jump to navigation

Repost: អំពី​កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ ថ្ងៃអង្គារ 6 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
add a comment

តាមទំនៀមព្រះរាជពិធីបុណ្យព្រះមេរុ នៃអង្គព្រះមហាក្សត្រិយ៍ ព្រះមហាក្សត្រិយានីខ្មែរ រាជការតែងរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើងដើម្បីរំឭកដល់ព្រះអង្គ ព្រមទាំងចែកទៅភ្ញៀវជាតិ និងអន្តរជាតិនានា នាថ្ងៃថ្វាយព្រះភ្លើងផងដែរ។ សម្រាប់ទំនៀមជាប្រពៃណីនេះត្រូវបានប្រារព្ធធ្វើឡើងគ្រប់ៗអង្គព្រះមហាក្សត្រិយ៍ទាំងអស់ រហូតមកដល់បុណ្យព្រះមេរុនៃព្រះបរមរតនកោដ្ឋនាពេលថ្មីៗនេះផងដែរ។

សម្រាប់កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋនោះ មានលក្ខណៈខុសគ្នានឹងព្រះករុណាមុនៗបន្តិចត្រង់នៅផ្នែកខាងខ្នងមិនមានរចនារូបព្រះមេរុដូចអង្គមុនៗនោះទេ។

ខាងក្រោមនេះជាកាសអនុស្សាវរីយ៍ដែលរំឭកពីបុណ្យព្រះមេរុនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានប្រព្រឹត្តទៅនៅព្រះរាជធានីភ្នំពេញ ក្នុងខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ដែលត្រូវនឹង គ.ស.២០១៣ ឆ្នាំបារាំងសេស។

អំពីកាសអនុស្សាវរីយ៍

ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះបរមរតនកោដ្ឋ នៅចំកណ្ដាល និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកអក្សរមូលខ្មែរ នៅខាងលើថា «ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ» និងនៅខាងក្រោមថា «ព្រះករុណាព្រះបរមរតនកោដ្ឋ»។

ផ្នែកខាងខ្នង៖ មានរូបព្រះរាជសង្ហារ និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងផ្នែកខាងលើ មានចារិកជាអក្សរមូលខ្មែរ ថា «ពុទ្ធពុទ្ធោជ្រកក្រោមម្លប់ពោធិសម្ដេចតា» និងនៅខាងក្រោមថា «១៩២២ – ២០១២» ដែលជាឆ្នាំប្រសូត និងឆ្នាំសុវណ្ណគត។

ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះសុវណ្ណគតនាថ្ងៃច័ន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគគាំងព្រះហទ័យ នៅវេលាម៉ោង០១:២០ នាទីរំលងអាធ្រាត (ម៉ោងនៅរាជធានីភ្នំពេញ) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រះរាជពិធីបុណ្យព្រះបរមសពនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានធ្វើឡើងតាមបុរាណរាជបវេណីនៃព្រះមហាក្សត្រិយ៍ របស់ប្រទេសកម្ពុជា។ ព្រះរាជពិធីថ្វាយព្រះភ្លើងត្រូវបានចាត់ឡើងនៅថ្ងៃច័ន្ទ ៩រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ គ.ស.២០១៣ នាព្រះបរមមេរុ ទល់មុខសារមន្ទីរជាតិ ភាគខាងជើងនៃព្រះបរមរាជវាំង ក្រុងភ្នំពេញ។ មួយឆ្នាំក្រោយមក គឺនាថ្ងៃសៅរ៍ ១រោច ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា គ.ស.២០១៤ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានតម្កល់នៅក្នុងព្រះចេតិយព្រះគន្ធបុប្ផា នាបរិវេណព្រះវិហារព្រះកែវមរកតរតនារាមនៃព្រះបរមរាជវាំងចតុម្មុខមង្គល តាមព្រះរាជបណ្ដាំព្រះអង្គ។

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមរតនកោដ្ឋ”

សម្ដេចព្រះមហាក្សត្រីយ៍ ព្រះបរមរាជមាតាស្ដេចប្រទានកាសអនុស្សាវរីយ៍ដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង

___________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណាព្រះបរមរតនកោដ្ឋ
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៦. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៧. ធនបត្រអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ

Advertisements

Repost: ទំនៀម​លយ​ព្រះ​អង្គារ​នៅ​ទន្លេ​ចតុម្មុខ ថ្ងៃចន្ទ 5 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
add a comment

សម្រាប់​ព្រះ​រាជ​បវេណី​ព្រះ​មហា​ក្សត្រិយ៍ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នោះ គឺ​បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​រួច ព្រះ​អង្គារ​ត្រូវ​បាន​ធ្វើ​ពិធី​ដង្ហែ និង​យក​ទៅ​លយ ឬ​បំផ្លែង​ឯ​ទន្លេ​ចតុម្មុខ ខាង​មុខ​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ​។ ទំនៀម​នេះ ត្រូវ​បាន​បដិបត្ត​ត​ៗ​មក​គ្រប់​ជំនាន់ រហូត​មក​ដល់​រជ្ជកាល​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​នេះ​ផង​ដែរ​។

ការ​ដង្ហែ​ព្រះ​អង្គារ បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​រួច​ត្រូវ​បាន​ចាត់​យ៉ាង​សម​ព្រះ​កិត្តិយស ដោយ​មាន​ក្បួន​ព្រះ​បាគូ ភ្លេង​ក្លង​ឈ្នះ ពី​វាល​ព្រះ​មេរុ មក​ទី​ផែ​​។ ព្រះ​អង្គារ ត្រូវ​បាន​រៀប​ចំ​ដាក់​លើ​ព្រះ​មហា​បញ្ចា ដែល​សាង​ឡើង​លើ​ក្បូន​ធំ​មួយ ដើម្បី​យក​ទៅ​បំប្លែង​ក្នុង​ទី​ទន្លេ​​។

ទំនៀម​​ការ​លយ ឬ​បំប្លែង​ព្រះ​អង្គារ ក្នុង​ទន្លេ​ចតុម្មុខ​នេះ មាន​ន័យ​ជា​ការ​យាង​​ទៅ​កាន់​បរិលោក ប្រកប​ដោយ​ព្រះ​បរម​សុខ​មហា​ប្រសើរ និង​ប្រកប​ដោយ​ព្រះ​មហិទ្ធិឫទ្ធិ និង​ព្រះ​តេជា​នុភាព​ដ៏​រុង​រឿង​។ ម្យ៉ាង​វិញ​ទៀត ពិធី​នេះ​ក៏​មាន​ន័យ​ជា​ការ​​សុំ​សេចក្ដី​សុខ និង​ភាព​ត្រជាក់​ត្រជុំ​ដល់​ប្រជា​នុរាស្ត្រ​របស់​ព្រះ​ចៅ​ផែន​ដី និង​ព្រះ​រាជ​វង្សានុ​វង្ស ក៏​ដូច​ជា​ព្រះ​នគរ​ផង​ដែរ​​៕

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​សុវណ្ណ​កោដ្ឋ​​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ (រូប៖ AKP)

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ

ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃអាទិត្យ 4 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
3 comments

តាមព្រះរាជបវេណីខ្មែរពីបូរាណរៀងមក នៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពក៏តែងមានការប្រោសព្រះរាជទាន ដោះលែងអ្នកជាប់ទោសព្រះនគរមួយចំនួនឲ្យមានសេរីភាព ដើម្បីជាការថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសពផងដែរ។

ដោយឡែកសម្រាប់ការព្រះរាជពិធីថ្វាយព្រះភ្លើងព្រះ​ករុណា ព្រះ​បាទ ​សម្ដេច​ព្រះ ​នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រិយ៍​ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ កាលពីរាត្រី​ថ្ងៃច័ន្ទ ៩​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នោះ​ក៏មានការដោះលែងមនុស្សអ្នកទោសចំនួន​៤១២​នាក់ ក្រោយពីការថ្វាយព្រះភ្លើងរួចនៅឯទីព្រះមេរុផ្ទាល់តែម្ដង។ ក្រៅ​ពី​នោះ​អ្នក​ទោស​ចំនួន​៨៩​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​ផង​ដែរ​។

ក្នុងវរោកាសនោះ ព្រះ​ករុណា ព្រះ​បាទ សម្តេច​ព្រះ​បរម​នាថ នរោត្ដម​ សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទ្រង់​បាន​មាន​ព្រះ​រាជ​បន្ទូល​សូរ​សីហនាទ ណែនាំ​បណ្ដា​បង​ប្អូន​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​នា​ថ្ងៃ​នោះ ជា​អាទិ៍​ថា​៖

…ចាប់​ពី​ពេល​នេះ​បង​ប្អូន​គ្រប់​រូប​មាន​សេរី​ភាព​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ ញាតិ​មិត្រ ស្រុក​កំណើត​បង​ប្អូន​វិញ សូម​លោក​លោក​ស្រី​ទាំង​អស់ បង​ប្អូន​គ្រប់​រូប ខិត​ខំ​អប់​រំ​កាយ វាចា​ចិត្ត​ ស្ថិត​ក្នុង​សេចក្ដី​ស្ងប់ និង​សេចក្ដី​ថ្លៃ​ថ្នូរ សេចក្ដី​ចម្រើន ក្លាយ​ទៅ​ជា​ពល​រដ្ឋ​ដ៏​ល្អ​មួយ។ ខិត​ខំ​​បំពេញ​ការងារ រក​ទទួល​ទាន ដូច​ពល​រដ្ឋ​ធម្មតា ដើម្បី​រួម​ចំណែក​កសាង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​ត​ទៅ​ថ្ងៃ​អនា​គត​…​

បន្ទាប់​ពី​មាន​ព្រះ​រាជ​បន្ទូល​សំណេះ​សំណាល​ប្រដែ​ប្រដៅ​ណែ​នាំ​ដល់​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព ​ទាំង​អស់​នោះ​មក ព្រះ​ករុណា ព្រះ​បរម​នាថ​ស្ដេច​ថែម​ទាំង​​សព្វ​ព្រះ​រាជ​ហឫទ័យ​យាង​​ប្រទាន​​ព្រះ​រាជ​អំណោយ​ដើម្បី​ជា​ការ​កសាង​ខ្លួន​ដល់​បណ្ដា​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទាំង​នោះ​ផង​។ នេះរាប់ថាជាភព្ធសំណាងដ៏មហាថ្លៃថ្លានៃបណ្ដាមនុស្សអ្នកទោសទាំងនោះផងដែល​ត្រូវ​​បាន​ព្រះ​មហា​ក្សត្រិយ៍​ព្រះ​រាជ​ទាន​ការ​​ដោះលែងឲ្យមានសេរីភាពនាថ្ងៃថ្វាយព្រះភ្លើងនោះ៕៚

បណ្ដា​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើងបណ្ដា​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើងព្រះ​មហា​ក្សត្រិយ៍​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ទៅ​កាន់​បណ្ដា​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង
ព្រះ​មហា​ក្សត្រិយ៍​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រទាន​​ព្រះ​រាជ​​អំណោយ​ដល់បណ្ដា​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះ​លែង​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២. អំពី​ការ​​ថ្វាយ​បង្គំ​ព្រះ​បរម​សព ហ្លួង​រតន​កោដ្ឋ​នៅ​ទី​ព្រះ​មេរុ
៣. ត្រួស​ៗ​អំពី​បុណ្យ​ព្រះ​មេរុ នៅ​នគរ​ខ្មែរ និង​សៀម
៤. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៥. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ

អំពី​ការ​​ថ្វាយ​បង្គំ​ព្រះ​បរម​សព ហ្លួង​រតន​កោដ្ឋ​នៅ​ទី​ព្រះ​មេរុ ថ្ងៃសៅរ៍ 3 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
2 comments

កាល​គ្រា​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រិយ៍​ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ស្ដេច​សុវណ្ណគត​នោះ រាជ​ការ​បាន​កំណត់​ធ្វើ​បុណ្យ​ព្រះ​បរម​ប្រមាណ​៩០​ថ្ងៃ​នៅ​ក្នុង​ហោ​មន្ទីរ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​។ មាន​ប្រជា​នុរាស្ត្រ ខ្ញុំ​រាជការ​គ្រប់​ជាន់​ថ្នាក់​ ដោយ​មាន​ការ​ចាត់​ចែង​ផង បាន​មាន​ឱកាស​​ចូល​ទៅ​ក្រាប​បង្គំ​ព្រះ​បរម​សព​ដោយ​ផ្ទាល់​ក្នុង​ព្រះ​បរម​រាជ​វាំង​។ ការ​នេះ​ប្រជា​រាស្ត្រ​សាមញ្ញ​ជន​មួយ​ចំនួន​មិន​មាន​លទ្ធភាព​ចូល​ទៅ​ក្រាប​បង្គំ​ព្រះ​បរម​សព​ដោយ​ផ្ទាល់​បាន​ទេ និង​ម្យ៉ាង​ដោយ​សារ​ពេល​វេលា​នៃ​ការ​ធ្វើ​បុណ្យ​ព្រះ​បរម​សព​ខ្លី​ផង​។

យ៉ាង​ណា​មិញ​កាល​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​អង្គ​កាល​ពី​ខែ​កុម្ភៈ គ.ស.​២០១៣ នោះ រាជការ​ក៏​បាន​កំណត់​បើក​ឱកាស​ឲ្យ​​ប្រជាជន​ទូទៅ ដោយ​មិន​មាន​ចាត់​ចែង មាន​លទ្ធភាព​ចូល​ទៅ​គោរព​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដោយ​ផ្ទាល់ នៅ​ក្នុង​ទី​ព្រះ​មេរុ​តែ​ម្ដង​។

នៅ​ថ្ងៃ​ទី​២ និង​ទី​៣ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ចាប់​ពី​វេលា​ម៉ោង​១៣ ដល់​១៦​ត​ទៅ ប្រជា​រាស្ត្រ​មក​ពី​គ្រប់​ទិសានុ​ទិស ទាំង​ក្មេង​ចាស់ ប្រុស​ស្រី ក្នុង​សំលៀក​បំពាក់​កាន់​ទុក្ខ​ផង ​បាន​តម្រង់​ជួរ​យ៉ាង​មាន​របៀប​រៀប​រយ ចាប់​តាំង​ពី​ខាង​មុខ​ព្រះ​ទីន័ង​ចន្ទច្ឆាយា ឆ្ពោះ​ទៅ​ទី​ព្រះ​មេរុ ដើម្បី​មាន​ឱកាស​ចូល​ទៅ​ជិត​បំផុត​នឹង​ព្រះ​បរម​សព ដែល​តម្កល់​លើ​ព្រះ​មហា​បញ្ចា នា​មណ្ឌប​ព្រះ​មេរុ ដើម្បី​ក្រាប​ថ្វាយ​បង្គំ​មុន​នឹង​ព្រះ​បរម​សព​ត្រូវ​បាន​ថ្វាយ​ព្រះ​ភ្លើង​។

ការ​អនុញ្ញាត​ និង​ការ​មាន​ឱកាស​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដោយ​ផ្ទាល់​នា​ឱកាស​នោះ រាប់​ថា​ជា​បុណ្យ​កុសល​មួយ​ចំពោះ​ប្រជា​រាស្ត្រ​នៃ​ព្រះ​អង្គ ដែល​មាន​វាសនា​ភ័ព្វ​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​សព​។ កំណត់​ព្រះ​រាជ​ពិធី​នេះ ឃើញ​មាន​បន្ត​មក​អំពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះ​មហា​ក្សត្រិយ៍​រជ្ជកាល​មុន​ៗ​ផង​ដែរ​៕

រូប​ភាព​ប្រជា​រាស្ត្រ​ខ្មែរ​​មក​ពី​គ្រប់​ទិស​ទី​តម្រង់​ជួរ​ចូល​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព នៅ​វាល​ព្រះ​មេរុ ក្នុង​ឱកាស​រាជការ​បើក​ឱកាស​ឲ្យ​ប្រជាជន​បាន​ចូល កាល​គ្រា​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ថ្ងៃ​ទី​២ និង​ទី​៣

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង
៣. ត្រួស​ៗ​អំពី​បុណ្យ​ព្រះ​មេរុ នៅ​នគរ​ខ្មែរ និង​សៀម
៤. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៥. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​ព្រះ​បរម​រតន​កោដ្ឋ

ធន​បត្រ​​​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ ថ្ងៃអាទិត្យ 5 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, អំពីស្រុកខ្មែរ.
3 comments

ក្នុងឱកាសបុណ្យព្រះមេរុនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមក រាជការបានចេញធនបត្រអនុស្សាវរីយ៍មួយប្រភេទ ដោយមានឈ្មោះថា ធនប័ត្រ «ព្រះបរមរតនកោដ្ឋ» ប្រភេទ១.០០០រៀល។ ប្រភេទធនបត្រនេះត្រូវបានបោះពុម្ព និងដាក់ចេញឲ្យប្រើប្រាស់ដោយអនុក្រឹត្យរាជរដ្ឋាភិបាលលេខ ៤៣ អនក្រ. បក នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ គឺបីថ្ងៃមុនព្រះរាជពិធី។

ធនប័ត្រ «ព្រះបរមរតនកោដ្ឋ» ខាងមុខ
ធនប័ត្រ «ព្រះបរមរតនកោដ្ឋ» ខាងខ្នង

ខាងក្រោមនេះជាសេចក្ដីអធិប្បាយអំពីលក្ខណៈសម្បត្តិរបស់ធនបត្រ «ព្រះបរមរតនកោដ្ឋ» ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា៖

ក.លក្ខណៈទូទៅ

  • ទំហំធនប័ត្រ បណ្តោយ ១៤៥ ម.ម. និងទទឹង ៦៨ ម.ម.
  • ពណ៌ចម្បង គឺពណ៌ស៊ីជម្ពូ និងពណ៌ខៀវ

ខ.ផ្ទៃខាងមុខ៖

  • ផ្នែកកណ្តាល ខាងស្តាំ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ នៃព្រះបរមរតនកោដ្ឋ មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានចារឹកអក្សរ “ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ( ព.ស. ២៤៦៦  -ព.ស. ២៥៥៦ )” នៅពីក្រោម។ រីឯខាងឆ្វេង មានលេខ “១០០០” នៅពីលើគេ បន្ទាប់មក គឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោម មានលេខ-មាលា បោះពុម្ពដោយទឹកខ្មៅ ពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៧ និងអក្សរ “មួយពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្លាយក្រដាសប្រាក់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
  • ផ្នែកខាងស្តាំ ជ្រុងលើ មានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលា ដែលត្រូវបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម នៅពីក្រោមនោះ និងជ្រុងក្រោមមានលេខ “១០០០” ព្រមទាំងលេខ “1000” នៅពីក្រោមនោះ។
  • ផ្នែកខាងឆ្វេង មានលេខ “1000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពព្រាលៗ នៃក្បាច់លំអ ក្លាយពីក្បាច់អង្គរ ក្នុងទម្រង់ផ្កាច័ន ដែលមានបណ្តូលធំ ត្រូវបានបោះពុម្ពកាត់ទទឹងក្រដាសប្រាក់ និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើន ដោយត្រូវបានផ្គុំឡើង ដោយលេខ “១០០០” ដ៏តូចល្អិត។

គ.ផ្ទៃខាងខ្នង៖

  • ផ្នែកកណ្តាល នៃធនប័ត្រ ត្រូវបានរំលេចឡើងនូវរូបភាពព្រះទីនាំងសុវណ្ណហង្ស ក្នុងពិធីដង្ហែព្រះបរមសព ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់ព្រះបរមរាជវាំង ព្រមទាំងរូបភាពប្រាសាទទេវាវិនិច្ឆ័យ និងមានអក្សរ “មួយពាន់រៀល” នៅពីក្រោមនោះ។
  • ផ្នែកខាងស្តាំ ជ្រុងលើ មានលេខ “1000” ដែលត្រូវបានបោះពុម្ព តាមបន្ទាត់បញ្ឈរ ចំកណ្តាល មានរូបភាពក្បាច់លំអ និងនៅជ្រុងក្រោម មានលេខ “១០០០”។
  • ផ្នែកខាងឆ្វេង ជ្រុងលើ មានអក្សរ “ធនាគារជាតិនៃកម្ពុជា” ចំកណ្តាល មានអក្សរ “សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុងព្រះបរមសុគតិភព” និងនៅជ្រុងក្រោមមានលេខ “១០០០” ព្រមទាំងលេខ “២០១២”។

______________________________________________
អានផងដែរ៖
១. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ
២. រាជការចេញធនបត្រប្រភេទ១០០០រៀលគំរូថ្មី ឧទ្ទិសថ្វាយព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង

ថ្ងៃ​មួយ​នៃ​ប្រវត្តិ​សាស្ត្រ ថ្ងៃសៅរ៍ 4 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
add a comment

ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ (រូប៖ thomascristofoletti)

កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍.
9 comments

តាមទំនៀមព្រះរាជពិធីបុណ្យព្រះមេរុ នៃអង្គព្រះមហាក្សត្រិយ៍ ព្រះមហាក្សត្រិយានីខ្មែរ រាជការតែងរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើងដើម្បីរំឭកដល់ព្រះអង្គ ព្រមទាំងចែកទៅភ្ញៀវជាតិ និងអន្តរជាតិនានា នាថ្ងៃថ្វាយព្រះភ្លើងផងដែរ។ សម្រាប់ទំនៀមជាប្រពៃណីនេះត្រូវបានប្រារព្ធធ្វើឡើងគ្រប់ៗអង្គព្រះមហាក្សត្រិយ៍ទាំងអស់ រហូតមកដល់បុណ្យព្រះមេរុនៃព្រះបរមរតនកោដ្ឋនាពេលថ្មីៗនេះផងដែរ។

សម្រាប់កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋនោះ មានលក្ខណៈខុសគ្នានឹងព្រះករុណាមុនៗបន្តិចត្រង់នៅផ្នែកខាងខ្នងមិនមានរចនារូបព្រះមេរុដូចអង្គមុនៗនោះទេ។

ខាងក្រោមនេះជាកាសអនុស្សាវរីយ៍ដែលរំឭកពីបុណ្យព្រះមេរុនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានប្រព្រឹត្តទៅនៅព្រះរាជធានីភ្នំពេញ ក្នុងខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ដែលត្រូវនឹង គ.ស.២០១៣ ឆ្នាំបារាំងសេស។

អំពីកាសអនុស្សាវរីយ៍

ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះបរមរតនកោដ្ឋ នៅចំកណ្ដាល និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកអក្សរមូលខ្មែរ នៅខាងលើថា «ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ» និងនៅខាងក្រោមថា «ព្រះករុណាព្រះបរមរតនកោដ្ឋ»។

ផ្នែកខាងខ្នង៖ មានរូបព្រះរាជសង្ហារ និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងផ្នែកខាងលើ មានចារិកជាអក្សរមូលខ្មែរ ថា «ពុទ្ធពុទ្ធោជ្រកក្រោមម្លប់ពោធិសម្ដេចតា» និងនៅខាងក្រោមថា «១៩២២ – ២០១២» ដែលជាឆ្នាំប្រសូត និងឆ្នាំសុវណ្ណគត។

ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះសុវណ្ណគតនាថ្ងៃច័ន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគគាំងព្រះហទ័យ នៅវេលាម៉ោង០១:២០ នាទីរំលងអាធ្រាត (ម៉ោងនៅរាជធានីភ្នំពេញ) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រះរាជពិធីបុណ្យព្រះបរមសពនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានធ្វើឡើងតាមបុរាណរាជបវេណីនៃព្រះមហាក្សត្រិយ៍ របស់ប្រទេសកម្ពុជា។ ព្រះរាជពិធីថ្វាយព្រះភ្លើងត្រូវបានចាត់ឡើងនៅថ្ងៃច័ន្ទ ៩រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ គ.ស.២០១៣ នាព្រះបរមមេរុ ទល់មុខសារមន្ទីរជាតិ ភាគខាងជើងនៃព្រះបរមរាជវាំង ក្រុងភ្នំពេញ។ មួយឆ្នាំក្រោយមក គឺនាថ្ងៃសៅរ៍ ១រោច ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា គ.ស.២០១៤ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានតម្កល់នៅក្នុងព្រះចេតិយព្រះគន្ធបុប្ផា នាបរិវេណព្រះវិហារព្រះកែវមរកតរតនារាមនៃព្រះបរមរាជវាំងចតុម្មុខមង្គល តាមព្រះរាជបណ្ដាំព្រះអង្គ។

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមរតនកោដ្ឋ”

សម្ដេចព្រះមហាក្សត្រីយ៍ ព្រះបរមរាជមាតាស្ដេចប្រទានកាសអនុស្សាវរីយ៍ដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង

___________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណាព្រះបរមរតនកោដ្ឋ
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៦. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៧. ធនបត្រអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ

%d bloggers like this: