jump to navigation

ងាក​មក​ប្រើ flickr វិញ ថ្ងៃចន្ទ 24 ខែមិថុនា 2013

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីស្រុកខ្មែរ.
7 comments

បន្ទាប់​ពី​ខ្ញុំ​មាន​បញ្ហា​ជាមួយ photobucket ដែល​មិន​បង្ហាញ​រូប​នៅ​ក្នុង​ប្លក់​នេះ​រយៈ​ពេល​ចុង​សប្ដាហ៍​កន្លង​មក​នេះ ឥឡូវ​នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​មក​ប្រើ​គេហ​ទំព័រ flickr ដើម្បី​ផ្ទុក​រូប​នានា​វិញ​ហើយ​។

កាល​ពី​ឆ្នាំ​២០០៩ ខ្ញុំ​ធ្លាប់​ប្រើ​ម្ដង​ដែរ តែ​ត្រូវ​បាន​បោះ​បង់​ចោល ជិត​៤​ឆ្នាំ​ហើយ ទើប​តែ​ពេល​នេះ​ងាក​មក​ប្រើ​ម្ដង​ទៀត ដើម្បី​ស្តុក​រូប​យក​មក​ដាក់​នៅ​ក្នុង​ប្លក់​នេះ និង​សង្ឃឹម​ថា គ្មាន​បញ្ហា​កើត​ឡើង​ដូច​គេហ​ទំព័រ​ស្តុក​រូប​មុន​ៗ​ទៅ​ចុះ​៕

_______________________________________________
អាន​ផង​ដែរ
១. photobucket បោក លែង​បង្ហាញ​រូប

Advertisements

គេហទំព័រ Royal Khmer Cremation Ceremony ថ្ងៃអង្គារ 22 ខែមករា 2013

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, វេបសៃត៍​ថ្មីៗ.
add a comment

មុន​នោះ​ខ្ញុំ​បាន​បង្កើត​គេហទំព័រ​ក្នុង​ហ្វេសបុគ​មួយ​គឺ គេហទំព័រ Royal Khmer Cremation Ceremony ដែល​នឹង​និយាយ​អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ចៅ​ក្រុង​កម្ពុជា​គ្រប់​ៗ​ជំនាន់ ជា​ពិសេស​សម្រាប់​ពេល​នេះ​ដែល​ព្រះ​នគរ​កម្ពុជា​កំពុង​ត្រៀម​រៀប​ចំ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​គឺ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិក​មហា​រាជា​ធិរាជ បរម​នាថ បរម​បពិត្រ ព្រះ​ចៅ​​ក្រុង​កម្ពុជា​ធិបតី ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ក្នុង​ព្រះ​បរម​រតន​កោដ្ឋ។

ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ចូល​ទៅ​ទស្សនា និង​ចូល​រួម​ចុច LIKE ក្នុង​គេហទំព័រ​នេះ​ឲ្យ​បាន​ច្រើន និង​សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​​ផង ដ្បិត​មួយ​រយៈ​ពេល​ដែល​ចាប់​តាំង​ពី​ថ្ងៃ​បង្កើត​មក ឃើញ​មាន​ជន​ជាតិ​ខ្មែរ​យើង​ចុច LIKE តិច​ណាស់ តែ​ជំនួស​មក​វិញ​នូវ​ជន​ជាតិ​ថៃ​ច្រើន​បំផុត​ដែល​បាន​ចុច។ សូម​អរគុណ!

http://www.facebook.com/RoyalKhmerCremationCeremony

ជួយ​គ្នា​បក​ប្រែ​ភាសា​ខ្មែរ ថ្ងៃពុធ 12 ខែធ្នូ 2012

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីភាសា.
add a comment

បន្ទាប់​ពី​ខ្ញុំ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាក់​ទង​ទៅ​អ្នក​បង្កើត​ផ្នែក​ទន់ កម្មវិធី​សម្រាប់​ចាក់​ចម្រៀង​នៅ​លើ​ប្រព័ន្ធ​អេនឌ្រយ​ដ៍​ក្នុង​ទូរស័ព្ទ​ដៃ Poweramp Music Player អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​នោះ ឥឡូវ​នេះ​អ្នក​បង្កើត​កម្មវិធី​នោះ គេ​បាន​យល់​ព្រម​បង្កើត​ឲ្យ​មាន​ភាសា​ខ្មែរ​នៅ​ក្នុង​កម្មវិធី​នេះ​ហើយ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​រាល់​គ្នា​ដែល​មាន​បំណង​លើក​ស្ទួយ​ភាសា​ខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ទូរស័ព្ទ​ដៃ ជួយ​គ្នា​ជាមួយ​ខ្ញុំ​ក្នុង​ការ​បក​ប្រែ​កម្មវិធី Poweramp Music Player នេះ​ជា​ភាសា​ខ្មែរ​ ដើម្បី​ឲ្យ​ឆាប់​បាន​រួច​រាល់ និង​ដាក់​ប្រើ​ប្រាស់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ផង។

សូម​បញ្ជាក់​ថា ខ្ញុំ​បាន​ព្យាយាម​សាក​ល្បង​មើល​និង​ដោនឡូត​កម្មវិធី​ចាក់​ចម្រៀង​នៅ​ក្នុង​ហាង​របស់​​អេនឌ្រយ​ដ៍​​ច្រើន​ហើយ មិន​ឃើញ​មាន​កម្មវិធី​ណា​ល្អ​ដូច​កម្មវិធី Poweramp Music Player នេះ​ទេ ហេតុ​ដូច្នេះ​ទើប​ខ្ញុំ​សម្រេច​ទាក់​ទង​ទៅ​អ្នក​បង្កើត​កម្មវិធី​នេះ ដើម្បី​សុំ​ឲ្យ​គេ​ដាក់​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្មវិធី​នេះ​។

សូម​ចូល​ទៅ​កាន់​គេហទំព័រ​នេះ http://crowdin.net/project/poweramp-player ដើម្បី​ចុះ​ឈ្មោះ និង​ជួយ​បក​ប្រែ​ភាសា​ខ្មែរ​យើង​ផង សូម​អរគុណ៕


ភាសា​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល នៅ​ក្នុង​កម្មវិធី និង​ត្រូវ​ការ​ការ​បក​ប្រែ​ជា​បន្ទាន់

ម៉ៃក្រូសូហ្វត៍ មិន​មាន​ដាក់​«ប្រទេស​កម្ពុជា» ថ្ងៃ​ព្រហស្បតិ៍ 20 ខែកញ្ញា 2012

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីស្រុកខ្មែរ.
add a comment

ប្រសិន​បើ​យើង​ចុះ​ឈ្មោះ​គណនី​ថ្មី​របស់​ក្រុមហ៊ុន​ម៉ៃក្រូសូហ្វត៍ (អ៊ីមែល) យើង​នឹង​មាន​ការ​ពិបាក​នៅ​ត្រង់​ថា ពេល​ចុះ​ឈ្មោះ​វា​តម្រូវ​ឲ្យ​ដាក់​​ឈ្មោះ​ប្រទេស (លេខ​ទូរស័ព្ទ) ដើម្បី​បញ្ជាក់​ថា​ពិត​ជា​យើង​មែន​ឬ​អត់ ដោយ​ក្រុមហ៊ុន​នេះ​ខ្លាច​មាន​ការ​ចុះ​ឈ្មោះ​ផ្ដេស​ផ្ដាយ។ តែ​អ្វី​ដែល​ពិបាក​ជាង​នៅ​ទៅ​ទៀត​នោះ​គឺ​ថា បើ​តម្រូវ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​ធ្វើ​ដូច្នេះ​ហើយ ម្ដេច​ក៏​មិន​ដាក់​ឈ្មោះ​ប្រទេស​គេ​ឲ្យ​ផង។ ជាក់​ស្ដែង​ប្រទេស​កម្ពុជា​ (Cambodia) យើង​មិន​មាន​ដាក់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដើម្បី​ឲ្យ​ជ្រើស​រើស ដូច​ករណី​ប្រទេស​នានា​នោះ​ទេ (សូម​មើល​រូប)។ មិន​ដឹង​ជា​ខុស​អី​ជាមួយ​គេ​ខ្លាំង​ម្ល៉េះ «កម្ពុជា»៕


Cambodia, ឬ​កម្ពុជា មិន​មាន​ដាក់​នៅ​ក្នុង​បញ្ជី​ឲ្យ​ជ្រើស​រើស​ទេ

វិទ្យុ ឡូវ អេហ្វ អឹម និង​ខ្ញុំ ថ្ងៃចន្ទ 6 ខែសីហា 2012

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
17 comments

លោក​អ្នក​ប្រហែល​ជា​ស្គាល់​ហើយ​វិទ្យុ ឡូវ អេហ្វ អឹម (Love FM 97.5 MHz) វិទ្យុ​ភាសា​អង់គ្លេស​ដំបូង​គេ​របស់​កម្ពុជា។ ថ្ងៃ​នេះ សាក​ល្បង​រំឭក​អនុស្សាវរីយ៍​វិទ្យុ​នេះ​បន្តិច​ចុះ។

ប្រហែល​ជា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សំណាង​បាន​ស្ដាប់​វិទ្យុ​នេះ​ដំបូង​គេ កាល​ពី​វិទ្យុ​នេះ​ចាប់​ផ្ដើម​ផ្សាយ​ដំបូង​កាល​ពី​ចុង​ទសវត្ស៍​១៩៩០​មក​ម្ល៉េះ។ ស្ថានីយ៍​វិទ្យុ​នេះ​កាល​ពី​ដើម​ឡើយ​មាន​ទី​តាំង​នៅ​ជាមួយ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ លេខ​៣ រាជធានី​ភ្នំពេញ ដែល​នៅ​ជិត​អតីត​ទីស្ដីការ​នគរ​បាល​​ចរាចរណ៍​ជើង​គោក​ក្រុង​ភ្នំពេញ ហើយ​ដែល​បច្ចុប្បន្ន​ទាំង​ស្ថានីយ៍​នេះ ទាំង​នគរ​បាល មិន​ដឹង​ជា​រើ​ទី​តាំង​ទៅ​ណា​អស់​ហើយ​ទេ។

ឡូវ អេហ្វ អឹម នេះ​កាល​ពី​បើក​ឡើង​ដំបូង​ៗ​នោះ គឺ​គ្មាន​ពិធីករ​ទេ គឺ​គេ​ចាក់​តែ​ចម្រៀង​ចាស់​ៗ​ភាសា​អង់គ្លេស​តាំង​ពី​ឆ្នាំ​៥០​ប្លាយ​មក​ម្ល៉េះ គឺ​ចាក់​ផ្សាយ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែ​ម្ដង។ តាម​ការ​ពិត​គឺ ឡូវ អេហ្វ អឹម នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​ស្ដាប់​បទ​ចម្រៀង​​ចាស់​ៗ​របស់​អាមេរិក​ និង​អង់គ្លេស​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

កាល​ណុះ​ជា​រៀង​រាល់​យប់ ខ្ញុំ​តែង​តែ​បើក​កូន​វិទ្យុ និង​មេ​វិទ្យុ​មួយ (កាល​ណុះ​ម៉ាក Nationale, ឥឡូវ​មិន​ដឹង​គ្រវាត់​ចោល​ទៅ​ណា​បាត់​ហើយ​ទេ) បើក​ស្ដាប់​វិទ្យុ​នេះ​ជា​រៀង​រាល់​យប់ គឺ​ស្ដាប់​មុន​នឹង​ចូល​គេង​ ដ្បិត​បទ​ចម្រៀង​ចាស់​ៗ​ទាំង​នោះ​ងាយ​នឹង​ធ្វើ​ឲ្យ​គេង​លក់​ណាស់។

ដោយ​សារ​ចូល​ចិត្ត​បទ​ចម្រៀង​ទាំង​នោះ ខ្ញុំ​បាន​ថែម​ទាំង​ថត​ចម្លង​ចេញ​ពី​វិទ្យុ​នេះ ចូល​ទៅ​ក្នុង​កាស្សែត​បាន​ជា​ច្រើន​ទុក​ស្ដាប់​ផង​ដែរ ហើយ​ដែល​ក្រោយ​មក​ខ្ញុំ​បាន​ស្ពាយ​យក​ទៅ​ស្ដាប់​កាល​ពី​ខ្ញុំ​ទៅ​រស់​នៅ​ក្រុង​ប៉េកាំង​អស់​រយៈ​ពេល​២​ឆ្នាំ (២០០២-២០០៤) ផង​ទៀត។

នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ វិទ្យុ​នេះ​ក៏​ចាប់​ផ្ដើម​មាន​ពិធីករ​ហើយ ដែល​កាល​ណុះ​មាន​លោក អាឡាំង​ជា​ពិធីករ​ដំបូង (ជន​ជាតិ​អូស្ត្រាលី ចេះ​និយាយ​ខ្មែរ​ច្បាស់)។ កាល​ណុះ​លោក​អាឡាំង​ធ្វើ​ការ​តែ​ពេល​ព្រឹក​ទេ ដោយ​មាន​និយាយ និង​ទូរស័ព្ទ​ចូល ព្រម​ទាំង​សំណូម​ពរ​បទ​ចម្រៀង​ផង​ដែរ តែ​នៅ​ពេល​រសៀល និង​ពេល​យប់​ទៅ គេ​នៅ​បន្ត​ចាក់​បទ​ចម្រៀង​ចាស់​ៗ​នោះ​ដដែល។ មាន​គ្រា​មួយ​នោះ ខ្ញុំ​ធ្លាប់​ទាំង​បាន​សរសេរ​សំបុត្រ​ទៅ​សួរ​លោក​អាឡាំង​នេះ​ពី​រឿង​ឈប់​ចាក់​ផ្សាយ​បទ​ចាស់​ៗ​នេះ​ដែរ ព្រោះ​មាន​គ្រា​មួយ​គេ​ឈប់​ចាក់​ផ្សាយ។

ឡូវ អេហ្វ អឹម បច្ចុប្បន្ន​នេះ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​កំណ​កំណើត​នៃ​វិទ្យុ​​នេះ ដ្បិត​ការ​ចាក់​ផ្សាយ​មាន​ភាព​ខុស​គ្នា ហើយ​រួម​ទាំង​មាន​ពិធីករ​ជា​ច្រើន និង​ចាក់​បទ​ចម្រៀង​ទំនើប​ៗ។ អ្នក​មិន​ដឹង​ពី​សាវតារ​វិទ្យុ​នេះ​មិន​ដឹង​ទេ ហើយ​ក៏​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ទី​នេះ ដឹង និង​ធ្លាប់​ស្ដាប់ ឡូវ អេហ្វ អឹម ពី​ដំបូង​ៗ​ដូច​ខ្ញុំ​ដែរ។ គិត​ៗ​ទៅ​វិទ្យុ​នេះ​មាន​អាយុ​វែង​បស់​វា​គួរ​សម​ណាស់​ដែរ៕

គេហទំព័រ៖ http://www.khmernow.com/radio/fm095s

___________________________________________
អាន​ផង​ដែរ​៖
១. ប្ដូរ​ទម្លាប់​រឿង​ស្ដាប់​ភ្លេង​មុន​ពេល​និទ្រា

អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ ថ្ងៃអាទិត្យ 8 ខែកក្កដា 2012

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ, អំពីភាសា.
9 comments

ទូរស័ព្ទ​ទំនើប​ៗ​ស្ទើរ​តែ​ទាំង​អស់​ដែល​ដាក់​លក់​ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មិន​មាន​តួ​អក្សរ​ខ្មែរ​ទេ ជា​ហេតុ​បង្ខំ​ចិត្ត​ឲ្យ​ប្រជាជន​ខ្មែរ​ប្រើ​ប្រាស់​ភាសា​បរទេស រហូត​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​ផ្ញើ​សារ​ជា​ភាសា​បរទេស​ដល់​ជន​ជាតិ​ខ្មែរ​ផង​ទៀត។ នេះ​គឺ​ជា​បរាជ័យ​ដ៏​ធំ​ធេង​មួយ​របស់​អ្នក​គ្រប់​គ្រង​ និង​អ្នក​ត្រួត​ត្រា​បច្ចេក​វិជ្ជា​នៅ​កម្ពុជា។

រយៈ​ពេល​នោះ​មិន​យូរ​ប៉ុន្មាន ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគៀ ក៏​បាន​សាក​ល្បង​ផលិត​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​ដែរ ក៏​ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ ដោយ​មូល​ហេតុ​ក្រុមហ៊ុន​នេះ​ផលិត​តែ​ទូរស័ព្ទ​ស៊េរី​ទាប​ៗ​មិន​ត្រូវ​តាម​ទី​ផ្សារ ព្រម​ជាមួយ​និង​ការ​មិន​និយម​ប្រើ​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​របស់​ជន​ជាតិ​ខ្មែរ​ខ្លួន​ឯង​នេះ​តែ​ម្ដង ដែល​ជា​ហេតុ​ធ្វើ​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​របស់​ក្រុមហ៊ុន​ណូគៀ រលាយ​បាត់​ពី​ទី​ផ្សារ​ស្រុក​ខ្មែរ និង​ក្រុមហ៊ុន​នេះ​លែង​ផលិត​ចេញ​តែ​ម្ដង។

បច្ចុប្បន្ន​នេះ លោក​អ្នក​មិន​បាច់​ព្រួយ​ឡើយ ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ ទាំង​ស៊េរី​ធម្មតា​ៗ ក៏​ដូច​ជា​ស៊េរី​ទំនើប​ៗ​ថ្មី​ៗ គឺ​មាន​ទាំង​អស់​នៅ​លើ​ទូរស័ព្ទ​ដៃ​នានា​របស់​ក្រុមហ៊ុន​អិល​ជី។ នេះ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ជា​មោទនភាព​មួយ​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​អិល​ជី និង​តំណាង​ក្រុមហ៊ុន​អិល​ជី ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​សម្រេច​ឡើង​នូវ​ការ​លេច​ចេញ​អក្សរ និង​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​នៅ​មាន​កម្រិត​ក្ដី (មិន​ទាន់​មាន​មីនុយ​ជា​ភាសា​ខ្មែរ ក៏​ប៉ុន្តែ​អាច​មើល, វាយ, អាន​ អក្សរ​ខ្មែរ​បាន​យ៉ាង​ទូលំទូលាយ និង​រលូន)។

ក្រៅ​អំពី​ខិត​ខំ​យក​អក្សរ​ខ្មែរ​មក​ប្រើ​ប្រាស់​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ប្រើ​ប្រាស់​របស់​ជន​ជាតិ​ខ្មែរ ជា​ពិសេស​អ្នក​មិន​ចេះ​ភាសា​បរទេស និង​ជន​ចាស់​ៗ ក្រុមហ៊ុន​អិល​ជី ប្រទេស​កម្ពុជា គឺ​ពិត​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​អភិរក្ស និង​លើក​កម្ពស់​ភាសា​ខ្មែរ​ផង​ទៀត។ ក្រៅ​អំពី​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ការ​ឃោសនា​ហើយ ក្រុមហ៊ុន​នេះ​បាន​ថែម​ទាំង​​បាន​បង្កើត​កម្មវិធី​ប្រកួត​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ​នៅ​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ឈ្នះ​រង្វាន់​ផ្សេង​ៗ​ថែម​ទៀត​ផង។ នេះ​គឺ​ជា​គំនិត​ដ៏​ឆ្លាត​វ័យ​គួរ​ឲ្យ​សសើរ​ក្នុង​ចលនា​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទ​ដៃ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វា​ពិត​ជា​ចំណុច​ពិសេស​ណាស់​សម្រាប់​ក្រុមហ៊ុន​អិល​ជី ក្នុង​ការ​ចាប់​យក​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា។ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​សង្ឃឹម​ថា ក្រុមហ៊ុន​អិល​ជី និង​ខិត​ខំ​បន្ថែម​ទៀត ក្នុង​ការ​ដាក់​កញ្ចប់​ភាសា​ខ្មែរ​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​គ្រប់​ប្រភេទ​ដែល​ដាក់​លក់​ក្នុង​ប្រទេស​កម្ពុជា។

ជាមួយ​និង​ការ​រចនា​រូប​រាង​ដ៏​ស្រស់​ស្អាត, ស៊េរី​ទំនើប​ៗ, កម្មវិធី​ប្រើ​ប្រាស់​ល្អ​ៗ, មាន​ភាសា​ខ្មែរ និង​ជា​ពិសេស​មាន​តម្លៃ​ធូ​រ​ថ្លៃ​ជាង​ទូរស័ព្ទ​ម៉ាក​ផ្សេង​ៗ​នោះ តើ​អ្នក​នៅ​ចាំ​អី​ទៀត! បោះ​ចោល​ទូរស័ព្ទ​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​គ្មាន​អក្សរ​ខ្មែរ និង​ងាក​មក​ប្រើ​ទូរស័ព្ទ​ដៃ​ម៉ាក​អិល​ជី ភ្លាម​ឥឡូវ​នេះ​ទៅ ដើម្បី​មោទនភាព​ជាតិ និង​ភាព​សង្ហារ​របស់​លោក​អ្នក។

ខ្មែរ​យូនីកូដ គឺ​តែង​តែ LG!

លោក​អ្នក​អាច​ចូល​មើល​ព័ត៌មាន​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ អិល​ជី នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក៖ www.facebook.com/LGMobileCambodia


ផ្ទាំងឃោសនាទូរស័ព្ទដៃភាសាខ្មែររបស់ក្រុមហ៊ុន អិលជី

ការលើកកម្ពស់ភាសាខ្មែររបស់ក្រុមហ៊ុនទូរស័ព្ទដៃអិលជី

___________________________________________________
អានផងដែរ
១. ញូវហ្វូន Nokia C3
២. ប្រើទូរស័ព្ទអក្សរខ្មែរជារឿងហួសសម័យ
៣. ណូគៀ ឈប់ផលិតទូរស័ព្ទភាសាខ្មែរហើយ
៤. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​សូនី
៥. សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ

នៅ​ពេល​ដែល​បរទេស​ប្រើ​លុយ​ខ្មែរ… ជាង​ខ្មែរ… ចុះ​ខ្មែរ​វិញ? ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វេបសៃត៍​ថ្មីៗ, អំពីស្រុកខ្មែរ.
2 comments

នៅ​ខណៈ​ដែល​មនុស្ស​ខ្មែរ​មិន​តិច​ទេ ដែល​កំពុង​ឆ្កួត​នឹង​ទឹក​ប្រាក់​ដុល្លារ លែង​ស្គាល់​តម្លៃ​ប្រាក់​រៀល​ខ្មែរ​ ប៉ុន្មាន​ជា​ប៉ុន្មាន​ទៅ​ហើយ នៅ​ពេល​និយាយ​ដល់​ចំនួន​តួ​លេខ​ខ្ពស់​ៗ​នោះ ខ្ញុំ​ថា​ វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ដែល​បរទេស​គេ​ប្រើ​ប្រាក់​រៀល​ខ្មែរ ជាង​ខ្មែរ​គិត​គូរ​ពី​ប្រាក់​រៀល​ខ្លួន​នោះ។

ថ្ងៃ​នេះ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​លោក​អ្នក​បាន​ឃើញ ក៏​ដូច​ជា​ជួយ​ផ្សព្វផ្សាយ​នូវ​ក្រុមហ៊ុន​បរទេស​មួយ របស់​ហ្វីលីពីនស៍ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ សេប៊ូ ប៉ាស៊ីហ្វិក (cebu pacific air)។ ក្រុមហ៊ុន​នេះ ទើប​តែ​ដំណើរ​ការ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ទេ ដោយ​ហោះ​ត្រង់​ពី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពិនស៍ មក​ក្រុង​សៀមរាប ប្រទេស​កម្ពុជា​យើង។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា នៅ​ក្នុង​​ផ្ទាំង​ឃោសនា​ការ​ហោះ​ហើរ​របស់​ខ្លួន​នៅ​កម្ពុជា ក្រុមហ៊ុន​នេះ បាន​ដាក់​តម្លៃ​ជា​ទឹក​ប្រាក់​រៀល​របស់​ខ្មែរ​នៅ​ក្នុង​ការ​ឃោសនា​ពាណិជ្ជកម្ម​របស់​ខ្លួន (សូម​មើល​រូប​នៅ​ខាង​ស្ដាំ)។ វា​ពិត​ជា​មិន​មែន​ជា​រឿង​ធម្មតា​ទេ សម្រាប់​ការ​ដាក់​លក់​តម្លៃ​ជា​ទឹក​ប្រាក់​រៀល​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​គ្រប់​ការ​លក់​ដូរ ទូទាត់​ធំ​ៗ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ ៩៩,៩៩​ភាគ​រយ​ទៅ​ហើយ​ដែល​ប្រើ​ប្រាក់​ដុល្លារ​នោះ។

នេះ​ជា​ប្រការ​ដែល​គួរ​ឲ្យ​កោត​សរសើរ​ដែល​ក្រុមហ៊ុន​បរទេស​សោះ គេ​ដាក់​ការ​ទូទាត់​ជា​ទឹក​ប្រាក់​រៀល ខណៈ​ដែល​ខ្មែរ​ជា​ច្រើន និង​ក្រុមហ៊ុន​ផ្សេង​ទៀត (ដែល​អះ​អាង​ថា​ក្រុមហ៊ុន​ខ្មែរ​នោះ) គួរ​យក​គំរូ​តាម។

ក្រុមហ៊ុន​សេប៊ូ ប៉ាស៊ីហ្វិក កំពុង​តែ​លក់​សំបុត្រ​ទៅ​ប្រទេស​ហ្វីលីពិនស៍ បញ្ចុះ​តម្លៃ​ជា​ច្រើន ជាក់​ស្ដែង​ដូច​ក្នុងការ​ឃោសនា​នេះ​ស្រាប់​តម្លៃ​ទៅ​ក្រុង​ម៉ានីល​តែ​ ៣៥៩.០០០​រៀល តែ​ប៉ុណ្ណោះ។ សូម​អញ្ជើញ​ទៅ​លេង​ប្រទេស​ហ្វីលីពិនស៍។ បើ​ត្រូវ​ការ​ទិញ​សំបុត្រ ឬ​ចូល​មើល​ព័ត៌មាន​បន្ថែម​របស់​ក្រុមហ៊ុន​នេះ សូម​ចូល​គេហទំព័រ www.cebupacificair.com

___________________________________________________________
ប្រកាសប្រហាក់ប្រហែល
១. ដុល្លារនៅស្រែខ្មុក
២. ដល់ពេលដែរគួរយកគំរូតាមលាវ

%d bloggers like this: