅរ៍ 11 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ.
1 comment so far

មាឃបូជា (អានថា៖ មាឃៈបូជា មិនមែនអាន មាឃបូជា ទេ) វចនានុក្រមខ្មែរ ទំព័រ៨៧២ ន. (សំ.បា. មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ។ ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ

  1. ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូរណ៌មីខែមាឃ),
  2. ព្រះភិក្ខុសង្ឃចំនួន១.២៥០ រូប ឥតបានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្ដា,
  3. ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់,
  4. ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។

ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់, ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ…។

ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជាៈ ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា។

  • ឆ្នាំនេះមាឃបូជា ត្រូវនឹងថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ គ.ស.២០១៧។

ព្រះធម្មវិសេសទេសនាអំពីបុណ្យមាឃបូជា
សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

ទំនៀម​ស្ត្រី​យំ​យាម​ក្នុង​បុណ្យ​ព្រះ​បរម​សព ថ្ងៃ​ពុធ 1 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
2 comments

ព្រះមហាក្សត្រិយ៍ត្រូវបានប្រជារាស្ត្រចាត់ទុកព្រះអង្គជាអង្គសម្មតិទេព ជាអង្គប្រសើរលើសមនុស្សផងឯទៀតក្នុងការគ្រប់គ្រងព្រះនគរ។ នគរខ្មែរ តាំងពីដើមរៀងមកបានប្រកាន់យករបបទេវរាជានេះ ដែលជាជំនឿថាព្រះនគរបានសុខស្បើយក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ។ ហេតុដូចនេះហើយនៅពេលព្រះអង្គសោយព្រះទិវង្គត ពិធីកម្មជាច្រើនក៏ត្រូវបានធ្វើឡើងចំពោះព្រះបរមសព ខុសប្លែកពីសាមញ្ញជនទូទៅផងដែរ។

មកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ មានរយៈពេល៤ឆ្នាំហើយ នៃព្រះរាជពិធីបុណ្យព្រះមេរុ នៃអតីតព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋជាទីស្រឡាញ់នៃប្រជារាស្ត្រខ្មែរ ស្រែខ្មុកសូមលើកយកពីទំនៀមស្ត្រីយំយាមនាបុណ្យព្រះបរមសពព្រះអង្គ កាលពី៤ឆ្នាំមុននេះដើម្បីជាការសិក្សាស្វែងយល់ និងប្រកបមកជាមួយនូវបទភ្លេងនៃស្ត្រីយំយាមផងដែរ។

«ស្ត្រីយំយាម» កាលគ្រាបុណ្យព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ

ឱម្លប់ពោធិមាស អឺ… អឺយ… ថ្កុំថ្កើងឱភាស
ជាចមភារា…
ជាមកុដកំពូល… បង្គោលរាជា
អម្ចាស់ អឺ… អឺយ… សិរសា ខេមរាភានា
អម្ចាស់ខ្ញុំអឺយ.. ពេលថ្មើរនេះហើយ
ធ្លាប់តើនចាកទី…
ស្រោចស្រពព្រះភ័ក្ត្រ… អស់អមារា
បម្រើអឺយ… ភូមី ថ្វាត់ថ្វាយទ្រង់គ្រឿង។

ខាងលើនេះជាទំនុកបទគ្វាមមួយនៃការយំយាម កាលពីបុណ្យព្រះបរមសពព្រះករុណា ព្រះបរមរតនកោដ្ឋ។ នៅក្នុងវចនានុក្រមខ្មែរ ដែលនិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានរៀបរាប់ថា យំយាមនេះគឺជាការពោលពាក្យរលាក់រលែកតាមបទគ្វាម ដែលលើកចងជាសេចក្ដីរៀបរាប់ទៅ រកសពដែលតម្កល់នៅទីនោះ ក្នុងពេលយាមមានកំណត់, ច្រើនតែកំណត់ក្នុង ១ ថ្ងៃត្រឹម ៤ ដងគឺ វេលាអធ្រាត្រ, ជិតព្រឹក, ថ្ងៃត្រង់, ព្រលប់ (អ្នកយំយាមច្រើនតែពួកស្រ្តី, ប្រើចំពោះតែសពឥស្សរជន មានក្សត្រិយ៍ទ្រង់រាជ្យជាដើម)។

«យាម» ជាភាសាបាលីសំស្ក្រឹត មានន័យថា វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ…។ ចំពោះការកំណត់វេនវេលា «យាម» នេះ អាចមានការខុសប្លែកគ្នាទៅតាមសម័យកាល ឬដោយតំបន់ផងដែរ។ (សូមអានប្រកាស៖ អំពីយាម)

ចំពោះកាលពីបុណ្យព្រះបរមសពនៃព្រះករុណា ព្រះបរមរតនកោដ្ឋវិញ ត្រូវបានកំណត់នៃទំនៀមស្ត្រីយំយាមនេះ ជាបួនដង ដូចដែលបានបរិយាយនៅក្នុងវចនានុក្រមខ្មែរដែរ គឺតាំងពីពេលចាត់បុណ្យព្រះបរមសពព្រះអង្គឯហោមន្ទីរនាព្រះបរមរាជវាំងចតុម្មុខមង្គល រហូតដល់ពិធីបុណ្យព្រះមេរុ នៅឯវាលព្រះមេរុ ខាងលិចព្រះបរមរាជវាំង ដោយមានស្ត្រីតែងខ្លួនឈុតស ប្រកបចរិយាប្រពៃច្រៀងរៀបរាប់តាមទំនុកនៃយាមនីមួយៗ។

ដោយឡែកស្របទៅតាមវេលានៃការយំយាមនេះផងដែរ ស្ថានីយទូរទស្សន៍ជាតិនៃកម្ពុជា (ទទក) ក៏បានធ្វើការចាក់ផ្សាយនៃលំនាំបទស្ត្រីយំយាមនេះ ទៅតាមកាលកំណត់ទាំងបួនយាមយ៉ាងទៀងទាត់ផងដែរ គឺតាំងពីព្រឹកព្រលឹម ប្រមាណម៉ោង៦ព្រឹក – តើនចាកព្រះក្រឡាបន្ទំ, វេលាថ្ងៃត្រង់ប្រមាណម៉ោង១២ និងល្ងាចប្រហែលម៉ោង៨យប់ – ថ្វាយព្រះស្ងោយ, និងពេលអធ្រាត្រ ម៉ោងប្រមាណ១២យប់ផងដែរ។

ការសូធ្យយំយាមនៅក្នុងពិធីបុណ្យព្រះបរមសពនៃព្រះករុណា ព្រះបរមរតនកោដ្ឋមានពីរលំនាំ សម្រាប់បទគ្វាមនៃយាមនីមួយៗ និងបញ្ចប់ដោយការសូធ្យរៀបរាប់អំពីចរិយានៃអង្គព្រះមហាវីរក្សត្រិយ៍ផងដែរ។ ខាងក្រោមនេះជាលំនាំនៃស្ត្រីយំយាមដែលបានចម្លងចេញពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) កាលពីគ្រាបុណ្យព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ។ សូមអញ្ជើញស្ដាប់ដូចតទៅ៖

ស្រីយំយាម – តើនចាកព្រះក្រឡាបន្ទំ

រីយំយាម – ថ្វាយព្រះស្ងោយ (វេលាថ្ងៃ)

ស្រីយំយាម – ថ្វាយព្រះស្ងោយ (វេលាល្ងាច)

ស្រីយំយាម – ព្រះមហាវីរក្សត្រិយ៍

____________________________________________________
អានផងដែរ៖
១. ស្រីយំយាម – តើនចាកព្រះក្រឡាបន្ទំ, ថ្វាយព្រះស្ងោយ, ព្រះមហាវីរក្សត្រិយ៍
២. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម

Repost: បែបសើចៗ៖ ទុក្ខ «ប» ថ្ងៃ​ចន្ទ 23 ខែ​មករា 2017

Posted by សុភ័ក្ត្រ in វីដេអូ, អំពី​ភាសា, អំពីភាសា.
add a comment

ទុក្ខនោះទុក្ខធំ ធ្ងន់ប៉ុនភ្នំព្រះសុមេរុ។ តើលោកអ្នកដឹងថាទុក្ខអ្វីទេ? ទុក្ខនោះ គឺទុក្ខតួអក្សរ «ប»។

ក្នុងចំណោមអក្សរក្រមទាំង «៣៣» តួ របស់ខ្មែរយើង មានតែតួ «ប» នេះហើយ ដែលរងទុក្ខសម្បើមជាងអក្សរណាៗទាំងអស់។ ហេតុម្ដេចបានជាខ្ញុំហ៊ានពោលអះអាងយ៉ាងច្នេះណា? ដ្បិតអី ក្រោយពីបង្កើតតួគំនូសជារាងអក្សរ «ប» នេះស្រេចហើយ អ្នកបង្កើតតួអក្សរខ្មែរបូរាណ បានបន្ថែមគំនូសឆ្វេងស្ដាំ លើក្រោម តែបន្តិចបន្តួចទៀតប៉ុណ្ណោះទៅលើតួ «ប» នេះ ប្រយោជន៍បង្កើតជាតួព្យញ្ជនៈ និងស្រៈ ផ្សេងទៀតរហូតដល់ទៅ៦តួទៀតឯណោះ ដែលសរុបមាន៧តួទាំងខ្លួនឯង។

ព្យញ្ជនៈ និងស្រៈ ដែលបានបង្កើតចេញពីតួ «ប» ដោយបន្ថែមសញ្ញាផ្សេងៗទាំង៦តួថ្មីនោះ គឺមានដូចជា៖ ម, ឞ, ប៉, ប៊, ឫ និង ឬ ដោយមានទាំងសូរ «អ» និងសូរ «អ៊» ព្រម។

អស់ព្យញ្ជនៈដ៏ទៃទៀត គេមិនបានរងគ្រោះដោយសារគេបន្ថែមសញ្ញាពីលើក្រោម ឆ្វេងស្ដាំ ដូចតួ «ប» នេះឯណា និងថែមទាំងឯករាជ្យ ឈរម្នាក់ឯងយ៉ាងសង្ហារ ជាក់ស្ដែងមានល្បង «ដ» ជាឧទាហរណ៍ស្រាប់។ បើចង់បានសូរ «អ៊» គេមានតួថ្មី «ឌ» ហើយគ្មានទេ «ដ៉» ឬ «ដ៊» នោះ ហេហេ… តែទាស់តែ «ដ» គាត់អភព្វបន្តិច ដោយអត់មានជើងប្រើ បែរខ្ចីជើងគេ «្ត» មកប្រើវិញ រហូតដល់សព្វថ្ងៃ ហេហេ…។

នេះហើយផលទុក្ខរបស់ «ប»។

សូមអញ្ជើញមើលវីដេអូគំនូសទុក្ខរបស់តួព្យញ្ជនៈ «ប» ខាងក្រោម៖

________________________________________________
អានបន្ថែម
១. គួរបង្កើតតួអក្សរ «ប៉» ថ្មីមួយទៀត

%d bloggers like this: