ង្វៀន ហ្វុ ត្ចុង ក្លាយជាប្រធានាធិបតីថ្មីវៀតណាម ថ្ងៃពុធ 24 ខែតុលា 2018
Posted by សុភ័ក្ត្រ in Tiếng Việt.1 comment so far
លោកប្រធានាធិបតីថ្មីវៀតណាម ង្វៀន ហ្វុ ត្ចុង ធ្វើពិធីស្បថចូលកាន់តំណែងថ្មី
នានាប្រទេស៖ ហាណូយ, សស. វៀតណាម – ម្សិលមិញនេះ (២៣ តុលា ២០១៨) រដ្ឋសភាវៀតណាម បានសម្រេចជ្រើសរើសឲ្យសមមិត្ត ង្វៀន ហ្វុ ត្ចុង (វ. Nguyễn Phú Trọng) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឲ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសកុម្មុយនីស្តមួយនេះ។ ការបោះឆ្នោតដែលគ្រាន់តែជានីតិវិធី ដោយសារបក្សបានស្នើរូបលោកជាឯកច្ឆ័នតែមួយរូបប៉ុណ្ណោះសម្រាប់ទទួលតំណែងប្រធានាធិបតីថ្មីនេះ។
សមមិត្ត ង្វៀន ហ្វុ ត្ចុង ដែលបច្ចុប្បន្នមានអាយុ៧៤ឆ្នាំ នេះ បានក្លាយជាប្រធានាធិបតីវៀតណាមលំដាប់ទី៩ (រាប់ចាប់ពីឆ្នាំ១៩៩២ មក) និងជាមេដឹកនាំវៀតណាមទី១ ដែលកាន់កាប់តំណែងពីរក្នុងពេលតែមួយ រាប់តាំងពីលោកប្រធានាធិបតីហូ ជី ម៉ិញ មក។
…ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការធ្វើឲ្យសម្រេចបាននូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជន ប្រគល់ឲ្យ…។
សមមិត្ត ង្វៀន ហ្វុ ត្ចុង បានថ្លែង ខណៈពេលធ្វើសច្ចាប្រណិធានស្បថឡើងកាន់តំណែងប្រធានាធិបតី។
ការជ្រើសរើសប្រធានាធិបតីថ្មីរបស់វៀតណាមនាពេលនេះ គឺបន្ទាប់ពីអតីតប្រធានាធិបតីវៀតណាម ត្រាន់ ដៃ ក្វាង បានទទួលមរណភាពកាលពីខែកញ្ញា (២០១៨) កន្លងមកនេះ៕
ទិដ្ឋភាពការបោះឆ្នោតនៅក្នុងសភាវៀតណាម
ទិដ្ឋភាពការបោះឆ្នោតនៅក្នុងសភាវៀតណាម
_________________________________
អានផងដែរ៖
១. ក្រៅពីភូមា វៀតណាមក៏មានប្រធានាធិបតីថ្មី
«វីនហ្វាសត៍» ម៉ូដែលរថយន្តថ្មីរបស់វៀតណាម ថ្ងៃពុធ 3 ខែតុលា 2018
Posted by សុភ័ក្ត្រ in Tiếng Việt.add a comment
«វីនហ្វាសត៍» ម៉ូដែលរថយន្តថ្មីរបស់វៀតណាម
នានាប្រទេស៖ ក្រុងប៉ារីស, ស. បារាំងសែស – ម្សិលមិញនេះ (២ តុលា ២០១៨) ប្រទេសវៀតណាម បានបង្អួតភ្នែកពិភពលោក ដោយបើកបង្ហាញជាផ្លូវការ នូវម៉ូដែលរថយន្តថ្មីរបស់ខ្លួនឈ្មោះថា «វីនហ្វាសត៍»។ ប្រទេសវៀតណាមបានកំពុងបោះជំហានចូលទៅក្នុងឧស្សាហកម្មយានយន្ត ជាមួយនឹងប្រេនដ៍ផ្ទាល់ខ្លួន។ គំរូរថយន្តចំនួនពីរ គឺ រថយន្តខ្នាតតូច (LUX A2.0 Sedan) និងអេសយូវី (LUX SA2.0 SUV) ត្រូវបានដាក់ជូនទស្សនជិកចូលទស្សនាជាសាធារណៈ លើកដំបូងនៅឯពិព័រណ៍យានយន្តក្រុងប៉ារីស ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ។
អ្វីដែលជាការគួរឲ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនវីនហ្វាសត៍ បានផ្ដល់ឱកាសដល់ប្រជាជនវៀតណាមធ្វើការកំណត់រចនាម៉ូដរថយន្តទាំងនេះ តាំងពីពេលចាប់ផ្ដើមធ្វើការរចនាម៉ូដ។ មានប្រជាជនវៀតណាមប្រមាណជាង៦២.០០០នាក់ បានចូលរួមធ្វើការបោះឆ្នោតជ្រើសរើសគម្រោងរចនាចំនួន២០ ដែលត្រូវបានគូសវាសឡើងក្រុមហ៊ុន Italdesign របស់ប្រទេសអ៊ីតាលី។
រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនវីនហ្វាសត៍នេះ មានមូលដ្ឋាននៅក្នុងទីក្រុងហៃ ផុង ដោយបានបោះទុនវិនិយោគប្រមាណ ៣,៥ប៊ីលានដុល្លារអាមេរិក និងមានគម្រោងនាំចេញរថយន្តរបស់ខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។
ទោះបីជាយ៉ាងនេះក្ដី តម្លៃនៃរថយន្តទាំងពីរគ្រឿងថ្មីនេះ របស់វីនហ្វាសត៍ មិនត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ៕
គំរូម៉ូដែលរថយន្តថ្មីរបស់វៀតណាម វីនហ្វាសត៍ ទាំងពីរគ្រឿង
ប្រធានរដ្ឋនៃស.ស.វៀតណាម ទទួលមរណភាព ថ្ងៃសុក្រ 21 ខែកញ្ញា 2018
Posted by សុភ័ក្ត្រ in មរណភាព, Tiếng Việt.2 comments
នានាប្រទេស៖ ហាណូយ, សស. វៀតណាម – ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ស.ស.វៀតណាម) សមមិត្ត ត្រាន់ ដៃ ក្វាង (វ. Trần Đại Quang) បានទទួលមរណភាពហើយនាថ្ងៃនេះ (សុក្រ ២១ កញ្ញា ២០១៨) នៅមន្ទីរពេទ្យទាហានមជ្ឈិម ១០៨ នារដ្ឋធានីហាណូយ ក្នុងអាយុ៦១ឆ្នាំ។
សមមិត្ត ត្រាន់ ដៃ ក្វាង ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានរដ្ឋ ឬប្រធានាធិបតីនៃស.ស.វៀតណាម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ កន្លងមក។ ស្ថិតក្នុងតំណែងជាប្រធានាធិបតី សមមិត្ត ត្រាន់ ដៃ ក្វាង ក៏ធ្លាប់បានមកបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ដល់ ១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកដែរ៕
សមមិត្ត ត្រាន់ ដៃ ក្វាង ក្នុងពេលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាពេលកន្លងទៅ
_________________________________
អានផងដែរ៖
១. ក្រៅពីភូមា វៀតណាមក៏មានប្រធានាធិបតីថ្មី
កន្លែងកម្សាន្តមួយ ណៃ នៅហាទៀន ថ្ងៃពុធ 23 ខែឧសភា 2018
Posted by សុភ័ក្ត្រ in Tiếng Việt.4 comments
នៅឯក្រុងហាទៀននោះ មានរមណីយដ្ឋានសមុទ្ទមួយឈ្មោះថាមួយ ណៃ (យ. Mũi Nai) ដែលនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនហាទៀន។
កន្លែងកម្សាន្តនេះមានភាពស្រដៀងគ្នានឹងកែបកាលពីមុនដែល ពោលគឺទឹកសមុទ្ទ មានភាពខ្មៅ មើលទៅមិនគួរចុះលេងសោះ។ ក្រៅពីនោះ មានគេលេងកីឡាលើទឹកមួយចំនួន ដូចជាជិះទូក ឬអ៊ូប័រជាដើម។ល។ នៅឯលើឆ្នេរវិញ មានគេរៀបចំជាតូបៗ ដោយមានដាក់កៅអីអង្គុយទទួលទានអាហារដូចគ្នានឹងនៅកម្ពុជាដែរ។ ចំពោះភាសាវិញ លោកអ្នកមិនបាច់បារម្ភទេ បណ្ដាអ្នកលក់នៅទីនោះនិយាយភាសាខ្មែរបានស្ទើរគ្រប់ៗគ្នា។
មណ្ឌលកម្សាន្តមួយ ណៃ នេះ ត្រូវតម្រូវឲ្យមានការបង់ថ្លៃចូលផង នៅឯច្រកចូល៕
_______________________________________________________________
អានផងដែរ៖
១. ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំច ១៣៨០
២. ការឆ្លងព្រំដែន នៅព្រែកចាក
៣. សម្រស់ក្រុងហាទៀន នាពេលរាត្រី
៤. សណ្ឋាគារហាទៀន
សណ្ឋាគារហាទៀន ថ្ងៃអង្គារ 8 ខែឧសភា 2018
Posted by សុភ័ក្ត្រ in សណ្ឋាគារ, Tiếng Việt.5 comments
កាលពីទៅលេងហាទៀន នាឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ ខ្ញុំបានស្នាក់នៅសណ្ឋគារមួយឈ្មោះសណ្ឋាគារហាទៀន។ ជាប្រភេទសណ្ឋាគារចាស់ខ្នាតតូចមួយ នៅមិនឆ្ងាយប៉ុន្មានពីផ្សារ និងដៃសមុទ្ទហាទៀន។
ចំពោះតម្លៃបន្ទប់វិញក៏មិនជាថ្លៃប៉ុន្មាន ដោយបន្ទប់គ្រែពីរមានតម្លៃប្រមាណ៨០.០០០រៀលប៉ុណ្ណោះ តែមិនរាប់បញ្ចូលអាហារពេលព្រឹកទេ។
អាសយដ្ឋាន៖
៣៥ ត្រាន ហួ, ធី សា ហា ទៀន, ខេត្តពាម (កម្ពុជាក្រោម)
ទូរស័ព្ទ៖ ០២៩៧ ៣៨៥១ ៥៦៣
ការផ្ដល់តម្លៃ៖
បន្ទប់សណ្ឋាគារ
បន្ទប់សណ្ឋាគារ
បន្ទប់ទឹក
សម្ភារៈបន្ទប់ទឹក
អាហារដ្ឋាន
_______________________________________________________________
អានផងដែរ៖
១. ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំច ១៣៨០
២. ការឆ្លងព្រំដែន នៅព្រែកចាក
៣. សម្រស់ក្រុងហាទៀន នាពេលរាត្រី
៤. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា
៥. កន្លែងកម្សាន្តមួយ ណៃ នៅហាទៀន
វត្តគិរីឥសីសិទ្ធិ វាលបើស ឯហាទៀន ដែនកម្ពុជាក្រោម ថ្ងៃសៅរ៍ 21 ខែមេសា 2018
Posted by សុភ័ក្ត្រ in Tiếng Việt.7 comments
ហាទៀនក្រុង ដែលជាប់នឹងមិនឆ្ងាយប៉ុន្មានពីខេត្តកំពតនោះ មានស្ថិតដាមខ្មែរជាច្រើនអនេក។ វត្ថុតាងមួយចំនួន តួយ៉ាងប្រជាជន និងវត្តអារាម ខ្មែរនោះ គឺជាសក្ខីភាពនៃអតីតចក្រភពខ្មែរ ដែលពេលនេះកំពុងស្ថិតនៅក្នុងដែនអាណានៃប្រទេសវៀតណាម។ ក្រុងហាទៀននេះ យ៉ាងហោចណាស់មានវត្តខ្មែរចំនួនពីរដែរ ដែលបម្រើឲ្យវិស័យព្រះពុទ្ធសាសនាបែបខ្មែរទាំងសម្រាប់ប្រជាជនខ្មែរកម្ពុជាក្រោម ប្រជាជនវៀតណាម ក៏ដូចជាប្រជាជនខ្មែរនៅកម្ពុជា។
វត្តគិរីឥសីសិទ្ធិ វាលបើស គឺជាវត្តខ្មែរចំណាស់មួយស្ថិតនៅតាមបណ្ដោយផ្លូវ ដេតេ២៨ ក្រុងហាទៀន ខេត្តកៀនយ៉ាង ឬអតីតខេត្តពាម នៃអាណាចក្រខ្មែរ។ ដោយស្ថិតនៅលើកូនភ្នំតូចមួយ វត្តគិរីឥសីសិទ្ធិ វាលបើស ត្រូវបានសាងសង់ឡើងតាមរចនាប័ទ្មខ្មែរ និងមានព្រះសង្ឃប្រមាណ៣០អង្គគង់ចាំព្រះវស្សាផង។
ព្រះវិហារធំមួយបែរទិសទៅខាងកើត និងនៅពីក្រោយមានដងទង់ជាតិធំមួយ ដាក់ម្ខាងទង់ព្រះពុទ្ធសាសនា និងម្ខាងទង់ជាតិនៃប្រទេសវៀតណាម។ បន្ទាប់មកមានសាលាឆាន់ចាស់មួយធ្វើអំពីឈើ និងសាលាឆាន់ថ្មីមួយធ្វើអំពីឥដ្ឋ។ វត្តគិរីឥសីសិទ្ធិ វាលបើស ត្រូវបានថែទាំ និងរៀបចំយ៉ាងមានរបៀប ស្អាតជាងវត្តមួយចំនួននៅដែនកម្ពុជាបច្ចុប្បន្នផង។
ទាំងរូបគំនូរពុទ្ធប្រវត្តិនានានៅក្នុងព្រះវិហារ និងសាលាឆាន់ ទាំងសមិទ្ធផលនានាជុំវិញវត្តសុទ្ធតែត្រូវបានចារឹកទុកជាអក្សរ និងភាសាខ្មែរ អមជាមួយភាសាវៀតណាមមួយចំនួនផង។ សមិទ្ធិមួយចំនួនទៀត មានចារឹកជាអក្សរខ្មែរសុទ្ធក៏ឃើញមាន។ អ្វីដែលគួរកត់សម្គាល់ផងដែរនោះ គឺបណ្ដាឈ្មោះពុទ្ធបរិស័ទមួយចំនួន (ភាគច្រើន) ដែលបានចារនៅតាមសមិទ្ធិផលទាំងនោះ មានឈ្មោះជាខ្មែរសុទ្ធ (មិនមានឈ្មោះតាមត្រកូលអ្នកខ្មែរក្រោម) ជាច្រើនផងដែរ។ ការនេះ អាចសន្និដ្ឋានថា ប្រជាជនដើមកំណើតខ្មែរនៅម្ដុំនោះ នៅនិយមដាក់ឈ្មោះ និងការហៅជាបែបខ្មែរច្រើន។
តាមការសាកសួរឲ្យដឹងជាមួយនឹងដូនចាស់ម្នាក់ ព្រមទាំងព្រះសង្ឃផង បច្ចុប្បន្នវត្តនេះត្រូវបានប្រជាជនខ្មែរចំណុះជើងវត្តមកធ្វើបុណ្យ ព្រមទាំងពុទ្ធបរិស័ទមកពីខាងកម្ពុជាផង។ ដោយសារទេសកាលបុណ្យចូលឆ្នាំថ្មីខ្មែរ មិនស្ថិតជាថ្ងៃឈប់សម្រាករបស់ប្រទេសវៀតណាមនោះ ពិធីមួយចំនួនត្រូវបានលើកយកទៅធ្វើនៅថ្ងៃអាទិត្យវិញ ដូចជាថ្ងៃស្រង់ព្រះ (សម្រាប់ឆ្នាំនេះ) ជាដើម។
ចំពោះសេរីភាពនៃការប្រតិបត្តិខាងសាសនានេះវិញ ត្រូវបានមើលឃើញថាមានភាពពេញលេញបរិបូរណ៍ គ្មានអ្វីគួរកត់សម្គាល់ទេ។ ព្រះសង្ឃកំពុងមើលយូធូបដែលទាក់ទងនឹងខ្សែភាពយន្តនៅកម្ពុជា ការប្រើប្រាស់ភាសាខ្មែរ តួអក្សរខ្មែរ និងការនិយាយស្ដី…។ល។ គឺឃើញមានភាពដូចគ្នានឹងកម្ពុជា មិនខុសអ្វីឡើយ។ អ្វីមួយទៀតដែលគួរកត់សម្គាល់នោះ ទំនងដោយសារទីនេះជាប់នឹងប្រទល់ដែនកម្ពុជា ប្រជាជនដើមកំណើតខ្មែរ ព្រមទាំងព្រះសង្ឃ និយាយភាសាខ្មែរបានសំនៀងដូចគ្នានឹងប្រជាជនខ្មែរកណ្ដាលយើង ខុសគ្នាពីប្រជាជនខ្មែរក្រោមដែលស្ថិតនៅខេត្តផ្សេងៗទៀត ចូលជ្រៅពីកម្ពុជា៕
ខ្លោងទ្វារចូលវត្ត
ព្រះវិហារ
ពុទ្ធបដិមាក្នុងព្រះវិហារ
គំនូរពុទ្ធព្រះវត្តក្នុងព្រះវិហារ
ដងទង់ក្រោយព្រះវិហារ
សាលាឆាន់ចាស់ និងថ្មី នៅពីក្រោយ
ទិដ្ឋភាពមួយជុំវិញវត្ត
ស្គរនៅខាងមុខព្រះវិហារ
ខាងក្នុងសាលាឆាន់ថ្មី
ព្រះសង្ឃកំពុងមើលយូធូប
_______________________________________________________________
អានផងដែរ៖
១. ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំច ១៣៨០
២. សម្រស់ក្រុងហាទៀន នាពេលរាត្រី
៣. ដើមឈើធំៗពីរនៅវត្តគិរីឥសីសិទ្ធិ វាលបើស
សម្រស់ក្រុងហាទៀន នាពេលរាត្រី ថ្ងៃសុក្រ 20 ខែមេសា 2018
Posted by សុភ័ក្ត្រ in Tiếng Việt.5 comments
ខាងក្រោមនេះជារូបភាពមួយចំនួន នៃក្រុងហាទៀន ប្រទេសវៀតណាម នាពេលរាត្រី
_______________________________________________________________
អានផងដែរ៖
១. ចប់វិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំច ១៣៨០
២. ការឆ្លងព្រំដែន នៅព្រែកចាក
៣. វត្តគិរីឥសីសិទ្ធិ វាលបើស ឯហាទៀន ដែនកម្ពុជាក្រោម
៤. សណ្ឋាគារហាទៀន
៥. កន្លែងកម្សាន្តមួយ ណៃ នៅហាទៀន