jump to navigation

Repost: រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ ថ្ងៃអាទិត្យ 13 ខែសីហា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, ພາສາລາວ.
add a comment

កកន៖ មួយ​ផ្នែក​នៃប្រកាស​នេះ​បាន​ដាក់​រួច​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០០៨

23819130111_61471517dc_o
ព្រះចៅនរោត្ដម សីហនុ ព្រះចៅមហាជីវិតខ្មែរស្ដេចបំពេញព្រះរាជទស្សនកិច្ចព្រះរាជអាណាចក្រលាវ កាលពីឆ្នាំ១៩៤៣

រូប​នេះ​ខ្ញុំ​ប្រទះ​ក្នុង​វេបសៃត៍​លាវ​មួយ ដែល​និយាយ​ពី​ប្រវត្តិ​ព្រះមហាក្សត្រិយ៍​លាវ ព្រះបាទ​សម្ដេច​ព្រះចៅ​ស្រីសវាងវង្ស។ លាវ​ប្រើ​ពាក្យ “ ព្រះចៅ” និង​ពាក្យ “ មហាជីវិត” សំដៅ​លើ​ស្ដេច​គ្រង​រាជ្យ។

រូប​នេះ​កាល​គ្រា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ វរ្ម័ន ស្ដេច​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ នៅ​ព្រះរាជ​អាណាចក្រ​លាវ (លាវ ប្រើ​ពាក្យ ព្រះរាជ​អាណាចក្រ ដូច​ខ្មែរ​ដែរ) នា​រាជធានី​ហ្លួង​ព្រះបាង រូប​ទ្រង់​និង​ព្រះចៅ​មហាជីវិត​លាវ កាល​គ្រា​នោះ គឺ​ព្រះ​ចៅ​ស្រីសវាងវង្ស

ក្នុង​រូប​នេះ​ប្រហែល​ជា​ព្រាហ្ម​បុរោហិត ក្នុង​ព្រះ​រាជ​វាំង​លាវ កំពុង​ចង​បាយសី ថ្វាយ​ដល់​ព្រះ​ចៅ​ផែន​ដី​ខ្មែរ។ ពិធី​ចង​បាយសី​នេះ គឺ​ជា​ពិធី​ស្វាគមន៍ និង​ផ្ដល់​ភាព​ចម្រុង​ចម្រើន​ដល់​ភ្ញៀវ​ទាំង​ហ្លាយ​ដែល​មក​ដល់​ប្រទេស​លាវ។ ពិធី​នេះ​ពេញ​និយម​ណាស់​សម្រាប់​ប្រទេស​លាវ និង​រហូត​មក​ដល់​បច្ចុប្បន្ន៕

_______________________________________________________
អាន​អត្ថបទ
១. ម្ចាស់​ជីវិត​ ស្រីសវាងវង្ស៖ មហាក្ស័ត្រ​អង្គ​ដំបូង​នៃ​ព្រះរាជ​អាណាចក្រ​លាវ
២. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ
៣. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៤. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៥. ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ

រូបភាព​ប្រវត្តិ​សាស្ត្រ​នៅ​ក្រុង​ប៉ារីស នា​ឆ្នាំ​១៩៦៤ ថ្ងៃចន្ទ 26 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, Français.
1 comment so far

ខែ​មិថុនា គ.ស.​១៩៦៤ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា (ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ​) ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​បារាំង​សែស​។ ប្រធានា​ធិបតី​​បារាំង ឯ.ឧ.ហ្សាលដឺហ្គោល បាន​ធ្វើ​បដិ​សណ្ឋារកិច្ច​យ៉ាង​​កក់​ក្ដៅ និង​សម​ព្រះ​កិត្តិយស​នៃ​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ប្រវត្តិ​សាស្ត្រ​នៃ​ដំណើរ​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​សាធារណ​រដ្ឋ​បារាំង​ ដោយ​ឃើញ​មាន​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះ​អង្គ ព្រម​ទាំង​ប្រធានាធិបតី​បារាំង នា​រោង​ល្ខោន​ក្រុង​ប៉ារីស ឬ Paris Opera កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៦៤​​​៕

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​ព្រះ​ពស្ត្រ​ពេញ​យស​នៃ​ប្រពៃណី​ខ្មែរ ព្រម​ទាំង​សម្ដេច​ព្រះ​ជាយា (​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​) ព្រម​ទាំង​មន្ត្រី​រាជ​ការ​ខ្មែរ​អម​ព្រះ​រាជ​ដំណើរ​ផង​​

_______________________________________
អានផងដែរ
១. ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​ឯ.ឧ.​ហ្សាល​ដឺ​ហ្គោល
២. ការស្លៀកឈុតខ្មែរក្នុងពិធីផ្លូវរដ្ឋនារជ្ជកាលហ្លួងបរមរតនកោដ្ឋ

រូប​ចាស់​និទាន​ថ្មី​៖ ចិន​លក់​ពង​ទា ថ្ងៃពុធ 31 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
add a comment

ក្រុងភ្នំពេញកាលពីអតីតកាលមានការរៀបចំការរស់នៅរបស់ប្រជាជនក្រុងយ៉ាងមានរបៀបរៀបរយ ដោយបែងចែកជាសង្កាត់ៗ ទៅតាមជាតិសាសន៍នីមួយៗ ដូចជាខ្មែរបារាំងនិងចិនជាដើម។ល។ មុនប្រទេសខ្មែរធ្លាក់ចូលក្នុងសង្គ្រាមនាឆ្នាំ១៩៧០ ជនជាតិខ្មែរដើមកំណើតចិន មានរស់នៅយ៉ាងច្រើននៅទីក្រុងខ្មែរមួយនេះ និងឃើញមានវត្តមានជាពិសេសនៅតាមទីប្រជុំជន និងកន្លែងជួញដូរនានា។

ខាងក្រោមនេះ ជារូបនៃជនជាតិចិនលក់ពងទា មានទាំងសាប មានទាំងប្រៃ នៅទីផ្សារធំបំផុតមួយរបស់ក្រុងភ្នំពេញ គឺផ្សារធំថ្មីនេះឯង៕

__________________________________________
មើលផងដែរ៖
១. រូបចាស់និទានថ្មី៖ ចិនកំពង់ចាម
២. រូបចាស់និទានថ្មី៖ ចិនលក់មួក
៣. រូបចាស់និទានថ្មី៖ ចិនភ្នំពេញ
៤. រូបចាស់និទានថ្មី៖ ចិនលក់ស្លាម្លូ
៥. រូបចាស់និទានថ្មី៖ ចិនលក់ផ្លែឈើ

រូប​ចាស់​និទាន​ថ្មី​៖ ចិន​លក់​ស្លា​ម្លូ ថ្ងៃពុធ 24 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
add a comment

នេះជារូបភាពស្ត្រីចិនម្នាក់ ក្នុងចំណោមជនជាតិចិនច្រើនម៉ឺននាក់នាំគ្នាមកស្នាក់អាស្រ័យក្រោមព្រះបារមីនៃព្រះចៅផែនដីខ្មែរ កាលពីអតីតកាល។ ជនជាតិចិនម្នាក់នេះកំពុងទទួលទានអាហារជាមួយនឹងចង្កិះទំនងយ៉ាងឆ្ងាញ់ពិសា។ ស្ត្រីម្នាក់នេះគឺជាអ្នកលក់ស្លាម្លូ ជាចំណីបំបាត់ការអផ្សុកនៃមាត់របស់ជនជាតិខ្មែរដ៏ពេញនិយមនាសម័យនោះ។ ជនជាតិចិនមិនជាអ្នកទទួលទានស្លាម្លូនេះទេ តែជាអ្នកលក់ដូរដ៏ប្រសប់។

នាសម័យនោះ ជនជាតិចិនត្រូវបានដាក់ឲ្យរស់នៅដោយឡែកនៅក្នុងសង្កាត់មួយដែលឲ្យឈ្មោះថា «សង្កាត់ចិន» ដែលស្ថិតនៅម្ដុំផ្សារចាស់ និងផ្សារកណ្ដាលបច្ចុប្បន្ន។ ពួកជនជាតិនេះដោយឡែកពីជនជាតិអឺរ៉ុប ចូលចិត្តប្រកបរបររកស៊ីតាមផ្សារ និងកសិកម្មក៏ឃើញមាននៅទូទាំងព្រះរាជអាណាចក្រ៕

__________________________________________
មើលផងដែរ៖
១. រូបចាស់និទានថ្មី៖ ចិនកំពង់ចាម
២. រូបចាស់និទានថ្មី៖ ចិនលក់មួក
៣. រូបចាស់និទានថ្មី៖ ចិនភ្នំពេញ
៤. រូបចាស់និទានថ្មី៖ ចិនលក់ពងទា
៥. រូបចាស់និទានថ្មី៖ ចិនលក់ផ្លែឈើ

អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ ថ្ងៃអង្គារ 16 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
4 comments

នៅ​ឯ​ខាង​មុខ​ស្ថានីយ៍​រាជាយ​ស្ម័យ​យាន​ក្រុង​ភ្នំពេញ​មាន​ប្រតិស្ឋាន​នូវ​ព្រះ​ចេតិយ​ដ៏​ស្រស់​ស្អាត​តូច​ច្រឡឹង​មួយ នោះ​គឺ​ចេតិយ​នៃ​​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​។ ចេតិយ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​តាំង​ពី​ទសវត្សរ៍​​១៩៥០ និង​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ​ប្រមាណ​៦០​ឆ្នាំ​ហើយ​។

នៅ​ខែ​ឧសភា ឆ្នាំ​១៩៥៧ ប្រទេស​កម្ពុជា​យើង​បាន​ប្រារព្ធ​ពិធី​បុណ្យ​អស្ចារ្យ​មួយ​​ដែល​មិន​ទាន់​មាន​ប្រទេស​កាន់​ពុទ្ធ​សាសនា​ធ្វើ​​​នោះ​គឺ​​បុណ្យ​ពុទ្ធ​​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា​។ ពិធី​បុណ្យ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ​នា​កាល​ណុះ គឺ​ប្រារព្ធ​ឡើង​នៅ​បរិវេណ​ព្រះ​សក្យ​មុនី​ចេតិយ​នេះ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​គឺ​​​ដើម្បី​បញ្ចុះ​​​ព្រះ​បរម​សារី​រិក​ធាតុ​ព្រះ​បរម​គ្រូ និង​ធ្វើ​ការ​ឆ្លង​ចេតិយ​ដែល​សាង​សង់​រួច​នេះ​ព្រម​ជាមួយ​គ្នា​ផង​។

ព្រះ​សក្យ​មុនី​ចេតិយ​ត្រូវ​បាន​​ផ្ដួច​ផ្ដើម​សាង​ឡើង​នា​ឆ្នាំ​១៩៥៥ ​ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជោតញ្ញាណោ ក្រោម​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត (ព្រះ​មហា​កាញ្ចន​កោដ្ឋ) និង​សម្ដេច​ព្រះ​​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧប​យុវរាជ (​ព្រះ​យស​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ កាល​ណុះ​) ដែល​ព្រះ​អង្គ​សុទ្ធ​​ជា​ព្រះ​អគ្គ​ពុទ្ធ​​សាសនូបត្ថម្ភ​តាំង​ពី​ដើម​រៀង​មក​។ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​ប្រាក់​សេស​សល់​មួយ​ចំនួន​ទៀត​ក្រោយ​ពី​ការ​ធ្វើ​បុណ្យ​ហែ​ព្រះ​បរម​សារី​រិកធាតុ​កាល​ពី​ឆ្នាំ​១៩៥២​ មក​ធ្វើ​ជា​ដើម​ទុន​ក្នុង​ការ​កសាង​ព្រះ​បរម​ចេតិយ​នេះ​ផង​ដែរ​។

ចាប់​តាំង​ពី​ការ​សាង​សង់​រួច​ព្រះ​សក្យ​មុនី​ចេតិយ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ពិធី​បុណ្យ​សាសនា​ធំ​ៗ​របស់​ប្រទេស មាន​ដូច​ជា​បុណ្យ​មាឃ​បូជា និង​ពិសាខ​បូជា​ជា​ដើម​។ ក្រោយ​មក​ថ្វី​ដ្បិត​តែ​ព្រះ​សក្យ​មុនី​ចេតិយ៍​ធំ​ថ្មី​មួយ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ឯ​​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ក្ដី ក៏​នៅ​ទី​ព្រះ​សក្យមុនីចេតិយ​ចាស់​នេះ​ជា​ទី​សក្ការៈ​របស់​ពុទ្ធ​សាសនិកជន​ខ្មែរ​។ បច្ចុប្បន្ន​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​ការ​រៀប​ចំ​កែ​លម្អ​សួន​ជុំ​វិញ​ព្រះ​សក្យ​មុនី​ចេតិយ៍​បាន​យ៉ាង​ស្រស់​ស្អាត​ស័ក្ដិសម​ជា​ទី​សក្ការៈ​នៃ​ពួង​ប្រជាជន​ខ្មែរ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​៕​៚

ព្រះ​សក្យមុនី​ចេតិយ​ពេល​សាង​សង់​រួច
ព្រះ​សក្យ​មុនី​ចេតិយ​នា​ពេល​ធ្វើ​បុណ្យ​ពាក់​កណ្ដាល​សាសនាព្រះ​សក្យ​មុនី​ចេតិយ​​នា​ប្រមាណ​ទសវត្សរ៍​២០០០ព្រះ​សក្យ​មុនី​ចេតិយ​​​ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កែ​លម្អ​សួន (រូប​៖ kampucheathmey)

_______________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា
២. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៣. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ
៤. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ

Repost: ប្ដេជ្ញា​អនុវត្ត​បី​មិន​មួយ​រាយការណ៍ ថ្ងៃអាទិត្យ 26 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
add a comment

កាលពីខែកន្លងទៅខ្ញុំបានដាក់ប្រកាសមួយស្ដីអំពីសំនួនរបស់លទ្ធិកុម្មុយនីស្តកម្ពុជា កាលពីពីរទសវត្សរ៍កន្លងទៅ គឺ «លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ» ថ្ងៃនេះខ្ញុំសូមលើកយកទ្រឹស្ដីប្រជាភិថុតិមួយទៀតរបស់សម័យនោះ ដែលខ្ញុំនៅចេះចាំគឺ «ប្ដេជ្ញាអនុវត្តបីមិនមួយរាយការណ៍»។

ពាក្យស្លោកនេះ ត្រូវបានឃើញស្ទើរគ្រប់ទីកន្លែងក្នុងផ្ទៃប្រទេស ជាមួយនឹងពាក្យស្លោកផ្សេងៗទៀត ដែលខ្ញុំនឹងលើកយកមកដាក់នៅទីនេះម្ដងមួយៗ។ បើទោះបីជាបានឃើញនិងចេះចងចាំក្នុង តាំងពីសម័យនោះ រហូតមកដល់វិនាទីនេះ ខ្ញុំមិនទាន់យល់ឡើយនូវពាក្យស្លោក «លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ» នេះ មិនដឹងថាជារដ្ឋបាលសម័យនោះចង់និយាយថាម៉េចទេ។

ប្រសិនបើលោកអ្នកនាងដឹង ពីពាក្យស្លោកនេះសូមជួយប្រាប់យកបុណ្យផង៕

____________________________________________________________
អានផងដែរ
១. លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ

Repost: ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ថ្ងៃ​ព្រហស្បតិ៍ 5 ខែមករា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
2 comments

ជាទូទៅរៀងរាល់ពេលមើលរូបចាស់ៗរបស់នគរកម្ពុជាយើងម្ដងៗ ខ្ញុំតែងតែនឹកស្រណោះដល់ភាពរុងរឿងកាលពីអតីតរបស់ផែនដីនេះជាពន់ពេក។ បើទោះបីជាថាសម័យនោះមិនមានការរីកចម្រើន (សម័យនេះរីកចម្រើន?) ដូចសម័យបច្ចុប្បន្ននេះក៏ដោយ ការរៀបចំស្រុកទេស និងការអភិវឌ្ឍន៍នានាមានលក្ខណៈគួរជាទីមោទនភាពជាងសម័យបច្ចុប្បន្ននេះឆ្ងាយណាស់។

ខ្ញុំទើបតែប្រទះរូបភាពមួយនៃព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ ពីប្លក់លោក ជា ផល ក៏គិតនឹកឃើញសរសេរប្រកាសនេះមួយឡើង។ បើនិយាយពីរឿងភ្នំបូកគោ ឯទឹកដីខេត្តកំពតនោះ ទីនេះមានប្រវត្តិដិតដាមច្រើនណាស់ជាមួយនិងអតីតព្រះមហាក្ស័ត្រិយ៍ខ្មែរ ព្រះករុណាព្រះបាទសម្ដេច ព្រះសិរីសុវត្ថិ មុនីវង្ស ឬហ្លួងខត្តិយកោដ្ឋ ជីតាទួតរបស់ព្រះមហាក្ស័ត្រិយ៍យើងសព្វថ្ងៃនេះ។

ភ្នំបូកគោ នាអតីតកាលគឺប្រាកដណាស់ជាស្ថានសួគ៌មួយរបស់ស្រុកខ្មែរ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះបាទសិរីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់ចូលសុវណ្ណគត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលណុះ (បច្ចុប្បន្នថៃ) តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជប្រទេស ដោយមានប្រទេសយីប៉ុន គាំទ្រ។

តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោនេះឯងក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។

រូបភាពខាងក្រោម (ទី១) នេះ គឺជារូបភាពនៃអតីតព្រះរាជតំណាក់របស់ព្រះអង្គ ដោយមានដាក់អក្សរជាភាសាបារាំងសេស (កាលណុះនគរខ្មែរស្ថិតនៅក្រោមចំណុះប្រទេសបារាំង) ថា RESIDENCE DE S.M. MONIVONG ឬដែលប្រែសេចក្ដីជាខេមរភាសាថា ព្រះរាជតំណាក់ ព្រះករុណា មុនីវង្ស។ ព្រះរាជតំណាក់នេះហើយ បើតាមខ្ញុំស្មានគឺជាស្ថានដែលព្រះអង្គបានចូលសុវណ្ណគត នៅលើកំពូលភ្នំនៃស្ថានសួគ៌កម្ពុជានេះ។ ក្រោយមករាជការបានកែប្រែទៅជាអាគារសាលាក្រុងបូកគោ បន្ទាប់ពីទ្រង់សោយទិវង្គតទៅ។

យើងមិនបាច់និយាយពីសង្គ្រាមទេ នៅកម្ពុជា នរណាៗក៏ដឹងដែរពីរឿងនេះ។ ព្រះរាជតំណាក់ជាប្រវត្តិសាស្ត្រមួយនេះត្រូវបានបោះបង់ និងខូចខាតស្ទើរទាំងស្រុង ហើយដែលទើបតែត្រូវបានជួសជុលឡើងវិញនាពេលថ្មីៗនេះមិនយូរប៉ុន្មាន ហើយអ្វីដែលអនិច្ចានោះ អាគារនេះមិនមែនជារបស់រាជការទៀតហើយ។ វាជារបស់កម្មសិទ្ធិឯកជនផ្ដាច់មុខ។

បើទោះជាទីតាំង និងអាគារផ្សេងៗត្រូវបានជួលទៅឲ្យពួកឯកជនក្ដី ខ្ញុំថា រាជការគួរតែប្រគល់អាគារដោយឡែកមួយនេះ ជូនទៅខាងរាជវាំងវិញ ឬយ៉ាងហោចណាស់កែប្រែអាគារនេះជាសារមន្ទីរ ដើម្បីរំឭកដល់កាលគ្រាមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃអាគារនេះ ដែលធ្លាប់ជាភិរម្យស្ថាននៃស្ដេចផែនដីខ្មែរ ដើម្បីជាទុកជាកេរតំណែលរឭកទៅដល់ព្រះមហាករុណាទិគុណរបស់ព្រះអង្គ និងដើម្បីជាចំណេះដឹង, ការសិក្សាស្រាវជ្រាវ ផ្សេងៗរបស់មនុស្សខ្មែរជំនាន់ក្រោយ។

សង្ឃឹមថាសុបិនរបស់ខ្ញុំនៃការកែប្រែអាគារនេះក្លាយជាការពិតចុះ បើទោះបីជាត្រូវចំណាយពេលយូរច្រើនឆ្នាំក៏ដោយ៕


(១) ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ កាលពីអតីត

(២) ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ មុនពេលការជួសជុលជាថ្មី (២០០៦)

(៣) ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ នាពេលបច្ចុប្បន្ន (២០១២)

រូបបានមកពីwww.cheaphal.com

_______________________________________________________________
អានផងដែរ
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ
៥. ឆ្នាំទី១៤០ ប្រសូតនៃព្រះករុណា ព្រះមុនីវង្ស

%d bloggers like this: