ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំច ១៣៨០ ថ្ងៃអង្គារ 17 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.3 comments
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ច.ស.១៣៨០ នេះ មិនមានអ្វីពិសេសសោះទេ ចំពោះខ្ញុំ។ ឆ្នាំនេះ ក្រៅពីបានទៅវត្តក្បែរផ្ទះចំនួន១ ខ្ញុំបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនទៅកាន់ប្រទេសវៀតណាម សម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារមួយ។ នេះជាលើកទី២ហើយ សម្រាប់ខ្ញុំ ក្នុងការបើករថយន្តឆ្លងកាត់ប្រទេសបែបនេះ ដែលកាលពីរដូវចូលឆ្នាំទៅមិញនោះ ខ្ញុំបានធ្វើដំណើរទៅប្រទេសលាវផង។
- ថ្ងៃទី១៖ ១៥ មេសា ២០១៨
ព្រឹកព្រលឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី២ នេះ ខ្ញុំបានធ្វើដំណើរចេញពីភ្នំពេញ នៅម៉ោងប្រមាណ៨ព្រឹក ដោយធ្វើដំណើរត្រង់សំដៅមកប្រទល់ដែលកម្ពុជាវៀតណាម ច្រកព្រែកចាក។ នៅប្រមាណម៉ោង១២ថ្ងៃត្រង់ក៏បានធ្វើដំណើរមកដល់ក្បែរព្រំដែន រួចឈប់រថយន្តដើម្បីទទួលទានអាហារថ្ងៃត្រង់។
បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចស្រេចហើយ នៅម៉ោងប្រមាណ១រសៀល ក៏ធ្វើដំណើរបន្តឆ្ពោះមកព្រំដែន ដើម្បីបំពេញសំណុំបែបបទដើម្បីឆ្លងចូលទៅកាន់ប្រទេសវៀតណាមច្រកហាទៀន។
នៅច្រកព្រំដែននារសៀលថ្ងៃនោះ ហាក់មិនមានរថយន្តច្រើនចេញចូលទេ (ទំនងគេចូលតាំងពីព្រឹក) តែទោះជាយ៉ាងនេះក្ដីក៏ឃើញមានរថយន្តខ្មែរចូលប្រទេសវៀតណាមមួយៗ មិនដាច់ដែរ។
បន្ទាប់ពីបំពេញសំណុំបែបបទចូលប្រទេសវៀតណាមស្រេចហើយ ខ្ញុំក៏បើករថយន្តបន្តចូលទៅកាន់ក្រុងហាទៀន ដោយអាស្រ័យលើជីភីអេសនៃទូរស័ព្ទដៃ។ នេះជាលើកទី១ហើយ ដែលខ្ញុំមកកាន់ទីនេះ។
បន្ទាប់ពីជិះកម្សាន្តក្រុងដ៏តូចមួយនេះ និងទីកន្លែងមួយចំនួនក្បែរៗក្រុងហើយ នៅវេលាប្រមាណម៉ោង៤.៣០ ទើបដើររកទីកន្លែងស្នាក់នៅ និងពេលយប់ក៏បានធ្វើដំណើរទៅទទួលទានស៊ុបនៅក្បែរដៃសមុទ្ទ មិនឆ្ងាយប៉ុន្មានពីកន្លែងស្នាក់នៅ។
- ថ្ងៃទី២៖ ១៦ មេសា ២០១៨
ព្រឹកនេះ បន្ទាប់ពីស្រស់ស្រូបគុយទាវវៀតណាម នៅខាងមុខទីស្នាក់នៅមក ខ្ញុំក៏បន្តបើករថយន្តដើរលេងកម្សាន្តទីកន្លែងមួយចំនួន ដែលបានរកមើលតាមប្រព័ន្ធអ៊ីនធ័រណេត។ បន្ទាប់មកនៅម៉ោងប្រមាណ១០ ក៏ធ្វើដំណើរមកឆ្នេរសមុទ្ទ (ស្រដៀងគ្នានឹងកែប) ដើម្បីអង្គុយលេង និងទទួលទានអាហារថ្ងៃត្រង់។
នៅម៉ោងប្រមាណ១២.៣០នាទី ក៏ចេញពីទីនោះ ដើម្បីត្រឡប់មកកម្ពុជាវិញ។ នៅតាមផ្លូវត្រឡប់មកវិញ ក៏បានឆៀងចូលលេងវត្តខ្មែរមួយ នៅក្បែរនោះ និងវត្តវៀតណាមមួយ នៅតាមផ្លូវមកព្រំដែនផងដែរ។
- ឆៀងចូលលេងកែប
នៅម៉ោងប្រមាណ៣រសៀល ខ្ញុំក៏បានចេញពីប្រទេសវៀតណាមជាស្ថាពរ។ បន្ទាប់មកក៏ធ្វើដំណើរបន្តទៀតមកខេត្តកែប។ នៅតាមផ្លូវមានរថយន្តជាច្រើនហូរហែរឥតដាច់ត្រឡប់មកភ្នំពេញវិញ។ នៅម៉ោងប្រមាណ៤.៣០ ក៏បានមកដល់ក្រុងកែប។ មនុស្សម្នាច្រើនសម្បើមណាស់នៅឯឆ្នេរកែប។ ខ្ញុំក៏បានចុះមុជទឹកលេង រួចនៅម៉ោងប្រមាណ៥.៤៥នាទីក៏ធ្វើដំណើរត្រឡប់មកភ្នំពេញវិញ និងមកដល់ភ្នំពេញនៅវេលាប្រមាណម៉ោង៩.៣០នាទីយប់ ដោយសុវត្ថិភាព៕
ទិដ្ឋភាពតាមផ្លូវ (ស្រុកខ្មែរ)
ព្រំដែនវៀតណាម
ស្ពានឆ្លងក្រុងហាទៀន
ក្រុងហាទៀននារាត្រីកាល
វត្តមួយនាក្រុងហាទៀន
ឆ្នេរសមុទ្ទនៅក្រុងហាទៀន
ឆ្នេរកែបខ្មែរ
ឆ្នេរកែបខ្មែរ
_______________________________________________________________
អានផងដែរ៖
១. ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា ១៣៧៩
២. បានមួយវត្តដែរ ឆ្នាំនេះ
៣. ការឆ្លងព្រំដែន នៅព្រែកចាក
បានមួយវត្តដែរ ឆ្នាំនេះ ថ្ងៃចន្ទ 16 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.1 comment so far
សម្រាប់ទេសកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ច.ស.១៣៨០ នេះ ខ្ញុំបានទៅវត្តចំនួន១ដែរ គឺវត្តនិរោធរង្សី សង្កាត់ច្បារអំពៅ ជាវត្តប្រចាំភូមិដែលជីដូនខ្ញុំទៅបំពេញបុណ្យមិនដែលខាន នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីទទួលទេវតានៅឯផ្ទះរួចមក។
ដោយសារទទួលទេវតារៀងជ្រេបន្តិចដែរនោះ ម៉ោងប្រមាណជិត១០ ទើបទៅដល់វត្ត និងពិធីរាប់បាត្រក៏បានរួចស្រេចផង។
បរិយាកាយនៅវត្តនិរោធរង្សី ជាព្រឹកថ្ងៃចូលឆ្នាំទី១នេះ ឃើញថាមានសភាពអ៊ូអរជាធម្មតា មនុស្សម្នានាំគ្នាមកធ្វើបុណ្យដូចបណ្ដាឆ្នាំកន្លងទៅដែរ៕
បរិយាកាសការធ្វើបុណ្យនាព្រឹកថ្ងៃចូលឆ្នាំថ្ងៃទី១ នៅវត្តនិរោធរង្សី
_______________________________________________________________
អានផងដែរ៖
១. ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំច ១៣៨០
ប.ជ.ព.ចុល្លសករាជ១៣៨០ ពី ស្រែខ្មុក ថ្ងៃសុក្រ 13 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.add a comment
សមាជិក គ.រ.ម ថ្ងៃសៅរ៍ 7 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.1 comment so far
បណ្ណសម្គាល់ខ្លួន ព្រមទាំងបណ្ណរថយន្តសម្រាប់ប្រើប្រាស់នៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី (គ.រ.ម)។ ខ្ញុំជាសមាជិកមួយនឹងគេដែរ ហេហេ…៕
_______________________________________________________________
អានផងដែរ៖
១. លទ្ធផលប្រឡងទីស្ដីការគណៈរដ្ឋមន្ត្រី
ត្រឡប់មកពីក្រចេះវិញ ថ្ងៃព្រហស្បតិ៍ 5 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.1 comment so far
រសៀលនេះ (៥ មេសា ២០១៨) ខ្ញុំបានធ្វើដំណើរត្រឡប់មកពីខេត្តក្រចេះវិញហើយ បន្ទាប់ពីបានទៅកាលពីម្សិលមិញនេះ។
ការធ្វើដំណើរត្រឡប់មកវិញនារសៀលនេះ ខ្ញុំបានធ្វើដំណើរតាមផ្លូវខេត្តកំពង់ចាមវិញម្ដង ដ្បិតកាលពីទៅម្សិលមិញនេះផ្លូវខូចអស់ និងធ្វើដំណើររាប់ម៉ោង បើទោះបីតាមផ្លូវខេត្តកំពង់ចាមមានចម្ងាយឆ្ងាយជាងក៏ដោយ។
ដោយចេញពីក្រចេះក្រុងនៅម៉ោង២រសៀល ខ្ញុំធ្វើដំណើរមកស្រុកក្រូចឆ្មា ឆ្ពោះមកទីរួមខេត្តក្រចេះ និងមកដល់នៅម៉ោង៤.៣០នាទី។ បន្តមកនៅម៉ោងប្រមាណ៥ល្ងាច ខ្ញុំបន្តមកភ្នំពេញ និងមកដល់នៅម៉ោងប្រមាណ៨យប់ សរុបទៅត្រូវធ្វើដំណើរ៦ម៉ោង គឺលឿនជាងម្សិលមិញមួយម៉ោងដែរ៕
_____________________________________________
អានផងដែរ៖
១. មកក្រចេះក្រុង
មកក្រចេះក្រុង ថ្ងៃពុធ 4 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.1 comment so far
ព្រឹកមិញនេះ (៤ មេសា ២០១៨) ត្រូវបើករថយន្តរាប់ម៉ោងពីភ្នំពេញ ដើម្បីមកទីរួមខេត្តក្រចេះ។ ដោយចេញដំណើរពីភ្នំពេញនៅម៉ោងប្រមាណ៩ព្រឹក លើកនេះត្រូវធ្វើដំណើររហូតដល់ទៅ៧ម៉ោង គឺនៅម៉ោង៤ល្ងាចឯណុះទើបមកដល់ក្រចេះក្រុង។
ការធ្វើដំណើរមកក្រចេះគ្រានេះ ខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ១ តាមផ្លូវខេត្តព្រៃវែង។ ចាប់ពីអ្នកលឿងរហូតមក ផ្លូវត្រូវបានខូចជាដំណាក់ៗ និងមានការជួសជុលរហូតស្ទើរមកដល់ឆ្លូង ដែលជាហេតុធ្វើឲ្យការបើកបរមានការយឺតយ៉ាវ និងមិនអាចបើកបរបានលឿនឡើយ៕
_____________________________________________
អានផងដែរ៖
១. ត្រឡប់មកពីក្រចេះវិញ
បុប្ផជាតិឯផ្ទះខ្ញុំ ថ្ងៃចន្ទ 2 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.1 comment so far
សប្ដាហ៍នេះ បណ្ដាបុប្ផជាតិទាំងឡាយដែលខ្ញុំបានដាំទាំងក្រោយផ្ទះក្ដី កៀនផ្ទះក្ដីនាំគ្នាចេញផ្ការីកស្គុសស្គាយស្ទើរពេញដើម មើលទៅល្អគួរគយគន់៕
_______________________________________
អានផងដែរ៖
១. ដាំដើមម្លូ